ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិនំឆាខ្វៃ

2,252

ឆាខ្វៃ​គឺ​ជា​នំ​ចិន​មួយ​ប្រភេទ​ ដែល​ខ្មែរ​យើង​និយម​ទទួល​ទាន​ជាមួយ​បបរ ទឹក​ដោះ​គោ កាហ្វេ ឬទទួល​ទាន​ទទេ ​ក៏​បាន ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្សម្នាក់ៗ។​ សម្រាប់​ខ្ញុំ​ ក៏​ចូល​ចិត្ត​នំ​ប្រភេទមួយ​នេះ​ខ្លាំង​ណាស់​ដែរ តែ​មិន​ដឹង​ថា​នំ​នេះ​មាន​ដើម​កំណើត​​មក​ពី​ណា ហើយហេតុ​អ្វី បាន​ជា​ឈ្មោះ​ឆាខ្វៃ​នោះ​ដែរ។ រហូត​មក​ដល់​ថ្ងៃ​មួយ ពេល​បើក​វចនានុក្រម​សម្តេច​ព្រះសង្ឃរាជ​ជួន​ណាត មក​ដល់​ទំព័រ៩៤៩ក៏​បាន​ប្រទះ​ពាក្យ​​​«យ៉ាវ​ឆាខ្វៃ​» ដែល​ជាឈ្មោះ​ពេញ​របស់​នំ​នេះ។ 
វចនានុក្រម​ដដែល​នេះ​ បាន​ពន្យល់​ទៀត​ថា «យ៉ាវ​ឆាខ្វៃ» ជាពាក្យ​ចិនផ្សំ​ឡើង​ដោយ​​បី​ពាក្យ​គឺ យ៉ាវ«ខ្លាញ់» + ឆា«ចម្រាញ់» + ខ្វៃ«មនុស្សក្បត់ឈ្មោះខ្វៃ» > យ៉ាវ​ឆាខ្វៃ។ យ៉ាវ​ឆាខ្វៃ​គឺ​ឈ្មោះជា​នំ​ចិន​មួយ​បែប ជានំ​ដែល​គេ​ធ្វើ​ទុក​ឲ្យ​ជា​គ្រឿង​សម្គាល់ នូវ​រឿង​រ៉ាវ​នៃ​មនុស្ស​ក្បត់ផែន​ដី​ម្នាក់​ឈ្មោះ ​ខ្វៃ ដែល​រាជការ​សឹក​ចិនបុរាណ​សម័យ​ព្រេង​នាយ បាន​ចាប់​យក​មក​ធ្វើ​ទារុណកម្មដោយ​អារ​សាច់​ទាំង​រស់ ចម្រាញ់​ធ្វើ​ជានំ​ឲ្យ​ឈ្មោះ​ខ្វៃ ស៊ីសាច់​របស់​វា ហើយ​គេ​ឲ្យ​ជាង​ឆ្លាក់​ថ្ម​ធ្វើ​ជារូបវា​ទុក​នៅទីមួយ​ជាសញ្ញាផ្ចាញ់​ផ្ចាល កុំ​ឲ្យ​ជន​ឯ​ទៀតៗយក​តម្រាប់​តាម, គេ​ឲ្យ​ធ្វើ​នំ​មួយ​បែប​ទុក​ជាភស្តុតាង​ ដើម្បី​ឲ្យ​បច្ឆាជន​ទាំង​ពួង​ស្គាល់​ឈ្មោះ​ជន​ក្បត់​ផែន​ដី​នោះតៗ​មក, គេ​ឲ្យ​ឈ្មោះ​នំ​នោះ​ថា យ៉ាវ​ឆាខ្វៃ«នំ​ចម្រាញ់​ខ្លាញ់​អាខ្វៃ»

ចិន​នៅ​ប្រទេស​កម្ពុជា ពពាយ​នាយ​លក់​នំ​នេះ​ថា យ៉ាវឆាខ្វៃ! , អ្នក​ខ្លះ​ទៀត​ហៅ​នំ​នេះ​ថា នំ​ឆាខ្វៃ, អ្នក​ខ្លះ​ហៅ​នំប្រៃៗ ពីព្រោះ​នំ​នេះ​មាន​រសប្រៃ​បន្តិចៗ, អ្នក​ខ្លះ​ទៀត​ហៅ នំ​ប្រៃឡមៗ, គេ​ច្រើន​ប្រើ​បរិភោគ​ផ្សំជាមួយ​នឹង​កាហ្វេ ឬគុយ​ទាវ​ជាដើម តាម​ទម្លាប់​ប្រើ។ ចំណែក រូប​ថ្មអាខ្វៃ​នោះ មាន​នៅប្រទេស​ចិន ដរាប​មក​ដល់​សព្វថ្ងៃ​នេះ៕​

By: Mr365

Comments
Loading...