ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិសង្ខេបសម្តេចព្រះ​មហាសុមេធាធិបតី​ ជួន ណាត

3,445

កំណើត៖ សម្តេចព្រះ​មហាសុមេធាធិបតី​ជួន ណាត ប្រសូត​នៅ​ថ្ងៃ​អង្គារ ​ទី​ ១១ ខែមីនា ឆ្នាំ​១៨៨៣ នៅ​ភូមិ​កំ​រៀង សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ព្រះ​បិតា​នាម​ជួន ព្រះ​មាតា​នាម  យក់ ។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​គត់​គឺ​សម្តេច និង​ឧក​ញ៉ាសោ​ភ​ណ​មន្ត្រី​ ជួន នុ​ត ។ សម្តេច ជួត ណាត បានសុគត នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ដោយជរាពាធ។

ប្រវត្តិការសិក្សា៖ សម្តេច ជួន ណាត កាល​នៅ​​កុមារ​បាន​សិក្សា​អក្សរ និង​លេខ​ដរាប​ដល់​ជន្មាយុ​ ១៤​ ឆ្នាំ បាន​បួស​ជា​សាមណេរ នៅខែ ឧសភា ឆ្នាំ ១៨៩៧ បួសជាសាមណេរនៅវត្តពោធិព្រឹក្ស (​ហៅ​វត្ត​ពោល្យំ​) សង្កាត់​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។ សម្តេច ជួន ណាត បានបួស​ជា​សាមណេរ​បាន​ពីរ​ឆ្នាំ ហើយបាន​ចូល​សិក្សា​ព្រះ​បរិយត្តិ​ធម៌​នៅ​វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ​ជន្មាយុ​គ្រប់​ ២១​ឆ្នាំ បាន​ទៅ​សូម​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ខែមិថុនា ឆ្នាំ១៩០៤

ប្រវត្តិការងារ៖ សម្តេច ជួន ណាត ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ​កាន់​កិច្ចការ​ផ្ទាល់ នៅឆ្នាំ ១៩១៩, ឆ្នាំ ១៩២៥ សម្តេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​សេចក្តី​ខុស​ត្រូវ​នៃ​សៀវភៅ​នានា​ដែល​សាលា​បាលី​ជាន់ខ្ពស់​បោះពុម្ពផ្សាយ, ឆ្នាំ១៩២៦ ជា​មេ​ប្រយោគ​ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនបត្រ​បឋម​សិក្សា​ខ្មែរ និង​សញ្ញាបត្រ​បឋម​សិក្សា​ជាន់ខ្ពស់​បារាំង​-​ខ្មែរ នៅ​ក្រុងភ្នំពេញ, ឆ្នាំ១៩២៧ ​ជា​សមាជិក​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​វចនានុក្រម​ខ្មែរ ហើយបាន​ទទួល​ធ្វើ​វចនា​នុ​ក្រុម​តែ​មួយ​ព្រះ​អង្គ​ឯង​ដរាប​ដល់​បាន​ចប់​សព្វគ្រប់ បាន​បោះពុម្ពផ្សាយ​ទាំង​ភាគ​ ១ និង​ភាគ ​២, ឆ្នាំ១៩២៧ ជា​សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្តាច់​ឆ្នាំ​សម្រាប់​ព្រះរាជ​បណ្ណាល័យ​កម្ពុជា, ឆ្នាំ១៩៣០ ជា​ចាងហ្វាង​រង​នៃ​សាលា​បាលី​ជាន់ខ្ពស់​ក្រុងភ្នំពេញ, ឆ្នាំ១៩៣០ ​ជា​សមាជិក​ជំនួយ​នៃ​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​, ឆ្នាំ១៩៣២ ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យពេចន៍​ក្នុង​ផ្ទៃ​នៃ​កវីនិពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំងនេះ​ទៅ​ក្នុង​វចនានុក្រម​ខ្មែរ, ឆ្នាំ១៩៣៣ ​​ជា​សមាជិ​ក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សាធិការ​ជាតិ​បោះពុម្ពផ្សាយ, ឆ្នាំ១៩៣៤ ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ពាក្យ​ខ្មែរ ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ, ឆ្នាំ១៩៣៥ ​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសាបាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ទីបំផុត​នៃ​មធ្យមសិក្សា​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ក្រុងភ្នំពេញ, ឆ្នាំ១៩៤២ ជា​ចាងហ្វាង​នៃ​សាលា​បាលី​ជាន់ខ្ពស់ ក្រុងភ្នំពេញ (​ពុទ្ធិកវិទ្យាល័យ ព្រះ​សុរា​ម្រឹត​), ឆ្នាំ១៩៤៤ ​ជា​ចៅអធិការ​វត្ត​ឧណ្ណាលោម, ឆ្នាំ១៩៤៥ ​ជា​អធិបតី​នៃ​ថេរ​សភា​គឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​ព្រះសង្ឃ, ឆ្នាំ១៩៤៧ ​ជា​អនុប្រធាន​គណៈកម្មការ​វប្បធម៌ ផ្នែក​អក្សរ (​ក​) នៃ​គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា, ឆ្នាំ១៩៤៨ ​ជា​ប្រធាន​នៃ​គណៈកម្មការ​ធម្ម​វិន័យ ពិនិត្យ​ការ​ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្ម​វិន័យ ក្នុង​ព្រះរាជាណាចក្រ, ឆ្នាំ១៩៦១ រហូត​មក សម្តេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​ពី​សមាគម​អ្នកនិពន្ធ​ខ្មែរ ធ្វើ​ជា​ប្រធាន​នៃ​ការ​សម្ភាស​អក្សរសាស្ត្រ ផ្សាយ​តាម​សំឡេង​វិទ្យុជាតិ​រាល់ថ្ងៃ​សុក្រ, ឆ្នាំ១៩៦៨ ទ្រង់​ទទួល​ព្រះ​ឋានៈ​ជា​ព្រះប្រធាន​នៃ​គណៈកម្មការ​ពិនិត្យ​ស្នាដៃ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ, ឆ្នាំ១៩៦៩ ជា​ព្រះប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់ជាតិ​ខ្មែរ និង១៩៦៩ ​ជា​ព្រះប្រធានគណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់ជាតិ​ខ្មែរ។ គ្រឿង​ឥស្សរិយយស សម្តេច ជួន ណាត ទទួលបានមេដាយ​អស្សរឹទ្ធិ​មុនី​សារា​ភរ​ណ៍នៅឆ្នាំ ១៩១៧, ឆ្នាំ ១៩៣២ មេដាយ​អស្សរឹទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា, ឆ្នាំ១៩៣២ មេដាយ​អស្សរឹទ្ធិ​ដំរី​មួយ​លាន និង​ស្វេតច្ឆត្រ ប្រទេស​លាវ​, ឆ្នាំ១៩៣៧ មេដាយ​សេនា​នៃ​បណ្ឌិត្យសភា សាធារណរដ្ឋ​បារាំង, ឆ្នាំ១៩៤២ មេដាយ​អស្សរឹទ្ធិ ដឺ​ឡា​ឡេ​ស្យុ​ង ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង, ឆ្នាំ១៩៤៤ មេដាយ​សេនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា, ឆ្នាំ១៩៤៨ មេដាយ​សេនា​ដឺ​ឡា​ឡេ​ស្យុ​ង​ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង​, ឆ្នាំ១៩៤៨ មេដាយ​សេនា​ដឺ​ឡា​ឡេ​ស្យុ​ង​ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង, ឆ្នាំ១៩៦២ មេដាយ​មហា​សិរី​វឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា, ឆ្នាំ១៩៦៣ មេដាយ​មហា​សិរី​វឌ្ឍន៍​សុ​វត្ថា​រា និងឆ្នាំ១៩៦៩ មេដាយ​ជា​តូប​ការ​ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

Comments
Loading...