ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិនៃការកកើតក្រុមភេរវជនអន្តរជាតិអាល់កៃដា

2,234

នៅថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ​២០០១ សហរដ្ឋ​អាមេរិក​ដែល​ជា​មហាអំណាច​ផុតលេខ​ត្រួតត្រា​ពិភពលោក​អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​នោះ ត្រូវ​ទទួល​រង​ការ​វាយប្រហារ​ដល់​ក្នុង​ទឹកដី​របស់​ខ្លួន គឺ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ញូវយ៉ក និង​វ៉ាស៊ីងតោន។ ភេរវកម្ម​១១កញ្ញា​នេះ ​ត្រូវ​បាន​ប្រវត្តិសាស្រ្ត​ចារទុក​ថា​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ​ នៃ​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក​​ក្នុងសម័យកាល​ក្រោយ​សង្រ្គាម​ត្រជាក់ ហើយ​តួអង្គ​ថ្មីមួយ​បាន​ចាប់លេចមុខ និង​ល្បីឈ្មោះ ​​នៅ​ក្នុង​យុគសម័យ​ថ្មី​នេះ គឺ​​ ក្រុម​ភេរវជន​អាល់កៃដា និង​មេដឹកនាំ​ អូសាម៉ា ប៊ិនឡាដិន

អាល់កៃដា​ បាន​ចាប់កំណើតឡើង នៅ​ឆ្នាំ​១៩៨៨ នៅ​ក្នុង​ខេត្ត​ប៉េស្ហាវ៉ា ប្រទេស​ប៉ាគីស្ថាន ក៏ប៉ុន្តែ ឫសគល់​នៃ​ចលនា​អ៊ីស្លាម​ស៊ុននីត​ជ្រុលនិយម​នេះ ​បាន​ចាប់ពន្លក​​ដំបូង​ចេញ​ពី​​ចលនា “ភាតរអ៊ីស្លាម” (Frères musulmans/Muslim Brotherhood) នៅ​ក្នុង ​ប្រទេស​អេហ្ស៊ីប ដោយមាន​មេមនោគន៍វិជ្ជា​ឈ្មោះ​ថា អាប់ដាឡា អាហ្សាំ (Abdallah Azzam)

អាប់ដាឡា អាហ្សាំ មាន​ដើមកំណើត​នៅ ​ប៉ាឡេស្ទីន ​បាន​ចូល​ជា​សមាជិក​អង្គការ​ភាតរអ៊ីស្លាម នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៥០ ​ហើយ​ជា​អ្នកប្រាជ្ញ​អ៊ីស្លាម​ដំបូងគេ​នៅ​ក្នុង​សម័យ​ទំនើប ដែល​មាន​គំនិត​ចង់​បង្កើត​ឲ្យ​មាន​ចលនា​ជីហាត​​អ​ន្តរជាតិ​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មហាអំណាច​អាណានិគម​លោកខាងលិច និង​រដ្ឋាភិបាល​​ប្រទេស​អ៊ីស្លាម​​ដែល​រណប​លោកខាងលិច។ តាមគោលគំនិត​របស់​ អាប់ដាឡា អាហ្សាំ ​គោលដៅ​ចុងក្រោយនៃ​ចលនា​ជីហាត​នេះ គឺ​​ឈាន​ទៅ​បង្កើត​រដ្ឋអ៊ីស្លាម​​​​មួយ ដែល​មាន​វិសាលភាព​ជាសកល ហើយ​ និង​គោលដៅ​នេះ​អាច​សម្រេច​បាន​តាមរយៈ​​​​​អំពើ​ហិង្សា ដែលគេ​ហៅថា “សង្រ្គាមជីហាត”

សេចក្តីបង្រៀន​របស់​ អាប់ដាឡា អាហ្សាំ បាន​ជះឥទ្ធិពល​ដល់​យុវជន​អ៊ីស្លាម​ពីររូប ដែល​ក្រោយ​មកត្រូវ​​ក្លាយ​ជា​មេដឹកនាំ​​អាល់កៃដា គឺ​អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី និង​អូសាម៉ា ប៊ិនឡាដិនអៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី កើតនៅ​ឆ្នាំ​១៩៥១ នៅ​ក្នុង​ត្រកូល​អ្នក​មាន​ទ្រព្យស្តុកស្តម្ភ​​មួយ នៅ​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប អាល់ហ្សាវ៉ាហ៊ីរី​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្មេង​ដែល​រៀន​ពូកែ​នៅ​សាលា, ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វេជ្ជបណ្ឌិត​ពី​សកលវិទ្យាល័យ​ទីក្រុង​គែរ ហើយ​បាន​ចូល​បម្រើ​ការងារ​ជា​ពេទ្យ​ទាហាន​អេហ្ស៊ីបមួយរយៈពេល​ខ្លី មុននឹង​ទៅ​បើក​គ្លីនិក​ឯកជន​ផ្ទាល់​ខ្លួន​មួយ នៅ​ក្នុង​ទីក្រុង​គែរ។

ស្របជាមួយនឹងការ​ប្រកបអាជីព​ជាគ្រូពេទ្យ​នេះ អាល់ហ្សាវ៉ាហ៊ីរី​ ក៏​បាន​ចូលរួម​យ៉ាងសកម្ម​ផងដែរ ក្នុង​ចលនា​អ៊ីស្លាមជ្រុលនិយម គឺ​ចលនា “ភាតរអ៊ីស្លាម” រួមជាមួយ​នឹង​អាប់ដាឡា អាហ្សាំ។ នៅ​ក្នុង​ចលនា​នេះ អាល់ហ្សាវ៉ាហ៊ីរី បាន​ធ្វើ​​សកម្មភាព​ជាច្រើន​ប្រឆាំង​នឹង​រដ្ឋាភិបាល​​អេហ្ស៊ីប ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់ពន្ធនាគារ ក្នុងការ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​ប្រធានាធិបតី​អេហ្ស៊ីប អានវ៉ា សាដាត នៅ​ឆ្នាំ​១៩៨១

ចេញ​ពី​ពន្ធនាគារ អាល់ហ្សាវ៉ាហ៊ីរី នៅតែ​បន្ត​ធ្វើ​សកម្មភាព​​​ប្រឆាំង​នឹង​រដ្ឋាភិបាល, រស់នៅ​ដោយ​លួចលាក់ ធ្វើ​ដំណើរ​ពី​កន្លែងមួយ​ទៅកន្លែងមួយ ទាំងនៅក្នុ​ង​ប្រទេស​អេហ្ស៊ីប និង​ទៅក្រៅ​ប្រទេស ដើម្បី​​គេចពី​ការ​តាមប្រមាញ់​របស់​​អាជ្ញាធរ។ នៅ​ក្នុង​អំឡុង​ពេលនោះ​ហើយដែល ​អាល់ហ្សាវ៉ាហ៊ីរី​ បាន​ជួប​ជាមួយ​នឹង​អូសាម៉ា ប៊ិនឡាដិន នៅ​ឯ​ខេត្ត​ប៉េស្ហាវ៉ា ប្រទេស​ប៉ាគីស្ថាន។ នៅ​ពេលនោះ អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី គឺ​ជា​មេដឹកនាំ​ក្រុមអ៊ីស្លាម​ជ្រុលនិយម​មួយ ដែល​មាន​ឈ្មោះ​ថា “ក្រុម​ជីហាត​អ៊ីស្លាម​អេហ្ស៊ីប” (Egyptian Islamic Jihad/Jihad islamique égyptien)

អូសាម៉ា ប៊ិនឡាដិន កើតនៅ​ឆ្នាំ​១៩៥៧ (ឯកសារខ្លះ​ដាក់​ថា​កើតនៅ​ឆ្នាំ​១៩៥៨) នៅ​ក្នុង​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីតប៊ិនឡាដិន គឺ​ជា​កូនទី១៧ ក្នុងចំណោម​កូន​ទាំង ៥២នាក់ របស់​មហាសេដ្ឋី​ដែល​ត្រួតត្រា​មុខជំនួញ​ខាង​វិស័យ​សំណង់ នៅ​អារ៉ាប៊ីសាអ៊ូឌីតប៊ិនឡាដិន​ បាន​រៀនសូត្រ​រហូតដល់​ថ្នាក់​ឧត្តមសិក្សាខាងផ្នែក​សេដ្ឋកិច្ច និង​ខាង​វិស្វករ​សំណង់ ក៏ប៉ុន្តែ ប៊ិនឡាដិន​មិនមាន​ចិត្ត​ចង់​ប្រកប​អាជីព​អ្វីមួយ​នោះទេ ដោយ​ជាប់ចិត្ត​តែ​នឹង​រឿង​សាសនា ជាពិសេស គឺ​មនោគមន៍វិជ្ជា​អ៊ីស្លាម​ជ្រុលនិយម​របស់​ អាប់ដាឡា អាហ្សាំ

នៅ​ឆ្នាំ​១៩៧៩ ប៊ិនឡាដិន​បាន​បញ្ចប់​ការសិក្សា​នៅ​សកលវិទ្យាល័យ ត្រូវ​ចំពេល​ដែល​ ​សូវៀត​​ចូល​ឈ្លានពាន​​ប្រទេស​អាហ្វហ្កានីស្ថាន។ ប៊ិនឡាដិន​ ក៏​បាន​ចាកចេញ​ពី​ អារ៉ាប៊ីសាអ៊ូឌីត ទៅចូលរួម​ជាមួយ​អាប់ដាឡា អាហ្សាំ បោះទីតាំង​នៅ​ក្នុង​ខេត្ត​ប៉េស្ហាវ៉ា ប្រទេស​ប៉ាគីស្ថាន ហើយ​បង្កើត​បណ្តាញ​មួយ ដើម្បី​​​ជ្រើសរើស​​យុវជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ពី​គ្រប់​ទីកន្លែង​ឲ្យ​ទៅ​ចូលរួម​ក្នុង​ចលនា​ឧទ្ទាម​មូចាហ៊ីឌីន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​សូវៀត​នៅ​អាហ្វហ្កានីស្ថាន។

នៅ​ពេលនោះ អាប់ដាឡា អាហ្សាំ ដើរតួនាទី​ជា​អ្នក​ឃោសនា​ខាង​មនោគមន៍វិជ្ជា ចំណែក​ឯ ​អូសាម៉ា ប៊ិនឡាដិន ដែល​ទទួល​មរតក​​ជាលុយរាប់សិបលាន​ដុល្លារ​​ពី​ឪពុក​ដែល​ស្លាប់​កាល​ពីឆ្នាំ​១៩៦៧ ដើរតួនាទី​ជា​អ្នក​ផ្តល់​លុយកាក់។ ​ម្តងម្កាល ប៊ិនឡាដិន ដែល​មាន​វ័យត្រឹមតែ​ជាង​២០ឆ្នាំ ក៏​ចូលរួម​ប្រឡូក​​ក្នុង​សមរភូមិ​ផងដែរ ជាពិសេស គឺ​​​នៅ​សមរភូមិ​​ជីចា (Jija) ក្នុង​អំឡុង​ខែ​មេសា ឆ្នាំ​១៩៨៧ ដែល​ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន ​បាន​វាយបំបាក់​ទាហាន​សូវៀត។ គឺ​ចាប់ពីពេលនោះ​ហើយ ដែល​ប៊ិនឡាដិន​ចាប់ផ្តើម​មាន​ឈ្មោះ​បោះសំឡេង នៅ​ក្នុង​ចំណោម ​ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន ក៏ដូចជា ក្នុង​ចំណោម​អ្នក​កាន់​សាសនា​អ៊ីស្លាម​ផ្សេងៗ​ទៀត។

នៅ​ឆ្នាំ​១៩៨៨ នៅ​ពេល​ដែល​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន​ឈាន​ជិត​ចូល​ដល់​ទី​បញ្ចប់ ប៊ិនឡាដិន ​​​បានផ្តាច់ខ្លួន​ចេញ​ពី​ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន ហើយ​​​ទៅ​បង្កើត​ជា​ចលនា​​​ថ្មី​មួយ​ទៀត​រួមជាមួយ​នឹង​ អៃម៉ាន់ អាល់​ហ្សាវ៉ាហ៊ីរី ដោយ​ដាក់​ឈ្មោះ​ក្រុម​ថ្មី​នេះ​ “អាល់កៃដា” ដែល​ជាភាសាអារ៉ាប់​មានន័យថា “មូលដ្ឋាន”។ តាមរយៈ​ការ​បង្កើត​ក្រុមថ្មី​នេះ អូសាម៉ា ប៊ិនឡាដិន មាន​​គោលដៅ​ពង្រីក​សង្រ្គាម​ជីហាត​ចេញ​ពី​អាហ្វហ្កានីស្ថាន ​ទៅកាន់​កន្លែងផ្សេងៗ​ទៀត នៅ​ទូទាំង​ពិភពលោក។

នៅពេល​ដែល​ អាល់កៃដា​​ ទើប​នឹង​បង្កើតឡើង​ភ្លាម ​អូសាម៉ា ប៊ិនឡាដិន នៅមិនទាន់​បាន​ក្លាយ​ជា​មេដឹកនាំ​ដែល​មាន​ឥទ្ធិពល​ខ្លាំងក្លា​នៅឡើយ​ទេ ដោយសារតែពេលនោះ ប៊ិនឡាដិន​ មិន​អាច​ប្រជែង​ឈ្នះ​ឥទ្ធិពល​របស់​ អាប់ដាឡា អាហ្សាំ ដែល​ជា​អ្នកប្រាជ្ញ​ជើងចាស់ និង​ដ៏មាន​ឥទ្ធិពល​ខាង​ជីហាត​អ៊ីស្លាម។

អ្វីៗ​ត្រូវ​ប្រែប្រួល​នៅ​ក្រោយ​ពេល​ដែល ​អាប់ដាឡា អាហ្សាំ ត្រូវ​គេ​លបធ្វើឃាត​ នៅថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩ នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​តាមឡាន នៅ​ក្នុង​ខេត្ត​ប៉េស្ហាវ៉ា។ រហូតមកទល់​នឹង​ពេលនេះ គេនៅតែ​មិន​អាច​ដឹង​ពិតប្រាកដ​នៅឡើយទេ​ថា តើ​អ្នកណា​ជា​អ្នក​ធ្វើ​ឃាត អាប់ដាឡា អាហ្សាំ? ក៏ប៉ុន្តែ គេសង្ស័យ​ថា ប៊ិនឡាដិន គឺ​ជា​អ្នករៀបចំ​គម្រោង​ធ្វើ​ឃាត​នេះ ដើម្បី​អាច​ក្តោបក្តាប់​អំណាច​ទាំងស្រុង​ក្នុង​ក្រុម​អាល់កៃដា។ បើទោះបីជា​ការសង្ស័យ​នេះ​ជា​ការពិត ឬ​មិនពិត គេ​អាច​សង្កេតឃើញថា គឺ​ចាប់តាំង​ពី ​អាប់ដាឡា អាហ្សាំត្រូវ​គេ​ធ្វើ​ឃាត ដែល​​ប៊ិនឡាដិន​ចាប់ផ្តើម​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​ចំណោម​ពួក​ជីហាត ហើយ​បន្តិចម្តងៗ ក្រុម​អាល់កៃដា​ក៏​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ជា​ក្រុម​ភេរវជន​ខ្នាត​អន្តរជាតិ៕

កែសម្រួលដោយៈMr365

Comments
Loading...