ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

រឿង​ពិតដ៏ព្រឺក្បាល! ប្រវត្តិ​គ្រួសារ​មនុស្ស​ស៊ី​មនុស្ស​អស់​ជាង1000នាក់​នៅក្នុង​ល្អាង​ភ្នំ

2,354

រឿងរ៉ាវ​របស់​មនុស្ស​ស៊ីសាច់​មនុស្ស​ត្រូវបាន​តំណាលតៗគ្នា​តាំងពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន តែ​រឿង​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ដែល​សាង​ក្តី​ភ័យរន្ធត់​ដល់​មនុស្សម្នា​ខ្លាំង​បំផុត​នោះ​ប្រហែលជា​គេច​មិន​ផុតពី​រឿងរ៉ាវ​របស់ អា​ឡេ​កសាន​ឌើ​រ “សវ៍នីយ៍” ប៊ី​ន បុរស​ដែលជា​មេ​គ្រួសារ​មួយ​ដែលមាន​សមាជិក 48នាក់​ ដែល​បានសម្លាប់​ជនរងគ្រោះ​យកមក​ធ្វើជា​អាហារ​អស់​មិនតិចជាង 1000នាក់​មកហើយ​នោះឡើយ។

រឿងរ៉ាវ​ដ៏​គួរឱ្យ​ភ័យខ្លាច​នេះ​កើតឡើង​ក្នុង​ចន្លោះ​សតវត្សរ៍​ទី16 ក្នុង​តំបន់ East Lothian ក្នុងប្រទេស​ស្កុ​តលែ​ន​ដ៍។ សវ៍នីយ៍ ជា​ក្មេង​ដែល​កើត​ក្នុង​គ្រួសារធម្មតាៗមួយ ដោយ​ឪពុក​របស់គេ​គ្រាន់តែ​ជា​អ្នក​ជីក​រ៉ែ និង​ជាជាង​តុបតែង​ដើមឈើ​ធម្មតា​ម្នាក់​ប៉ុណ្ណោះ។ សវ៍នីយ៍ ធំធាត់​ឡើង​ដើម្បី​ស្នង​ជំនាញ​ពី​ឪពុក តែ​ក៏​កើតហេតុ​ការណ៍​មួយ​ឡើង​ធ្វើឱ្យ​ជីវិត​របស់គេ​ត្រូវ​ប្រែប្រួល​រហូត​ទៅ។

សវ៍នីយ៍ រត់​ចេញពីផ្ទះ​ទៅជា​មួយ​ស្រី​អាវ៉ាសែ​ម្នាក់ ប្រាកដ​ណាស់​ថា ជីវិត​របស់គេ​ទាំងពីរ​មិន​បានល្អ​ប្រពៃ​ដូចដែល​ពួកគេ​បាន​រំពឹងទុក​នោះទេ។ សវ៍នីយ៍ ជា​មនុស្ស​ឈាម​ក្តៅ ឆាប់​ឆេវឆាវ មួម៉ៅ និង​កាច​សាហាវ ចូល​ជាមួយ​អ្នកណា​ក៏​មិន​ចុះ និង​ដោយសារតែ​ក្តី​ទីទាល់ក្រ​ធ្វើឱ្យ​រូបគេ និង​ប្រពន្ធ​ត្រូវ​ពនេចរ​រសាត់​អ​ណ្ដែ​តគ្មា​នទី​ស្នាក់អាស្រ័យ រហូត​បានមក​ជួបនឹង​ល្អាង​ភ្នំ​មួយ​នៅក្នុង​តំបន់ Bennane Head ដែល​ទាំងពីរ​នាក់​បានសម្រេច​ចិត្ត​យក​ទីនេះ​ធ្វើជា​ទីលំនៅ។

ល្អាង​ភ្នំ​ដែលមាន​ជម្រៅ​ជាង100 ម៉ែត្រ​នៅជាប់​នឹង​មាត់សមុទ្រ​នេះ​គឺជា​ទីកន្លែង​លាក់​បំពួន​អាត្មា​ដ៏​ល្អ​បំផុត​របស់​សវ៍នីយ៍ និង​ប្រពន្ធ។ ទាំងពីរ​នាក់​ប្រើ​ពេលវេលា​រស់នៅក្នុង​ល្អាង​ភ្នំ​នេះ​យូរ​ដល់​ទៅ 25ឆ្នាំ​ដោយ​គ្មាន​នរណាម្នាក់​រកឃើញ​ឡើយ ដោយសារតែ​ពេល​ទឹកជោរ​ឡើង ផ្លូវ​ចូល​ល្អាង​ត្រូវបាន​បិទ​ជិត​រហូត​មិនអាច​មើលឃើញ​បានឡើយ ហើយ​អ្វីដែល​ពួកគេ​ធ្វើ​ដើម្បី​ចិញ្ចឹមជីវិត​ក៏​គឺ ការ​ប្លន់ សម្លាប់ ឆក់យក​ទ្រព្យសម្បត្តិ និង​លួច​ស្បៀងអាហារ​ពី​អ្នកធ្វើដំណើរ​ដែល​ឆ្លងកាត់​ទៅមក​ក្នុងអំឡុង​ពេលយប់។

ក្នុង​ចន្លោះពេល​នោះឯង គូស្នេហ៍​កំពូល​ឃោរឃៅ​ចាប់ផ្តើម​ផលិត​កូនចៅ​ចេញមកជារឿយៗដោយ​ពួកគេ​ទាំងពីរ​នាក់​មានកូន​ប្រុស 8នាក់ កូនស្រី6នាក់ ចៅប្រុស18នាក់ ចៅស្រី14នាក់ និងចៅៗដែល​បង្កើតកូន​មកទៀត​តាមរយៈ​ការយក​បងប្អូន​ឯង​បង្កើត​ធ្វើជា​ប្តី​ប្រពន្ធ។

សមាជិក​ក្នុង​គ្រួសារ​មួយចំនួន​មាន​បញ្ហា​ផ្នែក​សតិបញ្ញា អ្នកខ្លះ​ពិការ​ក៏មាន ដែលជា​សរុបទៅ​សមាជិកគ្រួសារ​របស់​ស​វ៍​នី​យ៍​មាន​ច្រើន​រហូតដល់​ទៅ 48នាក់។ វា​ប្រាកដ​ណាស់​ថា ស្បៀងអាហារ​ដែល​ពួកគេ​ប្លន់​មក​បាន​នោះ​មិនដែល​គ្រប់គ្រាន់​ឡើយ ដូច្នេះហើយ​រឿង​មួយ​ដែល​នឹងធ្វើ​ឱ្យ​ពួកគេ​អាចមាន​ជីវិត​រស់នៅ​បាន​នោះ​គឺ ការ “ស៊ីសាច់​មនុស្ស” ហ្នឹងឯង។

ជនរងគ្រោះ​ដោយសារ​ការ​ប្លន់​របស់​សវ៍នីយ៍​ត្រូវបាន​នាំខ្លួន​មក​ក្នុង​ល្អាង ហើយ​ត្រូវបាន​ពន្លះ​ចេញ​ជាចំណែកៗដើម្បី​ចែកគ្នា​ស៊ីក្នុង​ក្រុមគ្រួសារ។ អវយវៈ​មួយចំណែក​ក៏ត្រូវ​បោះចោល​ទៅក្នុង​សមុទ្រ និង​អណ្ដែត​ទៅ​ទើរ​នៅលើ​បរិវេណ​ឆ្នេរ​ដែលនៅក្បែរៗនោះ។ ទាំងអស់គ្នា​នៅក្នុង​គ្រួសារ​របស់​សវ៍នីយ៍​មិន​ស្គាល់​ខុសត្រូវ ល្អ​អាក្រក់​ឡើយ ទាំងអស់គ្នា​ស្គាល់​តែ​ម្យ៉ាង​គត់​គឺ​ធ្វើយ៉ាងណា​ឱ្យតែ​ឆ្អែត​ពោះ​ប៉ុណ្ណោះ។

ក្នុងអំឡុងពេលដំបូងៗ អ្នកស្រុក​ដែល​រស់នៅក្នុង​តំបន់ក្បែរៗនោះ​មិនបាន​នឹក​ចាប់អារម្មណ៍​នឹង​ការបាត់​ខ្លួន​របស់​អ្នកដំណើរ​ប៉ុន្មាន​ឡើយ តែ​ដល់​ការបាត់​ខ្លួន​ចាប់ផ្តើម​ញឹកញាប់ឡើងៗ ទើប​ពួក​អ្នកស្រុក​ចាប់ផ្តើម​ធ្វើការ​ស្វែងរក​ជនបង្ក​ហេតុ​នៅក្នុង​តំបន់​កើតហេតុ ដែលមាន​ម្តងនោះ​មាន​អ្នក​សង្កេតឃើញ​ល្អាង​ភ្នំ​ដែល​សវ៍នីយ៍​ស្នាក់អាស្រ័យ​នោះដែរ តែ​គ្មាន​នរណាម្នាក់​ជឿថា នឹងមាន​មនុស្ស​រស់នៅក្នុង​ល្អាង​ភ្នំ​បែប​ហ្នឹង​បានឡើយ ទើប​ការរុករក​នៅក្នុង​ល្អាង​ភ្នំ​នោះ​មិន​ត្រូវបាន​ធ្វើឡើង​ឡើយ ដូច្នេះហើយ​ទើប​ក្តី​ស៊យ​ចង្រៃ​ត្រូវ​ធ្លាក់​ទៅលើ​បណ្តា​ម្ចាស់​សណ្ឋាគារ​ដែល​ត្រូវបាន​ក្លាយជា​ជនសង្ស័យ ដោយសារតែ​សណ្ឋាគារ​ជាទី​កន្លែង​ដែលមាន​អ្នក​បានឃើញ​ជនរងគ្រោះ​កាលពីពេល​នៅរស់។

រហូតមកដល់​យប់​មួយ មាន​ប្តី​ប្រពន្ធ​មួយគូ​ជិះសេះ​ធ្វើដំណើរ​ឆ្លងកាត់​មក ហើយក៏​ត្រូវ​ក្រុមគ្រួសារ​របស់​សវ៍នីយ៍​ស្ទាក់​វាយប្រហារ។ ប្តី​ជា​មនុ​ស្សមាន​ជំនាញ​ខាង​ការប្រយុទ្ធ ខំព្យាយាម​វាយវាត់​ដាវ​នៅក្នុង​ដៃ និង​ប្រើ​កាំភ្លើង​បាញ់​តស៊ូ តែ​ពួក​របស់​សវ៍នីយ៍​ក៏​ចាប់​អូស​ប្រពន្ធ​របស់គេ​ធ្លាក់​ពី​ខ្នង​សេះ​ទៅលើ​ដី រួចហើយ​នាង​ក៏ត្រូវ​ពួក​នោះ​រោម​ហែក​ស៊ី​ទាំង​រស់​ភ្លាម​តែម្តង។

ចំណែកឯ​ស្វាមី​សំណាងអាក្រក់​នោះ​ប៊ិះ​តែ​ក្លាយជា​ចំណី​របស់​គ្រួសារ​ឃោរឃៅ​នោះ​ម្នាក់ទៀត តែ​សំណាងល្អ​ដែលមាន​មនុស្ស​មួយក្រុម​ធំ​ទៀត​ធ្វើដំណើរ​មកដល់ ទើប​បក្ខពួក​របស់​ស​វ៍​នី​យ៍​ប្រញាប់​នាំគ្នា​រត់គេច​អស់យ៉ាង​ឆាប់រហ័ស។

រឿងរ៉ាវ​ដ៏​គួរឱ្យ​ភ័យខ្លាច​នេះ​បាន​សាយភាយ​ចេញទៅ​យ៉ាង​ឆាប់រហ័ស​រហូត​ឮ​ទៅដល់​ព្រះអង្គម្ចាស់ ចេ​ម​ស៍ ទី6នៃ​ស្កុ​តលែ​ន​ដ៍(ក្រោយមក​ក្លាយជា​ព្រះអង្គម្ចាស់ ចេ​ម​ស៍​ទី1 នៃ​អង់គ្លេស) ព្រះអង្គ​ក៏​បញ្ជា​ឱ្យ​កង​ទាហាន​ជាង 400 នាក់​ព្រមជាមួយ​សត្វ​សុនខ​ប្រមាញ់​ជាច្រើន​ក្បាល​ទៀត​ចេញ​ស្វែងរក​ជនល្មើស និង​មិនយូរប៉ុន្មាន ក្រុម​ស្វែងរក​ក៏បាន​ជួបនឹង​ល្អាង​លាក់ខ្លួន​របស់​សវ៍នីយ៍ និង​កូនចៅ។ គ្រប់គ្នា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ថ្នាក់​ស្រឡាំងកាំង​ចំពោះ​អ្វីដែល​ពួកគេ​បានឃើញ​នៅក្នុង​ល្អាង​ដ៏​តូច​មួយ​នេះ។

ខាងក្នុង​ល្អាង​ដែល​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​កន្លែង​ស៊ីសាច់​មនុស្ស​រហូត 25ឆ្នាំ​កន្លងមកនេះ ពោរពេញ​ទៅដោយ​ក្លិនស្អុយ​នៃ​គម្រង់​ខ្មោច គំនរ​ឆ្អឹង​ដ៏​ច្រើន​កម្ពស់​សឹងតែ​ប៉ុន​កូនភ្នំ​មួយ កម្ទេច​សាច់មនុស្ស​ដែល​ត្រូវបាន​ប្រឡាក់​ផ្អាប់​ទុកជា​ច្រើន​ទៀត និង​នៅមាន​សាកសព​មនុស្ស​មួយចំនួនទៀត​ដែល​ដេកស្លាប់​នៅ​រាយប៉ាយ​ពេញ​ក្នុង​ល្អាង និង​ដែល​សំខាន់បំផុត​នោះ​គឺ បណ្តា​សមាជិកគ្រួសារ​ទាំង48នាក់​ដែលមាន​សភាព​រាងកាយ​កខ្វក់ ស្អុយ និង​គ្រប់គ្នា​មើលទៅ​មានការ​ភ័យខ្លាច តែ​បង្កប់​ទៅដោយ​ខ្សែ​ភ្នែកមាន​កំហឹង និង​ចងអាឃាត។

ក្រុមគ្រួសារ​សវ៍នីយ៍​ទាំងអស់​ត្រូវបាន​ចាប់ខ្លួន និង​នាំទៅ​ឃុំឃាំង​ក្នុង​គុក Tolbooth នៅ​អេ​ឌិន​ប៊ើ​ក មុននឹង​ដឹកយក​ទៅ​ប្រហារជីវិត​យ៉ាង​សាហាវ​នៅឯ ហ្ក្រា​ស្កូ ដោយ​មនុស្ស​ប្រុស​ទាំងអស់​ត្រូវបាន​កាត់​ដៃ ជើង និង​អវយវៈ​ភេទ​ចោល រួច​ទុកចោល​ឱ្យ​ឈាម​ហូរ​អស់ពី​ខ្លួន​រហូតដល់​ស្លាប់ ចំណែក​ស្រី និង​កុមារ បន្ទាប់ពី​បណ្តោយឱ្យ​ឈរ​មើល​ពួកប្រុសៗស្លាប់​យ៉ាង​វេទនា​អស់ហើយ ក៏​ត្រូវបាន​នាំខ្លួន​ទៅ​ដុត​សម្លាប់ចោល​ទាំង​រស់។

ប្រវត្តិ​រឿងរ៉ាវ​របស់​គ្រួសារ​ស៊ីម​នុស្ស​មួយ​នេះ​មើលទៅ​ហាក់ដូចជា​ត្រូវបាន​បញ្ចប់ទៅ​យ៉ាង​អាណោចអាធ័ម​ត្រឹមតែ​ប៉ុណ្ណឹង តែ​នៅមាន​ប្រវត្តិ​រឿងរ៉ាវ​មួយទៀត​នៅឯ​ទីក្រុង Girvan ដែល​ស្ថិតនៅ​ក្បែរ​នោះដែរ​បាន​និយាយ​អំពី​កូនស្រី​របស់​សវ៍នីយ៍ ប៊ី​ន​ម្នាក់​ដែល​បាន​រត់គេច​រួចខ្លួន​ចេញពី​ល្អាង​ភ្នំ​នោះ និង​បានមក​សម្ងំ​ស្នាក់អាស្រ័យ​នៅក្នុង​ទីក្រុង​មួយ​នេះ​នៅក្នុង​ទីកន្លែង​តូច​មួយ​ដែល​នាង​បាន​ដាំ​ដើម Dule Tree រហូត​ក្លាយជា​កន្លែង​មួយ​ដែលមាន​គេ​ស្គាល់​ច្រើន​ក្នុង​ឈ្មោះថា The Hairy Tree ដែល​ក្រោយពី​ក្រុមគ្រួសារ​សវ៍នីយ៍​ត្រូវ​ចាប់ខ្លួន​មក ប្រវត្តិ​របស់​នាង​ត្រូវបាន​បើក​កកាយ​ដោយ​ពួក​អ្នកស្រុក​ដែល​នៅមាន​គំនុំ និង​បាន​ពួត​គ្នា​ចាប់ខ្លួន​នាង​យកទៅ​ព្យួរ​កនៅ​នឹង​ដើមឈើ​មួយ​នោះ​ទៅ៕

ប្រភពៈlareine.com.kh

ដកស្រង់ដោយៈMr165

 

 

Comments
Loading...