ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រ​វត្តិ​នៃឈ្មោះ​ និង​កំណើត​ខេត្ត​កែប​

2,280

ខេត្តកែបជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រ មានទីតាំងស្ថិតនៅភាគនិរតីនៃរាជធានីភ្នំពេញ។ ភ្ញៀវទេសចរអាចធ្វើដំណើរពីរាជធានីភ្នំពេញមកខេត្តកែបតាមផ្លូវជាតិលេខ៣ កាត់តាមខេត្តកំពត មានចម្ងាយប្រមាណ១៧៣គ.ម ឬឬតាមផ្លូវជាតិលេខ២ កាត់តាមខេត្តតាកែវ ឬអាចធ្វើដំណើរតាម រថភ្លើងមកចុះនៅស្ថានីយ៍ដំណាក់ចង្អើរដែលមានចម្ងាយពីខេត្តកែប៧គ.ម។ ភ្ងៀវទេសចរបរទេស ក៏អាចធ្វើដំណើរពីប្រទេសវៀតណាមមកខេត្តកែបតាមច្រកហាទៀង ព្រែកចាក ដែលមានចម្ងាយប្រមាណ៤០គ.ម។ តាមផ្លូវសមុទ្រ ភ្ញៀវទេសចរអាចជិះទូក ឬកប៉ាល់ពីក្រុងព្រះសីហនុ និងប្រទេសវៀតណាមមកកំពង់ផែខេត្តកែបផងដែរ។

ខេត្តកែបបានកសាងឡើងនៅកំឡុងឆ្នាំ១៩០៨ ក្នុងសម័យអាណានិគមបារាំង។ខេត្តនេះ បានកែលម្អរឲ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណិតមួយក្នុងទសវត្សរ៍ទី៦០ នាសម័យសង្គមរាស្រ្តនិយម។

ឈ្មោះខេត្តកែបនេះ បានក្លាយមកពីពាក្យបារាំងថា ឡឺ​ កាប“Le Cap” ប្រែមកថាជ្រោយ មានន័យថា ដីដុះលយទៅសមុទ្រ។ ក្នុងនោះផងដែរមានរឿងព្រេងដំណាលតៗគ្នាទាក់ទងនឹងឈ្មោះកែប ដែរថា កាលដើមឡើយមានស្តេចមួយអង្គព្រះនាមសាគររាជ ដែលជាស្តេចមានមន្តអាគមខ្លាំងពូកែ បានប្រើល្បិចសេពមន្តអាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំ ហើយបានលួចយកសេះសរបស់មេទ័ពនោះ មកជាមួយពលសេនាខ្លួនមួយចំនួន។ ពេលមេទ័ពផ្អើលឆោឡោដេញតាមចាប់ ស្តេចសារគររាជ និងពលសេនាក៏បានភៀសខ្លួនមកដល់ភូមិភាគនិរតីតំបន់ឆ្នេរសមុទ្រ។ ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏មកដល់។ ដោយមានការភិតភ័យស្តេចសាគរាជក៏បានភៀសខ្លួនជាបន្តទៀត។ ពេលព្រះអង្គសាគររាជឡើតផាយសេះ សេះសនោះក៏កញ្ជ្រោលឡើងធ្វើឲ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មកជាមួយនៅទីនោះដែរ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យឡើងផាយសេះរត់ភៀសខ្លួនបន្តទៀត ដោយចោលកែបសេះនៅទីនោះ។ តំណតមកគេក៏បាន ហៅទីនោះថា កែបសេះ ហើយហៅកាត់ខ្លីមកត្រឹមពាក្យ កែបដូចសព្វថ្ងៃ។

កែបជាក្រុងតូចមួយសម្រាប់អ្នកទេចរគ្រប់ប្រភេទ តែវាជាតំបន់ទីផ្សារនៃសត្វសមុទ្រស្រស់ៗ ដូចជាក្តាម ខ្យង បង្គា បង្កង ជាដើម។ ចំណែកឯតំបន់កំសាន្តវិញ គឺមានតែឆ្នេរក្រុងកែបមួយប៉ុណ្ណោះ សម្រាប់ងូតទឹកកំសាន្ត ដែលមានប្រវែង១០០០ម៉ែត្រ។ តំបន់នេះ ជាតំបន់ដែលមានខ្សាច់សមុទ្រពណ៌ខ្មៅខុសពីខ្សាច់នៅខេត្តព្រះសីហនុ ដែលមានខ្សាច់ពណ៌ស។

Comments
Loading...