ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិនំប៉ែនចុក (នំបញ្ចុក)

2,583

១-ការហៅឈ្មោះនំ តាមបវេណីរស់នៅ

នំបញ្ចុក មាន ឈ្មោះ ដើមថា នំប៉ែនចុក គឺជានំ ដែល គេ យក ម្សៅ សម្រស់ ទៅ ស្ងោរ ហើយ បុក លាយ ទឹក រួច យក ទៅ ច្រក ក្នុងប៉ែន ទើប យក ស្នូលឈើ ចុក សង្កត់ ដើម្បី រោយ ទម្លាក់ ជាសរសៃ ក្នុងទឹកពុះ អោយ ឆ្អិន បន្ទាប់មក គេ ស្រង់ ចាប់ជា ចង្វាយៗ ដាក់ ជាល ឬ កញ្ច្រែង ទុកអោយស្រស់ទឹក។ ក្រោយមក គេហៅកាត់ៗថា នំបញ្ចុក មិនខុសអីពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយជណ្តើរ, កាន់ច្រែង ក្លាយ កញ្ច្រែង, កាន់ត្រក ក្លាយ កន្ត្រក, ពីរថែមលើដប់ ក្លាយពីរដណ្តប់…។ល។

 

២- អំពីរឿងព្រេងនិទាន ដែលទាក់ទងនឹង ប្រវត្តិនំបញ្ចុក
(សូមបញ្ជាក់ថា រឿងព្រេងជារឿងអក្សរសិល្ប៍ប្រឌិត និពន្ធសម្រាប់ការសិក្សាអប់រំ ដូចជារឿងព្រេង ទាក់ទង ទៅនឹង ភ្នំ ប្រាសាទ ទឹកដី ច្រើនកន្លែង។ រឿងព្រេង មិនមែនជាប្រវត្តិសាស្ត្រទេ តែជាអក្សរសិល្ប៍ជំនាន់បុរាណ ដែលនិពន្ធហើយក៏និទានប្រាប់តៗគ្នា ដើម្បីស្រួលចាំ ស្រួលស្គាល់។ ចំណែកចំណារក្រាំងខ្លះ បានត្រូវបំបាត់ចោល ដោយសារសង្គ្រាមនៅកម្ពុជា ដោយការលុកលុយ ពីប្រទេសជិតខាងផង ដោយសង្គ្រាមក្នុងស្រុកផង។ ខ្លះក៏មានសល់មកដល់សព្វថ្ងៃ។ ក្រាំងប្រវត្តិសាស្រ្តខ្លះ មិនត្រូវបានគេកកាយ យកសិក្សាវិញទេ ព្រោះដោយមូលហេតុ ទំនាស់ទស្សនៈនយោបាយ ខុសពីជំនាន់មុន។)

មានសេចក្តីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អ ដូចគេដទៃទៀតបាន។ ស្រូវវារ ជាស្រូវ ដែលផ្តល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិច ពេលបុកសម្រិតរួចហើយ។ ដោយសារអង្ករនោះ រឹងពេក ដាំបាយ ឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំ អោយមានជាតិទន់បន្តិច ដើម្បី បរិភោគស្រួលទំពារ ណាមួយ នៅតំបន់ដែលគាត់រស់នៅ សំបូរត្រីផង ទើបនាំគ្នាប្តីប្រពន្ធ បង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។ ម៉្យាង អង្ករស្រូវវារ ជាអង្ករដែលអ្នកស្រែ អាចយកមកធ្វើជានំបញ្ចុក បានល្អ ហើយបានច្រើនចំនួន ជាងអង្ករស្រូវស្រែ ធម្មតា ទៀតផង។

ថ្ងៃមួយ នារដូវប្រាំង ទំនេរពីការងារនៅស្រែ អ្នកស្រែជាប្រពន្ធ បានបុកអង្ករស្រូវវារ បានបែកគំនិត យកអង្ករស្រូវវារ ធ្វើជានំសរសៃស ចាប់ជាចង្វាយ រួចហើយក៏ស្រូបនឹងទឹកសម្លប្រហើរត្រីឆ្អើរ ដាក់ប្រហុក ខ្ទិះដូង ថែមល្បោយបន្លែ ដែលគាត់បេះបាននៅតាម វាលស្រែ ឬក្នុងចំការក្រោយផ្ទះ។ លុះអ្នកស្រែជាប្តីពិសារហើយកើតជំងឺរាគរូស ព្រោះនំបញ្ចុកនោះ ធ្វើអំពីអង្ករត្រាំទឹកយូរ មួយវិញទៀត ដោយសារបន្លែស្រស់ខ្លះបេះពីព្រៃមានជីវជាតិជូរ ឬត្រជាក់ ដូចជាល្ហុង ត្រួយត្រកួនស្រស់ ត្រួយកន្ធំធេត ផ្កាកំប៉ោក ផ្កាស្នោជាដើម ទើបអ្នកស្រែជាប្រពន្ធ បែកគំនិត បន្ថែមត្រយូងចេក ជាជំនួយ ជាល្បោយនំ ពិសាហើយ ក៏លែងរាគរូសដូចមុនទៀត។ គាត់បានប្រតិស្ឋនាម អោយនំនោះថា នំសរសៃស្រូវវារ។ នៅពេលដែល អ្នកស្រែយើង ធ្វើនំសរសៃស្រូវវារ នេះម្តងៗ គាត់តែងយកម្រាមដៃ ជាចង្កើះ ស្រវាចាប់នំបរិភោគ បញ្ចុកមាត់ជាទម្លាប់ធម្មតា តាមជីវភាពរស់នៅ បែបអ្នកស្រែក្រីក្រ ហើយតែងដួសផ្ញើញាតិសន្តាន ក្នុងភូមិ អោយពិសា ឆ្ងាញ់មាត់គ្រប់គ្នា មិនសូវលោះពេល។ លុះភ្លក្សស្នាដៃរបស់ គាត់ហើយ ឃើញថាឆ្ងាញ់ អ្នកស្រុកក៏បានមកសុំរៀនក្បួនធ្វើនំ និងក្បួនធ្វើទឹកសម្លស្រូប ពីគាត់ ដើម្បីយកទៅផ្សំឆ្នៃធ្វើទឹកសម្ល កំដរនំ ឆីតាមផ្ទះ តាមភូមិ តាមចំណូលចិត្ត រៀងៗខ្លួន ជាបន្តៗ រៀងមក។

លុះចាស់ជរាបន្តិចទៅ អ្នកស្រែទាំងពីរនាក់ប្តីប្រពន្ធ មិនអាចប្រកបរបរធ្វើស្រែបាន ព្រោះគ្មានកូនចៅ បន្តការងារ ក្នុងស្រែជំនួសគាត់ អ្នកស្រែទាំងពីរ ក៏ដូរមុខរបរ មករែកនំលក់នំបញ្ចុក លក់តាមភូមិ តិចតួច ដើម្បីចិញ្ចឹមជីវិតរៀងរាល់ថ្ងៃ តាមដំណើរជីវិតសុចរិត របស់គាត់។ នៅថ្ងៃមួយ មានរាជកុមារ វ័យប្រមាណ ៧វស្សា នាំពលសេនា ជិះសេះដើរលេង នៅតាមស្រុកភូមិ បានប្រទះឃើញ អ្នកស្រុកចោមរោម អ្នកស្រែលក់នំសរសែស្រូវវារ ហើយអួតថាឆ្ងាញ់មាត់គ្រប់គ្នា ក៏ចង់សាកមើលនឹងគេដែរ។ តែដោយតំបន់នោះ មានភាពក្រីក្រ គេឆីនំសរសែស្រូវវារ នឹងម្រាមដៃ គ្រប់ៗគ្នា ម្ល៉ោះហើយរាជកុមារក៏ប្រែចិត្តរារែក មិនហ៊ានសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ។ រីឯអ្នកស្រែទាំងពីរ កាលបើបានដឹងថា រាជកុមារ ចង់សោយនំរបស់ខ្លួន ក៏ទូលសុំ អោយស្នំឯក ដែលជាមេដោះ របស់រាជកុមារ យកដៃចាប់នំសរសៃស្រូវវារ បញ្ចុករាជកុមារយើង។ ដោយការចង់ដឹង នូវរសជាតិសម្លដ៏សែនឈ្ងុយឈ្ងប់ ប្លែកធម្មតា រាជកុមារក៏យល់ព្រម អោយស្នំឯក បញ្ចុក។ ពេលនេះ រាជកុមារយើង ក៏មានសេចក្តីសោមនស្សនឹងរសជាតិ នំសរសៃស្រូវវារ ដ៏ឆ្ងាញ់មួយចាននោះ ក្រៃលែង ព្រមទាំងប្រទានរង្វាន់មួយចំនួនដល់អ្នកស្រែដែលធ្វើនំឆ្ងាញ់។

នៅពេលរាជកុមារ យាងត្រឡប់ទៅរាជវាំងវិញ ក៏តែងទទូចអោយព្រះមាតា តាមរកទិញ “នំដែលស្នំបញ្ចុក” នោះ ពីអ្នកស្រែ យកមកសោយនៅក្នុងរាជវាំង។ ដោយសារខ្ជិលដេញស្នំ អោយរត់ទៅទិញនំ ពីអ្នកស្រែ រៀងរាល់ព្រឹក អោយរាជបុត្រ ជាទីស្រឡាញ់ ព្រះរាជមាតា ក៏បញ្ជា អោយសេនា ទៅគាស់ហៅ អ្នកស្រែទាំងពីរនាក់ប្តីប្រពន្ធ មកធ្វើនំ សម្រាប់រាជកុមារ សោយ ប្រចាំរាជវាំង រៀងរហូតទៅ។ ចំណេរតមក ឈ្មោះ “នំសរសៃស្រូវវារ” ក៏លែងមាននរណាហៅតទៅទៀតដែរ។ គេទម្លាប់នាំគ្នា ហៅថា “នំដែលស្នំបញ្ចុក” ជាជំនួសវិញ យ៉ាងប្រជាប្រិយ យូរក្រោយមកទៀត ក៏ត្រូវគេហៅកាត់ៗ ខ្លីៗថា “នំបញ្ចុកៗ” បន្តរៀងរហូតមកដល់សព្វថ្ងៃនេះ។

By:Mr365

Comments
Loading...