ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវិត និង​ស្នាដៃ​របស់ ហ្សូហាន ម៉ង់ដែល 1822-1884

2,083

ហ្សូហាន ម៉ង់ដែល ជា​ជាតិ​អូទ្រីស ។ លោក​ចាប់​កំណើត​ក្នុង​ត្រកូល​គ្រួសារ​កសិករ​ដ៏​ក្រីក្រ ។ ថ្វី​បើ​ជា​សិស្ស​ឆ្នើម​ពូកែ​ម្នាក់ ក៏​ប៉ុន្តែ​ ម៉ង់ដែល ពុំ​មាន​មធ្យោបាយ​រៀន​ឲ្យ​ចប់​ចុង​ចប់​ដើម​ឡើយ ។ លោក​ត្រូវ​បួស​ជា​បុព្វជិត​ដើម្បី​បន្ត​ការ​រៀនសូត្រ ។ បន្ទាប់​ពី​បាន​ធ្វើ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ក្រុង​ប្រឺណូ (ឆេកូស្លូវ៉ាគី) អស់​ជាច្រើន​ឆ្នាំ​មក លោក​បាន​បង្រៀន​ជំនាញ​ខាង​មុខវិជ្ជា​រូបវិទ្យា និង​ជីវវិទ្យា ។ ដោយ​ការ​ជក់​ចិត្ត​ក្នុង​ការ​ស្រាវជ្រាវ ម៉ង់ដែល​បាន​រក​ឃើញ​នូវ​ក្រឹត្យក្រម​មូលដ្ឋាន​នៃ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ដ៏​សំខាន់ ដែល​នា​ពេល​បច្ចុប្បន្ន​ហៅ​ថា «វិជ្ជា​បង្កាត់ពូជ» ។ មនុស្ស​ជំនាន់​នោះ​ពុំ​យល់ ហើយ​ពុំ​ជឿ​លើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ពិសោធន៍​របស់​ ម៉ង់ដែល​ឡើយ ។ រហូត​ដល់ ១៦​ឆ្នាំ ក្រោយ​មក​ទៀត ពេល​ដែល​ម៉ង់ដែល​ស្លាប់​បាត់​ទៅ ទើប​វិទ្យាសាស្ត្រ​វិជ្ជា​បង្កាត់​ពូជ​ត្រូវ​បាន​ទទួល​ស្គាល់ ហើយ​ពេល​នោះ នរណា​ក៏​រំលឹក​ដល់​ម៉ង់ដែល ហើយ​ចាត់​ទុក​ថា​ជា​អ្នកប្រាជ្ញ​ដ៏​មហិមា​នៅ​លើ​សកលលោក ។

ឲ្យ​តែ​មាន​ចិត្ត​ស្មោះ​ចង់​រៀន

យុវសិស្ស ហ្សូហាន ម៉ង់ដែល រៀន​យ៉ាង​ពូកែ ។ ឪពុក​ម្ដាយ​លោក​ក៏​មាន​មោទនភាព​មិន​តិច​ឡើយ​នឹង​កូន​ប្រុស​របស់​ខ្លួន ។ ក៏​ប៉ុន្តែ​ ថ្ងៃមួយ ឪពុក​របស់​ម៉ង់ដែល​បាន​និយាយ​ប្រាប់​កូន​ដោយ​ក្ដី​ទុក្ខព្រួយ​ថា «ពុក​ម៉ែ​ក្រ​ណាស់ មិន​អាច​មាន​មធ្យោបាយ​ណា​ដើម្បី​ឲ្យ​កូន​បាន​បន្ត​ការ​សិក្សា​ចប់​ចុង​ចប់​ដើម​ឡើយ !» ។

ម៉ង់ដែល​ ស្រលាញ់​ឪពុក​ម្ដាយ​ណាស់ ។ គាត់​គិត​ពិចារណា​មួយ​ស្របក់ រួច​និយាយ​ទៅ​កាន់​ឪពុក​វិញ​ថា «កូន​មាន​បំណង​ប្រាថ្នា​តែ​មួយ​គត់ គឺ​ការ​រៀនសូត្រ ប៉ុន្តែ​កូន​មិន​ទុក​ឲ្យ​ពុក និង​ម៉ែ ព្រួយ​បារម្ភ​ទេ​…» ។

ឪពុក​ម៉ង់ដែល​សួរ​កូន​ទាំង​ឆ្ងល់​ថា «បើ​កូន​គ្មាន​លុយកាក់​រៀន​បន្ត​ទៀត តើ​កូន​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​បាន ?» ។ ម៉ង់ដែល​ឆ្លើយ​តប​យ៉ាង​ដាច់​ខាត​ថា «ឲ្យ​តែ​ចង់​រៀន​ដោយ​ស្មោះ ប្រាកដ​ជា​អាច​រក​ឃើញ​របៀប​រៀន​មិន​ខាន​ឡើយ» ។

បន្ទាប់​មក ម៉ង់ដែល​រក​ឃើញ​របៀប​រៀន​ពិសេស​មួយ គឺ​រៀន​តាម តីប្លេ ដ៏​មហិមា ។ ម៉ង់ដែល​ក៏​បាន​ស្ម័គ្រ​ចិត្ត​បួស​ជា​បុព្វជិត​ដើម្បី​បន្ត​ការ​រៀន​សូត្រ ។ ដោយសារ​ករណី​នេះ ម៉ង់ដែល​ក៏​រៀន​រហូត​ដល់​ចប់​មហាវិទ្យាល័យ ។

ចូលចិត្ត​រៀន​សៀវភៅ​អ្វី ?

ក្រោយ​ពី​ត្រូវ​បាន​តែងតាំង​ធ្វើ​ជា​គ្រូបង្រៀន​សាលា​ព្រះរាជវង្សានុវង្ស​ទីក្រុង​ប្រឺណូ ម៉ង់ដែល​ចូលចិត្ត​អាន​សៀវភៅ​ក្រៃលែង ។ បាន​ដំណឹង​ដូច្នេះ ថ្ងៃមួយ​ព្រះសង្ឃរាជ​កាតូលិក​តំបន់​បាន​អញ្ជើញ​លោក​មក​សាកសួរ​ពី​សៀវភៅ​ទេវវិទ្យា​មួយ​ចំនួន​ដែល​ទើប​តែ​បោះពុម្ពផ្សាយ ។

ដោយ​ឃើញ​ ម៉ង់ដែល​ ឆ្លើយ​យ៉ាង​ពិបាក​នឹង​សំណួរ​របស់​ខ្លួន ព្រះសង្ឃរាជ​កាតូលិក​ងឿង​ឆ្ងល់​ថា «យើង​ឮ​ថា កូន​ឯង​អាន​សៀវភៅ​ច្រើន​ណាស់​តើ ?» ។ ម៉ង់ដែល​តប​វិញ​ដោយ​គោរព​ថា «ករុណា ពិត​ជា​អញ្ចឹង​មែន​ហើយ ។ តែ​ខ្ញុំ​ករុណា​ចូល​ចិត្ត​អាន​សៀវភៅ​អំពី​គណិតសាស្ត្រ រូបវិទ្យា និង​ជីវវិទ្យា​តែ​ប៉ុណ្ណោះ !» ។

គណិតសាស្ត្រ ឬ​ក៏​ធម្មជាតិវិទ្យា ?

បន្ទាប់​ពី​ការ​ស្រាវជ្រាវ​អស់​ជាច្រើន​ឆ្នាំ ម៉ង់ដែល​ បាន​ចេញ​បង្ហាញ​មុខ​ចំពោះ​មជ្ឈដ្ឋាន​វិទ្យាសាស្ត្រ​ប្រឺណូ ជាមួយ​របាយការណ៍​ចំនួន ស្ដីពី​លទ្ធផល​ពិសោធន៍​ពូជ​សណ្ដែក ។ ក៏​ប៉ុន្តែ អ្នកស្ដាប់​បាន​ត្រឹម​តែ​អង្គុយ​ស្ងាប​មិន​ឈប់ ។ គេ​មិន​យល់​ថា​តើ​អ្នក​និពន្ធ​ចង់​និយាយ​ពី​អ្វី​ឡើយ តាម​រយៈ​បណ្ដា​រូបមន្ត​ដែល​ម៉ង់ដែល​សរសេរ​នៅ​លើ​ក្ដារខៀន​នោះ ។

នៅ​ទីបំផុត ជន​ម្នាក់​ងើប​ឡើង​សួរ «សូម​ឲ្យ​ខ្ញុំ​បាន​ដឹង​ផង តើ​នេះ​ជា​គណិតសាស្ត្រ ឬ​ក៏​ធម្មជាតិវិទ្យា ?» ។ ម៉ង់ដែល​ឆ្លើយ​តប​វិញ «នេះ​ជា​ធម្មជាតិវិទ្យា​ផង ជា​គណិតសាស្ត្រ​ផង» ។

លោក​អ្នកចេះដឹង​នោះ​ចំអក​ឡកឡឺយ​ភ្លាម «បើ​អញ្ចឹង​ទេ សូម​បំពាក់​ជូន​លោក​កិត្តិនាម “អ្នក​គណិតសាស្ត្រ​ធម្មជាតិ”» ។ គេ​ទាំងឡាយ​នាំ​គ្នា​សើច​គឹល ។ តែ​ម៉ង់ដែល​ឆ្លើយ​តប​វិញ​ដោយ​ស្មារតី​រឹងប៉ឹង «លោក​អាច​និយាយ​យ៉ាង​ណា​ក៏​តាម​តែ​ចិត្ត​លោក​ចុះ ! តែ​ខ្ញុំ​សូម​អះអាង​ថា នេះ​ជា​ក្រឹត្យក្រម​ដ៏​សំខាន់​បំផុត​របស់​ធម្មជាតិ» ។

គេ​នាំគ្នា​ញាក់​ស្មា​មិន​ជឿ​សម្ដី​នោះ​ឡើយ ។ ហើយ​គ្មាន​នរណា​ម្នាក់​ដែល​មាន​មុខ​ក្នុង​សម័យ​ប្រជុំ​នឹក​ស្មាន​ដល់​ថា សម្ដី​ដែល​ម៉ង់ដែល​បាន​និយាយ​ទាំង​អស់​នោះ គឺ​ជា​ការ​ពិត ។

ដំណឹង​សប្បាយ​មួយ​ដែល​មិន​ទន្ទឹង​រង់ចាំ

ឆ្នាំ​១៨៦៨​…….. ទុក​ជា​យ៉ាងណា​ក្ដី លទ្ធផល​ក្នុង ១១​ឆ្នាំ នៃ​ការ​​ពិសោធន៍​ជា​បន្តបន្ទាប់​នៃ​ការ​បង្កាត់​ពូជ​សណ្ដែក​ហូឡង់​របស់​ម៉ង់ដែល​ត្រូវ​បាន​ប្រកាស ។ ភាព​ព្រងើយ​កន្តើយ​របស់​មជ្ឈដ្ឋាន​វិទ្យាសាស្ត្រ​ប្រឺណូ ពុំ​ធ្វើ​ឲ្យ​លោក​នឿយ​ណាយ​ចិត្ត​ឡើយ ។ ម៉ង់ដែល​នៅ​សង្ឃឹម​ថា បណ្ដា​អ្នកប្រាជ្ញ​ធំៗ​នៅ​លើ​សកលលោក​នឹង​បាន​ដឹង ហើយ​វាយ​តម្លៃ​ដល់​ស្នាដៃ​រក​ឃើញ​របស់​ខ្លួន​មិន​ខាន​ឡើយ ។ លោក​រង់ចាំ​ដំណឹង​ដ៏​សប្បាយ​មួយ​……

ថ្ងៃមួយ មាន​ភ្ញៀវ​ម្នាក់​មក​ដល់​ផ្ទះ​លោក​ដោយ​ចៃដន្យ «ខ្ញុំ​សូម​ជម្រាប​ជូន​លោក​នូវ​ដំណឹង​សប្បាយ​មួយ» ។ ភ្ញៀវ​នោះ​និយាយ​រួច ហុច​លិខិត​មួយ​ជូន​ម៉ង់ដែល ។

ម៉ង់ដែល​ភ័យ​ផង​អរ​ផង​ក្នុង​ការ​ទទួល​លិខិត​នេះ ។ តែ​លោក​ត្រូវ​អស់​សង្ឃឹម​ទៅ​វិញ​នៅ​ពេល​ដែល​ដឹង​ថា នោះ​គ្រាន់​តែ​ជា​ដំណឹង​ប្រាប់​ថា​លោក​ត្រូវ​បាន​ជ្រើស​តាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​មណ្ឌល​សាសនា​ប្រឺណូ ។ លោក​និយាយ​តប​ទៅ​ភ្ញៀវ​ទាំង​ទុក្ខព្រួយ​ថា «សូម​អរគុណ​លោក ! នេះ​ពិត​ជា​ដំណឹង​សប្បាយ​មួយ តែ​​មិន​មែន​ជា​ដំណឹង​សប្បាយ​ដែល​ខ្ញុំ​ទន្ទឹង​រង់ចាំ​ឡើយ» ។

រហូត​ដល់​ឆ្នាំ​១៩០០ ទើប​វណ្ណកម្ម​របស់​ម៉ង់ដែល​ត្រូវ​បាន​បណ្ដា​អ្នក​វិទ្យាសាស្ត្រ ហ៊ុយហ្គូតវ្រី (ហូឡង់) ឆែកម៉ានូវ (អូទ្រីស) និង​ កូរ៉ង់ (អាល្លឺម៉ង់) រក​ឃើញ​ពី​ក្នុង​គំនរ​ធូលី​បណ្ណាល័យ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​និពន្ធ ដែលកាលនោះ​ស្លាប់​បាត់​ទៅ​ហើយ តែ​បាន​ក្លាយ​ជា​អមតៈ​វិញ ។

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

កែសម្រួលដោយៈMr365

Comments
Loading...