ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិ​ទឹកដី​«​អង្គតាសោម​» នៃ​ស្រុក​ត្រាំកក់

1,916

ខេត្តតាកែវ ៖ លោកប្រាក់ ប៊ន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានផ្តល់ជូនឯកសាររបស់មន្ទីរដែលស្រាវជ្រាវចងក្រងដោយលោកនាង វន់ ស្តីពីប្រវត្តិទឹកដី «អង្គតាសោម» នៃស្រុកត្រាំកក់ ខេត្តតាកែវ ។

ឯកសារបង្ហាញថា តាមការស្រាវជ្រាវប្រវត្តិទឹកដីភូមិ«អង្គតាសោម» គឺទឹកដីភូមិនេះក្នុងការកកើតឡើង ហើយថែមមានឈ្មោះថា ភូមិ«អង្គតាសោម» ដើមឡើយមានបុរសម្នាក់ឈ្មោះ «សោម» បានរុករានកាប់ព្រៃសង់ជាជម្រករស់នៅកន្លែងនោះ ។

តាមការសាកសួរពីលោកតាលោកយាយដែលបានរស់នៅក្នុងសម័យនោះ មានការចងចាំ ដឹងរឿងនោះតែងនិយាយប្រាប់កូនចៅ តៗគ្នាថា ៖

តាមការបកស្រាយរបស់លោកតា កុលកន នៅចម្ការដៀប ឃុំអង្គតាសោម បានរៀបរាប់ថា តាសោមចេញពីខេត្តបាត់ដំបង ហើយធ្លាប់បានចូលរួមចលនាធ្វើសឹកសង្គ្រាមតទល់ជាមួយទ័ពសៀម ។ ដើម្បីឱ្យកាន់តែច្បាស់ថែមទៀត លោកតាញិច និងលោកយាយញឹក ញឹម ជាចាស់ព្រឹទ្ធាចារ្យ ដែលមានស្រុកកំណើតកើតជានៅភូមិអង្គតាសោមជាយូរយារណាស់មកហើយ បានលើកតំណាលរឿងរ៉ាវនេះជាហូរហែ តាមការដឹងខ្លះពីជីដូនជីតារបស់ពួកគាត់ថា ៖

 

តាសោមមានដើមកំណើតចេញមកពីស្រុកសៀមភ្ជាប់ជាមួយពេលនោះព្រះបាទជ័យជេដ្ឋាទី២ ក៏ត្រូវធ្វើសង្គ្រាមជាមួយសៀមដែរ តែពុំទទួលបានជ័យជម្នះឡើយ មិនតែប៉ុណ្ណោះរហូតដល់មេទ័ព ចំណានៗក៏ត្រូវស្លាប់អស់ ពេលនោះរួមទាំងមេទ័ពតាឃ្លាំងមឿងផងដែរ ចំណែកសេនាពលដែលនៅសេសសល់បន្តិចបន្តួចត្រូវបែកខ្ញែកគ្នា ដោយអស់ស្មារតីប្រយុទ្ធ អស់មេ អស់កោយ បន្តធ្វើសកម្មភាពរបស់ខ្លួនទៀត ហើយភ័យខ្លួនក៏ភៀសចេញពីទឹកដីនោះ រៀងៗខ្លួន ក្នុងពេលនោះអាចនិយាយបានថាមានទាំងតាសោមផងដែរ ។

តាមប្រសាសន៍របស់លោកយាយញឹក ញឹម នៅភូមិអង្គតាសោម ឃុំអង្គតាសោម ដោយធ្លាប់បានឮជីដូនរបស់គាត់និយាយប្រាប់តាំងពីនៅក្មេងមកម្ល៉េះថា តាសោមចេញមកពីស្រុកសៀម ហើយគាត់ធ្លាប់បានធ្វើជាមេទ័ពទៅលាក់ខ្លួននៅក្នុងព្រៃអង្គនោះ ។ តាសោមមានប្រពន្ធឈ្មោះថា យាយ «កង» មានស្រុកកំណើតនៅភូមិឆ្អើរថ្លាន់ (ភូមិឆ្អើរថ្លាន់នេះបច្ចុប្បន្នគឺភូមិព្រៃរំដេង ឃុំអង្គតាសោម) និងមានកូនប្រុស១នាក់ ឈ្មោះចាន់ ។ ប្រពន្ធតាចាន់នេះឈ្មោះយាយអ៊ួក ហើយកូនតាចាន់នោះមកធ្វើជាកូនប្រសារបស់លោកយាយញឹក ញឹម ដូចនេះតាសោមជាមនុស្សម្នាក់ស្ថិតក្នុងវ័យជាង៣តំណមនុស្សមកហើយ ។

កាលដើមឡើយទឹកដីដែលមានឈ្មោះហៅថា «អង្គតាសោមនេះ» គឺមានសុទ្ធតែព្រៃឫស្សីក្រាស់ជិតឈឹង លើអង្គនេះសំបូរទៅដោយសត្វព្រៃ ដូចជា ខ្លា ដំរី… តែដោយការព្យាយាមរបស់លោកតាសោម គាត់ក៏បានកាប់គាស់កាយដីទួលអង្គនេះបន្តកសាងជីវភាពរស់នៅប្រកបដោយសេចក្តីសុខសាន្ត ។

តំណ ក្រោយៗមក ទឹកដីនោះក៏មានមនុស្សចូលរស់ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ មានដូចសេចក្តីរៀបរាប់ខាងលើ ។ពិសេសទៅទៀតនៅមុនឆ្នាំ១៩៧០ ទឹកដីភូមិអង្គតាសោម ផ្សារអង្គតាសោមនេះ រដ្ឋាភិបាលបានសាងរូបសំណាកមួយពីស៊ីម៉ង់ត៍តួរូបតាសោម ដោយមានអំរែកដូងពីរធ្លាយ នៅពីលើស្មាផង សាងសង់ដាក់ត្រង់ក្បែរផ្លូវបំបែកជាបួន ទុកជាអនុស្សាវរីយ៍ ។ ម្យា៉ងទៀត ក៏ជាសក្ខីភាពមួយចង់បង្ហាញពីទឹកដីអង្គតាសោមសម្បូរណ៍ទៅដោយភោគផលនៃរុក្ខជាតិផងទាំងឡាយ ដូចជាផ្លែដូងជាដើម ។

នៅឆ្នាំ២០១៣រូបសំណាកតាសោមត្រូវសាលាស្រុកត្រាំកក់ និងសប្បុរសជនក្នុងស្រុកកសាងរបង និងខ្លោងទ្វារយ៉ាងប្រណីតទុកជាបូជនីយដ្ឋាន និងជានិមិត្តរូបនៃទឹកដី «អង្គតាសោម» ។

ទាំងនេះហើយដែលបង្ហាញថា ប្រវត្តិភូមិនេះដោយមានតាសោមជាអ្នកបានចូលរស់នៅគ្រាដំបូង ហើយត្រួសត្រាយទឹកដីនេះទុកជាកេរមរតកសម្រាប់មនុស្សជំនាន់ ក្រោយៗបានរស់នៅសុខដុមរមនារហូតមកដល់សព្វថ្ងៃ ហើយនៅតែមានឈ្មោះហៅថា «ភូមិអង្គតាសោម» «ផ្សារអង្គតាសោម» «វត្តអង្គតាសោម» និង «ឃុំអង្គតាសោម» ។
មិនតែប៉ុណ្ណោះ «តាសោម» ថែមទាំងមានបារមី និងជំនឿមួយរបស់អ្នកស្រុក គឺបើកាលណាមានក្មេងក្មាងកើតហេតុភេទអ្វីមួយមិនស្រួលខ្លួន គេតែងនាំគ្នាអុជធូប បន់ស្រន់ រំលឹកតាសោម ក៏ឃើញថា មានការកាក់កបជាសះស្បើយ ។ មិនតែប៉ុណ្ណោះ ពិធីមង្គលការកូនប្រុសស្រីអ្នកស្រុកភូមិអង្គតាសោមនេះ តែងតែដង្ហែកូនប្រុសទៅគោរពសុំពរជ័យសេចក្តីសុខពីលោកតាសោមជាម្ចាស់ទឹកដី ហៅថា «ពិធីឡើងអ្នកតា» ៕

ប្រភពៈកោះសន្តិភាព

ដកស្រង់ដោយៈMr365

Comments
Loading...