ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិនៃតាព្រហ្ម

2,585

យើងតែងតែលឺសូរឈ្មោះ តាព្រហ្ម ជាញឹកញាប់ នៅក្នុងវប្បធម៌ និង អរិយធម៌ខ្មែរ ហើយប្រាសាទខ្មែរមួយចំនួន ក៏មាន ឈ្មោះ ជាប្រាសាទតាព្រហ្មដែរ។ តាមពិត តាព្រហ្មនេះ មិនមែនជា ព្រះអាទិទេព នៅក្នុងព្រហ្មញ្ញសាសនានោះទេ ក្នុងពង្សាវតារ ខ្មែរ យើងអាចកត់សំគាល់ឃើញមាន តួអង្គតាព្រហ្មដល់ទៅពីរ

១. គឺតា​ព្រហ្មណ៍ ឫ អង្គព្រហ្មណ៍ ព្រះរាជបុត្រព្រះកេតុមាលា

២. តាព្រហ្មឈ្មួញគោ ដែលជាព្រះមហាក្សត្រ ក្នុង សម័យក្រោយ

នៅក្នុងសៀភៅ ប្រជុំរឿងព្រេងខ្មែរភាគទី៥ ក្រោមចំនងជើង រឿងតាព្រហ្មនៅវត្ដ នគរបា ជ័យ នៅខេត្ដកំពុងចាម គេមាននិយាយចែងចងមកថា បុរសម្នាក់ឈ្មោះព្រហ្ម ជាកូន ស្ដេចក្រាញ់ក្រោយដែលបានបែកចេញអំពីឪពុកម្ដាយ ទៅរៀនសូត្រស្រុកចិនអស់ រយៈ​ពេល៣ឆ្នាំមក ហើយកាលបើបានវិលត្រលប់មកស្រុកកំនើតវិញ បានមកស្រលាញ់ រៀប ការរួមរស់នៅជាមួយ និងម្ដាយបង្កើត។

អំពីអង្គព្រហ្ម
កាលនោះក្នុងឆ្នាំរកា ព្រះកេតុមាលា បានធ្វើដំនើរតាមទន្លេ ចេញក្បួនទូកពីព្រះមហានគរ យាងទៅក្រសាលក្នុងភូមិ ភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងខេត្ដទន្លេបាទី ។ ចៅហ្វាយ ខេត្ដ និង នាម៉ឺនមុខមន្រ្ដីទាំងពួង បាននាំគ្នារៀបចំសង់ ដំនាក់ថ្វាយព្រះអង្គ នៅជាប់មាត់ ទន្លេ បាទី អ្នកតូចអ្នកធំជិតឆ្ងាយ មានទាំងសេដ្ឋី មានទាំងប្រជាពលរដ្ឋ ប្រុសស្រីក្មេង ចាស់បាននាំគ្នាយកដង្វាយសួយសារអាករមកថ្វាយ និង គាល់ព្រះអង្គ ក្នុងចំនោមនោះ នាងពៅបុត្រីមហាសេដ្ឋី ក៏បានធ្វើ ដំនើរមកគាល់ព្រះរាជាដែរ។ នាងមានសំរស់រូបឆោម លោមពណ៌សម្ជស្សសមស្អាតស្រស់ល្អល្អះ លើសផុតនារីទាំងពួង។ គ្រាន់តែក្រលេកឃើញនាងពៅភ្លាមកាលណា ព្រះកេតុមាលាក៏រំភើបចាប់ចិត្ដស្នេហា និយាយផ្ដោះផ្ដងសាកសង ឥតរុញរា។ ចំនែកសេដ្ឋីជាឪពុកម្ដាយ កាលបើយល់ឃើញ ជាក់ច្បាស់ថា ស្ដេចបានចាប់ចិត្ដស្រលាញ់បេតីកូនក្រមុំ របស់ខ្លួនហើយ មានសេចក្ដីរីករាយសោមនស្សអិតអុបមា បាននាំគ្នាសុខចិត្ដសុខកាយ លើកកូនស្រីថ្វាយទៅព្រះមហា
ក្សត្រ ទុកអោយធ្វើជាភិលៀងបំរើព្រះអង្គតាមតែព្រះហរិទ័យ។ ព្រះកេតុមាលា បានរស់នៅជាមួយនាងពៅ អស់ជា ច្រើនខែរហូតទាល់តែព្រះនាងទ្រង់គភ៌។ ថ្ងៃមួយព្រះ អង្គត្រូវយាងត្រលប់ចូលទៅព្រះមហានគរវិញ ដោយនឹកអាណិត អាសូរដល់ មាតា បិតាក្មេកដែលកាន់តែចាស់ជរា ព្រកេតុមាលា​មិនដាច់ចិត្ដ​នាំ​នាងពៅទៅ មហានគរ ជាមួយទេម្យ៉ាងវិញទៀត នាងពៅទ្រង់គភ៌ផង ដែលជាហេតុនាំមក នូវផលវិបាកផ្សេងៗ ក្នុងការធ្វើដំនើរ។ មុននឹងចេញដំនើរ ព្រះអង្គបាន ប្រទាន​ទ្រព្យធនជាច្រើនដល់ ឪពុក ក្មេកម្ដាយក្មេក ចំពោះនាងពៅ ព្រះអង្គបានដោះព្រះទំរង់មួយវង់ពីម្រាមដៃ ប្រទាន ហុយទៅអោយ ទុកជាចំនងដៃ និងភស្ដុតាងបញ្ជាក់ក្រសែស្ដេច ចំពោះបុត្រដែលនឹង ត្រូវប្រសូត្រ។

ឆ្នាំជូត នាងពៅប្រសូត្រ បានបុត្រមួយព្រះអង្គ ដែលព្រះនាងបាដាក់ឈ្មោះថា អង្គព្រហ្ម។ ឈ្មោះ អង្គព្រហ្ម មាននៅតែក្នុង ពង្សាវតារសំដេចវាំងជួនមួយ តែប៉ុណ្ណោះ រីអែពង្សាវតារ ឯទៀតមិនបានកត់ត្រាឈ្មោះ និងរៀបរាប់សំគាល់ត្រង់ចំនុចនេះទេ។

ក្នុងបញ្ហាបុត្រាបុត្រីព្រះកេតុមាលា ពង្សាវតារខ្មែរទាំងអស់ មិនបានយល់ស្របចុះសំរុង គ្នាទេ។ឯកសារនិមួយៗ សុទ្ធ តែកត់ត្រាប្រវត្ដិផ្សេងៗខុសអំពីគ្នា ពង្សាវ​តារសម្ដេច វាំង ជួនបានបញ្ជាក់ថា ព្រះកេតុមាលា និង ព្រះនាងពិនសុវណ្ណបាន បុត្រច្បងមួយឈ្មោះ ទេវង្សកុមារអង្គព្រហ្មជាបុត្រទីពីរ បន្ទាប់មកគឺ ព្រះអង្គទេវេស ជាបុត្រទីបីរបស់ព្រះ កេតុមាលាជាមួយនិងព្រះអង្គម្ចាស់ក្សត្រី កោសុមកេស្សរា ដែលបានប្រសូត្រក្នុងឆ្នាំ ម្សាញ់។

កាលនោះ អាយុបាន២១ឆ្នាំ គឺនៅក្នុងឆ្នាំវក អង្គព្រហ្មបានទៅសុំអនុញ្ញាតិអំពីម្ដាយនាង ពៅដើម្បីសុំធ្វើដំនើរទៅព្រះមហានគរ រកចូលជួបព្រះបិតា។ នាងពៅជាម្ដាយបានយល់ ព្រមទៅតាមបំនងកូន ហើយក៏បានយកចិញ្ចៀនដែលព្រះកេតុមាលាទុកប្រគល់អោយ កូនសំរាប់ធ្វើជា សាក្ខីភាពបញ្ជាក់ថា អង្គព្រហ្ម​ជាកូនព្រះមហាក្សត្រពិតមែន។ ក្រាបថ្វាយ បង្គំលាម្ដាយស្រេច ហើយកាលណា អង្គព្រហ្ម, ដោយមានអ្នកបំរើ ៩នាក់ហែហមអម ដំនើរផងនាំគ្នាជិះសេះ ធ្វើ​ដំណើរ សំដៅតំរង់ទៅព្រះមហានគរ។ ទៅដល់ព្រះមហានគរ អង្គព្រហ្មបានចូលទៅគាល់ បិតាហើយរៀបរាប់គ្រប់អស់ហេតុផល និង គ្រប់អស់កិច្ចការ ទូលថ្វាយព្រះកេតុមាលាសន្ដាប់តាមដំនើរ។ ទ្រង់ជ្រាបអស់សេចក្ដី ព្រះមហាក្សត្រ គ្មានក្ដីមន្ទិលសង្ស័យអ្វីឡើយ។ ព្រះអង្គសប្បាយត្រេកអរសាទរណាស់ ហើយចាត់ចែងអោយពួក សេនាអាមាត្យរៀបចំសាងប្រាសាទមួយយ៉ាងល្អប្រណិតនៅជិតនគរវត្ដទុកថ្វាយដល់បុត្រ ប្រាសាទនេះតាមពង្សាវតារសំដេចវាំងជួន គឺប្រាសាទអង្គព្រហ្ម ដែលបន្ទាប់មកក្លាយទៅជាប្រាសាទតាព្រហ្មរហូតដល់សព្វថ្ងៃ។ ចំនែកឯអង្គ ព្រហ្មវិញជាមួយនិងបងព្រះទេវង្ស និងប្អូនព្រះទេវេស ព្រះអង្គនៅបំរើបិតា ជារៀងរាល់ថ្ងៃ ឥតបីហ៊ានធ្វេសប្រហែសឡើយ។

ថ្ងៃមួយ, ព្រះកេតុមាលាទ្រង់បានព្រះតំរិះ គិតយល់ឃើញថាកូនព្រះអង្គទាំងពីរ ព្រះទេវង្ស និងព្រះទេវេស សុទ្ធតែមានម្ដាយ​ក្រុមគ្រួសារនៅក្បែរ​ជុំជិតគួរអោយ​កក់ក្ដៅ សប្បាយរីក រាយណាស់ លើកលែងតែអង្គព្រហ្ម ដែលនៅកំព្រាដាច់ស្រយាលឆ្ងាយអំពីម្ដាយ និង ក្រុម គ្រួសារញាតិសន្ដាន គិតឃើញដូច្នេះ ព្រះ​កេតុមាលា​ក៏សំរេចចិត្ដ តែងតាំងអង្គព្រហ្ម ជាព្រះ វង្សអន្តិកចៅហ្វាយ ខេត្ដបាទី។ ដូច្នេះអង្គព្រហ្មនិងមានអោកាសវេលា ថែរទាំទំនុកបំរុងម្ដាយផងគឺនៅ ឆ្នាំមមី​ក្នុងព.ស ៩២៦ ត្រូវជាគ.ស៣៨២ កាលនោះអង្គព្រហ្មបានអាយុ៣១ឆ្នាំ

អង្គព្រហ្ម, បានគ្រប់គ្រងខេត្ដបាទីដោយសុខសន្ដិភាពចំរុងចំរើន និង សំបូណ៌សប្បាយ ត្រជាក់ត្រជុំ។ ព្រះអង្គបានកសាងសង់ប្រាសាទមួយអំពីថ្ម នៅនាមាត់ទន្លេបាទី ផ្នែកខាង ត្បូងសំរាប់ព្រះអង្គគង់ប្រថាប់នៅ។ នៅខាងជើងនេះបន្ដិច ព្រះអង្គ បានសាង ប្រាសាទ មួយទៀតសំរាប់ថ្វាយដល់ម្ដាយព្រះអង្គ គឺ នាងពៅ ដើម្បីទុកធ្វើជាកន្លែងសក្ការៈ គោរព បូជា។រហូតមកដល់សព្វថ្ងៃ នៅស្រុកទន្លេបាទីក្នុងខេត្ដតាកែវ ប្រាសាទអង្គព្រហ្មបានក្លាយ ឈ្មោះទៅជាប្រាសាទតាព្រហ្ម ហើយ ប្រាសាទនាងពៅ ទៅជាប្រាសាទយាយពៅ។

ប្រវត្ដិប្រាសាទតាព្រហ្មយាយពៅ មានលំនាំរឿងប្រហាក់ប្រហែលគ្នា ទៅនឹងរឿងព្រេង និទានដែលគេធ្លាប់បានកត់ត្រាទុកមកដែរ។ រឿងព្រេងនិទាននេះបានដំនាលថា កាល នោះ,ថ្ងៃមួយព្រះកេតុមាលាបានយាងមកក្រសាលលេងនៅខេត្ដ ទន្លេបាទី។ នៅទីនោះ មាននារីក្រមុំម្នាក់ឈ្មោះនាងខ្មៅ ខ្លាំងពូកែខាងបោកចំបាប់។ នាងបានប្រកាសថាសុខ ចិត្ដយកមក ធ្វើជាប្ដី បុរសណាដែលមានសមត្ថភាពអាចយកជ័យជំនះលើនាងបាន។ ដឹងលឺសូរដូច្នោះ ព្រះមហាក្សត្រខ្មែរ ព្រះកេតុមាលា ក៏ចេញទៅសាកល្បងបោកចំបាប់ និងនាងខ្មៅ នាងខ្មៅ មិនអាចយកឈ្នះលើព្រះអង្គបានឡើយ។ នៅទីបំផុត នាងសុខចិត្ដ ចុះចាញ់ព្រះរាជា ហើយក៏បានយល់ព្រមធ្វើជាភីលៀង បំរើព្រះអង្គរៀងដរាបមក។ ជា មួយនិងព្រះកេតុមាលា ព្រះនាងខ្មៅបានព្រះរាជបុត្រ​មួយ អង្គព្រះនាម​ព្រហ្មកុមារ

ធំដឹងក្ដីកាលណា ព្រះព្រហ្មកុមារបានយាងទៅមហានគរ ដើម្បីជួបគាល់ព្រះបិតា។ ដល់ត្រលប់មកខេត្ដបាទីវិញនៅតាម ដងមាត់ទន្លេបាទី, ព្រះអង្គបានជួប​និងនាងពៅ កូនក្រមុំសេដ្ឋី ដែលមានសម្ជស្សសំរស់បំព្រង សែនសមស្អាតល្អឥតខ្ចោះ នឹង រកនារី អែណាមកប្រៀបផ្ទឹមប្រដូចមិនបានឡើយ ព្រះអង្គក្រលេក​ឃើញភ្លាម ក៏ចាប់ចិត្ដប្រតិ ព័ទ្ធស្នេហាមួយរំពេច ឥតមានបង្អង់អោយខាតពេលយូរ ព្រះអង្គបានចាត់ អោយចាស់ ទុំចូលស្ដីដន្ដឹង ស្នើសុំរៀបចំអភិសេក​ជាមួយ​នាងពៅ តាមក្បួនច្បាប់ក្រិត្យក្រមប្រពៃណី។
កែសម្រួលដោយៈ Mr365

Comments
Loading...