ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ដើម​ទង់ខ្លះ​ៗ រហូ​ត​ដល់ការ​គ្រប់​គ្រង​ព្រះបាទសុរិយាវរ្ម័នទី២

3,234

យើងបានជ្រាបហើយថា ប្រាសាទអង្គរវត្ត ដែលជាផ្នែកមួយយ៉ាងសំខាន់នៃប្រវត្តិសាស្ត្ររបស់ ប្រជាជនខ្មែរ ត្រូវបានកសាងឡើងដោយព្រះបាទសុរិយាវរ្ម័នទី២ ដែលជាស្តេចសឹក ដ៏ខ្លាំងពូកែនាសម័យអង្គរ ។ អត្ថបទដ៏ខ្លីនេះ ក៏មានការរួមចំណែកមួយក្នុងការស្វែងយល់អំពីព្រះជីវប្រវត្តិរបស់ស្តេចអង្គនេះផងដែរ ។ យើងសង្ឃឹមថា នឹងអាចផ្តល់នូវចំណេះដឹងមូលដ្ឋានដល់អ្នកដែលប្រាថ្នាចង់យល់ពីប្រវត្តិ របស់ស្តេចខែ្មរអង្គនេះ ។
ជាបឋមសូមរំលឹកថា ព្រះបាទជ័យវរ្ម័នទី ៦ (១០៨០-១១០៣) ដែលស្ថិតក្នុងត្រកូលអភិជន ( មហិធវបុរ ) តំបន់ខាងជើង បានជ្រែករាជ្យហស៌វរ្ម័នទី ៣ (១០៦៦-១០៨០) ដោយមានព្រាហ្មណ៍ ទិវាករបណ្ឌិតជួយជ្រោមជ្រែង ក្នុងកិច្ចការនេះផង ។ ព្រះមហាក្សត្រខ្មែរនេះ មិនជាប់ខ្សែស្រឡាយ និង ព្រះរាជាមុនៗ ទេ ។ សូមរំលឹកថា ក្រោយពេលដែលព្រះអង្គសុគតនិងដោយព្រះអង្គគ្មានរាជបុត្ររាជ សម្បត្តិត្រូវធ្លាក់មកដល់ព្រះ យុវរាជជាអនុជ តែក្សត្រនេះសុគតមុនទទួលរាជ្យ ។ ដូច្នេះហើយបានជារាជសម្បត្តិ ត្រូវបានបង្វិលមកអោយ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ (១១០៧- ១១១៣) ដែលជាព្រះរាមនេះ បើយោងលើសិលាចារិកនៃប្រាសាទភ្នំព្រះវិហារ ។
នៅឆ្នាំ ១១១៣ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ត្រូវព្រះនត្តា(ចៅមា) គឺព្រះបាទសុរិយាវរ្ម័នទី២ ជ្រែករាជ្យ ។ ការបះបោរនេះ មានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ នេះបើតាមសិលាចារិកប្រាសាទព្រះ ជ័យវរ្ម័ន ទំព័រ ៣០៧ ទីបំផុតព្រះបាទធរណិន្ទ្រវរ្ម័នទី១ ត្រូវព្រះនត្តាធ្វើគត ដោយលោតទៅសម្លាប់ លើក្បាលដំរី ដូចគ្រុធសម្លាប់ពស់ បើយោងលើសិលាចារិកបានថាត ។
ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នយោបាយ និង ជីវភាពទូទៅ យើងអាចនិយាយបានថា ក្រោយ ដែលបានដណ្តើមរាជ្យពីព្រះបាទធរណិន្ទ្រវរ្ម័នទី១ មក ព្រះបាទសុរិយាវរ្ម័នទី២ បានបង្រួមរាជាណាចក្រ២ នេះបើយោងលើផ្ទាំងសិលាចារិកវត្តភូនៅប្រទេសលាវបច្ចុប្បន្នដែលវាជាភាគមួយនៃទឹកដីខ្មែរនាសម័យបុរាណ។ ចក្រភពខ្មែរក្នុងសម័យនោះ ប្រហែល ជាគ្រប់គ្រងដោយស្តេចតណវង្សនៃហស៌វរ្ម័នទី៣ នេះបើ តាមការស្រាវជ្រាវរបស់លោកស៊ឺដេស ។
ព្រះមហាក្សត្រអង្គនេះ ផ្ទុយពីស្តេចឯទៀត ដែលសោយរាជ្យមុនៗ ព្រោះព្រឹត្តិការណ៍ធំៗ ក្នុងរាជ្យព្រះអង្គ ឥតមានចារ លើថ្មជាអក្សរចារិកទេ ។ តែអាចដឹងប្រវត្តិព្រះអង្គខ្លះៗ ដោយសារកាលប្រវត្តិ របស់ប្រទេសជាគូប្រយុទ្ធចាស់ ហើយនឹងតាមឯកសារចិនតែប៉ុណ្ណោះ ។ ទ្រង់បាន បង្ក្រាបការបះបោរក្នុងស្រុក ដោយរៀបចំគ្រប់គ្រងប្រទេសឲ្យបានរុងរឿង ។ ឯវិស័យសេដ្ឋកិច្ច បញ្ហា លំបាកខាងផ្នែកជំនួញជាដើមត្រូវបានសម្រួលនៅរវាងឆ្នាំ (១១៣១-១១៤៧) ។
សំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទ ព្រះបាទសុរិយាវរ្ម័នទី២ ជាព្រះមហាក្សត្រមួយអង្គបាន ត្រាស់បង្គាប់ឲ្យសាងប្រាសាទថ្មជាច្រើន ។ សំណង់ទាំងឡាយមានជាអាទិ៍ :
– ប្រាសាទតាកែវ ផ្តើមសាងក្នុងរាជ្យព្រះបាទសុរិយាវរ្ម័នទី១
– ភ្នំសណ្តាក់ (កំពង់ធំ) ផ្តើមក្នុងរាជ្យយសោវរ្ម័ន និង ជ័យវរ្ម័នទី៦
– វត្តភូ (នៅលាវ) ព្រះបាទជ័យទី៦
– បង្ហើយប្រាសាទព្រះវិហារ ព្រះបាទយសោវរ្ម័ន និង ព្រះបាទសុរិយាទី១
– បេងមាលា ព្រះបាទជ័យទី៦
សូមជម្រាបថាប្រាសាទខាងលើទាំងប៉ុន្មាននេះត្រូវបានស្ថាបនាបន្តពីស្តេចមុនៗ ក្រៅពីនេះយើងបានឃើញសំណង់ស្ថាបត្យកម្មមួយចំនួនទៀតដូចជា :
– ព្រះពិធូរ ក្នុងបរិវេណអង្គរធំ
– បន្ទាយសម្រែ ខាងកើតនៃបារាយ៍ខាងកើត
– ចៅសាយទេវតា ធម្មនន្ត នៅខាងកើតបរិវេណ អង្គរធំ
– ព្រះខាន់ (កំពង់ស្វាយ) (ភាគកណ្តាល កំពង់ធំ)
– ភិម៉ៃ (ភិមាយ) ក្នុងស្រុកសៀម នៅខេត្តនគររាជសីមាសព្វថ្ងៃ
– ប្រាង្គកណ្តាលនៃប្រាសាទបាគង
– ប្រាសាទអង្គរវត្ត
ក្នុងចំណោមប្រាសាទថ្មធំៗ មានតែវប្រាសាទអង្គរវត្ត ដែលជាប្រាសាទល្បីជាងគេ ក្នុងចំណោម ប្រាសាទធំៗរបស់ខ្មែរ។ តាមលោកស៊ឺដេសថា ប្រាសាទនេះសាងឡើងដើម្បីរំឮកជ័យជំនះ របស់ព្រះបាទសុរិយាវរ្ម័ន២ ហើយមិនអាច សាងមុនឆ្នាំ ១១១២ បានទេ យ៉ាងហោចណាស់ត្រូវសាងពីឆ្នាំ ១១១៥-១១៨០ ។ ឯលោក អៃ ម៉នីយេវិញ បានអះអាងថា តាមរូបរាងអក្សរ គេអាចស្មានបានថាសាងនៅក្នុង ស.វ.ទី ១២ ហើយយ៉ាងយូរណាស់បន្តរហូតមកដល់ពាក់កណ្តាលទី ១ នៃ ស.វ.ទី ១៣ ។
សិលាចារិកប្រាសាទ ព្រះវិហារ បញ្ជាក់ថា នៅឆ្នាំ ១១១៩ នៃ ព្រះបាទសុរិយាវរ្ម័នទី២ បានបង្គាប់ ឲ្យប្រមូលកម្មករ និងជាងចម្លាក់ ៣ ឬ ៤លើក ។ ដោយសំអាងលើសិលាចារិកនេះ និង រូបរាងនៃអក្សរយើង អាចសន្និដ្ឋានថា ប្រាសាទអង្គរវត្តជាប្រាសាទមួយ សាងក្នុងរាជ្យព្រះបាទ សុរិយាវរ្ម័នទី២ ។ ប្រាសាទអង្គរវត្ត នេះ មានសិល្បៈល្អដល់កម្រិតបរិមាណ ។ នៅតាមជញ្ជាំងពោរពេញដោយក្បាច់ចម្លាក់ពីជីវប្រវត្តិស្តេចខ្មែរ និង ចម្លាក់រឿងរាមមាយណៈ និង មហាភារត ស្របទៅតាមជំនឿសាសនាសម័យនោះ ដែលកាន់សាសនា ព្រាហ្មណ៍ គណៈវិស្ណុនេះឯង ។
ម្យ៉ាងវិញទៀត ក្រៅពីសំណង់ប្រាសាទអង្គរវត្ត ព្រះអង្គបានកសាងបង្ហើយប្រាសាទ ភ្នំព្រះវិហារ និង ប្រាសាទភិមាយ នៅក្នុងខេត្តនគររាជសីមាបច្ចុប្បន្ន ។ ម្យ៉ាងវិញទៀត សិលាចារិកព្រះវិហារបានបញ្ជាក់ ថា ក្នុងរាជ្យនេះ មានជីកស្រះ ជីកប្រឡាយទៀតផង ។ ខ្មែរយើងពូកែធ្វើនយោបាយទឹក ។ ប្រជារាស្ត្រអាច ធ្វើស្រែបាន ២ ឬ ៣ ដងដោយសារមានព្រែកនិងស្ទឹងធំៗ នំាអោយគេអាចដឹកថ្មសង់ប្រាសាទយ៉ាងស្រួល។
យើងសូមរៀបរាប់ពីទិវាករបណ្ឌិត ព្រោះព្រាហ្មណ៍រូបនេះ មានសកម្មភាពច្រើន ក្នុងការជួយ បំពេញស្នាព្រះហស្ថព្រះបាទសុរិយាវរ្ម័នទី២ ។ ​ទិវាករបណ្ឌិតព្រះបរមគ្រូរបស់ ព្រះបាទសុរិយាវរ្ម័នទី២​ ហើយនឹងជាអ្នករៀបចំពិធីអភិសេកទ្រង់ផង។

Comments
Loading...