ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិសំណង់ចេតិយ ឃុនឆាង លើទឹកដីកោះកុង ទាក់ទងនឹងការស្រលាញ់នាង ភឹម នាសម័យនោះ

2,195

ខេត្តកោះកុងៈ

ដោយ៖ សេង ស៊ីដារ៉ូ

សំណង់ចេតិយមួយកន្លែង ដែលសាងសង់លើផ្ទៃទឹកសមុទ្រ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមាន ប្រវត្តិយូរលង់មកហើយ ដោយគេស្គាល់ថា នេះជាចេតិយឃុនឆាង ទាក់ទងទៅនឹងរឿងព្រេងបុរាណ។

ជាច្រើនសតវត្សទីមកហើយ ក៏ពុំដឹងថា ក្នុងរជ្ជកាលនៃព្រះមហាក្សត្រអង្គណាដែល នៅសម័យនោះ​មានគ្រួសារ​មួយ ពីរនាក់ប្តីប្រពន្ធ មាននាមពុំប្រាកដបានតាំងទីលំនៅ និងប្រកបរបរកសិកម្ម ក្នុងតំបន់មួយ នៅត្រើយ​ខាងលិច នៃឈូងសមុទ្រ ទំនងជានៅខាងលិចសាលាស្រុកមណ្ឌលសីមាសព្វថ្ងៃនេះ។

គ្រួសារនេះ មានធនធានគ្រាន់បើ ហើយជាអ្នកមានសទ្ធាផង។ អ្នកនៅក្នុងភូមិ ជាមួយ គាត់ក្តី នៅភូមិកុកក្តី សុទ្ធ​សឹងស្រឡាញ់រាប់អានគាត់គ្រប់គ្នា។ គាត់មានគុណសម្បត្តិ ពិសេសមួយទៀត គឺបើអ្នកភូមិជិតខាងដែលខ្វះ​លុយ​កាក់ ឬស្រូវអង្ករ តែងតែរត់រកគាត់ ហើយគាត់តែងផ្តល់ឲ្យឥតរើសមុខ។

 

នាពេលមួយគាត់ពិចារណា ជាមួយប្តីប្រពន្ធ រួចគិតឃើញថា នៅដំបន់នេះ មានមនុស្សរស់នៅក្រាស់ក្រែលដែរ ប៉ុន្តែពុំទាន់មានវត្តអារាមសម្រាប់ជាទីសក្ការៈបូជា និងធ្វើបុណ្យទាននឹងគេ ដូច្នេះបើយើងកសាងជាវត្ត ក៏ដូច​ជា​ហួសសមត្ថភាព អញ្ជឹងយើងត្រូវកសាងជាតេតិយ មួយសម្រាប់ជាបូនីយដ្ឋាន ​ហើយនៅរដូវខ្លះ ​យើងនិមន្ត ព្រះសង្ឃ​មកធ្វើបុណ្យទាន តាមគន្លងព្រះពុទ្ធសាសនា។ គំនិតដ៏ប្រសើរនេះ បានយល់ស្របគ្នាទាំង២ នាក់ប្តី​ប្រពន្ធ ហើយក៏ចាប់ជ្រើសរើស រកកន្លែងដែលត្រូវកសាងចេតិយ។

មុនដំបូងគាត់បំរុងកសាងនៅលើដីគោក ប៉ុន្តែដូចជាពុំសូវរុងរឿង ហើយជួនជាគាត់នឹកឃើញដល់កូនកោះ មួយ​ដែលមានសុទ្ធតែផ្ទាំងថ្មតម្រាបគ្នា។ បន្ទាប់មក គាត់គិតឃើញម្យ៉ាងទៀតថា នៅតំបន់នេះ អ្នកស្រុកប្រកបមុខ​របរ​ខាង​នេសាទក៏មាន ខាងស្រែ ចំការក៏មាន ចំណែកទូក សំពៅក៏មានស្ទើរតែគ្រប់ៗគ្នា បើបានធ្វើចេតិយ​នៅ​លើកូនកោះនេះហើយ ដល់ពេលធ្វើបុណ្យទានម្តងៗ យើងនាំគ្នាធ្វើជាស្ពាន និងយកទូកសំពៅមកចត​ឲ្យពេញ​ត្រៀបត្រា ឃើញថាមានភាពរុងរឿង និងសម្បូរសប្បាយផងដែរ។

លុះជ្រើរើសយកទីនេះធ្វើជាកន្លែងកសាងហើយ គាត់ក៏ចាត់ការឲ្យអ្នកភូមិរកឥដ្ឋ និងដុតកំបោរ និងសម្ភារៈ​ផ្សេងៗ​ទៀតសម្រាប់កសាង។ ចំណែកញាតិមិត្តជិតខាងវិញ ក៏មានសទ្ធាជួយជាកម្លាំងកាយខ្លះ​ជួយជាធនធាន​ខ្លះ ក្នុងកសាងជាចេតិយនេះឡើង។ ចាប់តាំងពីពេលនោះមកពុទ្ធបរិស័ទ នៅភូមិជិតខាង ដូចជានៅភូមិនាងកុក ភូមិចាំយាម ភូមិមាត់ព្រែក (ប៉ាកក្លង) កោះប៉ោ ស្ទឹងវែងជាដើម បាននិមន្តព្រះសង្ឃ​មកប្រជុំគ្នា​ធ្វើបុណ្យ​នៅ​ចេតិយ​នេះ ជារៀងរាល់រដូវកាល។ ហើយទីនេះ ក៏មានសភាពរុងរឿង សម្បូរសប្បាយណាស់ខ្លាំង ក្រោយមក គេបានសង់ជាស្ពានពី ដីគោកភ្ជាប់មកនឹងកូនកោះ ហើយនៅលើផ្ទៃទឹកវិញ គេឃើញសុទ្ធតែទូក សំពៅ តម្រៀង​ត្រៀបត្រា ដោយមានពេលខ្លះ គេបានប្រណាំងអុំ​ទូក និងបើកក្តោងសំពៅ ដើម្បីជាការកំសាន្តលែងផងដែរ។

លុះចំណេរក្រោយមក នៅភូមិឯទៀតៗ មានវត្តសម្រាប់ធ្វើបុណ្យផងនោះ ដោយចាស់ៗ ជំនាន់មុនស្លាប់អស់ទៅ​ហើយនោះ ការប្រជុំគ្នាធ្វើបុណ្យនៅចេតិយនេះ ក៏រលាយបន្តិចម្តងៗ រហូតដល់ខានធ្វើសោះដរាបដល់សព្វថ្ងៃ។

ប្រភពពត៌មានបានបញ្ជាក់ថា រឿងចេតិយនេះ ដែលឈ្មោះថា​ចេតិយឃុនឆាងនោះ ពុំដឹងជាមានមកពីត្រឹមណា​មកទេ ប៉ុន្តែមានទិដ្ឋាភាពមួយគួរឲ្យយកមកពិចារណាដែរនោះ គឺនៅត្រើយខាងលិច ឃ្លាតពីសាលាស្រុក​មណ្ឌល​សីមា​ឆ្ងាយបន្តិចទៅ មានដំណែលបុរាណមួយក្នុងភូមិជើងគ្រក់ ឃើញស្នាមដូជាមនុស្សអុកគូថ ហើយ​ថា ស្នាមនោះ មានដំណាលថា ឃុនឆាង ជាកូនអ្នកមានសម្បត្តិច្រើន គាត់បានចាប់ចិត្តស្នេហាលើនារីម្នាក់​ឈ្មោះ នាង  ភឹម ដែលមានរូបសម្បត្តិឥតពីរ ប៉ុន្តែនាង ភឹម ពុំស្រឡាញ់ឃុនឆាងទេ ព្រោះគាត់ក្បាលទំពែក ពោះកំប៉ោង ហើយព្រហើន គឺស្រឡាញ់តែ ឃុនផែន ដែលជាសុភាពបុរស។ ពេល១ ត្រូវឃុនឆាង និងឃុនផែន ទាត់សីប្រកួតគ្នា ដើម្បីបង្អួតនាងភឹម ដែលជាគូស្នេហារបស់ខ្លួនរៀងៗខ្លួន  ប៉ុន្តែដោយស្នៀតរបស់ខ្លួនពុំសូវប៉ិន ឃុនឆាងក៏ភ្លាត់ជើងអុកគូទទល់ផ្អកធ្វើមាត់ស្ញេញ ទើបធ្វើឲ្យនាងភឹម និងទស្សនិកជនសើចរឹងពោះ។ រីឯស្នាម​ដែលឃុនឆាងដួលអុកគូទកាលណោះ ក៏ទាំងក្រាំងរឹងទៅជាថ្ម រហូតដល់សព្វថ្ងៃនេះ៕

កែសម្រួលដោយៈMr365

Comments
Loading...