ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិ​នៃការតស៊ូ​របស់​អ្នក​និពន្ធ​ដ៏​ល្បី​របស់​អង់គ្លេស​លោក សាមុយអែល ចនសាន់ (Samuel Johnson)

2,046

សេចក្ដីសង្ខេប
ជាកូនប្រុសរបស់អ្នកលក់សៀវភៅម្នាក់ និងមានទីកន្លែងកំណើតនៅក្នុង Lichfield​ ជាតំបន់ទីប្រជុំជនមួយនៃស្រុកStanffordshire ស្ថិតនៅភាគខាងជើងនៃទីក្រុងBirmingham នៃចក្រភពអង់គ្លេស និងកើតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៧០៩ លោក សាមុយអែល ចនសាន់ បានជំរុញខ្លួនពីទីទាបមកដល់ចំណុចកំពូលមួយនៃបុគ្គលផ្នែកអក្សរសិល្ប៍ដ៏អស្ចារ្យមួយរូបក្នុងសម័យកាលរបស់គាត់ នាសតវត្សទី១៨

គាត់ត្រូវបានគេទទួលស្គាល់នូវភាពល្បីល្បាញរបស់គាត់តាមរយៈ ឯកសារស្នាដៃនិពន្ធជាច្រើន ជីវប្រវត្តិ និងវចនានុក្រមដែលប្រមូលផ្ដុំនូវទិន្នន័យយ៉ាងទូលំទូលាយ ព្រមទាំងការសរសេរកែសម្រួលឡើងវិញនូវប្រភេទរឿងព្រេងកថាដែលបង្កប់នូវតម្លៃអប់រំសម្រាប់អ្នកអាន ដូចជា The History of Rasselasនិង Prince of Abissinia។ ដោយផ្ដល់ការគោរពយ៉ាងជ្រាលជ្រៅសម្រាប់ការតស៊ូយ៉ាងមោះមុតរបស់លោក លោក ចនសាន់ បានទទួលមរណភាពនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៧៨៤

កុមារភាពដ៏លំបាកលំបិនរបស់លោក
ភាពក្រីក្របានតាមលងបន្លាចលោក ចនសាន់ស្ទើរតែពេញមួយជីវិតរបស់លោក។ គាត់មានជំងឺម្យ៉ាងដែលមានទំនាក់ទំនងជាមួយនឹងការប៉ោងឡើងនៃក្រពេញ ដែលបណ្ដាលមកពីមេរោគរាតត្បាតបង្កពីការកើនឡើងនៃចំនួនកោសិកាផ្ដុំចូលគ្នាជាក្រុម ជាពិសេសជាប្រភេទចម្លែកមួយកើតមាននៅក្នុងជាលិកា តាំងពីគាត់នៅជាទារកម្ល៉េះ ដែលជាលទ្ធផលនៃសមត្ថភាពខ្សោយក្នុងការស្ដាប់ និងការសម្លឹងមើលរបស់គាត់ ថែមទាំងបន្សល់ទុកនូវស្នាមដែលកត់សម្គាល់យ៉ាងច្បាស់ដល់គាត់ទៀតផង។

ការសិក្សា និងការងារពីដំបូងរបស់លោក
ចម្រើនវ័យបន្តិចមកនឹងអាចបំពេញការសិក្សាបាន លោកបានចូលរៀននៅសាលាវេយ្យាករណ៍មួយក្នុងតំបន់ទីប្រជុំជនLichfield និងបន្តការសិក្សារបស់ខ្លួននៅសាកលវិទ្យាល័យPembroke (Pembroke College) របស់Oxfordនាឆ្នាំ១៧២៨ ហើយគាត់ថែមទាំងជាសិស្សដ៏ឆ្នើមមួយរូប ពូកែប្រើប្រាស់ភាសាឡាតាំងផងដែរ។ គួរឲ្យសោកស្ដាយ បញ្ហាហិរញ្ញវត្ថុរបស់គ្រួសារ ត្រូវបង្ខំឲ្យលោកត្រូវបោះបង់ការសិក្សាចោលនាឆ្នាំបន្ទាប់។ ការណ៍នេះ ក៏បានជំរុញឲ្យលោកព្យាយាមស្វែងរកការងារជាគ្រូបង្រៀន តែសំណាងមិនល្អ ចេះតែធ្វើឲ្យលោកមិនអាចស្ថិតនៅក្នុងតួនាទីរបស់ខ្លួនបានក្នុងរយៈពេលវែងនោះឡើយ។ទោះជាលោកនៅតែបន្តស្វែងរកការងារជាគ្រូបង្រៀន ដែលកំឡុងពេលនោះលោកបានប្ដូរទីលំនៅរបស់ខ្លួនទៅទីក្រុងBirmingham ហើយ ក៏ស្របពេលនោះផងដែរ លោកក៏បានចាប់ផ្ដើមការងារជាអ្នកនិពន្ធ

ក្នុងពេលដ៏លំបាកលំបិននៃដំណើរជីវិតរបស់លោកនោះ លោក ចនសាន់ ក៏បានរៀបការជាមួយនឹងស្ត្រីមេម៉ាយម្នាក់ ឈ្មោះថា Elizabeth Porter។ ជាមួយនឹងប្រាក់ដែលនាងបានយកមកក្នុងអាពាហ៍ពិពាហ៍ពួកគេ លោក ចនសាន់ ក៏អាចបង្កើតនូវសាលាផ្ទាល់ខ្លួនមួយ តែជាអកុសល វាក៏ក្លាយជាការបរាជ័យរបស់លោកមិនបានប៉ុន្មានខែផង

បុគ្គលដ៏សំខាន់នៃផ្នែកអក្សរសិល្ប៍
នៅក្នុងឆ្នាំ១៧៣៧ លោក ចនសាន់ ក៏បានផ្លាស់ប្ដូរការរស់នៅទៅទីក្រុងLondonវិញ។ នៅទីនោះ គាត់បានបន្តការតែងនិពន្ធរបស់ខ្លួនក្នុងនាមជាអ្នកនិពន្ធដែលត្រូវបានទទួលប្រាក់កម្រៃតិចតួច តាក់តែងនិពន្ធឡើងនូវអត្ថបទរឿងបែបប្រឌិត និង គុណភាពអន់ជាច្រើនប្រភេទ ជាមួយនឹងកាលកំណត់ក្នុងរយៈពេលខ្លី ឬ(hack writer) ដែលគាត់ត្រូវធ្វើការងារនេះអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីទទួលបានកម្រៃទ្រទ្រង់ជីវភាពរស់នៅដ៏លំបាករបស់ខ្លួន។ នាឆ្នាំបន្ទាប់មក គាត់បានចាប់ផ្ដើមសរសេរ និងកែសម្រួលអត្ថបទផ្សព្វផ្សាយឲ្យទស្សនាវដ្ដីមួយឈ្មោះថា The Gentleman’s Magazine

នៅឆ្នាំដដែលនោះផងដែរ គាត់បានចេញផ្សាយនូវកំណាព្យមួយដោយមិនបញ្ចេញឈ្មោះរបស់ខ្លួន ដែលមានចំណងជើងថា “London” ដែលជាភាពជោគជ័យពីការវិភាគប្រកបដោយព័ត៌មានលម្អិត និងសិក្សាបានសីុជម្រៅ និងពីការបកស្រាយពីការយល់ឃើញរបស់ខ្លួនទៅលើស្ថានភាពនីមួយៗរបស់គាត់។បន្ទាប់មកនៅក្នុងឆ្នាំ១៧៤៦ លោក ចនសាន់ បានយល់ព្រមប្ដេជ្ញាបូជាការព្យាយាមរបស់ខ្លួនទាំងប៉ុន្មានទៅលើគម្រោងដ៏សំខាន់មួយក្នុងការងាររបស់គាត់ ឈ្មោះថា A Dictionary of the English Language ដែលសៀវភៅវចនានុក្រមនេះបានប្រើពេលរបស់គាត់អស់ជិតមួយទសវត្ស ដើម្បីសម្រេចជាស្ថាពរសម្រាប់ការដាក់ចេញផ្សព្វផ្សាយក្នុងឆ្នាំ១៧៥៥ ទោះជាយ៉ាងណា គាត់គ្រាន់តែទទួលបានរង្វាន់ជាទឹកប្រាក់បន្តិចបន្តួចពីវាប៉ុណ្ណោះ។

ប៉ុន្តែ ចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់លោក ត្រូវបានកើតឡើងយ៉ាងពិតប្រាកដ ព្រមទាំងត្រូវបានគេស្គាល់លោកជា ‘Dictionary Johnson’។ ស្របពេលគាត់កំពុងធ្វើការទៅលើគម្រោងរបស់ខ្លួននេះ គាត់ក៏បានទទួលនូវការចាប់អារម្មណ៍មួយចំនួនទៅលើអត្ថបទរបស់គាត់ឈ្មោះ The Ramblerដែលត្រូវបានចេញផ្សព្វផ្សាយនៅចន្លោះឆ្នាំ១៧៥០ និងឆ្នាំ១៧៥២ផងដែរ។
ចំណែកឯក្នុងឆ្នាំ១៧៦២វិញ គាត់ទទួលបានប្រាក់ចូលនិវត្តពីរដ្ឋាភិបាលប្រទេសអង់គ្លេស ដែលបានជួយសម្រាលដល់វិបត្តិហិរញ្ញវត្ថុរបស់គាត់យ៉ាងល្អប្រសើរជាងមុនបានច្រើន។ នៅឆ្នាំបន្ទាប់ លោក ចនសាន់ បានក្លាយជាមិត្តភ័ក្ដិជាមួយមេធាវីជនជាតិស្កុតឡេនម្នាក់ គឺលោក ជេមស៍ បូសវេល ដែលជាអ្នកសរសេរពីជីវប្រវត្តិនាពេលក្រោយមក។ស្នាដៃនិពន្ធរបស់លោក ចនសាន់ មានភាពវិសេសវិសាល និងរំលេចឡើងនៅក្នុងប្រភេទខុសៗគ្នាជាច្រើន។

គាត់បានសម្រេចនូវកុងត្រា និងដាក់ចេញផ្សព្វផ្សាយនូវការសិក្សាកែសម្រួលទៅលើអក្សរសិល្ប៍តែងនិពន្ធជាច្រើនរបស់ខ្លួន ដែលជាស្នាដៃរបស់William Shakespeareក្នុងឆ្នាំ១៧៦៥។ ក្រោយមក លោកក៏បានចាប់ផ្ដើមធ្វើការទៅលើការសរសេរវាយតម្លៃដែលផ្អែកទៅលើការវិភាគយ៉ាងល្អិតល្អន់ ឬ(critical appraisals)អំពីកំណាព្យតែងនិពន្ធចំនួន៥២ខ្សែ ព្រមទាំងបង្កើតការតាក់តែងនិពន្ធអំពីជីវប្រវត្តិ ដែលស្នាដៃទាំងនេះ ត្រូវបានគេឲ្យឈ្មោះថា Lives of the Poets។ មិនតែប៉ុណ្ណោះ គាត់ក៏បានសរសេរពីការវាយតម្លៃទៅលើគុណភាព និងតួអង្គរបស់ស្នាដៃអក្សរសិល្ប៍ផងដែរ។

ការស្លាប់
នៅវ័យ៧៥ឆ្នាំ លោក ចនសាន់ បានទទួលមរណភាពនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៧៨៤ ក្នុងទីក្រុងLondon ប្រទេសអង់គ្លេស។ ចំណែកឯសាកសពរបស់គាត់ ត្រូវបានគេយកទៅដុតនៅវិហារWestminster Abbey។ ដំណើរជីវិតតស៊ូយ៉ាងមោះមុតរបស់លោក ចនសាន់ បានជំរុញកម្លាំងចិត្តដល់មនុស្សជាច្រើន រួមទាំងមិត្តភ័ក្ដិដ៏ល្អរបស់គាត់ លោក បូសវេល នេះផង ដែលធ្វើឲ្យស្នាដៃអំពីជីវប្រវត្តិរបស់លោក ត្រូវបានលោក បូសវេលសរសេរឡើង និងបោះពុម្ពផ្សាយនៅឆ្នាំ១៧៩១ និងបានបន្សល់នូវសេចក្ដីគោរព ការកោតសរសើរស្ញប់ស្ញែងចំពោះជីវិតរបស់លោក ចនសាន់ និងការងាររបស់គាត់ដល់មនុស្សជំនាន់ក្រោយនូវការតស៊ូរបស់លោកជម្នះនឹងការលំបាកក្នុងជីវិត៕

កែសម្រួល ៈMr 365

ប្រភព៖ www.biography.com & www.drjohnsonshouse.org

Comments
Loading...