ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

គោលគំនិត៣យ៉ាងដែលចាក់ចំបេះដូងរបស់សៀវភៅ Thinking Fast and Slow របស់លោក Daniel Kahneman

1,828

តើដំណើរនៃការគិតបែបណា ដែលនាំអ្នកទិញឬលក់ភាគហ៊ុនមួយចំនួនបរាជ័យនៅក្នុងកណ្ដាលមហាសមុទ្រនៃភាពមិនទៀងទាត់ដែលជាអត្តចរិតធម្មជាតិរបស់ទីផ្សារភាគហ៊ុននេះ ? ចម្លើយទៅកាន់សំណួរនេះមានបកស្រាយយ៉ាងក្បោះក្បាយ និងល្អឥតខ្ចោះនៅក្នុងខ្លឹមសារសៀវភៅមួយក្បាល ដែលមានតម្លៃស្ទើរតែអាចយកមកធ្វើជាតម្រាប្រចាំជីវិតរបស់អ្នកបណ្ដាក់ទុនវិនិយោគគ្រប់រូប ដែលមានចំណងជើងថា Thinking Fast and Slow។

សៀវភៅដែលត្រូវបានចងក្រងឡើងចេញពីការស្រាវជ្រាវយ៉ាងហ្មត់ចត់ជាច្រើនទសវត្សនេះ ត្រូវបាននិពន្ធឡើងដោយបុគ្គលមួយរូបដែលបានឈ្នះពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ច គឺលោក Daniel Kahneman និងជាស្នាដៃនិពន្ធលក់ដាច់បំផុតដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ២០១១។

គោលគំនិតសំខាន់ៗដែលចាក់ចំបេះដូងរបស់សៀវភៅមួយក្បាលនេះ សង្ខេបមកត្រឹម៣ចំណុចខាងក្រោមនេះ៖

១) ប្រព័ន្ធ១ និងប្រព័ន្ធ២៖ មានលក្ខណៈជាសៀវភៅដែលបកស្រាយពីអត្តចរិតនៃការគិតរបស់មនុស្សផងដែរ ផ្អែកតាមអ្នកនិពន្ធ Kahneman ដំណើរការណ៍នៃការគិតរបស់មនុស្សមាន២ប្រព័ន្ធ។ ប្រព័ន្ធ១គឺជាសភាវគតិ ជាការគិតដែលកើតឡើងដោយឯកឯង ឥតមានការត្រួតពិនិត្យដោយហ្មត់ចត់ពីសម្បជញ្ញៈ។ រីឯប្រព័ន្ធ២វិញគឺជាការគិតប្រកបដោយវិចារណញ្ញាណ និងហេតុផល និងជាការគិតដែលប្រព្រឹត្តទៅដោយចេតនា ឬដឹងខ្លួន ឬមានសតិសម្បជញ្ញៈនេះឯង។

ការគិតក្នុងប្រព័ន្ធ១ ជាលក្ខណៈនៃការគិតដែលមានភាពលម្អៀងក្នុងការទទួលយកជឿអ្វីមួយ ហើយវាអាចមានប្រយោជន៍នៅក្នុងស្ថានការណ៍ជាក់លាក់មួយចំនួនប៉ុណ្ណោះ។ និយាយចំពោះការវិនិយោគវិញ វិនិយោគិនដែលគិតក្នុងប្រព័ន្ធ១នេះ ស្វែងរកការយល់ឃើញអំពីទីផ្សារភាគហ៊ុនបែបណាដែលមានភាពស្របគ្នាជាមួយការយល់ឃើញខ្លួនឯង ហើយបន្តស្វែងរកការសិក្សាស្រាវជ្រាវណាដែលស្របគ្នាជាមួយការជឿដែលខ្លួនកំពុងមានស្រាប់។ តាមរបៀបនេះ វិនិយោគិនរូបនេះមិនបានព្យាយាមសម្លឹងពីជ្រុងផ្សេងទៀតដើម្បីឲ្យការសម្រេចចិត្តរបស់គាត់ផ្ដល់លទ្ធផលល្អនោះទេ។ ដូច្នេះវានឹងនាំគាត់ធ្លាក់ទៅក្នុងអន្លង់បញ្ហាធំមិនខាន។

ដោយប្រើការគិតក្នុងប្រព័ន្ធ២ គឺអ្នកនឹងស្វែងរកគំនិតចេញពីជ្រុងផ្សេងខុសពីអ្នក និងដំណើរការការសម្រេចចិត្តរបស់អ្នកប្រកបដោយការពិនិត្យល្អិតល្អន់ជាងមុន។

២) មានទំនុកចិត្តខ្លាំងពេក៖ អ្វីទៅដែលនាំអ្នកឲ្យមានភាពលម្អៀងក្នុងការទទួលជឿអ្វីមួយ ? នោះគឺការមានទំនុកចិត្តខ្លាំងពេកមកលើសមត្ថភាពរបស់ខ្លួនឯងក្នុងការសម្រេចចិត្តនេះឯង។

លោកផ្ដល់ដំបូន្មានថា ពិតណាស់ថាក្នុងប្រព័ន្ធគ្រប់គ្រងបែបមូលធននិយមនេះ ការមានសុទិដ្ឋិនិយមចំពោះអនាគតគឺជាទំនោរល្អដែលមនុស្សភាគច្រើនមាន ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺនៅពេលអ្នកប្រើប្រាស់ការមានទំនុកចិត្តខ្លាំងពេកមកលើសមត្ថភាពខ្លួនឯងនេះ នៅក្នុងការសម្រេចចិត្តទាំងឡាយក្នុងរយៈពេលខ្លី។ ដូច្នេះវាត្រូវតែមានខ្សែបន្ទាត់ខណ្ឌចែកដ៏សមរម្យមួយរវាងការមានសុទិដ្ឋិនិយមទៅលើអនាគតក្នុងរយៈពេលវែង និងការមានទំនុកចិត្តខ្លាំងពេកទៅលើសមត្ថភាពខ្លួនឯងក្នុងការសម្រេចចិត្តក្នុងរយៈពេលខ្លី។

៣) ការចៀសវាងការខាតបង់៖ អ្វីដែលជាបញ្ហាធ្ងន់ធ្ងរនោះគឺ នៅពេលអ្នកមានភាពជ្រុលនិយមទៅលើការមានទំនុកចិត្តលើសមត្ថភាពខ្លួនឯងពេករហូតទាល់តែហ៊ានប្រថុយគ្រោះថ្នាក់ដែលមិនគួរប្រថុយ ឬជ្រុលនិយមទៅលើការចៀសវាងការខាតបង់រហូតទាល់តែមិនហ៊ានធ្វើអ្វីទាល់តែសោះ។ នៅពេលអ្នកគិតហើយធ្វើសកម្មភាពរបៀបនេះ អ្នកមិនអាចធ្វើអ្វីបានក្រៅពីវិលវល់ក្នុងវដ្ដមួយដែលពោរពេញដោយការភ័យខ្លាច និងភាពលោភលន់នោះទេ។

ដូច្នេះដើម្បីកុំឲ្យមានទំនោរទៅរកការចៀសវាងការខាតបង់នេះ គឺរយៈពេល៤ដងក្នុង១ឆ្នាំសឹមត្រួតពិនិត្យមើលទីផ្សារភាគហ៊ុនរបស់អ្នក ពីព្រោះការប្រឈមមុខនឹងការផ្លាស់ប្ដូរដោយឥតគ្រងទុករបស់ទីផ្សារភាគហ៊ុននេះជារៀងរាល់ថ្ងៃ នឹងនាំអ្នកទៅរកការសម្រេចចិត្តក្នុងប្រព័ន្ធ១មិនខាន៕

កែសម្រួលដោយៈMr365

 

Comments
Loading...