ប្រវត្តិ ចាប៉ីដងវែង
តើចាប៉ីមានប្រភពតាំងពីពេលណាដែរ? យើងនៅមិនទាន់បានកំណត់ឲ្យច្បាស់លាស់ថា ចាប៉ីមានវត្តមានតាំងពីពេលណាមកទេ។ ទោះបីជាមានប្រាសាទបុរាណរាប់ពាន់ក្នុងទឹកដីយើង បានឆ្លាក់ពីទិដ្ឋភាពរស់នៅ ជំនឿសាសនា រឿងរ៉ាវប្រវត្តិសាស្ត្រ សិល្បៈ ។ល។ ក៏ដោយ តែយើងមិនបានឃើញរូបរាងឧបករណ៍ណាមួយដែលមានលក្ខណៈស្រដៀងនឹងចាប៉ីដងវែងដូចយើងបានឃើញសព្វថ្ងៃនេះទេ។ ឧបករណ៍ភ្លេងដែលឃើញញឹកញាប់ជាងគេតាមជញ្ជាំងប្រាសាទនោះ គឺឧបករណ៍ពិណ។
យើងបានរកឃើញការបកស្រាយខ្លះៗ ជាសំណេរ តែពុំមានលក្ខណៈលម្អិតឡើយ ជាហេតុដែលធ្វើឲ្យយើងពិបាកក្នុងការកំណត់បានអំពីប្រភពពាក្យចាប៉ី និងដើមកំណើតឧបករណ៍នេះ។ បើតាមការពន្យល់ពាក្យ ពិណ ក្នុងវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពក្នុងព.ស ២៥១១ ទំព័រ ៧៥១ មានសេចក្ដីដូច្នេះថា ពិណ (ពិន ឬ ត.ស.ស្រ) ន (សំ. បា. វីណា) ចាប៉ី៖ ដេញពិណ។
ទោះបីជាយ៉ាងណាក៏ដោយ យើងក៏នៅមិនទាន់ហ៊ានសន្និដ្ឋានថា ចាប៉ី គឺជាពិណ ឬពិណ គឺជាចាប៉ីនោះទេ។ ដោយហេតុថា ទាំងរូបរាង និងតួនាទីមានភាពខុសគ្នាច្រើន។ បើយើងពិនិត្យលើរូបរាងចាប៉ី យើងនឹងឃើញថា ចាប៉ីជាប្រភេទឧបករណ៍តន្ត្រីមានខ្ទង់ ហើយការផ្លាស់ប្ដូរពីសម្លេងមួយប្រែប្រួលតាមគម្លាតខ្ទង់ដែលយើងចាប់។ ខុសប្លែកពីឧបករណ៍ ពិណ ដែលសម្លេងអាស្រ័យលើខ្សែនីមួយៗ។ ប្រសិនបើពិណមួយមាន១៦ខ្សែ នោះ វាមាន១៦សម្លេងដែរ។ ហើយបើយើងមើលឲ្យកាន់តែឆ្ងាយដល់ប្រភេទឧបករណ៍វីណា របស់ឥណ្ឌាវិញ ក៏ភាគច្រើនជាប្រភេទឧបករណ៍មានខ្ទង់ដែរ។ ប៉ុន្តែយើងប្រើប្រាស់ពាក្យនេះ វីណា (ពិណ) ហៅឧបករណ៍តន្ត្រីពីបុរាណកាលមានឆ្លាក់នៅតាមជញ្ជាំងប្រសាទថា ជាពិណ។ តាមការយល់ឃើញរបស់អ្នកនិពន្ធ ពិណ គួរតែចាត់ទុកជាឧបករណ៍មួយដាច់ដោយឡែកពីចាប៉ី ហើយពិណប្រហែលជាមានដើមកំណើតមុនចាប៉ីដោយហេតុថា យើងអាចមើលឃើញឧបករណ៍ស្រដៀងនឹងពិណរបស់យើងមានលើជញ្ជាំងប្រសាទបុរាណនៅអេហ្ស៊ីបជាទីអរិយធម៌មនុស្សជាតិដ៏ចំណាស់ និងអាចរកឃើញឧបករណ៍ពិណនេះ នៅតាមកុលសម្ព័ន្ធជនជាតិដើមមួយចំនូនផងដែរលើពិភពលោកយើងនេះ។
បើយោងតាមការបកស្រាយរបស់ឧកញ៉ាទេពពិទូរ ក្រសេម គន្ថបណ្ឌិត អំពីប្រវត្តិវង់ភ្លេងមហោរី ដូច្នេះថា “ភ្លេង ១ វង់ដែលហៅថា “មហោរី” ជាភ្លេងខ្មែរ ១ យ៉ាងដែលមានមកអំពីបុរាណកាល ដោយខ្មែរបានផ្ដើមបង្កើតឡើងដោយគំនិតខ្លួនឯងជាដំបូង ក្នុងវេលាដែលខ្មែរចុះមកនៅក្នុងប្រទេសកម្ពុជានេះហើយ…….”។ ក្នុងការរៀបរាប់បន្ទាប់ ក៏មានការពណ៌នាអំពីគ្រឿងភ្លេងមហោរីជាន់ដើម ក្នុងនោះក៏មាន “ចាប៉ី” ផងដែរ។ បើយើងសង្កេតឃ្លាថា “ចុះមកនៅក្នុងប្រទេសកម្ពុជានេះ……” និងពាក្យថា “ចាប៉ី” ព្រមទាំងផ្អែកលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលដូនតាយើងមកតាំងរាជធានីថ្មីនៅភ្នំពេញក្នុងគ.ស ១៤៣២នោះ យើងអាចសន្និដ្ឋានបានថា វត្តមាន ចាប៉ី ក្នុងវប្បធម៌ខ្មែរគឺកើតមានឡើងមុនឆ្នាំ ១៤៣២ (សតវត្សរ៍ទី ១៥) ទៅទៀត។
ចំពោះតួនាទីវិញ ពិណ ជាឧបករណ៍តន្ត្រីសម្រាប់លទ្ធិទេវនិយម ប្រើប្រគំក្នុងវង់ភ្លេងពិណពាទ្យថ្វាយអាទិទេព ខុសស្រឡះពី ចាប៉ី ដែលជាឧបករណ៍តន្ត្រីដែលទទួលឥទ្ធិពលពីពុទ្ធសាសនា និងសម្រាប់ជីវភាពខ្មែរផងដូចជា ការសម្ដែងចាប៉ីក្នុងន័យអប់រំ និងសម្ដែងក្នុងភ្លេងការ អារក្ស និងមហោរី។
ចាប៉ីដងវែងចែកចេញជា ៣ ផ្នែកគឺ តួ ខ្សែ និងក្រចក ដូចតទៅ៖
១. ស្នូក (ប្រអប់សូរ) រាងស្ទើរមូលស្ទើរជ្រុងធ្វើពីឈើខ្នុរ ឬបេង។
២. សន្ទះមុខ ធ្វើពីឈើស្រាល ដូចជាស្រល់ ឬរលួស។
៣. ដង ធ្វើពីដើមក្រសាំង។
៤. ខ្ទង់ មានចំនួនដប់ពីរ ធ្វើពីឈើ ឬភ្លុក។
៥. ខ្សែ មានចំនួន ២។ ខ្សែឯក សម្រាប់រត់សាច់បទ និងខ្សែគ សម្រាប់បន្ទរ។ ខ្សែទី៣ សម្រាប់ទប់ខ្ទង់មិនឲ្យជ្រុះ។
៦. ព្រលួត ឬ បង្គាន មានចំនួន ៣។
៧. ធរណី សម្រាប់កល់ខ្សែផុតពីខ្ទង់។
៨. ក្រាញ ឬ គីង្គក់។
៩. ក្រចក សម្រាប់ត្រេះ ធ្វើពីឆ្អឹង ឬខ្សែនីឡុង។
ចាប៉ីដែលមានសំឡេងពីរោះ គឺធ្វើតាមពាក្យពោលថា “ស្នូករាំង ដងក្រសាំង សន្ទះខ្ទុម្ព គីង្គក់ធ្នង់ ខ្ទង់ឆ្អឹង”។
តាមគំនិតចាស់បុរាណ បានឱ្យនិមិត្ដរូបលើ ឧបករណ៍នេះថា “ស្នូកតំណាងក្បាលនាគ ដងតំណាងខ្លួននាគ ប្រពែតំណាងកន្ទុយនាគ” ៕
ការប្រើប្រាស់ឧបករណ៍ចាប៉ីដងវែង
ឧបករណ៍ចាប៉ីដងវែង ត្រូវបានប្រើប្រាស់ក្នុងទម្រង់សិល្បៈចំនួន៤ ដូចជា៖
ឈ្មោះឧបករណ៍ពីឆ្វេងទៅស្ដាំ៖ ស្គរអារក្ស (ចំនួន ៤) ទ្រខ្មែរ សាយដៀវ ប៉ីបបុស ទ្រអ៊ូ ចាប៉ីដងវែង
១. មុខងារក្នុងវង់ភ្លេងអារក្ស
ក្នុងជំនឿខ្មែរ ប្រសិនបើអ្នកណាម្នាក់មានជំងឺ ក៏ព្រោះតែធាតុណាមួយក្នុងចំណោមធាតុទាំង ៤ គឺ ធាតុទឹក ធាតុដី ធាតុភ្លើង ធាតុខ្យល់ ក្នុងខ្លួនអ្នកជំងឺ (កូនចាប) ដើរមិនត្រូវប្រក្រតី ។ ដូច្នេះ គេត្រូវប្រគុំភ្លេងអារក្ស ដើម្បីជួយសម្រួលធាតុទាំង ៤ ក្នុងរាងកាយអ្នកជំងឺឲ្យមានដំណើរជាប្រក្រតីឡើងវិញ។
២. មុខងារក្នុងវង់ភ្លេងការបុរាណ
វង់ភ្លេងការ មានសារសំខាន់ណាស់សម្រាប់ការរៀបចំអាពាហ៍ពិពាហ៍បែបប្រពៃណី និងទំនៀមទម្លាប់ខ្មែរ និងកូនកំលោះ កូនក្រមុំ ពីព្រោះទំនុកច្រៀងវង់ភ្លេងការ សុទ្ធតែបង្កប់អត្ថន័យអប់រំឲ្យមនុស្សស្រឡាញ់សម្បតិ្តធម្មជាតិ ស្រឡាញ់ជំនឿ ស្រឡាញ់មនុស្ស អប់រំឲ្យមនុស្សចេះអត់ធ្មត់ ចេះទទួលខុសត្រូវក្នុងជីវិត ចេះស៊ូទ្រាំនឹងការលំបាក មានការរស់នៅថ្លៃថ្នូរ ប្រកបដោយគុណធម៌សុចរិតធម៌ និងសច្ចៈធម៌ ។
វង់ភ្លេងការចែកជា ២ វង់ គឺវង់ភ្លេងការបុរាណ និងភ្លេងការសម័យកណ្ដាល។ ចាប៉ីដងវែងមានវត្តមានតែក្នុងវង់ភ្លេងការបុរាណប៉ុណ្ណោះ។
ដោយៈMr365