ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ថូម៉ាស់ អេឌីសុន Thomas Edison ​(១៨៤៧-១៩៣១) អ្នកតស៊ូក្នុងការបង្កើតអំពូលភ្លើង

3,386

នៅ​ក្នុង​ដំណើរវិវឌ្ឍនៃ​ថាមពល​អគ្គិសនី ម៉ៃឃើល ហ្វារ៉ាដេ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​តួអង្គ​ដ៏​សំខាន់​បំផុត​មួយ ពីព្រោះ​ថា លោក​គឺ​ជា​អ្នក​ដែល​​បាន​រកឃើញ​​គោលការណ៍​ដ៏សំខាន់​ពីរ​ គឺ​ការ​បំបែ្លង​ថាមពល​អគ្គិសនី​ទៅ​ជា​ថាមពល​ម៉េកានិក ដើម្បី​បង្កើត​ជា​ម៉ូទ័រអគ្គិសនី និង​ការ​បំប្លែង​ថាមពល​ម៉េកានិក​ទៅជា​ថាមពល​អគ្គិសនី ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​ផលិត​ថាមពល​អគ្គិសនី។

ក៏ប៉ុន្តែ ដើម្បី​​ឲ្យ​​ថាមពល​អគ្គិសនី​ដែល​ផលិត​បាន​អាច​បាន​ទៅ​ជា​ប្រយោជន៍ ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដល់​ផ្ទះ​របស់​ប្រជាជន​ទូទៅ គេ​ត្រូវការ​នូវ​គំនិត​ប្រកប​ដោយ​ការ​ច្នៃប្រឌិតខ្ពស់​របស់​ឥស្សរជន​មួយ​រូបទៀត គឺ ថូម៉ាស់ អេឌីសុន ដែល​ជា​អ្នក​បាន​រកឃើញ​នូវ​គំនិត​ថ្មីៗ​ជាច្រើន​ រាប់ចាប់តាំង​ពី​ប្រព័ន្ធ​​ចែកចាយ​ថាមពល​អគ្គិសនី រហូតដល់​ឧបករណ៍​ប្រើថាមពល​អគ្គិសនី ជាពិសេស អំពូលភ្លើង ឧបករណ៍​ថត​សំឡេង​ បំពងសំឡេង ឧបករណ៍​ថត​និង​បញ្ចាំងខ្សែភាពយន្ត

ប្រវត្តិកំនើត​ និងសិក្សារ

ថូម៉ាស់ អេឌីសុន កើតនៅ​ថ្ងៃ​ទី១១ ខែកុម្ភៈ ឆ្នាំ១៨៤៧ នៅ​រដ្ឋ​អូហៃយ៉ូ (Ohio) សហរដ្ឋ​អាមេរិកអេឌីសុន​គឺ​ជា​កូនពៅ ក្នុង​ចំណោម​បងប្អូន​ទាំងអស់ ៧នាក់ នៅ​ក្នុង​គ្រួសារ​​ក្រីក្រមួយ ដែល​មាន​ឪពុក​ជា​ជនភៀសខ្លួន​មក​ពី​កាណាដា ហើយ​មាន​របរ​ជា​​ជាងធ្វើ​ដំបូលផ្ទះ ចំណែក​​ម្តាយ​គឺ​​ជា​គ្រូបង្រៀន។ យុវភាព​របស់ ​អេឌីសុន​ ក៏​ឆ្លងកាត់​នូវ​ស្ថានភាព​ដ៏​អាប់អួរ​មួយ​ផងដែរ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក គឺ​​​សង្រ្គាម​ស៊ីវិល​អាមេរិក ពីឆ្នាំ​១៨៦១ ដល់​ឆ្នាំ​១៨៦៥

បើ​និយាយ​ពី​ការ​អប់រំ​វិញ ថូម៉ាស់ អេឌីសុន ដែល​ជាប់ឈ្មោះ​ក្នុង​ប្រវត្តិសាស្រ្ត​ថា​ជា​អ្នក​ពូកែ​ខាង​បង្កើត​​គំនិត​ថ្មីៗ មាន​ចុះ​វិញ្ញាបនបត្រ​តក្កកម្ម​រហូតដល់​ទៅ​ជាង​១ពាន់​​នោះ តាមពិត​មិនបាន​ចូល​សាលា​ត្រឹមត្រូវ​នឹង​គេ​នោះទេអេឌីសុន ​ចូលរៀន​​នៅ​សាលា​បានតែ​ប្រមាណ​ជា ​៣ខែ​ប៉ុណ្ណោះ។ ដោយសារ​តែ​អន់ចិត្ត​នឹង​គ្រូបង្រៀន​ដែល​បន្តុះបង្អាប់​កូន​ថា​ល្ងង់​រៀន​មិនកើត ម្តាយ​របស់​​អេឌីសុន​បាន​​យក​កូន​ចេញ​ពីសាលា​មកវិញ ដើម្បី​យក​មក​បង្រៀន​នៅ​ផ្ទះ​ដោយ​ខ្លួនឯង

ឪពុកម្តាយ​របស់​ អេឌីសុន ថ្វីដ្បិត​តែក្រទ្រព្យ តែ​មិនក្រចំណេះនោះទេ។ ក្រៅពី​មាន​ម្តាយ​ដែល​មាន​ទេពកោសល្យ​ក្នុងការ​បង្រៀន អេឌីសុន​ មាន​ឪពុក​ដែល​ចូលចិត្ត​អាន ហើយ​សម្បូរសៀវភៅ​ដែល​អាច​ធ្វើ​ជា​កូនបណ្ណាល័យ​តូចមួយ​​នៅ​ក្នុងផ្ទះបាន។ នៅ​ផ្ទះ ក្រៅពី​ទទួល​ការ​បង្រៀន​ពី​ម្តាយ អេឌីសុន ​ក៏​បាន​ចំណាយពេល​ជាច្រើន​ផងដែរ​ក្នុងការ​អានសៀវភៅ​​របស់​ឪពុក ព្រមទាំង​ការ​ធ្វើ​ពិសោធន៍​គ្រប់សព្វបែបយ៉ាង តាំង​ពី​ពេល​មាន​អាយុ​ទើប​នឹង​បាន ១១ឆ្នាំ​មកម៉្លេះ។

ភាពជោគជ័យ

នៅ​ឆ្នាំ១៨៥៩ អេឌីសុន​ ដែល​ទើប​នឹង​មាន​អាយុ​ ១២ឆ្នាំ បាន​សុំ​ឪពុកម្តាយ​ចេញ​ទៅ​រកស៊ីដោយខ្លួនឯង គឺ​ទៅធ្វើ​ជា​អ្នក​លក់​កាសែត​នៅ​តាម​រថភ្លើង។ ដំបូង អេឌីសុន ​ទិញ​កាសែត​ពី​គេ​មក​លក់ ហើយ​ក្រោយ​មក​ បែក​គំនិត​ទៅ​បង្កើត​ជា​កាសែត​មួយ​ដោយ​ខ្លួនឯង។ របររកស៊ី​លក់​កាសែត​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ ហើយ​វា​គឺ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​មួយ នៅ​ក្នុង​ជីវិត​​របស់​អេឌីសុន

នៅ​ក្នុង​អំឡុង​ពេល​ធ្វើការ​ជា​អ្នក​លក់​កាសែត​នៅ​តាមរថភ្លើង អេឌីសុន ​បាន​ចាប់ផ្តើម​ស្គាល់​អំពី​មធ្យោបាយ​ទាក់ទង​ដ៏​ថ្មីទំនើប​មួយ​នា​សម័យកាល​នោះ គឺ​ទូរលេខ ឬ​តេឡេក្រាហ្វ។ នៅពេលនោះ ទូរលេខ ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​មធ្យោបាយ​ទាក់ទងគ្នា ពី​​ស្ថានីយ៍រថភ្លើង ទៅ​ស្ថានីយ៍​រថភ្លើងមួយ​ ហើយ​ក៏​ត្រូវ​គេ​ប្រើ​យ៉ាងទូលំទូលាយ​ផងដែរ នៅ​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​សម្រាប់​កាសែត​ ជាពិសេស​ព័ត៌មាន​​បន្ទាន់ៗ​​នៅ​ក្នុង​អំឡុង​សង្រ្គាម​ស៊ីវិល។

ពីដំបូងឡើយ អេឌីសុន ​ឧស្សាហ៍​ប្រើ​ប្រាស់​​ទូរលេខ​នេះ នៅ​ក្នុង​របរ​លក់​កាសែត​តាម​រថភ្លើង ក៏ប៉ុន្តែ មិនយូរ​ប៉ុន្មានក្រោយ​មក អេឌីសុន ​ចាប់ផ្តើម​រៀន​អំពី​របៀបបញ្ជូន​និង​ទទួល​សារ​តាម​ទូរលេខ​នេះ​ដោយ​ខ្លួនឯង រហូត​បាន​ចេះ​ស្ទាត់​ជំនាញ ហើយ​នៅ​ឆ្នាំ​១៨៦៦ អេឌីសុន ​​បាន​​ប្តូរ​អាជីព​ទៅ​ធ្វើ​ជា​ប្រតិបត្តិករ​ទូរលេខ​​​ឲ្យ​ក្រុមហ៊ុន​ Western Union ដោយ​ទទួលបន្ទុក​ជា​អ្នក​បញ្ជូន​និង​ទទួល​សារ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​ Associated Press

នៅ​ពេលនោះ អេឌីសុន ​ធ្វើការ​ពេលយប់ ចំណែក​ពេលថ្ងៃ​ទំនេរ​ពី​ការងារ អេឌីសុន​ ចំណាយពេល​ទៅលើ​ការ​អាន និង​ការ​ធ្វើ​ពិសោធន៍​ ដែល​ជា​ចំណង់ចំណូលចិត្ត​របស់​ខ្លួន​តាំង​ពី​ក្មេង។ ក៏ប៉ុន្តែ ការធ្វើ​ពិសោធន៍​នេះហើយ ដែល​ធ្វើ​ឲ្យ ​អេឌីសុន ​ត្រូវ​បាត់បង់​ការងារ។ នៅថ្ងៃ​មួយ អេឌីសុន ​បាន​យក​កន្លែង​ធ្វើការ​ទៅ​ធ្វើ​ពិសោធន៍ ហើយ​នៅ​ក្នុងការ​ពិសោធន៍​នេះ អេឌីសុន ​បាន​ធ្វើ​ឲ្យ​កំពប់អាស៊ីដ​ពេញ​ការិយាល័យ រហូត​ជ្រាប និង​ស្រក់​ទៅ​លើ​តុធ្វើការ​របស់​ចៅហ្វាយ ដែល​នៅ​ខាង​ក្រោម។ អេឌីសុន​ក៏​ត្រូវ​បាន​គេ​បញ្ឈប់​ពីការងារ​ភ្លាមៗ នៅថ្ងៃ​បន្ទាប់។

ទោះជាយ៉ាងណា នៅ​ពេលនោះ អេឌីសុន ​មាន​ការ​យល់ដឹង​យ៉ាងច្រើន​រួចទៅហើយ អំពី​ដំណើរការ​នៃ​ម៉ាស៊ីន​ទូរលេខ ដែល​អាច​ឲ្យ​លោក​បង្កើត​បាន​នូវ​គំនិត​ថ្មីៗ​ជាច្រើន ក្នុងការ​កែលម្អ​របៀប​ផ្ញើ និង​ទទួល​សារ​តាម​ទូរលេខ។

កាលពីមុន សារដែល​ផ្ញើ​តាម​ទូរលេខ​ ត្រូវ​បញ្ជូន​និង​ទទួល​​តាមរយៈ​សញ្ញា​អេឡិចត្រូម៉ាញេទិក ដែល​បង្កើត​ជា​ចំណុចនិងឆ្នូត (dots and dashes/points et traits) រួចហើយ​​ប្រតិបត្តិករ​ទូរលេខ​ត្រូវ​ធ្វើការ​បកប្រែ​ដោយដៃ​ពី​ចំណុចនិង​ឆ្នូតនេះ​ឲ្យ​ចេញ​ទៅ​ជា​សារជា​អក្សរ។ អេឌីសុន ​បាន​បង្កើត​នូវ​ម៉ាស៊ីន​ថ្មីមួយ ដែល​អាច​ធ្វើការ​បកប្រែសារ ពី​ចំណុច និង​ឆ្នូត ឲ្យ​ចេញ​ទៅ​ជា​សារ​ជា​អក្សរ​ដោយ​ស្វ័យប្រវត្តិ

កាល​ពីមុន នៅលើ​ខ្សែទូរលេខ​មួយ​ គេ​អាច​ផ្ញើ​សារ​បានតែមួយ​ក្នុង​ពេលតែមួយ អេឌីសុន ​បាន​រក​ឃើញ​វិធី ដែល​អាច​ឲ្យ​គេ​ផ្ញើ​សារ​បាន​ពីរ​ក្នុងពេល​តែមួយ (Duplex telegraph) ហើយ​ក្រោយ​មក អាច​ផ្ញើ​សារ​​បាន​រហូត​ដល់​ទៅ​​បួន​ក្នុងពេល​តែមួយ (Quadruplex telegraph)

ការរកឃើញ​អស់ទាំងនេះ​បាន​ជួយ​ឲ្យ​ អេឌីសុន​ មាន​ទាំង​កេរ្តិ៍ឈ្មោះ និង​មាន​ទាំង​លុយកាក់​ ដែល​អាច​ឲ្យ​លោក​​បង្កើត​ជា​ក្រុមហ៊ុន និង​​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ខាង​បច្ចេកវិទ្យា​​​ដ៏ធំមួយ នៅ​ទីក្រុង​ញូជើស៊ី (New Jersey) ដែល​គេ​ច្រើន​ហៅ​ជា​ទូទៅ​​ថា “មិនឡូផាក” (Menlo Park) ហើយ​ដែល​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​​​ជា​មន្ទីរពិសោធន៍​​ដ៏​ធំ និង​លើកដំបូងបង្អស់​ក្នុង​ប្រវត្តិសាស្រ្ត ដែល​ផ្តោត​លើ​ការ​ស្រាវជ្រាវ​ខាងផ្នែក​បច្ចេកវិទ្យា ក្នុងគោលដៅ​ពាណិជ្ជកម្ម

នៅ​ក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ “មិនឡូផាក” នេះហើយ ដែល​ អេឌីសុន ដោយ​មាន​ជំនួយ​ពី​ជំនួយការ​និង​បុគ្គលិក​ជាច្រើន​នាក់ បាន​រកឃើញ​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​ ដែល​មាន​ឥទ្ធិពល​យ៉ាងខ្លាំងបំផុត​លើ​ដំណើរវិវឌ្ឍ​នៃ​ថាមពលអគ្គិសនី ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ទូទៅ។

ជីវិតគ្រួសារ

គិតមក​ត្រឹមពេល​ដែល​​មជ្ឈមណ្ឌលស្រាវជ្រាវ “មិនឡូផាក” ត្រូវ​បាន​បង្កើតឡើង អេឌីសុន ដែល​ធ្លាប់ជា​កូនអ្នក​ក្រីក្រ និង​មិនបាន​ចូលសាលា​ផងនោះ បាន​ក្លាយ​ទៅជា​អ្នក​មាន​មុខមាត់​ម្នាក់​នៅ​ក្នុង​សង្គម មាន​ទាំង​កេរ្តិ៍ឈ្មោះ មានទាំង​ទ្រព្យសម្បត្តិ ហើយ​មានទាំង​ភរិយា និង​កូន ៣នាក់ ដោយ​កូនទី១ និង​ទី២ ត្រូវ​បាន​អេឌីសុន​ដាក់​ឈ្មោះ​ក្រៅថា “Dot” និង “Dash” ទៅតាម​សញ្ញា​នៃ​សារ​ដែល​គេ​បញ្ជូន​តាម​ទូរលេខ។

នៅ​ឆ្នាំ១៨៨៤ ភរិយា​របស់​ អេឌីសុន ដែល​មាន​អាយុ​ទើប​នឹង​បាន ២៩ឆ្នាំ បាន​ទទួល​មរណភាព​ដោយ​ជំងឺ​មហារីកខួរក្បាល ហើយ​ពី​ឆ្នាំក្រោយ​មកទៀត គឺ​នៅ​ឆ្នាំ១៨៨៦ អេឌីសុន ​បាន​រៀបការ​ជាមួយ​ភរិយាទីពីរ។ ជាមួយ​ភរិយាក្រោយ​នេះ អេឌីសុន ​មាន​កូន​ ៣នាក់​ បន្ថែម​ទៀត ដោយ​ក្នុង​ចំណោម​នោះ កូនបន្ទាប់ពៅ​​ធំឡើង​បាន​ក្លាយ​ជា​អភិបាលរដ្ឋញូជើស៊ី ចំណែក​ឯកូនពៅវិញ បាន​ដើរតាម​គន្លង​របស់ឪពុក ដោយ​បាន​ក្លាយ​ជា​អ្នក​ស្រាវជ្រាវ​រក​បច្ចកេវិទ្យា​ថ្មីៗ ហើយ​ព្រមទាំង​បាន​ស្នងតំណែង​ជា​អ្នក​គ្រប់គ្រងក្រុមហ៊ុន ក្រោយ​ពី​អេឌីសុន​ទទួល​មរណភាព នៅ​ឆ្នាំ​១៩៣១

Mr 365

Comments
Loading...