ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

កំណើត​នៃអាណាចក្រ​ ស្រី​វិជ័យ ពីក្នុងអតីតដែនដីអាណាចក្រ​ ហ្វូ​-​ណន នៅ​ជ្រោយ​ម៉ាឡាយូ

2,117

លោក លោកស្រី មិត្តអ្នកអាន ជាទីមេត្រី​!.
កាលពីអត្ថបទមុន ដែលនិយាយអំពី ពិធីទេវរាជ របស់ព្រះបាទជ័យវរ្ម័នទី២ ហើយត្រូវបានបណ្ឌិត មីសែល ត្រាណេ លោកបញ្ជ្រៀតអំពីពាក្យជ្វា Java (ឡាវហៅថា​ សាវ៉ា) ទៅក្នុងអត្ថបទ ដោយយោងទៅលើការស្រាវជ្រាវថ្មីរបស់សាស្ត្រាចារ្យអន្តរជាតិម្នាក់់ឈ្មោះ ហ្វែងលូស(ហ្វែកលូស) កន្លងមក បានធ្វើឲ្យប្រិយមិត្តអ្នកអាន មានការចាប់អារម្មណ៍យ៉ាងច្រើន គឺមានអ្នក Saw ជាង 330k អ្នក Share ជាង 6k ព្រមទាំង Like និង comment រាប់ពាន់ទៀតផង។
ចំណុចដែលចាប់អារម្មណ៍ជាងគេ គឺមានអ្នកដែលបានចេះដឹងផ្នែកប្រវត្តិសាស្ត្រខ្មែរយើងរួចហើយ លោកដេញដោលសួរយ៉ាងច្រើនគួរជាទីរីករាយបំផុត បើទោះបីជា ខ្ញុំបាទ ប្រឹងប្រែឆ្លើយយ៉ាងលំបាកក៏ដោយ។

ឥលូវនេះ​ អត្ថបទដែលលោកអ្នកកំពុងអាននេះ គឺបាននិយាយអំពី ជ្វា Java ដោយ លោកហ្វែងលូស នេះទៀតហើយ ដែលធ្វើឲ្យយើងកាន់តែមានជំនឿ លើការស្រាវជ្រាវថ្មីរបស់គាត់ នៅលើទឹកដីឡាវទាំងនោះ។

ក្នុងអត្ថបទនេះ គឺនិយាយអំពីកំណរកំណើត​នៃអាណាចក្រ​ស្រី​វិជ័យ នៅ​ជ្រោយ​ម៉ាឡាយូ ក៏ស្ថិតនៅក្នុង សម័យ​រុងរឿង ថ្កើងថ្កាន​បំផុត របស់អាណាចក្រ​ហ្វូ​-​ណន ហើយក៏បាន​គ្របដណ្តប់​លើ​ជ្រោយ​ម៉ាឡាយូនេះផងដែរ។ ហើយបច្ចុប្បន្ន ត្រូវបានប្រទេសឥណ្ធូនេស៊ី និងម៉ាឡេស៊ី ពុះហែកជាពីរ​។

ខ្ញុំមិនធ្វើអតា្ថធិប្បាយបន្ថែមទេ គឺគ្រាន់តែ កែសម្រួលអក្ខរាវិរុទ្ធ និងកែប្រយោគខ្លះៗឲ្យងាយស្តាប់ ប៉ុណ្ណោះ ពីអត្ថបទដើម របស់លោកបណ្ឌិតប្រវត្តិវិទូ នៃយើង ដែលមានខ្លឹមារ ដូចខាងក្រោម៖

ឈ្មោះ ជី​តុ (Chi tu) ឬ​អាណាចក្រ ជី​តុ ដែល​ស្ថិតនៅ​បណ្តោយ​នៃ​ជ្រោយ​មល៉ាយូ(ម៉ាឡាយូ) មាន​តាំងតែ​ពី​សន្តតិវង្ស​សួយ (Sui) នា​សម័យ​នគរ​ភ្នំ​ម្ល៉េះ។ ព្រោះថា ​វា​ជា​ភាគ​មួយ​នៃ​ទឹកដី​របស់​អាណាចក្រ​ភ្នំ​។ រីឯ​អាណាចក្រ​ស្រី​វិជ័យ​វិញ ឬ Shilifoshi មាន​វត្តមាន​ត្រឹមតែ​នៅ​សម័យ​សន្តតិវង្ស​ថាំង(Tang) តែប៉ុណ្ណោះ​។ មួយវិញទៀត ដោយយោង​លើ​ព័ត៌មាន​ស្តីពី​ហ្វូ​-​ណន ក្នុង​ច្បាប់ ចេនឡា ហ្សួ​ន (Zhenla Zhuan) និង ជី​តុ ហ្សួ​ន (Chitu Zhuan) យើង​ដឹងថា អាណាចក្រ​ជី​តុ គឺជា “​មែកធាង​មួយទៀត​នៃ​ហ្វូ​-​ណន​” ឬក៏​អាណាចក្រ​ជី​តុ ដើមឡើយ​ជា​មែកធាង​របស់​ហ្វូ​-​ណន។ (Ishizawa, Y. 2007. “Etude critique sur la Chronique du Zhenla de lì Histoire des Sui”, in Manuel dì –pigraphie du Cambodge, vol 1. Paris, EFEO)​។​

​ ​តាម​ប្រសាសន៍​របស់លោក អ៊ី​ហ្ស៊ី​ហ្សា​វ៉ា “​អាណាចក្រ​ជី​តុ​គួ (Chituguo) ដោយ​ផ្អែកលើ​ទំហំ​ទឹកដី គឺជា​ប្រទេស​ដែល​ធំជាងគេ​ក្នុងចំណោម​ប្រទេស​នានា​នៃ​ភូមិភាគ​សមុទ្រ​ខាងត្បូង (. . .) ។​
ចំណែក​លោក គុ​វ៉ា​តា បាន​ពន្យល់​អំពី ស្រី​វិជ័យ ដោយ​ពឹង​ផ្អែកទៅលើ​មូលដ្ឋាន​រឹងមាំ​បី​គឺ៖
១-លោក​អគ្គរាជទូត​ចិន ឈ្មោះ ចាង ជុន (Chang Jun) ធ្វើដំណើរ​តាម​ឆ្នេរសមុទ្រ​ម៉ា​ឡេ​
២-ឈ្មោះ ជី​តុ បាន​លេចធ្លោ​ឡើង​តាំងតែ​ពី​ក្នុង​សន្តតិវង្ស​សួយ​មកម្ល៉េះ (​រីឯ​)
៣-ឈ្មោះ ស្ស៊ី​លី​ហ្វូ​ស្សី ទើបតែ​មាននៅ​សម័យ​ថាំង​ទេ​។
ការអធិប្បាយ​នៃ​ទីតាំង​ជុំវិញ​ប្រទេស​នេះ ដូចនឹង​អ្វីដែល​គេ​បាន​សង្កេត​នៅ​អាណាចក្រ​ស្ស៊ី​លី​ហ្វូ​ស្សី (​ស្រី​វិជ័យ​)”។ (Cf. Kuwata, R. 1929, “Etude sur la Chitu”, The Reports of the Oriental Society, vol. 9)​។
យ៉ាងណាមិញ លោក យ៉ាម៉ា​ម៉ូ​តុ ក៏​ឯកភាព​និង​ទស្សនៈ​នេះដែរ ដោយ​លោក​បាន​បញ្ជាក់ថា នា​សម័យ​រុងរឿង ថ្កើងថ្កាន​បំផុត អាណាចក្រ​ហ្វូ​-​ណន បាន​គ្របដណ្តប់​លើ​ជ្រោយ​ម៉ាឡាយូ​ទាំងមូល​ផងដែរ​។​

​ ​សូម​រំ​ឮ​កថា ជា​ផ្នែក​មួយ​នៃ​សមន្តរាជ​របស់​នគរ​ភ្នំ អាណាចក្រ​ជី​តុ​គួ បាន​បញ្ជូន​ទូត​ទៅ​ចិន នា​ឆ្នាំ ៦០៧, ៦០៨ និង ៦០៩ ដែល​ត្រូវជា​ឆ្នាំ​ទី ៣, ៤ និង ៥ ដា​យេ (Daye) ហើយ​នោះ​គឺ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ។ ព្រោះថា ការបើក​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​រវាង​ចិន​-​ខ្មែរ ដែល​បញ្ជាក់​តាមរយៈ​ការបញ្ជូន​លោក ចាង ជុន និង លោក វ៉ាំ​ង ជុន​ហ្សេ​ង (Wang Junzheng) ទៅកាន់​ហ្វូ​-​ណន ដោយ​ចៅ​អធិរាជ យ៉ាង​ឌី នៅ​ឆ្នាំ ៦០៧​។

​ ​ជាទូទៅ យើង​បានដឹងថា ថ្វីត្បិតតែ​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​របស់​ជនជាតិខ្មែ​រ ដែលមាន​ឈ្មោះថា ហ្វូ​-​ណន មាន​ទំហំ​ដ៏​មហា​ធំធេង​ត្រូវបាន​បំ​ព្រួញ ដោយ​កត្តា​ប្រវត្តិសាស្ត្រ​ក៏ដោយ ក៏ប៉ុន្តែ​វិសាលភាព​នៃ​ដែនដី​ខ្មែរ​ត្រូវបាន​កត់ត្រា​ទុក​ដោយ​កាល​ប្ប​ប្រវត្តិ​ចិន ​តាំងពីដើម​សម័យ​ប្រវត្តិសាស្ត្រ​ម្ល៉េះ​។​

​ ​មួយវិញទៀត បុព្វការី​ជន​ខ្មែរ​ក៏បាន​បន្សល់ទុក ​នៅលើ​ទឹក​ដី​នៃ​រដ្ឋ​ថ្មី​មួយចំនួន ដែល​ត្រូវបាន​កកើតឡើង​លើទឹក​ដី​ចាស់​ របស់​រដ្ឋ​ភ្នំ​ នូវ​ស្លាកស្នាម​វប្បធម៌​បុរាណ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ អំឡុង​ស​.​វ​ទី​១ និង​ទី​៦ ​នៃ​គ​.​ស​.​។ ដោយសារតែ​វិសាលភាព​ផ្នែក​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រនេះហើយ ​ទើប​មតិ​មួយ​បាន​ចោទ​សួរថា តើ​រដ្ឋ​ស្រី​វិជ័យ ​ដ៏​មហា​រុងរឿង​ថ្កើងថ្កាន ចាប់តាំងពី​ស​.​វ​ទី​៧​មក ត្រូវបាន​កកើតឡើង​នៅលើ​ទឹកដី​របស់​ហ្វូ​-​ណន​ ដែរ​ឬទេ ​?

​ ​បើ​និយាយ​ម្យ៉ាងទៀត តើ​ទីតាំង​នៃ​ទីក្រុង​ស្រី​វិជ័យ​នេះ ដែល​ត្រូវ​នឹង​ពាក្យ​ចិន​ថា Shilifoshi នោះ​គឺជា​ទឹកដី​របស់​ហ្វូ​-​ណន ឬក៏​ជា​របស់​ជនជាតិ​ម៉ា​ឡេ (​ម៉ា​ឡេ​យូ / មល៉ាយូ​) ​?​។​

​ ​មុននឹង​ឈានទៅដល់​ ការឆ្លើយតប​នឹង​មតិ ដែល​បានលើកឡើង​នេះ គប្បី​ដឹង​ពី​ប្រវត្តិសាស្ត្រ​ដើម​របស់​ទឹកដី​ហ្វូ​-​ណន​ជាមុនសិន​។ ចំពោះ​បញ្ហា​នេះ កាល​ប្ប​ប្រវត្តិ​ចិន ជី​តុ​គួ របស់លោក ចាង​ជុន បានបញ្ជាក់​ប្រាប់ថា មួយ​ភាគ​ធំ​នៃ​ទឹកដី​នៅ​ជ្រោយ ​មល​យូ (​ម៉ាឡាយូ​) ព្រមទាំង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ និង​ផែនដី​កម្ពុជា​ក្រោម ម្តុំ​អូកែវ​ O’c Eo បច្ចុប្បន្ន ដែលមាន​រាជធានី​អង្គរបុរី នៅ​ខេត្តតាកែវ​សព្វថ្ងៃនេះ គឺជា​ទឹកដី​របស់​ហ្វូ​-​ណន ឬ​នគរ​ភ្នំ​ នេះហើយ។​

​ ​នៅក្នុង​បរិបទ​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​របស់​នគរ​ហ្វូ​-​ណន​នេះ​ផងដែរ ដែល​ស្ថិតក្រោម​ឥទ្ធិពល​ឥណ្ឌា ក៏បាន​ឃើញ​នូវ​ស្លាកស្នាម​វប្បធម៌​ជា​បុរាណវត្ថុ​ជាច្រើន ចាប់តាំងពី​ឆ្នាំ ២០០​នៃ​គ​.​ស​.។ ប៉ុន្តែ​ ពុំទាន់​មាន​ប្រាង្គ​ប្រាសាទ ឬ​សំណង់​ស្ថាបត្យកម្ម​អ្វី​ធំដុំ​ធ្វើ​អំពី​ឥដ្ឋ ឬ​ថ្ម​នៅឡើយ​។ បន្ទាប់ពី​ឥណ្ឌូ​រូបនីយកម្ម និង​បដិមា​កម្ម​ធ្វើ​អំពី​ថ្ម និង​ឥដ្ឋមក ​ទើប​មាន​ប្រាង្គ​ប្រាសាទ​វត្ត​អា​រ៉ា​ម និង​ចម្លាក់​ព្រះអាទិទេព​បែប​ព្រាហ្មណ៍​និយម និង​ពុទ្ធ​និយម​មួយចំនួន​។​
​ ​សូមបញ្ជាក់ថា នាគ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ បុរាណវត្ថុ​នៅតាម​ស្ថានីយ៍​មួយចំនួន​នៃ​ហ្វូ​-​ណន មុន​ស្រី​វិជ័យ មុន​ទ្វារ​វ​តី និង​មុន​ចេនឡា បានបញ្ជាក់​ឲ្យ​ឃើញថា បុព្វការី​ជន​ខ្មែរ​ជំនាន់​នោះបាន​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឥណ្ឌា ចិន ឥណ្ឌូនេស៊ី និង​ប្រទេស​មេ​ឌី​ទែ​រ៉ា​នេ យ៉ាង​ប្រាកដ​។ ស្ថានីយ​ប្រវត្តិសាស្ត្រ​ទាំងនោះ មាន​ជា​អាទិ អូកែវ អង្គរបុរី​ អ៊ូ​ថង​ ចាន់​សែន នៅ​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន និង​នគរ​បឋម​ជាដើម ដែល​ស្ថិត​ក្នុងអំឡុង​ស​.​វ​ទី​៣ ទី​៤ និង​ទី​៥ មុន​រដ្ឋ​ទ្វារ​វ​តី ដែលជា​រដ្ឋ​របស់​មន និង​ចេនឡា​កកើត ទៅទៀត។ នៅពេល​នេះហើយ ក៏​មានការ​លេចធ្លោ​ឡើង​នូវ​រដ្ឋ​ខ្មែរ​ដំបូងបង្អស់ ដែល​ត្រូវបាន​បង្កើតឡើង​តាម​លំ​នាំ​បែបបទ​នៃ​សង្គម​ឥណ្ឌា​។​

​ ​ជារួម​តាមរយៈ​សំណេរ​ចិន និង​ទិន្នន័យ​ខាង​បុរាណវិទ្យា បាន​បង្ហាញថា​ហេដ្ឋារចនាសម្ព័ន្ធ​នយោបាយ នា​ជំនាន់​នោះ​ មាន​ភាពរឹងមាំ​ឡើងជា​លំដាប់​។ នៅពេល​ក្រោយមកទៀត ពោលគឺ​ចាប់តាំងពី​ស​.​វ​ទី​៧ ក៏មាន​ការបង្កើត​រដ្ឋ​ស្រី​វិជ័យ​ឡើង និង​រដ្ឋ​មន​ទ្វារ​វ​តី​ នៅលើ​ទឹកដី​ចាស់​របស់​ហ្វូ​-​ណន ដែលជា​របស់​បុព្វបុរស​ខ្មែរ​នា​សម័យមុន​។ សូម​រំ​ឮ​ក​ផងដែរ​ថា នៅលើ​ទឹកដី​លាវ​បច្ចុប្បន្ន នៅ​ម្តុំ​ចម្ប៉ា​សាក់ ក៏មាន​ស្លាកស្នាម​វប្បធម៌​នគរ​ភ្នំ និង​ចេនឡា​ផងដែរ​។​

​ ​គួររំលឹកថា នៅ​ឆ្នាំ ៦៧១ បេសកជន​ចិន​ឈ្មោះ អ៊ី​ជិ​ញ បានមក​ដល់​ស៊ូ​ម៉ា​ត្រា ហើយ​លោក​ក៏បាន​ពិពណ៌នា​អំពី​ភាពរុងរឿង ថ្កើងថ្កាន​នៃ​នគរ​ស្រី​វិជ័យ​ដែលជា​របស់​ម៉ា​ឡេ​។ ការ​លេចធ្លោ​រដ្ឋ​ស្រី​វិជ័យ នៅ​ស៊ូ​ម៉ា​ត្រា ពុំមាន​អ្វី​ចម្លែក​នោះទេ ដោយ​គ្រាន់តែ​ជនជាតិ​ម៉ា​ឡេ ដូច​ខ្មែរ​បាន​អនុវត្ត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នយោបាយ​ឥណ្ឌា ដូចដែល​ខ្មែរ​បានធ្វើ​តាម​គំនិត​យល់ឃើញ​របស់ខ្លួន​សមស្រប​តាម​តម្រូវការ​របស់​មនុស្ស​នា​ជំនាន់​នោះ សម្រាប់​អភិវឌ្ឍន៍​សង្គមជាតិរ​បស់​ខ្លួន តាម​លំនាំ​ឥណ្ឌា​។​
​ ​រីឯ​តំបន់​នៅ​ភាគ​ខាងជើង​នៃ​ស៊ូ​ម៉ា​ត្រា បើតាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ ដែល​ស្ថិតក្នុង​បង្គោល​ខណ្ឌសីមា​របស់​ហ្វូ​-​ណន គឺមាន​ការលូតលាស់​យ៉ាងខ្លាំង ក្នុង​រជ្ជកាល​របស់​ស្តេច​ខ្មែរ នាមហ្វា​ន​ចេ​ម៉ាន រវាង​ឆ្នាំ ២២៥ និង ២៣០ នៃ​គ​.​ស​.​។ នេះ​បើ​យោង​លើ​កំណត់ហេតុ​របស់​ជូ​យិ​ញ និង​កាំ​ង​ថៃ ដែល​បាន​មកដល់​ហ្វូ​-​ណន​។

​ ​មួយវិញទៀត យើង​ក៏បាន​សង្កេតឃើញថា បុរាណវិទ្យា​នៃ​ព្រះរាជាណាចក្រ​ស្រី​វិជ័យ ដែល​ត្រូវ​កកើតឡើង​ក្នុងអំឡុង​ស​.​វ​ទី​៧​នៃ​គ​.​ស​. ក្រោយពី​ការបែកបាក់​នៃ​ហ្វូ​-​ណន នោះ​មាន​លក្ខណៈ​ខុសប្លែក​ពី​សម័យមុនៗ ទាំង​លក្ខណៈ​នៃ​ចម្លាក់​ទាំង​និមិត្ត​រូប និងរូបភាព​។ ឈរលើ​លទ្ធផល​នៃ​ការវិភាគ​លើ​ការសិក្សា​ប្រៀបធៀប​នូវ​ស្លាកស្នាម​វប្បធម៌​បុរាណ យើង​អាច​សន្និដ្ឋានបានថា សមទ្ធិកម្ម​មុន​ស​.​វ​ទី​៧ នៅ​ស៊ូ​ម៉ា​ត្រា ដែលជា​តំបន់​យុទ្ធសាស្ត្រ​ក្នុងឋានៈ​ជា​ផ្លូវត្រឡែងកែង ពុំមែន​សុទ្ធសឹងតែ​កើតឡើង​ក្នុង​សម័យកាល​តែមួយ​នោះទេ​។ មួយវិញទៀត រចនា​ប័​ថ្ម​សិល្បៈ​ពុំមាន​លក្ខណៈ​បន្តវេន​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយទៀតដែរ ពីព្រោះ​​តែមាន​ការប្រែប្រួល​ផ្នែក​ភូមិសាស្ត្រ និង​នយោបាយ​ក្នុង​តំបន់​នេះ​។​
​ ​សូមបញ្ជាក់ថា សិលាចារឹក​ម៉ា​ឡេ​ដំបូងបង្អស់​នៅ​ស្រី​វិជ័យ គឺ​សិលាចារឹក ​កេ​ឌូ​កាន ប៊ូ​គិត ត្រូវបាន​ចារ​ឡើង​នៅ​ចុង​ស​.​វ​ទី​៧។ រីឯ​ការរីកដុះដាល​នៃ​ក្រុង​នានា ត្រូវបាន​សាងសង់ឡើង​ចាប់តាំងពី​ស​.​វ​ទី​១​នៃ​គ​.​ស​.។ ទន្ទឹមនឹងនេះ គេ​ក៏បាន​ជួបប្រទះ​សិលាចារឹក​ពីរ​ផ្ទាំង​ចុងក្រោយ​ទៀត នៅ​លី​គោរ នៃ​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ចារ​ឡើង​នៅ​ស​.​វ​ទី​៨ ដែលមាន​និយាយ​ដល់ទី​ក្រុង​ស្រី​វិជ័យ​។ វត្តមាន​នៃ​ពុទ្ធបដិមា ដូច​ករណី​ចម្លាក់​ពុទ្ធអង្គ​មួយ មកពី​ប៊ូ​គិត សេ​គុន​តាង ក្បែរ​រាជធានី ​ប៉ា​ឡេ​ម​បាង ឥទ្ធិពល​អមរ៉ា​វ​តី ក៏​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​បង្ហាញថា ភូមិភាគ​នេះ​ធ្លាប់មាន​ទំនាក់ទំនង​វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ ជាមួយ​ឥណ្ឌា រវាង​ស​.​វ​ទី​៥ និង​ទី​៦​យ៉ាង​ប្រាកដ​។ មុននេះ​បន្តិច រវាង​ស​.​វ​ទី​៣ និង​ទី​៥ គេ​ក៏​បានឃើញ​នូវ​ចម្លាក់​មួយចំនួន បែបរ​បប​ព្រាហ្មណ៍​និយម ដូចជា​ព្រះ​វិស្ណុ​ នៅក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ នៅ​ខេត្ត​សុរ៉ា​ត​ថា​នី ឆ្លុះបញ្ចាំង​នូវ​ឧត្តមភាព​នៃ​ព្រហ្មញ្ញសាសនា​។

​ ​ភស្តុតាង​ខាង​បុរាណវិទ្យា​ទាំងនោះ បាន​ឲ្យ​យើង​ដឹងថា មុន​ការបង្កើត​ស្រី​វិជ័យ មាន​វត្តមាន​របស់​ក្រុង​រួចមកហើយ​នៅ​ទីនោះ​។ ចំពោះ​បញ្ហា​នេះ​ដូច​បានបញ្ជាក់​រួចមក​ហើយ​នៅ​ខាងលើ គឺ​កាល​ប្ប​វត្តិ​ចិន ក៏បានផ្តល់​ឲ្យ​យើង​ដឹង​នូវ​ព័ត៌មាន​ស្របគ្នា​ផងដែរ​។ ប៉ុន្តែ​ក្រៅពី​ស្លាកស្នាម​វប្បធម៌​ហ្វូ​-​ណន យើង​ក៏ត្រូវ​កត់សម្គាល់​ផងដែរ​នូវ​រចនា​ប័​ថ្ម​ស្រី​វិជ័យ ដែល​បានទទួល​ឥទ្ធិពល​យ៉ាង​ក្រាស់ក្រែល ​ពី​សិល្បៈ​ឥណ្ឌូនេស៊ី ជាពិសេស​កោះ​ជ្វា មាន​ក្ខ​ណៈ​ដូចគ្នា​ទៅ​នឹងសិល្បៈ​នៅ​ភូមិភាគ​ខាងត្បូង​នៃ​ប្រ​ទស​ថៃ​បច្ចុប្បន្ន ដែល​ពីមុន​ស្ថិតក្នុង​ដែន​អធិបតេយ្យភាព​របស់​ស្រី​វិជ័យ ឬក៏​តំបន់​ផ្សេងៗ​ទៀត​ស្ថិតនៅ​ខាងជើង​ស៊ូ​ម៉ា​ត្រា ដូចជា​ខេត្ត​បា​ដាង ឡា​វាស​ជាដើម​។
​ ព្រះរាជាណាចក្រ​ស្រី​វិជ័យ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ក្នុង​រវាង​ស​.​វ​ទី​៧ ដល់​ស​.​វ​ទី​១៥​នៃ​គ​.​ស​. និង​ការបញ្ចប់​ទៅវិញ​។ គឺ​ក្នុង​បរិបទ​នេះហើយ ដែល​យើង​អាច​ឃើញ​វត្តមាន​របស់​កាក់​នៃ​នគរ​ស្រី​វិជ័យ​មួយចំនួន នៅ​ទីក្រុង​អង្គរបុរី កំពង់ផែ​អូ​កែវ នៅតាម​ទីក្រុង​មួយចំនួន​នៅ​ឈូង​សមុទ្រ​សៀម​សព្វថ្ងៃ ដែលជា​សក្ខីកម្ម​នៃ​ទំនាក់ទំនង​នយោបាយ វប្បធម៌ និង​សេដ្ឋកិច្ច រវាង​នគរ​ស្រី​វិជ័យ និង​នគរ​ខ្មែរ​។​
​ចំណុច​ជា​វិជ្ជមាន​មួយទៀត ដែល​គប្បី​យើង​ត្រូវ​លើក​មក​និយាយ​នៅទីនេះ​គឺថា ពាក្យ​ជ្វា Java ក្នុង​បរិបទ​ភូមិសាស្ត្រ វប្បធម៌ នា​សម័យ​ចេនឡា មិនមែន​សំដៅ​ទៅលើ​ជនជាតិ ឬក៏​ប្រទេស​ជ្វា​នៅ​ឥណ្ឌូនេស៊ី នៅ​ម៉ាឡេស៊ី ឬក៏​ប្រទេស​ចម្ប៉ា ដែលមាន​ខ្សែស្រឡាយ​រួម​និង​ស្រុក​ជ្វា​នោះទេ​។ ការស្រាវជ្រាវ​ថ្មី​របស់លោក ហ្វែ​ង​លូ​ស បាន​បង្ហាញថា ឈ្មោះ​ជ្វា​ គឺជា​ឈ្មោះ​របស់​ជនជាតិខ្មែរ ព្រមទាំង​ជា​ឈ្មោះ​របស់​អាណាចក្រ​ចេនឡា​គោក ហើយក៏​ជា​អតីត​ឈ្មោះ​របស់​ទីក្រុង​ហ្លួង​ប្រា​បាង (​ព្រះ​បង​) ផងដែរ ស្ថិតនៅ​ភូមិភាគ​ខាងជើង​នៃ​ប្រទេស​លាវ​បច្ចុប្បន្ន​។ ដូចនេះ ការដែល​គេ​ជឿថា ព្រះបាទ​ជ័យវរ្ម័ន​ទី​២ បាន​យាង​ចេញពី​ប្រទេស​ មឡាយូ ដូចដែល​ផែនទី Google បាន​គូសបញ្ជាក់ គឺ​មិនមាន​ភាពត្រឹមត្រូវ​ទេ​៕


ដោយ៖ Ny Watthanak
ប្រភព៖ ​មីសែល ត្រា​ណេ

Comments
Loading...