ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ទស្សនៈអំពី ពិធីទេវរាជ ឬកល្យាណសិទ្ធិនៅលើភ្នំគូលេន

1,818

ដើម្បីរូមចំណែកក្នុងការអភិវឌ្ឍនូវចំណេះដឹង ស្តីពីវប្បធម៌អង្គររបស់ជាតិយើង ខ្ញុំសូមពិនិត្យទស្សនៈជុំវិញ ពិធីទេវរាជឡើងវិញ តាមរយៈការរកឃើញថ្មី។ យើងមានទិន្នន័យខាងបុរាណវិទ្យាដ៏រឹងមាំ ដែលបញ្ជាក់ថាព្រះបាទ ជ័យវរ្ម័នទី២ (៨០២ – ៨៥០) គឺជាស្ថាបនិក នៃសម័យអង្គរ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ បានបង្ហាញឲ្យយើងដឹងថា ស្តេចអង្គនេះ បានស្ថាបនាទីក្រុងមួយឈ្មោះឥន្ទ្របុរៈ ដែលប្រហែលជាស្ថិតនៅខេត្ត ត្បូងឃ្មុំបច្ចុប្បន្ន គឺបន្ទាយព្រៃនគរ ។

រាជធានីទី២ របស់ព្រះបាទជ៏យវរ្ម័នទី២ គឺហរិហរល័យ នៅតំបន់រលួស ខេត្តសៀមរាប។ បើយោងតាមការស្រាវជ្រាវរបស់លោក ហ្សកស៊ឺដេស យើងក៏បានដឹងទៀតថា រាជធានីចុងក្រោយរបស់ទ្រង់ គឺស្ថិតនៅ មហេន្ទ្របព៌ត ឬ ភ្នំគូលែន។ គឺនៅទីនេះហើយ ដែលព្រះមហាក្សត្រខ្មែរបានប្រារព្ធ ពិធីទេវរាជ ដែលជាពិធីកម្មដ៏ស័ក្តិសិទ្ធិមួយ (K.235, K.956 ) គឺដើម្បីកុំឲ្យជ្វាចាប់យកកម្ពុជាធ្វើជាស្រុកចំណុះរបស់ខ្លួនតទៅទៀត។ មូលហេតុនៃពិធីកម្មខាងលើនេះ ខ្លឹមសារនៃសិលាចារឹកបានបញ្ជាក់ថា ៖
“លេងកំបីកម្ពុជទេសនេះអាយត្តតជរាលេយ, កំបីជរាអាក្រាន្តស្រុកក្មេរ ឬ លេងកំបីកម្ពុជបិជវាចាបលេយ” ។

សូមរំលឹកថា មានភស្តុតាងថ្មីមួយចំនួន ដែលបានធ្វើឲ្យយើងដឹងថា នៅក្នុងបរិបទវប្បធម៌ និង ភូមិសាស្ត្រ នាដើមសម័យអង្គរ ពោលគឺសតវត្សទី៨-៩ ពាក្យ”ជ្វា” មិនមែនសំដៅកោះជ្វា(Java) នោះទេ។ ម្យ៉ាងវិញទៀត ពាក្យនេះក៏មិនសំដៅលើពួកជ្វានៅនគរស្រីវិជ័យ(ប្រទេសចាម្ប៉ា) មកឈ្លានពានប្រទេសកម្ពុជាក៏ទេដែរ គឺនៅនាសម័យចេនឡា និង ដើមសម័យអង្គរ ក្នុងខណៈដែលប្រទេសទាំងពីរ នៅមានព្រំប្រទល់ដែនជាប់គ្នាទៅនឹងជ្រោយ ម៉ាឡាយូ ឬ កោះស៊ូមាត្រានោះទេ។ ប៉ុន្តែ ជនជាតិនៅម្តុំអតីតព្រះរាជធានី ហ្លួងប្រាបាង(ឡាវបច្ចុប្បន្ន) ដែលនាសម័យអង្គរ មានឈ្មោះថា ទីក្រុង (មឿង) សាវា(ជវា) នេះបើយោងតាមការស្រាវជ្រាវថ្មីរបស់លោក ហ្វែកលូស ដោយអ្នកនិពន្ធដែលសំអាងលើកាលប្បប្រវត្តិចិន មន ថៃ និង លាវ។

សូមរំឭកផងដែរថា រហូតដល់បច្ចុប្បន្នភាព ជនជាតិលាវ/ឡាវ នៅតែប្រើពាក្យមឿងសាវា ក្នុងព្រះរាជពង្សាវតាររបស់ពួកគេនៅឡើយ ដើម្បីហៅទីក្រុងហ្លួងប្រាបាង ដែលធ្លាប់ជាព្រះរាជធានីបុរាណនៃប្រទេសលាវ។
ទាំងអស់នេះ សឲ្យឃើញថាពាក្យ “សាវា” ក្នុងបរិបទវប្បធម៌លាវ/ឡាវ ឬថៃ ពិតជាមិនសំដៅកោះជ្វា ឬនគរ ចាម្ប៉ា ដូចដែលយើងបានគិតខុសកន្លងមកនោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ គឺសំដៅជនជាតិខ្មែរនៅរាជធានី ហ្លួងប្រាបាង ដែលត្រួតត្រាក្នុងរយៈពេលមួយយ៉ាងខ្លី ដោយជនជាតិមន។
យ៉ាងណាមិញ គប្បីជ្រាបថា នៅក្នុងសម័យ​កាល​រុងរឿងថ្កើនថ្កាន ជនជាតិ និងព្រះមហា​ក្សត្រជ្វា នៅស្រីវិជ័យ ដែលបានឈ្លានពានខ្មែរ និង រាជវង្សជ្វានៅកោះជ្វា នៃប្រទេសឥណ្ឌូនេស៊ី គឺស្ថិតក្នុងសន្តតិវង្សសៃលេន្ទ្រៈ គឺដូចគ្នា ទាំងជាតិពន្ធុ ទាំងភាសា និងវប្បធម៌។

បើតាមសង្ឃដីកាព្រះពោធ៍ធម្មា ចំពោះជនជាតិខ្មែរ “ពាក្យជ្វា”មិនគ្រាន់តែ សំដៅតែពួកម៉ាឡេនៅជ្រោយម៉ាឡាយូ នោះទេ ប៉ុន្តែពួកចាម្យ នៃនគរចាម្ប៉ា ថែមទៀតផង ដែលជាពូជសាសន៍តែមួយ។ គេគួរចាប់អារម្មណ៍លើការអះអាងនេះ ព្រោះបងប្អូនជនជាតិចាម្ប បានជម្លៀសខ្លួនពីអតីតនគរចាម្ប៉ា មករស់នៅកម្ពុជានៅដើមសតវត្សរ៍ទី១៧ រហូតដល់សព្វថ្ងៃ មានសែស្រឡាយជាមួយនឹងប្រជាជន នៅម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ដូចជា ពួកគេនិយាយភាសាតែមួយ គឺភាសាម៉ាឡេ (ប៉ូឡេណេស៊ីយាង)។
ទោះជាយ៉ាងណាក៏ដោយ គ្មានអ្វីដែលអាច បដិសេធន៍ចំពោះមតិខាងលើនេះឡើយ បើតាមទិន្នន័យបុរាណវិទ្យា និងជាតិពន្ធុ។

ជាចុងក្រោយ ទាក់ទិនទៅនឹងទស្សនទាន ដែលពោលថាពិធីទេវរាជ ឬជារាជពិធីមួយ ដែលធ្វើឲ្យ ព្រះរាជាក្លាយទៅជាទេវតានោះ សូមកត់សម្គាល់ថា ទស្សនៈនេះ ក៏មិនសមស្របដែរ ។ ព្រះមហាក្សត្រខ្មែរនាសម័យបុរាណ មិនមែនជាព្រះអាទិទេព(ទេវរាជ) នោះទេ។ ចំពោះបញ្ហានេះយើងស្របតាមយោបល់របស់អ្នកគ្រូ ពៅសាវរស ដែលសរសេរពន្យល់ថា ទេវរាជ បានន័យថា ក្នុងព្រះច្បងគេ ក្នុងនិយមន័យមួយដ៏ច្បាស់លាស់ គឺព្រះដែលធំជាងគេ គឺព្រះឥសូរនោះទេ ដែលជាគ្រូនៃសិល្បសាស្ត្រ ប្រកប​ដោយ​មហិទ្ធិឫទ្ធិដ៏មហាស័ក្តិសិទ្ធិ លើព្រះអា​ទិទេពទាំងពួង។

តាមពិតទៅពិធីទេវរាជខាងលើនេះ ដែលមានចារក្នុងសិលាចារឹកស្តុកកក់ធំ (K.235) ត្រូវគេទទួលស្គាល់ថា ជាពិធីកម្មដ៏ពិសិដ្ឋជាងគេបំផុត ធ្វើឡើងដោយពួកព្រាហ្មណ៍ ដើម្បីទេវាភិសេកព្រះមហាក្សត្រ ឲ្យក្លាយទៅជាទេវរាជ “កម្រតេងជគតរាជ” មិនមែនជាការលើកឋានៈព្រះមហាក្សត្រឲ្យស្មើនឹងព្រះអាទិទេព ឬទេវៈ នោះទេ ប៉ុន្តែធ្វើអោយព្រះអង្គមានបុណ្យបារមី ជ័យចេស្តាដូចព្រះឥសូរ តាមរយៈពិធីបុណ្យដ៏សំខាន់ខាងលើនេះ។ ម្ល៉ោះហើយ ក្នុងពិធីសាសនានេះ មានការសូត្យធម៌ ដែលមាននៅក្នុងគម្ពីរសំខាន់ៗ មួយចំនួនដែលមានប្រភពចេញពីឥណ្ឌា ដូចជាគម្ពឺរត្រៃវេទ មហាយានជាដើម ដូចដែលកន្លងមកនេះ មានការសិក្សាមួយចំនួនបាន គូសបញ្ជាក់ជាឧទាហរណ៍ស្រាប់ ។

ក្រៅពីនេះ ការសិក្សាអំពីខ្លឹមសារនៃសិលាចារឹក​​ ដូចករណីសិលាចារឹក នៃប្រាសាទព្រះវិហារជាដើម ក៏គាំទ្រនឹងការលើកឡើងខាងលើនេះដែរ ដែលចារឡើងនៅ សតវត្សរ៍ទី១២។ អត្ថបទសិលាចារឹក (K.380) បានបញ្ជាក់ថា ក្រោយពីសោយទិវង្គត អតីតព្រះមហាក្សត្រខ្មែរ សុទ្ធសឹងតែយាងទៅកាន់ស្ថានទេវលោកផ្សេងៗពីគ្នា ដែលជាទីបរមសុខ ។

ជាក់ស្តែង មានការលើកឡើងថា “ចាប់ផ្តើមពីព្រះបាទ ស្រុត្ត្រវរ្ម័នទេវៈ រហូតដល់ព្រះកេរ្តិ៍ ព្រះបាទសូរ្យវរ្ម័នទេវៈ ដែលជារាជបុត្ររបស់ព្រះមហាក្សត្រឥន្ទ្រវរ្ម័នទេពវៈ ក្រោយពីស្តេចបានយាងទៅឥសូរលោក និងព្រះអគ្គមហេសីរីលក្ម្ស៊ី នៅឯភូមិព្រិច ជាព្រះស្រុកនៃរាជត្រកូលព្រះបាទ ឥសានវរ្ម័នទេវៈ ដែលស្តេចបានយាងទៅបរមរុទ្រលោក ” នេះបើយោងតាមទិន្នន័យសិលាចារឹកខាងលើ។

សរុបមក ការដែលអត្តបទសិលាចារឹកលើកឡើងដូច្នេះមានន័យថា ព្រះមហាក្សត្រខ្មែរមិនមែនជា ព្រះអាទិទេពនោះទេ ដោយហេតុថាប្រពៃណីនៃការប្រារព្ធពិធីទេវរាជ ពិតជាមានប្រភពចេញពីការ រកភាពស័ក្តិសិទ្ធិ អំណាចពិសិដ្ឋ បង្ការឧបទ្រព្យចង្រៃជាងធ្វើខ្លួនឲ្យក្លាយទៅជាព្រះអាទិទេព ឬទេវ:។ ហើយយើងក៏ទើបដឹងដែរថា បើព្រះមហាក្សត្រខ្មែរជាព្រះអាទិទេពមែននោះ វិញ្ញាណក្ខ័ន្ធរបស់ទ្រង់មិនចាំបាច់ យាងទៅសោយសុខនៅឯបរលោកដូចមនុស្សធម្មតានោះទេ៕


ដោយ៖ Ny Watthanak
ប្រភព៖ មីសែល ត្រាណេ

Comments
Loading...