ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិនំចាំង ឫអន្សមចិន

2,075
អន្សមចិនបាក់ចាំង តាមសំនៀងភាសាចិនហុកកៀន ឬ យ៉ូវចុង តាមសំនៀងភាសាចិនកុកងឺ (ចិន:肉粽, ឡាតាំង: Ròu Zòng) ជាអាហារចម្អាបមួយប្រភេទរបស់ចិន ធ្វើពីអង្ករដំណើប លីងនឹងប្រេងឆា មានស្នូលសាច់ជ្រូកបីជាន់ ឬសាច់ជ្រូកផាឡូវ, ពងទាប្រៃ (យកតែពងក្រហម) បង្គាក្រៀម, ផ្សិតស៊ីតាគិ (ផ្សិតខ្មៅ?) ជាដើម ខ្ចប់ដោយស្លឹកចេក ឬ ស្លឹកឫស្សី    ហើយចំហុយឲ្យឆ្អិន ។
ចំណែក បាក់ចាំងគ្មានស្នូល មានរសជាតិសាប ហៅថា គីចាំង ឬខ្មែរយើងហៅថា នំចាំង នោះឯង ។
រឿងនិទានរបស់នំអន្សមចិន
នៅសម័យ លៀតកុក (សម័យឈុនឈីវ) មានបុរសម្នាក់ឈ្មោះ ឈីយៀន ជាកវីអ្នកប្រាជ្ញានិងមានចំណេះដឹងផ្នែកគ្រប់គ្រងដឹកនាំ ។ ឈីយៀន ជាប់សែស្រលាយ ស្ដេចនគរឈូ ទើបបានធ្វើជាមន្រ្តី ឋានៈទីប្រឹក្សានៅសម័យស្ដេចឈូ ព្រះអង្គម្ចាស់វៃ និងគ្រប់គ្រងរាជវង្សានុវង្ស ។ ឈីយៀន ជាមន្រ្តីស្មោះត្រង់ និងពោរពេញដោយចំណេះដឹង ទើបក្លាយជាសំណព្វព្រះទ័យរបស់ស្ដេចឈូ ព្រះអង្គម្ចាស់វៃ

ពេលមានអ្នកស្រលាញ់ ប្រាកដណាស់ថាត្រូវតែមានអ្នកស្អប់នាហ្មឺនមន្រ្តីពុករលួយមិនពេញចិត្តនឹង ឈីយៀន ព្រោះជាញឹកញាប់ដែលការធ្វើការរបស់ ឈីយៀន ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេក៏ស៊ុំគ្រលុំគ្នាចោទប្រកាន់ ឈីយៀន ពីរឿងនេះផងរឿងនោះផងច្រើនគរគោក រហូតដល់ ស្ដេចឈូវៃ ចាប់ផ្ដើមមានព្រះទ័យលំអៀង ធ្វើឲ្យ ឈីយៀន ទុក្ខសោកយ៉ាងខ្លាំង ទើបតែងកំណាព្យបំពេមួយដើម្បីរំសាយទុក្ខ ។ កំណាព្យនោះមានឈ្មោះថា លីសាវ មានន័យថា ទុក្ខសោកសៅ ។ ក្រោយមក ស្ដេចឈូវៃ ចាញ់កល នគរឈិន និងសោយព្រះទិវង្គតនៅ នគរឈិន ទើបរជ្ជទាយាទរបស់ទ្រង់ឡើងសោយរាជ្យ ។ បន្ទាប់ពីស្ដេចអង្គថ្មីឡើងសោយរាជ្យ ទ្រង់ជឿពាក្យញុះញង់របស់មន្រ្តីពុករលួយទាំងនោះ ទើបចេញរាជបញ្ជានិរទេស ឈីយៀនចេញពីនគរឈូ ។

ឈីយៀន ទុក្ខសោកយ៉ាងខ្លាំង បន្ទាប់ពីធ្វើដំណើរមកដល់ទន្លេប៉ក់ឡ (ឯកសារខ្លះថាទន្លេយ៉ាងស៊ឺ) ក៏សម្រេចចិត្តលោតទឹកសម្លាប់ខ្លួននៅថ្ងៃទី5 ខែ5 អ្នកស្រុកអ្នកភូមិដែលអាណិតស្រលាញ់ ឈីយៀន ពេលដឹងដំណឹងនេះក៏នាំគ្នាអាឡោះអាល័យ ទើបនាំគ្នាចុះទូកតាមរកសាកសពនិងបានបោះចំណីអាហារចូលទឹក ដើម្បីបញ្ឆោតឲ្យត្រីមកស៊ី កុំឲ្យពួកវាទៅចឹកស៊ីសាកសពរបស់ ឈីយៀន ក្រោយមក ជារៀងរាល់ឆ្នាំពេលដល់ថ្ងៃខួបមរណៈរបស់ ឈីយៀន អ្នកស្រុកក៏យកចំណីអាហារទៅបោះចូលទន្លេប៉ក់ឡ ។ បន្ទាប់ពីធ្វើបាន​ 2 ឆ្នាំ ក៏មានអ្នកស្រុកម្នាក់យល់សប្តឃើញ ឈីយៀន ស្លៀកពាក់ថ្លៃថ្នូរមកអរគុណដែលនាំគ្នាយកចំណីអាហារទៅបោះឲ្យដើម្បីសែនព្រេន តែចំណីអាហារទាំងនោះត្រូវមច្ឆជាតិស៊ីអស់ ដោយសារម្ដុំនោះមានមច្ឆជាតិអាស្រ័យនៅច្រើន ទើប ឈីយៀន ណែនាំឲ្យខ្ចប់ដោយស្លឹកឫស្សី ឬស្លឹកចាកមុនបោះចូលទឹក ដើម្បីបញ្ឆោតមច្ឆជាតិទាំងនោះ ។
ឆ្នាំក្រោយៗមក អ្នកស្រុកខ្លះក៏ធ្វើតាមការណែនាំ ទើប ឈីយៀន មកពន្យល់សប្តថាបានទទួលហើយ តែក៏នៅតែត្រូវមច្ឆជាតិដណ្ដើមស៊ីដដែល ។ អ្នកស្រុកចង់ឲ្យ ឈីយៀន មានហូបមានចុកហូរហៀរ ទើបសុំការណែនាំ ។ ឈីយៀន ប្រាប់ថា ពេល​យកចំណីអាហារទៅបោះក្នុងទឹក ត្រូវតុបតែងជាទូកនាគ ពេលមច្ឆជាតិឃើញហើយ ស្មានថាជាសំណែនរបស់ស្ដេចនាគ ទើបមិនហ៊ានស៊ី ។
កែសម្រួលដោយៈ Mr365
Comments
Loading...