ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវិត និង​ស្នាដៃ​របស់ នីកូឡាយ សេមេណូហ្វ(1896-1986)

1,742

នីកូឡាយ សេមេណូហ្វ គឺ​ជា​អ្នកប្រាជ្ញ​សូវៀត​ដំបូង​ដែល​ទទួល​បាន​ពាន​រង្វាន់​លេនីន ។ លោក​បាន​បង្កើត​ឡើង​នូវ​និកាយ​ថ្មី​មួយ​នៃ​គីមីវិទ្យា​គឺ ​និកាយ​រូបវិទ្យាគីមី ។ ទ្រឹស្ដី​ប្រតិកម្ម​ជា​ខ្សែ​សង្វាក់​របស់​លោក​បាន​កំណត់​នូវ​របត់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​គីមី និង​ឧស្សាហកម្ម​គីមី ។ បទដ្ឋាន​គីមី​ជាច្រើន​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ខឿន​ផលិតកម្ម​ទំនើប​សុទ្ធតែ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ទ្រឹស្ដីបទ​នេះ ។ គេ​ក៏​អាច​ពោល​បាន​ថា ទ្រឹស្ដី​ប្រតិកម្ម​ជា​ខ្សែសង្វាក់​របស់​លោក​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ចាប់​កំណើត​នៃ​ទ្រឹស្ដី​ប្រតិកម្ម​នុយក្លេអ៊ែរ ។

សេមេណូហ្វ​ ជា​អ្នក​ដែល​បាន​ណែនាំ និង​បណ្ដុះបណ្ដាល​បណ្ឌិតសភា​ជិត​ ២០​រូប ​សម្រាប់​វិទ្យាស្ថាន​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សូវៀត ។

ការ​លោភលន់​របស់​កុមារ​មួយ​រូប

កាល​រៀន​នៅ​ថ្នាក់​ទី​៥ ពេល​មួយ​នោះ លោកគ្រូ​បាន​ហៅ​ សេមេណូហ្វ ​ឡើង​ក្ដារខៀន «ចូរ​ប្អូន​អធិប្បាយ​ឡើងវិញ​អំពី​បញ្ហា​ទាំងឡាយ​ដែល​ប្អូន​បាន​ដឹង​អំពី​ឧស្ម័ន​ក្លរ» ។

សេមេណូហ្វ ​ញ័រ​ខ្លួន​ទទ្រើក​ដូច​កំពុង​គ្រុន​ក្ដៅ ។ ក្នុង​ភាព​រន្ធត់​ចិត្ត​ដ៏​ខ្លាំង​នេះ សេមេណូហ្វ​ បាន​អធិប្បាយ​អំពី​លក្ខណៈ​ពិសេស​ទាំងឡាយ​របស់​ឧស្ម័ន​ក្លរ​យ៉ាង​ក្បោះក្បាយ ។ លោកគ្រូ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។

«សេមេណូហ្វ ! ប្អូន​ក្ដាប់​បាន​ចំណេះដឹង​យ៉ាង​រឹងប៉ឹង ចុះ​ហេតុអ្វី​បាន​ជា​ប្អូន​បាត់​ភាព​នឹងន​រហូត​ដល់​មុខ​ស្លេកស្លាំង​ដូច​ឧស្ម័ន​ក្លរ​ឣ៊ីចឹង ?» ។

សេមេណូហ្វ ​ឱន​ក្បាល ហើយ​ឆ្លើយ «ជម្រាប​ប្រសាសន៍​លោកគ្រូ ព្រោះ​លោកគ្រូ​ឲ្យ​ប្អូន​និយាយ​អំពី​បញ្ហា​ដែល​ប្អូន​បាន​ដឹង តែ​ប្អូន​មាន​អារម្មណ៍​ថា ប្អូន​ដឹង​នៅ​តិច​ណាស់ !» ។

គីមីវិទូ​… រហ័សរហួន

នា​ពេល​មួយ​នោះ បន្ទាប់​ពី​ម៉ោង​រៀន​គីមី​នៅ​ថ្នាក់ សេមេណូហ្វ ​បាន​អួត​ប្រាប់​មិត្តភក្ដិ​ថា «មិត្ត​ទាំងអស់​គ្នា​ជឿ​ទេ​ថា គ្នា​ចេះ​របៀប​ច្នៃ​យក​អំបិល​ហូប» ។ «តើ​ធ្វើ​ដូច​ម្ដេច​ទៅ ?» ។

«គ្នា​ដុត​សូដ្យូម​នៅ​ក្នុង​កែវបាឡុង​មួយ​ដែល​មាន​ផ្ទុក​ឧស្ម័ន​ក្លរ ហើយ​លទ្ធផល​ទទួល​បាន​គឺ​គ្រាប់​ល្អិតៗ​ពណ៌​ជាច្រើន» ។ «ប៉ុន្តែ​ធ្វើ​យ៉ាងណា​ទើប​ឯង​ដឹង​ច្បាស់​ថា គ្រាប់​ទាំង​នោះ​ជា​អំបិល ?» ។

«ប្រាកដ​ជា​ដឹង ព្រោះ​គ្នា​សាក​យក​នំប៉័ង​ជ្រលក់​ញ៉ាំ​… ឃើញ​ថា​ប្រៃ​…» ។

ការ​ពិត​ដោយ​ពុំ​ពេញ​ចិត្ត​នឹង​មេរៀន​នៅ​សាលា សេមេណូហ្វ​ បាន​រៀបចំ​ដោយ​ខ្លួនឯង​នូវ​ការ​ពិសោធន៍​តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន ។ លទ្ធផល​ដំបូង​នៃ​ការ​ធ្វើ​ពិសោធន៍​ថ្នាក់​ទី​៥ បាន​នាំ​ឲ្យ​ សេមេណូហ្វ ​ជក់ចិត្ត​នឹង​គីមីវិទ្យា ។

បាតុភូត​ថ្ម​របើក

ក្រោយ​មក ពេល​បាន​ក្លាយ​ជា​អ្នកប្រាជ្ញ សេមេណូហ្វ​ នៅ​តែ​ស្ដែង​ឡើង​នូវ​អាកប្បកិរិយា​ការងារ​ប្រកប​ដោយ​ភាព​រហ័សរហួន ។ លោក​តែងតែ​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ជាក់​ស្ដែង គួប​ផ្សំ​ទ្រឹស្ដី​នឹង​ការ​អនុវត្ត​ជាក់​ស្ដែង​យ៉ាង​សាមញ្ញ ដោយ​ហេតុ​នេះ​ហើយ ទើប​គាត់​អាច​ដោះស្រាយ​ចំណោទ​ដ៏​លំបាក​បាន​យ៉ាង​ឆាប់​រហ័ស ។

មាន​ពេល​ម្ដង​នោះ រួម​ជាមួយ​នឹង​អ្នកប្រាជ្ញ ខារីតុន  សេមេណូហ្វ ​ពិនិត្យ​ឃើញ​បាតុភូត​មួយ​ដែល​ពិបាក​យល់​ក្នុង​កម្រិត​សម្ពាធ​ណា​មួយ​នោះ​នៃ​ជីវស្ថាន​ដែល​មាន​សុញ្ញាកាស​ដាច់​ខាត ខ្វះ​អុកស៊ីសែន ស្រាប់​តែ​ចំហាយ​ផូស្វ័រ​បញ្ចេញ​ពន្លឺ ។ វា​ពុំទាន់​មាន​ទ្រឹស្ដី​ណា​ដែល​ដោះស្រាយ​បាន​បាតុភូត​ចម្លែក​នេះ​នៅ​ឡើយ ។

សេមេណូហ្វ ​ធ្វើ​ការ​ពិចារណា ហើយ​ថ្ងៃ​មួយ​គាត់​បាន​ពោល​ទៅ ខារីនតុន ថា «តើ​បង​ដែល​ឃើញ​បាតុភូត​ភ្នំ​ស្រុត​ដែរ​ឬ​ទេ ?» ។ «ដែល​ឃើញ ចុះ​វា​យ៉ាង​ម៉េច ?» ។

«យើង​អាច​ប្រមើល​ឃើញ​ថា ដំបូង​មាន​ថ្ម​មួយ​ដុំ​តូច​ដាច់​ចេញ​ពី​ខ្នង​ភ្នំ ហើយ​រមៀល​ធ្លាក់​ចុះ​តាម​ផ្លូវ វា​ប៉ះ​ជាមួយ​នឹង​ដុំ​ថ្ម​ទី​ពីរ ហើយ​រមៀល​បន្ត​ទៀត​… គិត​ដល់​ពេល​នោះ​គឺ​មាន​ដុំ​ថ្មី​ពី​រមៀល ហើយ​ទាញ​បន្ថែម​ថ្ម​ពីរ​ដុំ​ផ្សេង​ទៀត គឺ​ត្រូវ​ជា​បួន​…  រួច​វា​ចេះ​តែ​បន្ត​ដូច្នេះ​ទៀត ដោយ​បង្កើត​បាន​នូវ​ជ្រោះ​ថ្ម​របើក​គ្រាំងៗ​… ខ្ញុំ​ប្រមើល​ឃើញ​ថា បាតុភូត​បញ្ចេញ​ពន្លឺ​នៃ​ផូស្វ័រ​ក៏​កើត​ឡើង​តាម​របៀប​ខ្សែ​ដូច្នេះ​ដែរ» ។

ផ្ដើម​ចេញ​ពី​បាតុភូត​ដ៏​សាមញ្ញ​នេះ អ្នកប្រាជ្ញ​ទាំង​ពីរ​បាន​បង្កើត​ឡើង​ទ្រឹស្ដីបទ​មួយ ។ ទ្រឹស្ដីបទ «ខ្សែសង្វាក់» របស់​សេមេណូហ្វ បាន​បើក​នូវ​យុគសម័យ​ថ្មី​មួយ​ដល់​គីមីវិទ្យា ។ ប្រតិកម្ម​គីមី​ដ៏​សំខាន់​ជាច្រើន​ដែល​ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម​បាន​ស្ដែង​ចេញ​តាម​របៀប​ខ្សែសង្វាក់​នេះ គិត​តាំង​ពី​ការ​ផ្ទុះ រហូត​ដល់​ការ​ឆេះ​នៃ​ម៉ាស៊ីន​ចំហេះ​ក្នុង តាំង​ពី​ការ​កែច្នៃ​ប្រេងកាត​ឲ្យ​ទៅ​ជា​ប្រេងសាំង រហូត​ដល់​ប៉ូលីម៊ែរ​របស់​រូបធាតុ​ប្លាស្ទិក​ជាដើម ។ ទ្រឹស្ដីបទ​ខ្សែសង្វាក់​ក៏​បាន​បកស្រាយ​នូវ​តួនាទី​អាថ៌កំបាំង​របស់​រូបធាតុ​កាតាលីករ​ផង​ដែរ ។

ប្រការ​សំខាន់​បំផុត

គ្រា​មួយ​នោះ សេមេណូហ្វ ​កំពុង​អាន​របាយការណ៍​នៅ​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​រូបវិទ្យា គីមីវិទ្យា​នៅ​ទីក្រុង​លេនីនក្រាត ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​សុំ​អនុញ្ញាត​ឡើង​ស្រាយ​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ធ្វើ​ពិសោធន៍​ទាំងឡាយ​របស់​សាស្ត្រាចារ្យ​បណ្ឌិតសភា សេមេណូហ្វ គឺ​ខុស ។ អ្នក​ទាំងឡាយ​ក៏​កាន់​តែ​ភ្ញាក់​ផ្អើល​ខ្លាំង​ឡើង​នៅ​ពេល​ដែល​ឃើញ​ជន​នោះ​គឺ អ៊ីយ៉ាកូហ្វ ហ្សែនដូវិច មាន​អាយុ​ទើប​តែ ១៦​ឆ្នាំ និង​គ្រាន់​តែ​ជា​អ្នក​ជំនួយការ​ការ​ធ្វើ​ពិសោធន៍​តែ​ប៉ុណ្ណោះ ។ គេ​ទាំងអស់​គ្នា​ចង់​ទាត់​ចោល​រឿង​នោះ ។

ប៉ុន្តែ សេមេណូហ្វ​ ពោល​យ៉ាង​ប៉ឺងម៉ាត់​ថា «អ្នកវិទ្យាសាស្ត្រ​ត្រូវ​ចង់ចាំ​ថា ឋានៈ អាយុ រួម​ទាំង​គុណបំណាច់​ក្នុង​វិទ្យាសាស្ត្រ សុទ្ធ​តែ​ពុំ​មាន​អត្ថន័យ​អ្វី​ទាំងអស់​ក្នុង​ទំនាក់ទំនង​វិទ្យាសាស្ត្រ​ផ្ទាល់ ជាមួ​យនឹង​សិស្ស​របស់​ខ្លួន ទោះបី​សិស្ស​នោះ​មាន​អាយុ​ប៉ុន្មាន​ក៏​ដោយ ។ ក្រោម​ពន្លឺ​នៃ​ភ្លើង​ចន្លុះ សច្ចធម៌​នោះ​គឺ​មាន​តែ​មូលដ្ឋាន​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ​តែ​សំខាន់» ។

បន្ទាប់​មក លោក​អញ្ជើញ ហ្សែនដូវិច ឡើង​ក្ដារខៀន​ស្រាយ​បញ្ជាក់​យ៉ាង​រីករាយ ។

ដំបូង​ឡើយ មនុស្ស​ជាច្រើន​ពុំ​យក​ចិត្តទុកដាក់​ដល់​របៀប​គិត​គូរ​របស់​កុមារ​ជំទង់​រូប​នេះ​ទេ ។ ក៏​ប៉ុន្តែ​នៅ​ពេល​គេ​កាន់​តែ​តាមដាន គេ​កាន់​តែ​ភ្ញាក់​ផ្អើល «ក្មេង​នេះ​ធ្វើ​ត្រូវ​ទាំង​អស់» ។

ចាប់​តាំង​ពី​ពេល​នោះ​មក ហ្សែនដូវិច បាន​ក្លាយ​ទៅ​ជា​សិស្ស និង​ជា​មិត្ត​ដោយ​មិន​ប្រកាន់​អាយុ​របស់​ សេមេណូហ្វ ។

 

ចូរ​អាន​សៀវភៅ ហើយ​ពិចារណា

បណ្ឌិត ផែកកូហ្វ និទាន​ឡើង​វិញ​អំពី​លោកគ្រូ​សេមេណូហ្វ​ដូច​ត​ទៅ ៖

ឆ្នាំ​១៩៣០ ខ្ញុំ​កំពុង​រៀន​ឆ្នាំ​ទី​៣ នៅ​មហាវិទ្យាល័យ​វ៉ូរ៉ូណែហ្សឺ ស្រាប់​តែ​ទទួល​បាន​បញ្ជា​ត្រូវ​ទៅ​ធ្វើការ និង​សិក្សា​នៅ​វិទ្យាស្ថាន​រូបវិទ្យា​គីមី​នៅ​លេនីនក្រាត ។

ពេល​ខ្ញុំ​កំពុង​អង្គុយ​ក្នុង​បន្ទប់​រង់ចាំ​របស់​វិទ្យាស្ថាន ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​ច្រាន​ទ្វារ​ចូល​មក ហាក់​ដូច​ជា​ខ្យល់​កួច ។ ខ្ញុំ​បាន​ដឹង​ថា គាត់​គឺ​ជា​នាយក​វិទ្យាស្ថាន សេមេណូហ្វ ។

«អ្នកឯង​មក​ពី​វ៉ូរ៉ូណែហ្សឺ​មែន​ទេ ? (គាត់​សួរ) តើ​អ្នកឯង​ចេះ​ទ្រឹស្ដីបទ​ស្ដីពី​ប្រតិកម្ម​ខ្សែសង្វាក់​ឬ​ទេ ?» ។ «ជម្រាប​ប្រសាសន៍​លោកសាស្ត្រាចារ្យ ខ្ញុំ​មិន​ចេះ​ទេ» ។

«ដូច្នេះ តើ​វាវ៉ាគុម គឺ​ជា​អ្វី ឯង​ដឹង​ទេ ?» ។ «ជម្រាប​ប្រសាសន៍ ទេ» ។

«ឣ៊ឺ ! ដូច្នេះ​សុញ្ញាកាស​ដាច់​ខាត តូរីសែនលី នោះ ឯង​ដឹង​មែន​ទេ ?» ។ «បាទ រឿង​នេះ​ដឹង» ។

សេមេណូហ្វ ​ងក់​ក្បាល ហូត​យក​ឯកសារ​មួយ​សំណុំ​ចេញ​ពី​កាតាប ហើយ​ពោល «ដូច្នេះ​បាន​ហើយ ឥឡូវ​ឯង​អាន​ឲ្យ​អស់​អត្ថបទ​កាសែត​នេះ ហើយ​ពិចារណា​ទៅ បន្ទាប់​មក​នឹង​ចាប់​ផ្ដើម​ធ្វើការ» ។

នា​ពេល​ល្ងាច​ថ្ងៃ​ដដែល សេមេណូហ្វ ហៅ​ខ្ញុំ​ទៅ​ជួប រួច​សួរ «យ៉ាង​ម៉េច​ដែរ មាន​ឃើញ​បញ្ហា​អ្វី​ថ្មី​ទេ ? តើ​ឯង​យល់​យ៉ាងណា​អំពី​បញ្ហា​ទាំងនោះ ?» ។

ប៉ុន្តែ​ថ្ងៃ​បន្ទាប់​មក គាត់​សួរ​ផ្ទួនៗ ពេល​យប់​ខ្លះ​គាត់​ដាស់​ខ្ញុំ ហើយ​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​ពី​បញ្ហា​ដែល​ខ្ញុំ​បាន​ពិចារណា​ក្រោយ​ពី​អាន​សំណុំ​ឯកសារ ដែល​មួយ​ថ្ងៃៗ គាត់​ឲ្យ​កាន់​តែ​ច្រើន​ឡើងៗ ។

ក្រោយ​មក ទើប​ខ្ញុំ​ដឹង​ថា ចំពោះ​សិស្ស​ណា​ក៏​ដោយ សេមេណូហ្វ ​តែ​តែ​ទាមទារ​ត្រូវ​តែ​រៀនសូត្រ និង​ពិចារណា​អំពី​បញ្ហា​ដែល​បាន​រៀន​យ៉ាង​ដូច្នេះ​ឯង ។ ហើយ​បើ​នៅ​ក្រោយ​ពេល​គាត់​សួរ​ជា​ច្រើន​ផង តែ​ចម្លើយ​ពុំ​មាន​អ្វី​ដែល​ថ្មី​នោះ សេមេណូហ្វ ​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​ទៀត​ទេ ។ ជួនកាល ពេល​ជួប​មុខ គាត់​មិន​ទាំង​សួរ​នាំ​ផង ។

លោកតា​ភ្លើង

ទ្រឹស្ដីបទ​ស្ដីអំពី​ប្រតិកម្ម​ខ្សែ​សង្វាក់​របស់ ​សេមេណូហ្វ​ ត្រូវ​បាន​លោក​កសាង​ឡើង​លើ​មូលដ្ឋាន​នៃ​ការ​សិក្សា​អំពី​អណ្ដាត​ភ្លើង​ត្រជាក់​របស់​ផូស្វ័រ ។ លោក​ក៏​ជា​អ្នក​កសាង​ខឿន​វិទ្យាសាស្ត្រ​ទំនើប​ស្ដីអំពី​អណ្ដាតភ្លើង​ធម្មតា​ដែរ ។

គ្រា​មួយ​នោះ លោក​បាន​លើក​សំណួរ​មួយ​ឡើង​ថា «តើ​ត្រូវ​ដែរ​ឬ​ទេ​ដែល​ថា​លោកតា​ភ្លើង​បាន​នាំ​មក​ឲ្យ​យើង​នូវ​អ្វីៗ​ទាំងអស់​ដែល​អាច​មាន ហើយ​តើ​ត្រូវ​ដែរ​ឬ​ទេ​ដែល​មនុស្ស​យើង​ត្រូវ​គិត​ផ្ទុះ​ក្បាល​ក៏​នៅ​តែ​ពុំអាច​រក​ឃើញ​អស់​នូវ​អាថ៌កំបាំង​របស់​ភ្លើង ?» ។

ឮ​សូរ​ថា​អាស្រ័យ​ដោយ​សម្ដី​នេះ ទើប​គេ​រាល់​គ្នា​បាន​ប្រសិទ្ធនាម​ជូន​ សេមេណូហ្វ ​ក្នុង​ឱកាស​គម្រប់​ខួប ៧០​ឆ្នាំ​របស់​លោក​នូវ​រហស្សនាម​ថា «លោកតា​ភ្លើង» ។ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​អះអាង​ថា រហស្សនាម​នេះ​ត្រូវ​បាន​ប្រសិទ្ធនាម​ដល់​អណ្ដាត​ភ្លើង​នៃ​ស្មារតី​វិទ្យាសាស្ត្រ​ដ៏​កក់​ក្ដៅ​របស់​សេមេណូហ្វ ។

កិត្តិយស​របស់​អ្នកវិទ្យាសាស្ត្រ

អ្នក​វិទ្យាសាស្ត្រ​ទាំងឡាយ​លើ​សកលលោក​បាន​វាយ​តម្លៃ​យ៉ាង​ខ្ពស់​នូវ​ស្នាដៃ​វិទ្យាសាស្ត្រ​ទាំងឡាយ​របស់​លោក​សេមេណូហ្វ ។ លោក​គឺ​ជា​អ្នកប្រាជ្ញ​ទី​បី​របស់​សូវៀត​ដែល​បាន​ទទួល​ពាន​រង្វាន់​ណូបែល ។ លោក​សាស្ត្រាចារ្យ ស្រីវ៉ាស្ដាវ៉ា នៃ​មហាវិទ្យាល័យ​អាហ្គ្រា​ដ៏​ល្បីល្បាញ​របស់​ឥណ្ឌា បាន​សរសេរ​លិខិត​ជូន​ព័ត៌មាន​ដល់ ​សេមេណូហ្វ ​ថា សាលា​របស់​លោក​មាន​កិត្តិយស​ដែល​បាន​តាំង​រូប​របស់​អ្នកប្រាជ្ញ​សូវៀត ។ សាស្ត្រាចារ្យ កឺវ៉ាន់ នៃ​មហាវិទ្យាល័យ​តូក្យូ (ជប៉ុន) ក៏​បាន​ចាត់​ទុក​ជា​កិត្តិយស​ដែរ​ដោយ​បាន​ចូល​រួម​បកប្រែ​ស្នាដៃ​និពន្ធ​របស់​ សេមេណូហ្វ ។ គីមីវិទូ​ជាតិ​អង់គ្លេស ដេ តុន ក៏​បាន​ទទួល​ស្គាល់​ថា ខ្លួន​គឺ​ជា​សិស្ស​រៀន​របៀប​សរសេរ​ឆ្លើយ​ឆ្លង​របស់​ សេមេណូហ្វ ហើយ​ក៏​បាន​ជូន​ដំណឹង​ថា ខ្លួន​កំពុង​ខិតខំ​សរសេរ​សៀវភៅ​មួយ​ស្ដីពី​ប្រតិកម្ម​ជា​ខ្សែ​សង្វាក់ ដើម្បី​សម្ដែង​ទឹកចិត្ត​គោរព និង​ដឹង​គុណ​ចំពោះ​លោកគ្រូ ។

ប៉ុន្តែ​សេមេណូហ្វ​គ្រាន់​តែ​ទទួល​ថា «ខ្ញុំ​គ្រាន់​តែ​មាន​កិត្តិយស​ដោយ​បាន​បើក​ភ្នែក​សម្លឹង​ចំ​បញ្ហា ។ រីឯ​ដំណោះស្រាយ​បញ្ហា​នោះ វា​នឹង​មក​ដល់​ដោយ​ឯកឯង​ដូចជា​ដើមឈើ​ដែល​ចាំបាច់​ត្រូវ​កកើត​ឡើង​ពី​គ្រាប់​ពូជ​ល្អ​ដូច្នោះ​ដែរ» ៕

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

កែសម្រួលដោយៈMr365

Comments
Loading...