ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិដ៏សម្បូរបែប របស់​ប្រាក់រៀលជារូបិយវត្ថុ

2,491

ថ្វីត្បិតតែមិនមានភស្ដុតាងច្បាស់លាស់ថា កម្ពុជា មិនបានបោះផ្សាយរូបិយវត្ថុជាតិសម្រាប់ចរាចរក្នុងសេដ្ឋកិច្ច រហូតដល់ពេលដែលទទួលបានឯករាជ្យពីបារាំង នៅឆ្នាំ១៩៥៣ ប៉ុន្តែ ប្រាក់កាសត្រូវបានប្រើប្រាស់ជាង ២០០០ឆ្នាំ គឺមុនយុគសម័យរីកចម្រើននៃអាណាចក្រអង្គរ ក្នុងសតវត្សរ៍ទី៩ ទៅទៀត។

ប្រាក់កាសទាំងនេះត្រូវបានរកឃើញនៅទីតាំងកំណាយជាច្រើន ហើយបុរាណវិទូជឿជាក់ថា មានប្រាក់កាសបែបនេះច្រើនទៀតដែលនៅមិនទាន់គាស់កកាយ យោងទៅតាមការពិពណ៌នាអំពីប្រាក់កាសនៅលើវត្ថុនានាដែលបន្សល់ទុកពីសម័យនគរភ្នំ (ឬហៅថា សម័យហ្វូណន) នាសតវត្សរ៍ទី១ ដែលត្រូវបានគេទទួលស្គាល់ថា ជាអាណាចក្រដំបូងគេបង្អស់ដែលបានកើតឡើងនៅក្នុងតំបន់។ ពួកគេអះអាងថា អាណាចក្រមុនសម័យអង្គរ នេះ និងក្រោយមកជានគរចេនឡា ធ្លាប់បានប្រើប្រាស់រូបិយវត្ថុ និងប្រហែលជាបានផលិតប្រាក់កាសខ្លួនឯង ដែលស្រដៀងទៅនឹងប្រាក់កាសដែលបានបោះផ្សាយនៅទីកន្លែងផ្សេងទៀតក្នុងតំបន់។

ប្រាក់កាសដែលបានរកឃើញពីកំណាយនាពេលកន្លងមកមានច្រើនប្រភេទ ដោយធ្វើអំពីលោហធាតុ ដូចជា ទង់ដែង សំណ ប្រាក់ និងមាស ហើយមានឆ្លាក់រូបទេវតា និងសត្វ ដែលមានលក្ខណៈជាអរូបិយ និងរូបិយ ក៏ដូចជារូបព្រះអាទិត្យរះ និងនិមិត្តសញ្ញាសាសនាហិណ្ឌូ។ ប្រាក់កាសទាំងនេះក៏បង្ហាញអំពីអំណាច ភាពបើកចំហ និងភាពទំនើបនៃអាណាចក្រដ៏ធំ ដែលបានធ្វើជំនួញជាមួយប្រទេសចិន ឥណ្ឌា និងប្រទេសផ្សេងទៀត។ ប្រាក់កាសពីចក្រភពរ៉ូម៉ាំង ត្រូវបានគេរកឃើញនៅតាមបុរាណដ្ឋានមួយចំនួន ដែលបង្ហាញថា ជំនួញជួញដូរត្រូវបានពង្រីកដល់តំបន់អឺរ៉ុប

ចន្លោះឆ្នាំ១៨៦៣-១៩៥៣ ដែលកម្ពុជា ស្ថិតក្រោមអាណានិគមបារាំង បារាំង បានដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធរូបិយវត្ថុ ដែលប្រព័ន្ធនេះត្រូវបានប្រើប្រាស់រួមគ្នាជាមួយប្រទេសវៀតណាម និងឡាវ ដែលស្ថិតនៅ ក្រោមអាណានិគមបារាំង ផងដែរ។ ប្រទេសទាំងបីត្រូវបានគេស្គាល់ថា ជាប្រទេសឥណ្ឌូចិន ប្រើប្រាស់រូបិយវត្ថុដូចគ្នា ហើយបោះផ្សាយដោយធនាគារឥណ្ឌូចិន (ធនាគារពាណិជ្ជបារាំង ដែលទទួលបានសិទ្ធិពិសេសផ្ដាច់មុខ ក្នុងការបោះផ្សាយក្រដាសប្រាក់សម្រាប់ឥណ្ឌូចិន (Banque de l’Indochine)។ តម្លៃនៃរូបិយប័ណ្ណទាំងនេះ ត្រូវបានកំណត់ដោយផ្អែកលើរូបិយប័ណ្ណបារាំង និងមានតម្លៃដូចគ្នាក្នុងចំណោមប្រទេសក្រោមអាណានិគមទាំងបី។

លុះមកដល់ក្រោយពេលដែលអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្ដម សីហនុ ទាមទារបានឯករាជ្យពេញលេញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងក្រោយការចាប់បដិសន្ធិរបស់ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ ទើបព្រះរាជាណាចក្រកម្ពុជា ចាប់ផ្ដើមដាក់ឲ្យចរាចរប្រាក់រៀល នៅខែកញ្ញា ឆ្នាំ១៩៥៥។ កម្ពុជា អាចកំណត់ដោយខ្លួនឯងនូវតម្លៃរូបិយវត្ថុជាតិ បរិមាណរូបិយវត្ថុត្រូវបោះផ្សាយ បុរេប្រទានរូបិយវត្ថុជូនរដ្ឋាភិបាល ព្រមទាំងគោលនយោបាយពាណិជ្ជកម្ម និងពន្ធគយ

ប្រាក់រៀលបានបន្តប្រើប្រាស់រហូតដល់ឆ្នាំ១៩៧៥ ប៉ុន្តែឈានដល់របប ប៉ុល ពត សម័យនោះបានលុបបំបាត់ការចាយប្រាក់ ទម្លាក់គ្រាប់បែកលើអគារធនាគារជាតិ នៃកម្ពុជា ជម្លៀសប្រជាជនចេញពីរាជធានីភ្នំពេញ និងក្រុងដទៃទៀត (ក្នុងរបប ប៉ុល ពត រូបិយវត្ថុក៏ត្រូវបានផលិតផងដែរ ប៉ុន្តែមិនត្រូវបានដាក់ឲ្យចរាចរទេ)។

បន្ទាប់ពីរបប ប៉ុល ពត ត្រូវបានផ្ដួលរំលំនៅឆ្នាំ១៩៧៩ ប្រាក់រៀលត្រូវបានដាក់ឲ្យចរាចរឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០។ នៅឆ្នាំ១៩៩២ នៅពេលដែលអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិ នៅកម្ពុជា (អ៊ុនតាក់) បាននាំយកជំនួយ និងកម្លាំងសន្តិសុខ ព្រមទាំងចាក់លុយដុល្លារអាមេរិក យ៉ាងច្រើនសន្ធឹកសន្ធាប់មកកម្ពុជា។ ការស្រាវជ្រាវបង្ហាញថា ក្នុងអំឡុងឆ្នាំ១៩៩១-៩២ អ៊ុនតាក់ បានចំណាយប្រាក់ប្រមាណ ១,៧ប៊ីលានដុល្លារអាមេរិក (៧៥ភាគរយនៃ ផ.ស.ស. របស់កម្ពុជា នាពេលនោះ)។ ការណ៍នេះគឺជាដើមចម ដែលនាំឲ្យមានការដាក់ប្រាក់បញ្ញើជារូបិយប័ណ្ណបរទេសយ៉ាងច្រើននៅក្នុងប្រព័ន្ធធនាគារកម្ពុជា និងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបច្ចុប្បន្នមានចំនួនប្រមាណ ៩០ភាគរយ នៃប្រាក់បញ្ញើសរុបនៅកម្ពុជា។

កង្វះឯករាជ្យភាពបានដាក់កំហិតលើការអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយប្រសិទ្ធភាព។ ទោះជាយ៉ាងនេះក្ដី ធនាគារជាតិ នៃកម្ពុជា ក៏មិនអាចធ្វើបដិដុល្លារូបនីយកម្មសេដ្ឋកិច្ចភ្លាមៗទាំងតក់ក្រហល់បានទេ ព្រោះវាអាចប៉ះពាល់ដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងកំណើន ដូចជាបង្កដោយលំហូរចេញនៃមូលធនជាដើម។ ក្នុងស្ថានភាពនេះ ធនាគារជាតិ នៃកម្ពុជា បាននិងកំពុងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដោយសន្សឹមៗ និងតាមយន្តការទីផ្សារ។

ក្រដាសប្រាក់រៀលត្រូវបានធ្វើឲ្យប្រសើរឡើងជាលំដាប់ ដោយមានរូបភាពវីរបុរសខ្មែរ និងប្រជាជន និងសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីជំរុញសាមគ្គីភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគាំទ្រដោយស្ថិរភាពតម្លៃប្រាក់រៀល គួបផ្សំនឹងការបន្តប្រើប្រាស់រូបិយវត្ថុជាតិរបស់ប្រជាជននៅតាមជនបទ។

ក្រដាសប្រាក់រៀល ដែលមានតម្លៃពី ៥០រៀល ដល់ ១០០.០០០ (មួយសែន) រៀល ក៏បង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌សំខាន់ៗ ក៏ដូចជាកំណើនសេដ្ឋកិច្ចផងដែរ។ ជាក់ស្ដែង រូបភាពនៃស្នាមញញឹមរបស់នារីកសិករដែលកំពុងច្រូតស្រូវ រំលេចនៅលើផ្នែកខាងក្រោយនៃក្រដាសប្រាក់ ២០០០រៀល គឺជាការឆ្លុះបញ្ចាំងពីសារៈសំខាន់នៃវិស័យកសិកម្មរបស់កម្ពុជា នាគ្រប់សម័យកាល។ នៅផ្ទៃខាងមុខ មានរូបប្រាសាទព្រះវិហារ ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូ នៅឆ្នាំ២០០៨ បង្ហាញពីប្រវត្តិសាស្ត្រដ៏រុងរឿង និងវប្បធម៌ដ៏រឹងមាំរបស់កម្ពុជា។

ក្រដាសប្រាក់រៀលថ្មីមានគុណភាពល្អ និងសុវត្ថិភាពខ្ពស់ ព្រោះក្រដាសប្រាក់រៀលថ្មីនេះមានបង្កប់លក្ខណៈពិសេស ដូចជា បច្ចេកវិទ្យា Holograms រូបបណ្ដុះ ខ្សែបង្កប់សុវត្ថិភាព អក្សរពុម្ពតូចៗ និងសរសៃអំបោះឆ្មារនៅក្រដាសប្រាក់រៀលចាប់ពី ១០.០០០រៀល ឡើងទៅ។ នៅលើក្រដាសប្រាក់ ១០០.០០០ (មួយសែន) រៀល មានបង្កប់លក្ខណៈពិសេស ៣៧មុខ និងនៅលើក្រដាស ១០.០០០រៀល ២០.០០០រៀល និង ៥០.០០០រៀល មានលក្ខណៈពិសេសបង្កប់ជាង ៣០មុខ។ ក្រដាសប្រាក់ថ្មីទាំងនេះ ក៏មានលក្ខណៈពិសេសជំនួយដល់អ្នកពិការភ្នែកផងដែរ។ ក្រដាសប្រាក់ ៥.០០០រៀល ១០.០០០រៀល ២០.០០០រៀល និង ១០០.០០០រៀល សុទ្ធតែមានតួអក្សរប្រៃល៍ (Braille) សម្រាប់អ្នកពិការភ្នែកស្ទាប ចំណែកក្រដាសប្រាក់តម្លៃទាបជាងនេះ គឺបោះពុម្ពក្នុងទំហំខុសៗគ្នាដើម្បីជួយឲ្យជនពិការភ្នែកស្រួលចំណាំ

កែសម្រួលៈ Mr 365

Comments
Loading...