ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវិត និង​ស្នាដៃ​របស់ អាឡិចស៊ីស ក្លូត ក្លែរ៉ូ 1713-1765

1,791

អាឡិចស៊ីស ក្លូត ក្លែរ៉ូ ជា​គណិតវិទូ​ជាតិ​បារាំង​ដ៏​ល្បីល្បាញ​ម្នាក់ ។ ដោយ​ទទួល​ឥទ្ធិពល​ពី​ឪពុក​ដែល​ជា​គ្រូ​បង្រៀន​គណិតសាស្ត្រ ក្លែរ៉ូ បាន​ស្គាល់​គណិតសាស្ត្រ​តាំង​ពី​វ័យ​កុមារភាព​ម្ល៉េះ ហើយ​ឆាប់​ចាប់​បាន​នូវ​មុខវិជ្ជា​វិទ្យាសាស្ត្រ​នេះ​ណាស់ ។

អាយុ​បាន​១៦​ឆ្នាំ លោក​បាន​ក្លាយ​ទៅ​ជា​អ្នកនិពន្ធ​ស្នាដៃ​គណិតសាស្ត្រ​ដែល​តម្រូវ​ឲ្យ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ប៉ារីស​ត្រូវ​លុប​ចោល​ទម្លាប់​ធម្មតា​របស់​ខ្លួន ហើយ​ត្រូវ​បោះឆ្នោត​ជ្រើសតាំង​លោក​ជា​សមាជិក​បណ្ឌិតសភា​វិទ្យាសាស្ត្រ​នៅ​ឆ្នាំ​ដែល​មាន​វ័យ​១៨​ឆ្នាំ ។

ក្លែរ៉ូ​ ជា​អ្នក​ឈាន​មុខ​គេ​ក្នុង​ការ​ប្រើ​វិធី​វិភាគ​គណិតសាស្ត្រ​សម្រាប់​ស្រាវជ្រាវ​រូបវិទ្យា និង​ធ្វើ​ឲ្យ​មុខ​វិជ្ជា​រូបវិទ្យា​បាន​ក្លាយ​ទៅ​ជា​វិទ្យាសាស្ត្រ​មួយ​យ៉ាង​រឹងមាំ ។

រៀន​អក្សរ ឬ​រៀន​លេខ ?

កុមារ​ក្លូត​ចេះ​តែ​ទារ​ឲ្យ​ឪពុក​បី​ខ្លួន និង​ទារ​អង្គុយ​លើ​ភ្លៅ​ឪពុក ។ ដោយ​ស្រលាញ់​កូន លោកគ្រូ​ហ្សង់បាទី ក្លែរ៉ូ បី​កូន​ឡើង ហើយ​បើក​សៀវភៅ «បណ្ដា​ទ្រឹស្ដីបទ» របស់ ​អឺក្លីត ​ឲ្យ​កូន​មើល​រូប​គំនូរ​ក្នុង​បំណង​ឲ្យ​កូន​មាន​ល្បែង​មើល​លេង​ប៉ុណ្ណោះ​ដើម្បី​គាត់​បាន​ទំនេរ​ដៃ​ដាក់​ពិន្ទុ​ឲ្យ​កូន​សិស្ស ។

ក៏​ប៉ុន្តែ គាត់​មិន​អាច​ធ្វើការ​បាន​សោះ​ពីព្រោះ​កុមារ​តូច​នេះ​ចេះ​តែ​សួរ​មិន​ឈប់​មាត់ «រូប​នេះ​គឺ​រូប​អី ? គេ​គូរ​ដើម្បី​ធ្វើ​អ្វី ? តើ​គូរ​ផ្សេង​ពី​ហ្នឹង​បាន​ទេ ? ។ល។ និង​។ល។» ។

លោក ​ហ្សង់​ ឆ្លើយ​ឲ្យ​ផុត​ពី​មាត់​ថា «ឲ្យ​តែ​អាន​ដាច់​តួអក្សរ​នៅ​ពី​ក្រោម​រូប​ទាំងនោះ កូន​ឯង​ប្រាកដ​ជា​រក​បាន​ចម្លើយ​ក្នុង​សំណួរ​នេះ​មិនខាន» ។

ដូចនេះ ក្លូត​ ដាច់​ខាត​ទារ​ឲ្យ​ឪពុក​ត្រូវ​តែ​បង្រៀន​អក្សរ​ដែល​កត់ត្រា​នៅ​ពី​ក្រោម​រូប​គំនូរ​ទាំង​នោះ ។ លោក ​ហ្សង់​ មាន​ការ​ភ័ន្តភាំង​ក្រៃលែង​ចំពោះ​គំនិត​ចង់​ចេះ​ចង់​ដឹង​របស់​កូន ហើយ​លោក​កាន់​តែ​ស្រឡាំងកាំង​ថែម​ទៀត ដោយ​ឃើញ​កូន​ប្រុស​របស់​លោក​ឆ្លាត​ខុស​ធម្មតា ។ អាយុ​បាន​៥​ឆ្នាំ ក្នុង​រយៈ​ពេល​តែ​មួយ​សប្ដាហ៍​សោះ កុមារ​ក្លូត​បាន​រៀន​អក្សរ​ហើយ​ចេះ​អាន​ថែម​ទៀត ។ សៀវភៅ​រៀន​អាន​ដំបូង​បង្អស់​របស់​កុមារ ​ក្លូត​ គឺ​ជា​សៀវភៅ​វណ្ណកម្ម​ដ៏​ល្បី​របស់​គណិតវិទូ​មហិមា​ អឺក្លីត 

នៅ​ពេល​ដែល​កុមារ​មិន​ប្រលែង​លេង​សើច

ក្លូត​ ក្លែរ៉ូល ជា​ក្មេង​រពឹស ។ កុមារ​ក្លូត​តែង​រិះ​រក​ល្បែង​ជាច្រើន​មុខ​យក​មក​កំសាន្ត ហើយ​លេង​សើច​សប្បាយ​កង​រំពង​ជាមួយ​ប្អូនៗ​ពេញ​តែ​បន្ទប់ ។

តែ​មួយ​រយៈ​ពេល​ដែល​ជក់​ចិត្ត និង​ការ​អាន​នោះ លោក​ហ្សង់​បាន​សម្គាល់​ឃើញ​ថា យប់​ណា​ក៏​ក្នុង​បន្ទប់​របស់​កូន​លោក​ស្ងប់​ស្ងាត់ ។ លោក​នឹក​ថា​កូនៗ​លោក​ប្រញាប់​ចូល​គេង​ណាស់ ។ ចៃដន្យ​នៅ​ថ្ងៃ​មួយ​លោក​ភ្ញាក់​ធ្វើការ​កណ្ដាល​អធ្រាត្រ លោក​បាន​ឃើញ​ភ្លើង​ភ្លឺ​នៅ​ក្នុង​បន្ទប់​របស់​កូន ។ លោក​ក៏​ច្រាន​ទ្វារ​ចូល​ទៅ​ដើម្បី​ពន្លត់​ភ្លើង ។ បាតុភាព​ដ៏​ចម្លែក​មួយ​បាន​ស្ថិត​នៅ​ក្រោម​ភ្នែក​របស់​លោក គឺ​ក្លូត និង​ប្អូន​ប្រុស​កំពុង​អង្គុយ​ទល់​ក្បាល​គ្នា​មើល​សៀវភៅ​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​រឿង​អ្វីៗ​ដែល​ស្ថិត​នៅ​ជុំវិញ​ខ្លួន​ឡើយ ។ ការ​ពិត​កុមារ​ទាំង​២​កំពុង​រៀន​គណិតសាស្ត្រ ។

លោក​ហ្សង់​មាន​ការ​ភ័ន្តភាំង​យ៉ាង​ខ្លាំង​ពេល​ដែល​ឃើញ​កូន​ប្រុស​តូច​របស់​លោក​អាន​សៀវភៅ​ដ៏​ល្បី​ឈ្មោះ​របស់​គណិតវិទូ ឡូពីតាំង «ការ​វិភាគ​បណ្ដា​អនុគមន៍» បាន​ន័យ​ថា ជា​សៀវភៅ​មួយ​ក្នុង​ចំណោម​បណ្ដា​សៀវភៅ​ដំបូង​បង្អស់​ដែល​ស្ដីពី​ការ​វិភាគ​គណិតសាស្ត្រ ។

ពេល​ដែល​សួរ​ទៅ​កូន​ទើប​លោក​ហ្សង់​ដឹង​ថា ក្លូត និង​ប្អូនប្រុស​ធ្លាប់​បាន​រៀន​រួច​ទៅ​ហើយ​សៀវភៅ​ដ៏​ល្បី​ឈ្មោះ​ផ្សេងៗ​ទៀត​ ដូចជា ​សៀវភៅ «គណិតវិទ្យា​ប្រើ​ក្នុង​រេខា​គណិតសាស្ត្រ» របស់​គណិតវិទូ ហ្គឺលោ សៀវភៅ «បណ្ដា​បន្ទាត់​ស្រប​មុខ​កូនិក» របស់​ ឡូពីតាំង ជាដើម ។ កុមារ​ទាំង​ពីរ​បាន​រក​ឃើញ​សៀវភៅ​នោះ​ក្នុង​ទូ​សៀវភៅ​របស់​ឪពុក​ខ្លួន ។ កាល​ណោះ​ក្លូត​ទើប​តែ​អាយុ​៩​ឆ្នាំ​ប៉ុណ្ណោះ !

ទឹកភ្នែក​ដោយ​ក្ដី​សប្បាយ​រំភើប​ចិត្ត

ឆ្នាំ​១៧២៥ នៅ​សម័យ​ប្រជុំ​មួយ​របស់​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ប៉ារីស​បាន​កើត​ឡើង​នូវ​ព្រឹត្តិការណ៍​ដ៏​ចម្លែក​មួយ ។ បណ្ដា​អ្នកប្រាជ្ញ​ដែល​មាន​ពុក​មាត់​វែងៗ​អង្គុយ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​របាយការណ៍​មួយ​ស្ដីពី​បញ្ហា​គណិតសាស្ត្រ​ថ្មី ។ អ្នក​ធ្វើ​របាយការណ៍​គឺ​កុមារ​ម្នាក់​អាយុ​១២​ឆ្នាំ ។ កាន់​តែ​តាម​ដាន​ស្ដាប់​គេ​កាន់​តែ​នឹក​សង្ស័យ​ក្នុង​ចិត្ត មិន​ដឹង​តើ​កុមារ​នេះ​ពិត​ជា​អ្នកនិពន្ធ ធ្វើ​របាយការណ៍​នោះ​មែន​ឬ​ទេ ? ពីព្រោះ​កុមារ​នោះ​បាន​ឧទ្ទេសនាម​អំពី​ខ្សែ​បន្ទាត់​កោង​ដ៏​ស្មុគស្មាញ​ដែល​ខ្លួន​គេ​បាន​រក​ឃើញ ហើយ​គេ​បាន​ប្រើ​វិធី​គណនា​អនុគមន៍​សម្រាប់​សង្កេត​មើល​ខ្សែ​បន្ទាត់​កោង​នោះ ។

ពេល​អាន​របាយការណ៍​រួច​ហើយ គ្មាន​នរណា​ម្នាក់​ទះដៃ​សោះ ។ អ្នកប្រាជ្ញ​ម្នាក់​បាន​ងើប​ឈរ​ឡើង​សួរ​ថា «អ៊ីសាក់​ញូតុន និង លៃបឺនីស ដ៏​មហិមា ទើប​តែ​រក​ឃើញ​វិធី​គណនា​អនុគមន៍​មុន​នេះ​រាប់​សិប​ឆ្នាំ​ប៉ុណ្ណោះ ។ ក្នុង​ចំណោម​បណ្ដា​គណិតវិទូ​ដែល​មាន​វត្តមាន​នៅ​ទី​នោះ​ក៏​ពុំ​ទាន់​មាន​នរណា​យល់​ឲ្យ​ច្បាស់​អស់​នូវ​វិធី​គណនា​នោះ​ដែរ ។ សូម​ឲ្យ​យើង​ខ្ញុំ​បាន​ដឹង តើ​នរណា​ជា​អ្នក​បង្រៀន​អ្នកនិពន្ធ​ឲ្យ​ធ្វើ​របាយការណ៍​នេះ​ស្ដីពី​វិធី​គណនា​ដ៏​ល្អ​ប្រណីត​ដូច្នេះ ?» ។

គេ​នាំ​គ្នា​ចោទ​សួរ​អ្នកនិពន្ធ​តូច​ច្រមក់​នេះ​អំពី​ព្រឹត្តិការណ៍​គណិតសាស្ត្រ​យ៉ាង​ច្រើន​លើស​លុប ។ ហើយ​គេ​កាន់​តែ​ស្រឡាំងកាំង​ស្ញប់ស្ញែង​ពេល​ដែល​បាន​ដឹង​ថា កុមារ​ក្លូត ក្លែរ៉ូ រៀប​ចំ​ដោយ​ខ្លួន​ឯង​តាម​បណ្ដា​វណ្ណកម្ម​បញ្ហា​គណិតសាស្ត្រ​ជា​មូលដ្ឋាន ហើយ​ទន្ទឹម​នោះ មាន​ការ​យល់​ដឹង​ស្ដីពី​បណ្ដា​បញ្ហា​គណិតសាស្ត្រ​នា​ពេល​បច្ចុប្បន្ន​យ៉ាង​ច្បាស់​ប្រាកដ ។ ទេវវិទូ​ រ៉ៃណូ សមាជិក​បណ្ឌិតសភា​ដែល​មាន​មុខ​ក្នុង​អង្គ​ប្រជុំ​នេះ​បាន​ក្រោក​ឈរ​ឡើង​និយាយ​ក្នុង​សំឡេង​ញ័រៗ​ដោយ​ក្ដី​រំភើប​ថា «នៅ​ចំពោះ​មុខ​យើង​នេះ​ពុំ​មែន​ជា​កុមារ​តូច​ច្រមក់​ឡើយ តែ​ជា​មនុស្ស​ម្នាក់​ដ៏​មហិមា​ស័ក្តិសម​មាន​តួនាទី​ក្នុង​ចំណោម​បណ្ដា​អ្នកប្រាជ្ញ​ធំៗ​របស់​ប្រទេស​បារាំង» ។

លោកគ្រូ​ហ្សង់ ក្លែរ៉ូ ជា​ឪពុក​ដែល​ឈរ​ក្បែរ​នោះ មាន​ក្ដី​រំភើប​រីករាយ​ចិត្ត​យ៉ាង​ក្រៃលែង ​លោក​កាន់​ដៃ​ទាំង​ពីរ​របស់​រ៉ៃណូ ស្នាម​ញញឹម​លេច​ចេញ​លើ​បបូរ​មាត់ កែវ​ភ្នែក​ស្រវាំង​ដោយ​ទឹក​នេត្រា ។

ការ​បំពាន​លើ​លក្ខន្តិកៈ​ដែល​អ្នកណា​ក៏​ពេញ​ចិត្ត

នៅ​ឆ្នាំ​ដែល​ ក្លូត ក្លែរ៉ូ អាយុ​១៨​ឆ្នាំ ទេព្យ​កោសល្យ​គណិតសាស្ត្រ​របស់​លោក​បាន​លេច​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់ ដែល​មជ្ឈដ្ឋាន​គណិតវិទូ​អឺរ៉ុប​ត្រូវ​ឯកភាព​គ្នា​ទទួល​ស្គាល់ ។ បណ្ឌិតសភា​វិទ្យាសាស្ត្រ​ប៉ារីស​បាន​ប្រជុំ​ពិភាក្សា​ពី​បញ្ហា​ត្រូវ​តែ​អញ្ជើញ​ក្លែរ៉ូ​ឲ្យ​ចូល​ជា​សមាជិក​របស់​បណ្ឌិតសភា ។

ប៉ុន្តែ​លក្ខន្តិកៈ​ចាត់​តាំង​របស់​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ប៉ារីស​បាន​ចែង​ច្បាស់​ថា «បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​សមាជិក​បណ្ឌិតសភា​ត្រូវ​តែ​មាន​អាយុ​តិច​បំផុត​ត្រឹម​២០​ឆ្នាំ​ឡើង​ទៅ» ។ គេ​មិន​ដឹង​ថា​ត្រូវ​ប្រើ​វិធី​ណា​ដើម្បី​ដោះស្រាយ​ករណី​ក្លែរ៉ូ ។ គេ​សម្រេច​ចិត្ត​ធ្វើ​របាយការណ៍​មួយ​ថ្វាយ​ជូន​ព្រះរាជា​បារាំង ល្វី​ទី​១៥ ដើម្បី​សុំ​មតិ​សម្រេច​ពី​ព្រះអង្គ ។

បណ្ដា​សមាជិក​បណ្ឌិតសភា​មិន​នឹក​ស្មាន​សោះ​ថា ដើម្បី​ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​អំពី​ការ​បំពាន​លើ​លក្ខន្តិកៈ​ដែល​អាច​នឹង​កើត​មាន​ឡើង​នោះ ព្រះរាជា​ល្វី​ទី​១៥ បាន​ឆ្លើយ​តប​វិញ​ដោយ​ភាព​ក្រមាច់​ក្រមើម​ថា «នេះ​ជា​ការ​បំពាន​លើ​លក្ខន្តិកៈ​ដែល​អ្នកណា​ក៏​ពេញ​ចិត្ត​ដែរ» ។

កូន​ដែល​វង្វេង​ផ្លូវ

សតវត្ស​ទី​១៨ ជា​សតវត្ស​ដែល​រូបវិទ្យា​នៅ​អឺរ៉ុប​កំពុង​ត្រូវ​ការ​ឲ្យ​ដោះស្រាយ​បញ្ហា ៖ ប្រព័ន្ធ​ដេកាត ឬ​ប្រព័ន្ធ​ញូតុន ដែល​បកស្រាយ​បំភ្លឺ​បាន​យ៉ាង​សម​ស្រប​ចំពោះ​សកលលោក ។ កាល​ណោះ​រូបវិទ្យា​របស់​ញូតុន កាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ថាមពល​របស់​វា ក៏​ប៉ុន្តែ​ដោយ​គំនិត​ជាតិ​និយម​ហួស​ហេតុ បណ្ដា​អ្នកវិទ្យាសាស្ត្រ​បារាំង​ចេះ​តែ​ចចេស​ការពារ​ប្រព័ន្ធ​របស់​ដេកាត ។

ថ្ងៃ​មួយ​នោះ ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យ​ក្មេង​របស់​បារាំង ដឹក​នាំ​ដោយ​លោក ម៉ូប៊ែរទ្វី បាន​ប្រជុំ​គ្នា​ដើម្បី​ធ្វើការ​ឃោសនា​ផ្សព្វផ្សាយ​នូវ​សតិអារម្មណ៍​របស់​ញូតុន ។ យុវជន​ក្លែរ៉ូ​ជា​សមាជិក​ដ៏​សកម្ម​ក្នុង​ក្រុម​នេះ​ដែរ ។

ក្លែរ៉ូ​តែង​ចូល​ជាមួយ​សមាជិក​បណ្ឌិតសភា​វ័យ​ក្មេង​ដទៃ​ទៀត ដូចជា ម៉ូប៊ែរទ្វី កុងដាមីន ជួប​ពិភាក្សា​គ្នា​នៅ​រាល់​ពេល​ល្ងាច​អំពី​បញ្ហា​រូបវិទ្យា ។ គេ​កំពុង​ត្រៀម​រៀបចំ​ការ​ពិភាក្សា​មួយ​យ៉ាង​អស់​ដៃ​ជាមួយ​បណ្ដា​អ្នកវិទ្យាសាស្ត្រ​ដែល​តាម​និកាយ​ដេកាត ។ ជាមួយ​នឹង​សម្ដី​ដ៏​មុត​ស្រួច វោហារ​ដ៏​ប៉ិនប្រសប់ ឡកឡឺយ ដើម្បី​បញ្ជាក់​សន្និដ្ឋាន​អំពី​លក្ខណៈ​គ្មាន​មូលដ្ឋាន​របស់​ប្រព័ន្ធ​ដេកាត គេ​បាន​ធ្វើ​ឲ្យ​បណ្ដា​អ្នកវិទ្យាសាស្ត្រ​អភិរក្ស​និយម​របស់​បារាំង​ទទួល​បរាជ័យ ។

ដោយ​ត្រូវ​បរាជ័យ​លើ​វិស័យ​វិទ្យាសាស្ត្រ​នេះ បណ្ដា​សមាជិក​បណ្ឌិតសភា​និកាយ​ដេកាត បាន​សងសឹក​ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យ​ក្មេង​របស់​ក្លែរ៉ូ ដោយ​ហៅ​ថា «ក្រុម​កូន​ដែល​វង្វែង​ផ្លូវ» ។ បំណង​របស់​គេ​គឺ​ចង់​និយាយ​ថា នេះ​ជា​ក្រុម​ដែល​មិន​ចេះ​ការពារ​ពលរដ្ឋ​បារាំង​គ្នា​ឯង​ដែល​បាន​នាំ​មក​នូវ​កិត្តិយស​ដ៏​ថ្លៃថ្លា​ឲ្យ​ប្រទេស​ជាតិ​ខ្លួន​នោះ ។

មួយ​ព្រនង់​សម្រេច​កំណត់

កាល​នោះ​គេ​យល់​ថា ផែនដី​មាន​រូបរាង​ដូចជា​ពងមាន់ ឬ​ក៏​សំប៉ែត​នៅ​ប៉ូល​ទាំង​សង​ខាង ។ នោះ​គឹ​ជា​បញ្ហា​មាន​អត្ថន័យ​វិទ្យាសាស្ត្រ​ផង មាន​អត្ថន័យ​ទស្សនវិជ្ជា​ផង ។ នេះ​ពុំ​មែន​ត្រឹមតែ​ជា​បញ្ហា​រូបវិទ្យា​ផែនដី​តែ​នៅ​ជា​ការ​ដោះស្រាយ​បាន​យ៉ាង​ត្រឹមត្រូវ ដែល​អះអាង​នូវ​ការ​ប្រកែក​ដេញ​ដោល​គ្នា​រវាង​ប្រព័ន្ធ​ដេកាត និង​ប្រព័ន្ធ​ញូតុន ។

ដើម្បី​ស្រាវជ្រាវ​បញ្ហា​នេះ បណ្ឌិតសភា​វិទ្យាសាស្ត្រ​បារាំង​បាន​រៀបចំ​ឲ្យ​មាន​ក្រុម​ស្រាជ្រាវ​សង្កេត​មួយ ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ូល​ខាងជើង ដើម្បី​វាស់​បណ្ដោយ​ខ្សែវ័ណ្ឌ​ផែនដី​នៅ​កន្លែង​នេះ ។ ក្លែរ៉ូ​បាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ក្រុម​នេះ​ពេល​ដែល​លោក​ទើប​មាន​អាយុ​២៣​ឆ្នាំ ។

ឯកសារ​ដែល​រើស​ប្រមូល​បាន​ជា​មូលដ្ឋាន​នៃ​ការ​រក​ឃើញ​ខាង​គណិតសាស្ត្រ​ដ៏​មាន​តម្លៃ​របស់​ក្លែរ៉ូ «ទ្រឹស្ដី​អំពី​រូបរាង​របស់​ផែនដី» ។ សៀវភៅ​នេះ​បាន​រួម​ចំណែក​កំណត់​ការ​បរាជ័យ​របស់​រូបវិទូ​ដែល​ឈរ​ខាង​ដេកាត ហើយ​បាន​ធ្វើ​ឲ្យ​រូបវិទូ​ញូតុន​ក្លាយ​ទៅ​ជា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ផ្លូវការ​នៅ​ប្រទេស​បារាំង និង​អឺរ៉ុប ។ មិន​តែ​ប៉ុណ្ណោះ សៀវភៅ​នេះ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រីក​មុខ​វិជ្ជា​វិភាគ​គណិតសាស្ត្រ​ទៀត​ផត ៕

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

កែសម្រួលដោយៈMr365

Comments
Loading...