ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

៧ ចំណុច ការ​គ្រប់គ្រងលុយឱ្យមានប្រសិទ្ធភាពខ្ពស់ ពីអ្នកជំនាញហិរញ្ញវត្ថុ

2,128

បើនិយាយពីសេរីភាពហិរញ្ញវត្ថុ គឺ​មានន័យថា ពេលដែលអ្នករស់នៅមិនស្ថិតនៅក្រោមសំពាធនៃលុយកាក់ ពោលគឺអ្នកមានលុយគ្រប់គ្រាន់សម្រាប់ការចាយវាយប្រចាំថ្ងៃ សម្រាប់ការចំណាយទៅលើអ្វីដែលចាំបាច់។ សេរីភាពហិរញ្ញវត្ថុរបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ គឺទៅតាមលទ្ធភាពដែលពួកគេរកចំណូលបាន។

ពេលនេះ Business Cambodia សូមធ្វើការចែករំលែក នូវរូបមន្តទាំង ៧ ឆ្ពោះទៅរក សេរីភាពហិរញ្ញវត្ថុ ពីលោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុអាមេរិក ដែលអ្នកគួរអនុវត្តន៍ដែលលោក Dave Ramsey ឲ្យឈ្មោះថា” 7 baby steps” ៖

១) សន្សំ ១០០០ដុល្លារ សម្រាប់ពេលមានអាសន្ន

លោក Dave Samey បានឲ្យដឹងថា អ្នកគួរចាប់ផ្ដើមសន្សំលុយចំនួន ១០០០ ដុល្លារ សម្រាប់ទ្រទ្រង់ពេលមានអាសន្នកើតឡើង ដូចជា សម្រាប់ទំនុកបម្រុងពេលមានសមាជិកគ្រួសារធ្លាក់ខ្លួនឈឺ ការបាត់បង់ការងារធ្វើ ឬក៏ពេលជួបគ្រោះធម្មជាតិផ្សេងៗ ដែលអ្នកមិនអាចមើលឃើញ។ លោកថា ការសន្សំសម្រាប់ពេលមានអាសន្នពិតជាសំខាន់ណាស់ព្រោះវាជួយដោះទាល់បានមួយគ្រាដែរ។

២) ការដោះខ្លួនចេញពីបំណុល

លោកអ្នកត្រូវចាប់ផ្ដើមដោះបំណុលទាំងអស់ដែលអ្នកមាន លើកលែងតែបំណុលកម្ចីទិញផ្ទះ។ លោក Dave Ramsey បានផ្ដល់យោបល់ថា អ្នកគួរតែដោះបំណុលទៅតាមលំដាប់ ដោយ ប្រើ វិធី Snowball ពោលគឺ បំណុលណាដែលចំនួនតិចជាងគេ ត្រូវដោះមុន បន្ទាប់មកសឹមឈានទៅដោះបំណុលធំជាបន្តបន្ទាប់​ ព្រោះការធ្វើបែបនេះ អ្នកនឹងឃើញបំណុលរបស់រលាយបាត់បន្តិចម្ដងៗ ដែលធ្វើឲ្យអ្នកមានទឹកចិត្តបន្តទៀត។

៣) សន្សំលុយសម្រាប់ពេលមានអាសន្នរយៈពេល ពី៣ ទៅ ៦ខែ

បន្ទាប់ពីអ្នកសម្រេចបាននូវរូបមន្តទី ២ខាងលើហើយ អ្នកគួរតែបង្កើនចំនួនលុយសម្រាប់ពេលមានអាសន្ន សម្រាប់ចំណាយរយៈពេល ៣ ទៅ ៦ខែ។ លោកអ្នកត្រូវសួរខ្លួនឯងថា ប្រសិនបើអ្នកបាត់បង់ការងារយៈពេលពី ៣ ទៅ៦ខែ តើអ្នកត្រូវការលុយប៉ុន្មានសម្រាប់ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ។ ក្រៅពីការងារ ក៏អាចមានបញ្ហាផ្សេងទៀតដែលអ្នកត្រូវតែទំនុកបម្រុងលុយសម្រាប់ពេលអាសន្នផងដែរ។

៤) វិនិយោគ ១៥%នៃចំណូលទៅក្នុងលុយទំនុកម្រុងពេលចូលនិវត្តន៍

នៅពេលអ្នកដោះបំណុល និង សន្សំលុយសម្រាប់ពេលមានអាសន្នរួចហើយ អ្នកគួរវិនិយោគ ១៥%នៃ ប្រាក់ចំណូលរបស់គ្រួសារអ្នក យកទៅដាក់ក្នុងលុយសម្រាប់ទំនុកបម្រុងពេលចូលនិវត្តន៍។ លុយទំនុកបម្រុងពេលចូលនិវត្តន៍នេះ ពិតជាចាំបាច់ណាស់ដែលអ្នកត្រូវមាន ព្រោះពេលចូលនិវត្តន៍ហើយ អ្នកមិនអាចរកចំណូលបានច្រើនទៀតទេ។ លើសពីនេះ វាក៏ផ្ដល់ឲ្យអ្នកសម្រាប់លំហែកាយ ដូចជា ធ្វើដំណើរកម្សាន្តទៅលេងក្រៅប្រទេសជាដើម។

៥) ទំនុកបម្រុងលុយសម្រាប់ឲ្យកូនសិក្សា

ការផ្ដល់ការអប់រំដល់កូនៗ វាពិតជាចាំបាច់ណាស់ដែលអ្នកត្រូវតែធ្វើ។ នៅក្នុងចំណុចនេះ លោកអ្នកត្រូវចេះគុណគូរ ពីការចំណាយក្នុងមួយខែៗ សម្រាប់បង់ថ្លៃការសិក្សារបស់កូនៗរបស់អ្នក។ ចំពោះការ បញ្ជូនកូនទៅរៀន លោកអ្នកគួរតែជ្រើសរើសសាលារៀនណាដែលសមស្របទៅលទ្ធិភាពរបស់អ្នកដើម្បីចៀសវាងការចំណាយច្រើនហួស។

៦) ដោះបំណុលកម្ចីទិញផ្ទះ

បន្ទាប់ពីអ្នកសម្រេចបាននូវ ប្រាក់ទំនុកបម្រុងពេលមានអាសន្ន ប្រាក់សម្រាប់ចូលនិវត្តន៍ នឹងប្រាក់សម្រាប់ឲ្យកូនសិក្សា នោះលោកអ្នកត្រូវគិតគូរលើការ ដោះបំណុលលើកម្ចិទិញផ្ទះឲ្យបានលឿនទៅតាមសមត្ថភាពដែលអាចធ្វើទៅបាន។ ពេលដែលអ្នកដោះបំណុលកម្ចីទិញផ្ទះរួចហើយ អ្នកជិតឈានដល់ចំណុចមួយឆ្ពោះទៅរកភាពមានបាន។

៧) ចាប់ផ្ដើមបង្កើតភាពមានបាន និងចែករំលែក

មកដល់ចំណុចនេះ​ គឺជាពេលវេលាដែលអ្នក ត្រូវបង្កើតភាពមានបានរបស់ខ្លួន ដើម្បីបង្កើតភាពមានបាន លោកអ្នកត្រូវយកលុយទៅបង្កើតលុយបន្ត តាមរយៈការចូលហ៊ុនវិនិយោគជាមួយអ្នកវិនិយោគផ្សេងៗទៀត ដូចតាមវិនិយោគលើ វិស័យអចលនទ្រព្យ វិនិយោគលើផ្សារហ៊ុន ឬ វិស័យធនាគារជាដើម។ ពេលអ្នកមានលុយច្រើន ដែលទទួលបានពីការវិនិយោគហើយ អ្នករួមជាមួយក្រុមគ្រួសាររបស់អ្នក ធ្វើដំណើរកម្សាន្តទៅបរទេស។អ្នកក៏គួរតែចំណាយលុយខ្លះសម្រាប់សង្គមជាតិផងដែរ ដូចចូលរួមក្នុងកម្មវិធីមនុស្សធម៌ជួយប្រជាជនក្រីក្រជាដើម៕

ប្រភព៖ business-cambodia

Comments
Loading...