ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវិត និង​ស្នាដៃ​របស់ កាល វីហេម ស៊ីឡឺ 1742-1786

2,460

ស៊ីឡឺ ជា​គីមីវិទូ​ជាតិ​ស៊ុយអែត មាន​កំណើត​ចេញ​ពី​គ្រួសារ​ត្រកូល​អ្នកក្រ ។ លោក​ត្រូវ​បង្ខំ​ចិត្ត​លះបង់​ការ​រៀន​សូត្រ​ក៏​ព្រោះ​ត្រូវ​ទៅ​នៅ​ធ្វើការ​ឲ្យ​អ្នក​ផ្សំ​ឱសថ​ម្នាក់ ។ ចាប់​ពី​អាយុ​១៤​ឆ្នាំ កុមារ​ស៊ីឡឺ​ បាន​ចាប់​ផ្ដើម​ឈាន​ចូល​វិស័យ​គីមី​ដោយ​ខ្លួនឯង ។

ចាប់​ពី​ឆ្នាំ​១៧៧៥ បណ្ដា​ស្នាដៃ​គីមី​អនុវត្ត​ពិសោធន៍​របស់​ស៊ីឡឺ​បាន​ល្បី​ខ្ទរខ្ទារ​ពេញ​សកលលោក ។ លោក​បាន​បដិសេធ​ចំពោះ​សំណើ​របស់​ស្ដេច​អាល្លឺម៉ង់​ដែល​ឲ្យ​លោក​ចាក​ចោល​មាតុភូមិ​ដោយ​ឲ្យ​មក​រស់​នៅ​ធ្វើការ​នៅ​ទីក្រុង​ប៊ែរឡាំង ហើយ​លោក​តស៊ូ​បន្ត​ការងារ​ដ៏​ស្ងប់ស្ងៀម​របស់​ខ្លួន​នៅ​ទីក្រុង​គឺបាំង​ដ៏​ឆ្ងាយ​ដាច់​ស្រយាល ។

លោក​បាន​បង្កើត​ច្បាប់​មូលដ្ឋាន​គីមី​ច្រើន ហើយ​លោក​ក៏​ជា​អ្នកនិពន្ធ​សៀវភៅ​គីមី​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ប្រទេស​បារាំង​នា​ឆ្នាំ​១៧៨៨ ។

ភាព​ក្លាហាន​អង់អាច​របស់​អ្នកប្រាជ្ញ

ស៊ីឡឺ​ មាន​ទម្លាប់​ធ្វើការ​យ៉ាង​ជក់​ចិត្ត ជក់​អារម្មណ៍ ។ ក្នុង​កិច្ចការ​ពិសោធន៍ លោក​ច្រើន​តែ​ត្រូវ​ប៉ះពាល់​នឹង​ជាតិ​ពុល​ដ៏​គ្រោះថ្នាក់​ដែល​មិន​ថា​ពេល​ណា​ឡើយ វា​អាច​បង្ក​ឲ្យ​មាន​មហន្តរាយ​ដល់​ជីវិត ។

ថ្ងៃ​មួយ មុន​ពេល​ចូល​បន្ទប់​ពិសោធន៍ ស៊ីឡឺ​បាន​ផ្ដាំ​ជំនួយការ​របស់​ខ្លួន​ថា «ឥឡូវ​នេះ​ខ្ញុំ​រៀបចំ​ធ្វើ​ពិសោធន៍​ជាមួយ​ធាតុ​ក្លរ (Chlorine) ប្រសិនបើ​ឃើញ​ខ្ញុំ​ដួល ចូរ​កុំ​ចូល​ក្នុង​បន្ទប់​ឲ្យ​សោះ តែ​ត្រូវ​បើក​ទ្វារ​ឲ្យ​អស់ រួច​រត់​ឲ្យ​លើន​ចេញ​ទៅ​ក្រៅ» ។

ជំនួការ​លោះព្រលឹង ព្រម​ទាំង​ឃាត់​កុំ​ឲ្យ​លោក​ប្រលែង​លេង​នឹង​មច្ចុរាជ​យ៉ាង​នេះ​អី តែ​ស៊ីឡឺ​ និយាយ​ដោយ​នឹងធឹង​ថា «មិន​បាន​ទេ ។ ជីវិត​របស់​ខ្ញុំ​មិន​មែន​ជា​ការ​សំខាន់​ទេ ។ ប្រការ​សំខាន់​គឺ​ត្រូវ​រក​ឲ្យ​ឃើញ​លក្ខណៈ​ពិសេស​របស់​ឧស្ម័ន​ក្លរ» ។

ព្រះមហាក្សត្រ និង​គីមីវិទូ

ក្នុង​មួយ​ជីវិត​វិទ្យសាស្ត្រ​របស់​ខ្លួន ស៊ីឡឺ ​នៅ​តែ​រស់​នៅ​យ៉ាង​ស្ងៀមស្ងាត់​ក្នុង​ខេត្ត​ដ៏​តូច​មួយ ពុំ​មាន​នរណា​ដឹង​ឮ​ឡើយ ។ ក៏​ប៉ុន្តែ​ស្នាដៃ​ច្នៃប្រឌិត​របស់​លោក​បាន​ល្បី​ខ្ទរខ្ទារ លេច​ឮ​ទៅ​ក្រៅ​ប្រទេស ។ ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​នៅ​អឺរ៉ុប ទើប​ព្រះមហាក្សត្រ​ស៊ុយអែត​បាន​ដឹង​ថា ប្រទេស​របស់​ខ្លួន​មាន​គីមីវិទូ​មួយ​រូប​ដ៏​មហិមា ។ ព្រះអង្គ​ក៏​សម្រេច​ចិត្ត​បំពាក់​គ្រឿង​ឥស្សរិយយស​មាស​ឲ្យ​ដល់​ជន​ដែល​នាំ​មក​នូវ​កិត្តិយស​រុងរឿង​ឲ្យ​ជាតិ​មាតុភូមិ​នេះ ។ ក៏​ប៉ុន្តែ ពេល​សួរ​រក​មុខ ក្នុង​រាជវាំង​ទាំង​មូល​ពុំ​មាន​នរណា​ស្គាល់​ស៊ីឡឺ ​សោះ ។ គេ​បង្ខំ​ចិត្ត​ត្រូវ​ពិនិត្យ​មើល​ក្នុង​បញ្ជី​ពន្ធដារ ហើយ​ត្រូវ​រក​ឲ្យ​ឃើញ​ជន​ណា​ដែល​មាន​ឈ្មោះ​ស៊ីឡឺ ដើម្បី​បំពាក់​គ្រឿង​ឥស្សរិយយស ។

ក្នុង​ពេល​ដែល​អ្នក​ប្រាជ្ញ​ពិត​ប្រាកដ​ម្នាក់​នេះ​នៅ​តែ​បន្ត​ការងារ​ក្នុង​បន្ទប់​ពិសោធន៍​ដ៏​ក្រីក្រ​របស់​ខ្លួន​នោះ នៅ​ប្រទេស​អឺរ៉ុប​នានា គេ​កំពុង​ជ្រួលច្របល់​និយាយ​មិន​ឈប់​ឈរ​ពី​ភាព​ភ្លឺស្វាង​របស់​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​ចេះ​យក​ចិត្ត​ទុក​ដាក់​លើ​វិទ្យាសាស្ត្រ ហើយ​វាយ​តម្លៃ​ខ្ពស់​ដល់​អ្នក​ប្រាជ្ញ ។

វិទ្យសាស្ត្រ​ប្រើ​សម្រាប់​ធ្វើ​អ្វី ?

រហូត​ដល់​ឆ្នាំ​ចុង​ក្រោយ​បំផុត​នៃ​ជិវិត​របស់​ខ្លួន ស៊ីឡឺ​ នៅ​តែ​រស់​នៅ​យ៉ាង​សាមញ្ញ​ក្នុង​គេហដ្ឋាន​ដ៏​តូច​ច្រមក់​របស់​ខ្លួន ។ បណ្ដា​ស្នាដៃ​ច្នៃប្រឌិត​ដ៏​ល្បីល្បាញ​របស់​គីមីវិទូ​រូប​នេះ ពុំ​នាំ​មក​នូវ​អ្វី​ក្រៅ​ពី​ការ​គោរព​របស់​មជ្ឈដ្ឋាន​អ្នក​វិទ្យសាស្ត្រ​ចំពោះ​រូប​លោក​ឡើយ ។

នៅ​ថ្ងៃ​មួយ មាន​ភ្ញៀវ​ចម្លែក​ម្នាក់​ជា​អ្នក​មាន​ស្ដុកស្ដម្ភ​បនា​មក​លេង​ផ្ទះ​លោក ។ គាត់​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​ទិដ្ឋភាព​រស់​នៅ​ដ៏​ក្រីក្រ​របស់​មនុស្ស​ដ៏​ល្បីល្បាញ​រូប​នេះ «ជម្រាប​សួរ ! មិន​គួរ​ណា​បណ្ដា​ស្នាដៃ​វិទ្យាសាស្ត្រ​របស់​លោក​មិន​អាច​នាំ​មក​ឲ្យ​លោក​នូវ​ឆាក​ជីវិត​មួយ​ដ៏​ល្អ​ប្រពៃ​ជាង​នេះ​សោះ ?»។

ស៊ីឡឺ​ សម្លឹង​មុខ​ភ្ញៀវ​ក្នុង​ក្ដី​ងឿង​ឆ្ងល់ រួច​តប​ថា «បើ​អីចឹង លោក​ចាត់​ទុក​ថា​វិទ្យាសាស្ត្រ​ត្រឹមតែ​ជា​មធ្យោបាយ​សម្រាប់​រស់​នៅ​ឲ្យ​ស្រួល​តែ​ប៉ុណ្ណោះ​ទេ​ឬ ?» ៕

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

កែសម្រួលដោយៈMr365

Comments
Loading...