ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្ដិ​ឧបករណ៍​ភ្លេង​ «ពិណ»

2,387

ភាសា​ខ្មែរ​ហៅ​ថា «ពិណ» ក្លាយ​មក​ពី​ភាសា​សំស្ក្រឹត និង​បាលី​ថា «វីណា» ជា​ឧបករណ៍​ខ្សែ​កេះ ឬ​ដេញ​ដោយ​ម្រាមដៃ​ទាំង​ដប់ មាន​ពិណ​កោង ពិណ​កែង និង​ពិណ​ស្នូក ។ ឧបករណ៍​នេះ​ប្រើប្រាស់​រួម​ជាមួយ​នឹង​ឧបករណ៍​ដទៃ​ទៀត​សម្រាប់​ប្រគំ​ជូន​ការ ​រាំច្រៀង​ថ្វាយ​អាទិទេព​ក្នុង​ព្រហ្មញ្ញ​សាសនា ។
ដោយ ​ឧបករណ៍​ពិណ​ស្ថិតស្ថេរ​ក្នុង​ព្រហ្មញ្ញ​សាសនា​ប្រើប្រាស់​សម្រាប់​បូជា​ ថ្វាយ​អាទិទេព មាន​ព្រះ​ព្រហ្ម ព្រះ​ឥសូរ និង​ព្រះ​នារាយណ៍ ជាដើម​ មាន​គន្ធព​ជា​ប្រុស​អ្នក​ភ្លេង​ដេញ​ពិណ និង​ច្រៀង ឯ​ស្រី​ទេពអប្សរ​ជា​ស្រី​របាំ ទើប​អាច​សន្និដ្ឋាន​បាន​ថា ឧបករណ៍​ពិណ​នេះ​ឆ្លង​មក​ពី​ប្រទេស​ក្លិង្គ​តាំងពី​សម័យ​ ដែល​ក្លិង្គ​បាន​មក​រស់នៅ​ជាមួយ​ខ្មែរ​តាំងពី​សតវត្ស​សូន្យ​នៃ​គ្រិស្ដ​ សករាជ ដោយ​នាំ​មក​ជាមួយ​នូវ​អារ្យធម៌​ច្រើន​បែប​ច្រើន​យ៉ាង មាន​សាសនា មាន​អក្សរសាស្ដ្រ មាន​ភាសា មាន​សិល្បៈ ។ល។
អ្នកស្រី​បណ្ឌិត​ ពៅ សាវរស ជា ​អ្នកប្រាជ្ញ​ខាង​អក្សរសាស្ដ្រ​ខ្មែរ​បាន​មាន​ប្រសាសន៍​ក្នុង​បាឋកថា​មួយ​ ជាមួយ​សាស្ដ្រាចារ្យ និង​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ក្នុង​ខែកុម្ភៈ ឆ្នាំ​១៩៩៤ ថា «តាម​សិលា​ចារឹក​ ខ្មែរ​ចេះ​ធ្វើ​គ្រឿង​ភ្លេង​តាំងពី​សតវត្ស​ទី​៦ គឺ​ចេះ​ធ្វើ​ពិណ ចាប៉ី និង​ស្គរ​គ្រប់​បែប» ។


ឧបករណ៍ ​ដ៏​ចាំបាច់​នេះ​បាន​ត្រូវ​លើក​យក​ទៅ​ឆ្លាក់​លើ​ជញ្ជាំង​ប្រាសាទ​នានា​ ដូច​ជា នៅ​លើ​ក្បាច់​ផ្ដែរ​នា​រចនាបថ​សម្បូរព្រៃគុក ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ សតវត្ស​ទី​៧ ជា​ពិណ​ស្នូក លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន សតវត្ស​ទី​៩ ជា​ពិណ​កោង ប្រើប្រាស់​ជាមួយ​នឹង​ការ​រាំ​ច្រៀង​ច្រើន​កន្លែង​ច្រើន​ធុន ដូចជា​ ពិណ​មាន​ខ្សែ​២១ ពិណ​មាន​ខ្សែ​១៨ ពិណ​មាន​ខ្សែ​១៤ ពិណ​មាន​ខ្សែ​១២ និង​ពិណ​មាន​ខ្សែ​៨ នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ដ ជា​ពិណ​កែង​មាន​ខ្សែ​១១ ។
ពិណ​ទាំង​អស់ ​នេះ​ ត្រូវ​បាន​បញ្ចប់​តួនាទី​របស់​ខ្លួន​ពី​ក្នុង​សង្គម​ខ្មែរ​តាំងពី​អរិយធម៌​ អង្គរ​ត្រូវ​បាន​រលាយ ព្រហ្មញ​សាសនា​ត្រូវ​បាន​រលត់​មុន​ឆ្នាំ​១៤៣១ ជា​ឆ្នាំ​ដែល​ខ្មែរ​ស្លាប់​ស្ទើរ​អស់ នៅ​សល់​តែ​៩០.០០០​នាក់ ត្រូវ​សៀម​កៀរ​យក​ទៅ​លត់​ដំ​ធ្វើបាប​ថែមទៀត ។ ឧបករណ៍​ពិណ​នេះ​បាន​ផ្ទេរ​ឈ្មោះ​របស់​ខ្លួន​រហូត​ដល់​សព្វថ្ងៃ​ឱ្យ​ទៅ​ជា​ វង់ភ្លេង​មួយ​ហៅ​ថា «វង់ភ្លេង​ពិណពាទ្យ» គឺជា​វង់ភ្លេង​ដែល​មាន​ឧបករណ៍​ពិណ​ដឹក​មុខ​កាល​ពី​សម័យ​បុរាណ ៕

ដោយៈMr365

 

Comments
Loading...