ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិសំពត់ចងក្បិន​ របស់ខ្មែរ

2,830

រឿងទី១ៈ

សំពត់​ចង​ក្បិន ដែល​ប្រជា​ជន​ខ្មែរ​ប្រើ​ប្រាស់​ក្នុង​ពិធី​ផ្សេងៗ​ គឺ​ជា​ប្រពៃណី​មួយ​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ពុំ​បាន​ដឹង​ពី​ប្រភព​នៃ​ការ​កកើត​​សំពត់​ចង​ក្បិន​នេះ​ថា​មាន​ប្រភព​មក​ពី​ណា​? ជា​របស់​ជន​ជាតិ​ខ្មែរ? ឬ​ខ្មែរ​យើង​ចម្លង​ពី​ជាតិ​សាសនា​ដទៃនោះ​ទេ?

ឆ្លើយ​តប​នឹង​សំនួរ​ខាង​លើ លោក​បណ្ឌិត មី​សែ​ល ត្រាណេ អ្នក​ស្រាវ​ជ្រាវ​ខ្មែរ បាន​ឲ្យ​ដឹង​ថា ប្រភព​ក្បិន គឺ​យើង​ត្រូវ​ស្វែង​យល់​នូវ​ប្រភព​ឥណ្ឌា​នីយកម្ម​នៅ​ដើម​សត​វត្ស​រ៍ទី ១ ជា​មុន​សិន។ បើ​និយាយ​ឲ្យ​ចំ​ ការ​ស្លៀក​សំពត់​ចង​ក្បិន​ជា​ប្រពៃណី​របស់​ឥណ្ឌា​ខាង​ត្បូង ដែល​គេ​នាំ​ចូល​មក​អតីត​អាណា​ចក្រ​ខ្មែរ (នគរ​ភ្នំ ឬ ហ្វូណន) ជា​លើក​ដំបូង​បំផុត ដោយ​ព្រះ​បាទ កោណ្ឌិ​ន្យ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ជន​ជាតិ​ខ្មែរ​ទាំង​ពីរ​ភេទ​បាន​និយម​ស្លៀក​ក្បិន​ តៗ​គ្នា​រហូត​មក​ទល់​បច្ចុប្បន្ន។

ប្រភព​ដដែល​បន្ត​ថា នៅ​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៣ ជន​ជាតិ​ថៃ​-​ឡាវ ក៏​បាន​ខ្ចី​ពី​ខ្មែរ​នូវ​ទំនៀម​ទម្លាប់​​ស្លៀក​ក្បិន​នេះ ព្រោះ​គេ​ចាត់​ទុក​ថា​ ការ​ស្លៀក​ក្បិន​នាំ​ដល់​ប្រពៃណី​ថ្លៃ​ថ្នូរ សម្រាប់​ការ ចូល​រួម​ពិធី​ការ​ផ្សេងៗ រួម​ទាំង​ការ​ប្រើ​ប្រាស់​របស់​មន្ត្រី​ព្រះបរម​រាជ​វាំង​ទៀត​ផង។ ក្នុង​ន័យ​នេះ​ហើយ​ដែល​ថៃ​-​ឡាវ​ បាន​ប្រើ​ពាក់​ចងក្បិន ដូច​ខ្មែរ​ដែរ។ ភស្តុ​តាង​ទាំង​នេះ បាន​បង្ហាញ​នូវ​អានុភាព​នៃ​វប្បធម៌​ខ្មែរ​យ៉ាង​ច្បាស់​លាស់។ លោក​បណ្ឌិត​បាន​បន្ត​ឲ្យដឹង​ថា កុល​សម្ព័ន្ធ​ខ្មែរ​-​មន​, ខ្មែរ​ព្រៃភ្នំ ឬ ក៏​សហគមន៍​ខ្មែរ​លើ ពុំ​មាន​ប្រពៃណី​ប្រើ​សំពត់​ក្បិន​ទេ ហេតុ​នេះ​យើង​ពុំ​អាច​និយាយ​ថា ក្បិន​កើត​ចេញ​ពី​ខឿន​វប្បធម៌​បុរេ​ប្រវត្តិ​បាន​ឡើយ។

យើង​អាច​ពិនិត្យ​ឃើញ​ថា​ នៅ​ប្រទេស​ឥណ្ឌា​ខាង​ត្បូង​ចប្ចុប្បន្ន ដែល​មាន​ជន​ជាតិ​តាមិ​ល​(Tamil) រស់​នៅ គេ​បន្ត​ប្រពៃណី​ស្លៀក​ក្បិន​រហូត​មក​ដូច​ខ្មែរ​ដែរ។ ការហូរ​ចូល​វប្បធម៌​ឥណ្ឌា​មក​ប្រទេស​កម្ពុជា​ពី​ដំបូង​នេះ​ហើយ​ ដែល​ជា​កត្តា​ឆ្លុះ​បញ្ចាំង​ឲ្យដឹង​បា​ន​ថា វប្បធម៌​ចំណាស់​នៃ​ការ​ស្លៀក​ក្បិន​នេះ គឺជា​របស់​ជន​ជាតិ​ខ្មែរ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​នេះ​ឯង។

លោក​បណ្ឌិត​មី​សែ​ល ​បាន​រំលឹក​ឲ្យ​ដឹង​ថា តាម​ចម្លាក់​បុរាណ បានបង្ហាញ​ថា ខ្មែរ​និយម​ស្លៀក​ក្បិន​ចាប់​តាំង​ពី​សម័យ​នគរ​ភ្នំ ​នា​សតវត្សរ៍​ទី​១ ដល់ ទី​៦ នៃ​គ្រិស្គ​សករាជ។ ចម្លាក់​បាន​បង្ហាញ​ថា ទាំង​ទេវតា ទាំង​មនុស្ស​ដែល​មាន​ត្រ​កូល​ខ្ពង់​ខ្ពស់​គេ​និយម​សំពត់​ក្បិន​នេះ​ណា​ស់។ ឯ​មូល​ហេតុ​ដែល​ថា​នៅ​លើ​ប្រាសាទ​អង្គរវត្ត​ពុំ​មាន​ចម្លាក់​មនុស្ស​ស្លៀក​ ក្បិន​ ព្រោះ​ប្រាសាទ​នេះ ពុំ​ទាក់​ទិន​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​ទេ។ តែ​ដោយ​ឡែក នៅ​លើ​ចម្លាក់ ​ភ្នំ​ដា នា​សម័យ​នគរ​ភ្នំ គឺ​មាន​ព្រះ​នារាយណ៍ និង​ព្រះរាម ស្លៀក​ក្បិន។ អាទិទេព​ស្លៀក​ក្បិន​ ព្រោះ​ត្រកូល​នេះ​កើត​ចេញ​ពី​ពួក​ព្រា​ហ្មណ៍៕

រឿងទី២ៈ

យោងទៅតាម​ការ​តំណាលតៗ គ្នា​របស់​លោកតា លោកយាយ ចាស់ៗ បាន​តំណាល​រឿងព្រេង ដែល​ទាក់ ទង​ទៅ​និង​សំពត់​ចងក្បិន​ថា ៖ កាលពី​យូរលង់​ណាស់​មកហើយ ខ្មែរ​យើង ស្លៀកសំពត់​ចងក្បិន​តាម​សាសន៍ក្លិង្គសាសន៍​ក្លិង្គ ​កាន់សាសនា​ជាច្រើន​បែបណា​ស់ តែ​សាសនា​ដែល​ធំជាងគេ​គឺ​សាសនា ព្រហ្មញ្ញសាសនា ។ ព្រះមហា ក្សត្រ​ខ្មែរ​យើង​ដែល​កសាង​នគរ​វត្ដ ក៏​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា​ដែរ ។ កាលពី​សម័យបុរាណ​ខ្មែរ​យើង​និយម រាប់អាន​រឿង​រាមកេរ្តិ៍​ ណាស់​នៅ​នឹង​ជញ្ជាំង​អង្គរវត្ដ​ថែវ​ជាន់​ទី ១ ទៀតផង ។ ចំពោះ​មូលហេតុ​ដែល​សាសន៍​ក្លិង្គ ស្លៀកសំពត់​ចងក្បិន ពីព្រោះ​ក្លិង្គ​គេ​គោរព​ចំពោះ​ហនុមាន ដែលជា​ទេវបុត្រ​របស់គេ​មួយ ហនុមាន​ជា​សេនា​របស់ ព្រះរាម ក្នុង​រឿង​រាមកេរ្តិ៍ ។ ដូច្នេះ​ហនុមាន​មាន​សម្បុរ​ស ហើយ​គេ​ស្លៀកពាក់​ឱ្យមាន​កន្ទុយ(ហនុមាន​មាន​ជាតិ ជា​សត្វ​ស្វា​សមាន​កន្ទុយ) ។

មានមតិ​ខ្លះទៀត​យល់ថា ក្លិង្គ​ ទាំងនោះ​ជា​ពល​នៅក្រោម​អធិប​តេយ្យ​ហនុមាន បានជា​គេ​ស្លៀកពាក់​ស ហើយ បណ្ដុះ​កន្ទុយ​យ៉ាង​ដូច្នេះ។ សរុបសេចក្ដី​មក​យើង​ឃើញថា សំពត់​ចងក្បិន​ដែល​ខ្មែរ​យើង​មានការ​ស្លៀក ពាក់​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ គឺ​យកតាម​សាសន៍​ក្លិង្គ ដែល​មានបំណង​ធ្វើតាម​ហនុមាន​ជា​សេនា​ឯក​របស់ ព្រះរាម។

តែ​ឥឡូវនេះ​មិនមែន​តែប្រុសៗ ទេ ដែល​ស្លៀកសំពត់​ចងក្បិន ស្រីៗ ក៏​ស្លៀកសំពត់​ចងក្បិន​ដែរ ។ ដូចជា នៅក្នុង​រាជ​កាល​ព្រះករុណា ន​រើ​តម (គ.ស ១៨៣៥-១៩១៤)គេ​ស្លៀក​ចងក្បិន​ស្លុ​យ​ចុះទៅ​ក្រោម រួចមក​នៅ ត្រឹម​ពាក់កណ្ដាល​កំភួនជើង ។ លុះ​មកដល់​រជ្ជកាល​ព្រះករុណា ស៊ីសុវត្ថិ (គ.ស ១៨៧៥-១៩៤១)គេ​ចងក្បិន ខើច​នៅក្រោម​ជង្គង់​បន្តិច ដោយ​គេ​គិតថា​ការធ្វើ​របៀបនេះ គឺ​យកតាម​សៀម ។ ចំណែកឯ​សៀម និង​ខ្មែរ ជាប្រទេស​នៅ​ជិតគ្នា ហើយ​សៀម​បាន​យកតាម​បែប​ស្លៀកសំពត់​ចងក្បិន​របស់​ខ្មែរ​ទៅ​ស្លៀក ស្លៀក​មិន​ត្រឹមតែ ប្រុស​ទេ ថែមទាំង​ស្រី​ទៀតផង ។ លុះ​ខ្មែរ​យើង​ឃើញថា​ស្ត្រី​ស្លៀក​ក្បិន​ល្អ​ដែរ ក៏​នាំគ្នា​ស្លៀក​តាម​សៀម ។ អ្នកស្រុក​បាត់ដំបង និង​អ្នកស្រុក​សៀមរាប ដែល​នៅ​ជិត​សៀម ធ្វើតាម​សៀម​ស្លៀកសំពត់​ចងក្បិន​លិច​ត្រឹម​ជង្គង់ គឺ​ខើច​ជាង​ខ្មែរ​ដែល​នៅ​ភូមិ​​ឯទៀត ។ បច្ចុប្បន្ននេះ សំពត់​ចងក្បិន​ខ្មែរ​យើងនិយម​ស្លៀក​នៅក្នុង​ពិធីបុណ្យធំៗ ដូចជា​ក្នុង​ព្រះបរមរាជវាំង ឬ​ពិធី​បុណ្យជាតិ ពិសេស​ក្នុង​ទំនៀមទម្លាប់​ប្រពៃណីជាតិដែលមាន​ដូចជា៖ពិធីមង្គលការ​ជាដើម។

កែសម្រួលដោយៈMr365

Comments
Loading...