ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវិត និង​ស្នាដៃ​របស់ បេនីតូ មុស្សូលីនី​ 1883-1945

2,529

មូស្សូលីនី ជា​អ្នក​បង្កើត​លទ្ធិ កលាប​និយម (Fascism) ដែល​យើង​មិន​គួរ​លើក​ឡើង​មក​ជា​តួយ៉ាង​សម្រាប់​អ្នក​សាង​ខ្លួន​ឡើយ ។ ប៉ុន្តែ​គេ​អាច​រើស​យក​ចំណុច​ល្អ​របស់​គាត់​មក​ប្រើ ។

មូស្សូលីនី កើត​នៅ​ខែ​កក្កដា ឆ្នាំ​១៨៨៣ ក្នុង​ត្រកូល​ក្រីក្រ​បំផុត ធំ​ឡើង​ឪពុក​ឲ្យ​រៀន​ឯ​សាលា បាន​ទទួល​របាយការណ៍​ពី​គ្រូ​ថា​ រៀន​ពូកែ​ណាស់ ។ តែ​ឪពុក​ម្ដាយ​ពុំ​មាន​ប្រាក់​គ្រប់​គ្រាន់​នឹង​បង់​ថ្លៃ​សិក្សា​ត​ទៅ​ទៀត ទើប​បាន​ធ្វើ​ពាក្យ​សុំ​អង្វរ​ក​ចំពោះ​សាលាធិការ សុំ​ឲ្យ​មូស្សូលីនី បាន​សិក្សា​ដោយ​មិន​បាច់​បង់​ថ្លៃ​សាលា ។ តែ​សាលាធិការ​ពុំ​យល់​ព្រម មូស្សូលីនី​ក៏​ត្រូវ​ឈប់​រៀន មក​រក​ស៊ី​ចិញ្ចឹម​ជីវិត​ជាមួយ​ឪពុក​ម្ដាយ ។ កាល​អាយុ​បាន​២០​ឆ្នាំ អស់​ផ្លូវ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ក្នុង​ប្រទេស អ៊ីតាលី ក៏​នីរទេស​ខ្លួនឯង​ទៅ​កាន់​ប្រទេស​ស៊្វីស និង​រក​សុំ​ការ​ធ្វើ​ដោយ​ឥត​រើស​ថា​ជា​មុខការ​ដូច​ម្ដេច​ឡើយ ។ ទីបំផុត រក​ការ​ធ្វើ​ពុំ​បាន​ទាល់​តែ​សោះ ហើយ​ក៏​ត្រូវ​ធ្លាក់​ខ្លួន​ទៅ​ជា​មនុស្ស​សុំ​ទាន គ្រាន់​តែ​បាន​កំណាត់​នំប៉័ង​បន្តិច​បន្តួច​ដើម្បី​បន្ត​ជីវិត​ទៅ​ទៀត​ ប៉ុណ្ណោះ ។ ដេក​នៅ​តាម​ថ្នល់ តាម​សំយាប​ផ្ទះ ឬ​ក៏​ក្រោម​ស្ពាន តាម​តែ​ដូច​ម្ដេច​ឲ្យ​តែ​បាន​រស់​នៅ​សិន ។ ទីបំផុត​ក៏​បាន​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​សារព័ត៌មាន​ខាង​ពួក​ សង្គមនិយម ។ ពុំ​ដឹង​ជា​សរសេរ​រឿង​ទំនាស់​អ្វី ក៏​ស្រាប់​តែ​ត្រូវ​រដ្ឋាភិបាល​ស៊្វីស​ចាប់​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​អ៊ីតាលី ​វិញ ។

អ្នក​សរសេរ​រឿង​មូស្សូលីនី បាន​វែកញែក​ថា គុណសម្បត្តិ​ដែល​នាំ​មូស្សូលីនី​ទៅ​កាន់​ភាព​ជា​ធំ​បាន​នោះ គឺ​ភាព​ជា​អ្នក​មាំទាំ​មិន​ព្រម​ចុះ​ចាញ់​ចំពោះ​ការ​លំបាក​តោកយ៉ាក​ក្នុង​ ជីវិត និង​ប្រើ​ពេល​វេលា​គ្រប់​នាទី​ដែល​មាន សម្រាប់​សិក្សា​អប់រំ​ខ្លួន​ឯង ។ ព្រោះ​គ្មាន​ឱកាស​បាន​ចូល​ទៅ​សិក្សា​ក្នុង​មហាវិទ្យាល័យ​ដូច​ជន​ទាំង​ឡាយ​ ដទៃ ។ សេចក្ដី​ព្យាយាម​ទាំង​នេះ​ឯង​ជា​ហេតុ​ឲ្យ​មូស្សូលីនី មាន​ការ​ចេះ​ដឹង និង​តែង​អត្ថបទ​ផ្សេងៗ​បាន​ល្អ​ប្រសើរ ។

កាល​ត្រលប់​មក​ប្រទេស​អ៊ីតាលី​វិញ ក៏​រក​ស៊ី​ចិញ្ចឹម​ជីវិត​ខាង​ធ្វើ​កាសែត​ក្នុង​តំណែង​តាំង​ពី​តូច​បំផុត រហូត​ដល់​ធំ​បំផុត និង​បាន​ជា​ម្ចាស់​សារព័ត៌មាន​មួយ​ដោយ​ខ្លួន​ឯង ហើយ​ក៏​បាន​បក្សពួក​ច្រើន​ឡើងៗ រហូត​ដល់​ទីបំផុត​ក៏​បាន​ជា​សមាជិក​ក្នុង​រដ្ឋសភា ។

សង្គ្រាម​លោក​លើក​ទី​១​កន្លង​ទៅ ការ​គ្រប់​គ្រង​ប្រទេស​អ៊ីតាលី ច្របូក​ច្របល់​វឹកវរ​ក្រៃលែង ព្រោះ​រដ្ឋាភិបាល​មិន​អាច​បង្ក្រាប​ពួក បូលស្ហេវិគ (Bolchévic) និង​កុម្មុយនិស្ត ដែល​ផ្សាយ​លទ្ធិ និង​ធ្វើការ​លំបាក​ឲ្យ​ដល់​ប្រទេស​អ៊ីតាលី ក្នុង​វេលា​នោះ​យ៉ាង​ក្រៃលែង ។ គ.ស​១៩២២ អាយុ​បាន​៣៩​ឆ្នាំ មូស្សូលីនី ឃើញ​ថា​គណៈរដ្ឋមន្ត្រី​ចាស់​អស់​សមត្ថភាព​ហើយ ទើប​ត្រៀម​បក្សពួក​របស់​ខ្លួន​ដើម្បី​រំលំ​គណៈ​រដ្ឋាភិបាល​ចាស់​ចេញ និង​ចូល​កាន់​កាប់​កិច្ច​ការ​រដ្ឋ​ដោយ​ខ្លួន​ឯង ។ គណៈរដ្ឋមន្ត្រី​ចាស់​បាន​នាំ​រឿង​នេះ​ចូល​ក្រាប​បង្គំ​ទូល​ព្រះបាទ វិគទ័រ អេម៉ានុយអែល (Victor Emmanuel) សុំ​ឲ្យ​ទ្រង់​ឡាយ​ព្រះហស្ត​លេខា​ជា​ព្រះបរម​រាជឱង្ការ​ថា មូស្សូលីនី​ក្បត់ ព្រោះ​បើ​បាន​ព្រះបរម​ឱង្ការ​នេះ​ហើយ ក៏​នឹង​ប្រើ​កម្លាំង​ទ័ព​ចាប់​ខ្លួន​មូស្សូលីនី និង​បក្ស​ពួក ។ តែ​ព្រះបាទ​វិគទ័រ អេម៉ានុយអែល ទ្រង់​ព្រះ​តម្រិះ​វៃ ពុំ​ព្រះ​សណ្ដាប់​ពាក្យ​ថ្វាយ​នោះ និង​ពុំ​ទ្រង់​ឡាយ​ព្រះហត្ថ​លេខា​លើ​សេចក្ដី​ប្រកាស​នោះ ។ គណៈ​រដ្ឋមន្ត្រី​ចាស់​ក៏​ត្រូវ​លា​ចេញ ។ មូស្សូលីនី និង​ពួក​របស់​ខ្លួន ក៏​ចូល​ជំនួស​ឡើង ។ កិច្ចការ​រដ្ឋ​របស់​ប្រទេស​អ៊ីតាលី ក៏​ប្រសើរ​ឡើង​មួយ​រំពេច លទ្ធិ​បុលស្ហេវិគ និង​កុំម្មុយនស្ត ក៏​ត្រូវ​បាន​បង្ក្រាប​រាប​ទៅ​អស់ ។ ការ​គ្រប់​គ្រង​ក៏​ចាត់​របៀប​រៀបរយ​យ៉ាង​ប្រសើរ គ្រប់​ក្រសួង​រាជការ​នានា ក៏​ធ្វើការ​យ៉ាង​រៀប​រយ និង​ប្រឹង​ប្រែង​ផ្ទុយ​ស្រឡះ​ពី​កាល​មុន​មូស្សូលីនី​ឡើង​កាន់​ការ ។ មាន​ដំណាល​ថា មុន​ពេល មូស្សូលីនី ឡើង​កាន់​អំណាច​នោះ បើសិន​ជា​អ្នក​ណា​ម្នាក់​ត្រូវការ​និយាយ​ទូរស័ព្ទ​ទៅ​កាន់​អ្នក​ដែល​គេ​អាច​ ដើរ​ទៅ​ដល់​បាន​ក្នុង​វេលា​២០​នាទី ដើរ​ទៅ​តែ​ម្ដង​ល្អ​ជាង ព្រោះ​ក្រៅ​ពី​យឺត និង​ភ្ជាប់​លេខ​ឲ្យ​ខុសៗ ហើយ​ជួន​កាល​វេលា​សុំ​ត​ទូរស័ព្ទ​នោះ បាន​ឮ​សំឡេង​នាង​ប្រចាំ​ការ​នោះ​ច្រៀង​ឲ្យ​ស្ដាប់​ជំនួស​ការ​ភ្ជាប់​ឲ្យ​តាម ​ការ​ស្នើ​សុំ ។ តែ​នៅ​ថ្ងៃ​ដែល​មូស្សូលីនី ឡើង​កាន់​អំណាច​នោះ អំពើ​ឧបទ្រព​ទាំង​នោះ​ក៏​រលាយ​បាត់​ទៅ​ភ្លាម ។ មាន​អ្នក​គំនូរ​បារាំង​ម្នាក់​នៅ​សម័យ​នោះ​ បាន​គូរ​ជា​រូប​ប្រៀប​ធៀប​ជា​បន្ទប់​ពីរ បន្ទប់​មួយ​និយាយ​ពី​ភាព​ភ្នាក់ងារ​រាជការ​ផ្សេងៗ​ធ្វើការ ខ្លះ​ដេក​លក់ ខ្លះ​ចង់​ស្រី ពី​កាល​មុន​មូស្សូលីនី​ឡើង​កាន់​អំណាច ។ បន្ទប់​មួយ​ទៀត និយាយ​ពី​ភាព​ក្នុង​ពេល​ដែល​មូស្សូលីនី​ឡើង​កាន់​អំណាច ភ្នាក់ងារ​រាជការ​គ្រប់​រូប​ប្រឹង​ប្រែង​ខ្មីឃ្មាត​ក្នុង​កិច្ចការ​យ៉ាង​ ស្វាហាប់ ។

មូស្សូលីនី ចូល​ដល់​អវសាន​នៃ​ជីវិត ដោយ​ត្រូវ​ដោត​ឆ្កាង​ដោយ​កងទ័ព​សម្ព័ន្ធ​មិត្ត​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ដោយ​បន្សល់​ទុក​នូវ​អារម្មណ៍​ដ៏​សំខាន់ៗ​ជាច្រើន​ដល់​អ្នក​សិក្សា​ ប្រវត្តិសាស្ត្រ ៕

ដោយ ស៊ា ប៊ុនភេង សៀវភៅ​សាង​ខ្លួន​ឯង

កែសម្រួលដោយៈMr365

 

Comments
Loading...