ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិ​នំអន្សម និង​វិធី​វេច​នំអន្សម

5,290

នំអន្សម គឺជា​នំ​ដែល​ប្រជាជន​ខ្មែរ​ស្ទើរ​គ្រប់​ក្រុម​គ្រួសារ តែងតែ​រៀបចំ​វេច​នំអន្សម ជា​រៀងរាល់​ឆ្នាំ មិន​ដែល​ខាន ឲ្យតែ​ដល់​រដូវ​បុណ្យ​ចូលឆ្នាំខ្មែរ ឬ​រដូវ​កាល​បុណ្យភ្ជុំបិណ្ឌ​ម្ដងៗ ជាពិសេស គឺ​រដូវ​បុណ្យភ្ជុំបិណ្ឌ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​តែង​វេច​ នំអន្សម​នេះ ស្ទើរ​គ្រប់​ផ្ទះ។ យើង​តែង​សម្គាល់​ឃើញ ប្រជាពលរដ្ឋ​ខ្មែរ​វេច​នំ នៅ​មុន​ថ្ងៃ បុណ្យ​ភ្ជុំ មួយ​ឬ​ពីរ​ថ្ងៃ គឺ​គ្រប់​ផ្ទះ​ញាប់ដៃញាប់ជើង ម្នីម្នា​រៀបចំ​វេច​នំ​ដើម្បី​ទុក​ចូលរួម​ក្នុង​ឱកាស​ ភ្ជុំបិណ្ឌ។ នំ​ដែល​យើង​វេច​រួមមាន​ដូចជា៖ នំអន្សមជ្រូក អន្សមចេក នំគម នំបត់ ជាដើម

អត្ថន័យ​របស់​នំអន្សម

ពាក្យ “អន្សម” តាម​វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត បាន​ពន្យល់​ថា៖ នំអន្សម ជា​ឈ្មោះ​នំ ធ្វើ​ដោយ​អង្ករ​ដំណើប​ខ្ចប់​ដោយ​ស្លឹក​ស្រស់ (តាមធម្មតា ច្រើន​ប្រើ​ស្លឹក​ចេក) មាន​រាង​មូល​រល​ស្មើ​ចុង​ស្មើ​ដើម ចម្អិន​ដោយ​ស្ងោរ ឬ​អាំង​ក៏​មាន។ អន្សម មាន​ច្រើន​ប្រភេទ​គឺ អន្សមចេក អន្សម​ដាក់​ចេកណាំវ៉ា​ទុំ​ទាំងមូល​ជា​ស្នួល។ អន្សម​ជ្រូក អន្សម​ដាក់​សាច់​ជ្រូក​ជា​ស្នូល។ អន្សម​ដូង អន្សម​ដាក់​ខ្ទិះដូង ឬ​សាច់​ដូង​ទុំ​កោស​លាយ​ផង។ អន្សម​អាំង អន្សម​ដែល​ចម្អិន​ដោយ​អាំង។ល។

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​វេច​នំអន្សម តាម​ជំនឿ​សាសនា

យោង​តាម (Nom Ansom) ឯកសារ​មួយ​ចំនួន​បាន​ឲ្យដឹង​ថា ក្នុង​សម័យ​ព្រះបាទជ័យវរន្ម័ទី៧ ប្រទេស​កម្ពុជា​ប្រកាន់ សាសនាព្រាហ្មណ៍ ហើយ​របស់​ប្រើប្រាស់ និង​សម្ភារ​ភាគច្រើន​តែងតែ​មាន​ទំនាក់ទំនង​នឹង​សាសនា តួយ៉ាង ​នំអន្សម​នេះ ​ជាដើម។

ក្នុង​សាសនា​ព្រាហ្មណ៍​នំអន្សម គឺ​ តំណាង​ឲ្យ​លិង្គព្រះឥសូរ ចំណែក​ឯ ​នំគម ​វិញ គឺ​តំណាង​ឲ្យ​ យោនី នាង​ឧមា ដែល​ជា​ព្រះមហេសី​របស់​ព្រះឥសូរ។ ម៉្លោះហើយ​ទើប​យើង​តែងតែ​ឃើញ​នំ​ប្រភេទ​នេះ​ក្នុង​ពិធី​បុណ្យទាន អម​ជាមួយ​នឹង “នំគម” ដែល​ជា​នំ​ប្រពៃណី​ខ្មែរ​ផង​ដែរ។ ដោយសារ​ជំនឿ​សាសនាព្រាហ្មណ៍​ត្រូវ​បាន​ដក់ជាប់​ក្នុង​ផ្នត់គំនិត​ខ្មែរ គ្រប់គ្នា​ទៅ​ហើយ​នោះ (បើ​តាម​សាសនាព្រះពុទ្ធ ពុំ​មាន​យក​នំ​ទៅ​បោះ​បាច ឬ​សែន​ដូច្នេះ​ទេ មាន​តែ​សាសនាព្រាហ្មណ៍​តែ​មួយ​ប៉ុណ្ណោះ) ទើប​ខ្មែរ​យើង​យក​នំអន្សមជ្រូក អន្សមចេក នំគម នំបត់ ទាំងនេះ​ទៅ​ប្រគេន​ព្រះសង្ឃ​វិញ ដែល​ធ្វើ​ឲ្យ​សាសនា​ទាំងពីរ​លាយឡំ​គ្នា​ដូច​យើង​ឃើញ​សព្វ​ថ្ងៃនេះ។

“នំអន្សម” មាន​ដើមកំណើត​តាំងពី​បរម​បុរាណកាល​មក ក្នុង​ប្រវត្តិ​នំ​ប្រពៃណី​ខ្មែរ និង​ត្រូវ​បាន​គេ​ឃើញ​វត្តមាន​នំ​មួយ​ប្រភេទ​នេះ​នៅ​ក្នុង​ពិធីបុណ្យ ប្រពៃណី​ខ្មែរ ដូចជា​បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុង​ពិធី​រៀបអាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​សាសនា​មួយ​ចំនួន​ទៀត។ ការ​ដែល​យក​នំ​ទាំងអស់​នេះ​ទៅ​វត្ត​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​មកពី​បុណ្យ​នេះ​ក៏​ដូចជា បុណ្យ​ផ្សេង​ទៀត​ជាប់ពាក់ព័ន្ធ​នឹង​ព្រហ្មញ្ញសាសនា។

វិធី​ក្នុង​ការ​វេច នំអន្សម

ដំបូង យើង​ត្រូវ​ហែក​ស្លឹក​ចេក ឬ ស្លឹក​ផ្អាវ ហើយ​ហាល​ថ្ងៃ​ឲ្យ​ទន់​ល្អ​ចំពោះ​ស្លឹក​ចេក។ បន្ទាប់​មក​ត្រូវ​យក​វា​មក​ជូត​ឲ្យ​ស្អាត​និង​ត្រូវ​ត្រៀម​ខ្សែ សម្រាប់​ចង។ គេ​អាច​យក​ដើម​ចេក​មក​ធ្វើ​ជា​ខ្សែ​ក៏​បាន ឬ​ខ្សែ​ចង​ធម្មតា​ក៏​បាន។ បន្ទាប់​មក​ទៀត ត្រូវ​លាង​អង្ករ​ដំណើប​ទុក​ឲ្យ​ស្ងួត ហើយ​ទឹក​អង្ករ​ដំណើប​នោះ​ត្រូវ​លាយ​អំបិល​តិចៗ​ដើម្បី​បង្កើន​ឱជារស ហើយ​ត្រូវ​លាង​សណ្ដែក​លឿង​ទុក​ឲ្យ​ស្រស់​ទឹក។ បន្ទាប់​ពី​នោះ យើង​ត្រូវ​ហាន់​សាច់​ជ្រូក​ជា​ចង្វាយ​វែង​ល្មម (ភាគច្រើន​គេ​យក​សាច់​ជ្រូក​បី​ជាន់ ដោយសារ​វា​មាន​ជាតិ​ខ្លាញ់​តិចៗ) ដោយ​លាយ​គ្រឿង​ដូចជា ម្រេច អំបិល មើម​ខ្ទឹមស ជាដើម។

ក្រោយមក យើង​អាច​វេច​បាន​ហើយ។ ការ​វេច​យើង​ត្រូវ​ចំណាយ​ពេល​ពី ១ ទៅ ២ ម៉ោង​អាស្រ័យ​ទៅ​លើ​ចំនួន​អង្ករ​ដែល​យើង​វេច។ ដំបូង​យើង​ត្រូវ​លា​ស្លឹក​ចេក​ទ្រាប់​លើ​គ្នា​ឲ្យ​ក្រាស់​ល្មម ហើយ​ត្រូវ​ដាក់​អង្ករ​រាយ​លើ​ស្លឹក​ចេក បន្ទាប់​មក​រោយ​សណ្ដែក​លឿង​ពី​លើ​រួច​ដាក់​សាច់​ជ្រូក​ពី​លើ ហើយ​បត់​ចុង​នៃ​ស្លឹក​ទាំងពីរ​ចូល​គ្នា។

បន្ទាប់ពី​វេច ហើយ​យើង​ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​មួយ​ទៀត​គឺ ចង។ ការ​ចង​នំ​មិនមែន​ជា​ការ​ងាយ​នោះ​ទេ។ យើង​ត្រូវ​ចង​ឲ្យ​ណែន​ល្អ បើ​មិន​ដូច្នេះ​ទេ​នៅ​ពេល​ស្ងោរ ទឹក​អាច​ចូល​ក្នុង​នំ ដែល​អាច​ធ្វើ​ឲ្យ​អង្ករ​រលាយ​ចេញ។ បន្ទាប់​ពី​ចង​ហើយ​យើង​ត្រូវ​យក​ទៅ​ស្ងោរ។

ការ​ស្ងោរ​យើង​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ពី ៥ ទៅ ៦ ម៉ោង ទម្រាំ​តែ​ឆ្អិន​ល្អ។ យើង​ត្រូវ​នៅ​ចាំ​មើល​ជាប់​ជានិច្ច យើង​ត្រូវ​មើល​ភ្លើង​ឲ្យ​បាន​ដិត​ដល់ ហើយ​ត្រូវ​ប្រែ​នំ​ទៅ​ម្ខាង​ទៀត ដើម្បី​ឲ្យ​នំ​ឆ្អិន​បាន​ល្អ៕

កែសម្រួលដោយៈ Mr365

Comments
Loading...