ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

មន្តអាគម ៤ យ៉ាងរបស់គ្រូធ្មប់ (អាប និងធ្មប់ – ភាគ ២)

69

តើ ធ្មប់ ជាអ្វី?ធ្មប់ គឺជាសិល្ប៍មន្តដែលមានលក្ខណៈសាហាវឃោរឃៅ។គ្រូធ្មប់បង្កើនមហិទ្ធិរិទ្ធិរបស់ខ្លួន ដោយប្រើសិល្ប៍មន្តសម្លាប់ទារក(ស៊ីទារកទើបនឹងកើត) កាកសំណល់ឈាម ទងសុកស្ត្រីឆ្លងទន្លេទឹករងៃរបស់សាកសពមនុស្ស សត្វ … ជាដើម។គ្រូធ្មប់ធ្វើអំពើទៅលើអ្នកដទៃដោយមូលហេតុពីរយ៉ាងគឺ៖-ធ្វើដោយការសងសឹកផ្ទាល់ខ្លួន-ធ្វើដោយគេពឹង ឬគេជួល។អ្នកស្រុក គ្រប់គ្នាតែងភិតភ័យតក់ស្លុត និងខ្លាចអំពើរបស់គ្រូធ្មប់នេះណាស់ ព្រោះថា បើកាលណាត្រូវអំពើរបស់គ្រូធ្មប់ហើយប្រសិនបើរកគ្រូព្យាបាលមិនត្រូវទេ នឹងអាចស្លាប់យ៉ាងវេទនាបំផុត។ បើមន្តសិល្ប៍វិជ្ជារបស់គ្រូធ្មប់នោះខ្លាំង ហើយគ្រូដែលដោះអំពើមានសិល្ប៍វិជ្ជាខ្សោយជាងនោះ គេពុំអាចដោះអំពើ ឬព្យាបាលអំពើនោះឱ្យបានសះស្បើយឡើយ។ អ្នកជំងឺត្រូវតែស្លាប់ចៀសមិនផុត។ យោងតាម លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ របៀបធ្វើអំពើរបស់គ្រូធ្មប់មានច្រើនបែបច្រើនវិធីណាស់ ប៉ុន្តែសូមលើកយកតែវិធី ៤ មកជម្រាបជូន៖-ប្រើកន្ត្រៃមាស កន្ត្រៃប្រាក់ (តាមការពិតគឺជាកន្ត្រៃធ្វើពីដែក តែគេហៅថាកន្ត្រៃមាស-កន្ត្រៃប្រាក់) ទៅកាត់ពោះវៀនជនរងគ្រោះ។-ប្រើស្បែកឱ្យចូលទៅក្នុងពោះជនរងគ្រោះ (ប្រើស្បែកឱ្យចូលទៅក្នុងក្រពះជនរងគ្រោះ។ ស្បែកនោះចេះតែរីក ធំឡើងៗជាលំដាប់ធ្វើឱ្យជនរងគ្រោះតឹងពោះលំបាកវេទនារហូតដល់ស្លាប់)។-ប្រើដែកគោល កន្លាស់ ឬម្ជុល ឱ្យចូលទៅចាក់សព្វខ្លួនប្រាណជនរងគ្រោះ ។-ប្រើគោបា ស្នាតេះ បាញ់សម្លាប់អ្នកជំងឺក្នុងពិធីឧបកិច្ច។១-ការធ្វើអំពើដោយប្រើកន្ត្រៃមាស កន្ត្រៃប្រាក់គ្រូធ្មប់អុជធូបទៀនលើហ៊ឹងរណ្តាប់ គ្រូសូត្របាលីគាថា ប្រើកន្ត្រៃមាស កន្ត្រៃប្រាក់ ដោយដាក់កន្ត្រៃនៅលើជើងពានមួយ។គាត់អង្គុយភាវនាបាលីបណ្តើរយកចង្កឹះមួយវាយតិចៗទៅលើកន្ត្រៃបណ្តើរ។ សូត្រវាយៗយ៉ាងនេះទាល់តែកន្ត្រៃកំរើក ហើយហោះហើរយ៉ាងលឿន ឮសូរដូចកន្លង់ហើរ។ កន្ត្រៃសិល្ប៍ ពេលហោះហើរទៅរកទីដៅរបស់វានោះ មានទំហំតូចជាងកន្ត្រៃធម្មតាជាច្រើនដង។ ទៅដល់ជិតជនរងគ្រោះ កន្ត្រៃនេះអាចក្លាយទៅជារុយ ឬជាសត្វល្អិតអ្វីមួយ ចូលទៅក្នុងខ្លួនជនរងគ្រោះតាមមាត់។តាំងពីពេលចូលទៅដល់ក្នុងពោះអ្នករងគ្រោះចាប់ផ្តើមចុកពោះឈឺចាប់ផ្សេងៗទៀតយ៉ាងវេទនាពិបាកទ្រាំ។ ប្រសិនបើគេដឹងភ្លាមៗថា ជំងឺនេះជាអំពើរបស់គ្រូធ្មប់ ហើយបើគេអាចរកឃើញគ្រូមន្តសិល្ប៍សាស្ត្រខ្លាំងពូកែអាចដាក់ថ្នាំ ឬសូត្របាលីមន្តគាថាធ្វើឱ្យធ្លាក់កន្ត្រៃមាស កន្ត្រៃប្រាក់បានភ្លាមនោះ គេអាចរំដោះអ្នកជំងឺឱ្យរួចរស់ជីវិតបាន។ ប្រសិនបើមិនបានចាប់អារម្មណ៍ចំពោះរឿងអំពើអំពាន់ទេ ហើយគិតតែដាក់ថ្នាំផ្សេងៗវិញនោះ ច្បាស់ជាត្រូវស្លាប់ដោយធ្លាក់ឈាមតាមបាត (តាមទ្វារលាមក) ឬតាមមាត់ជាមិនខាន។២-ការធ្វើអំពើដោយប្រើកន្លាស់ ម្ជុល ឬដែកគោលការធ្វើអំពើដោយប្រើរបស់ទាំងនេះ ក៏មិនសូវខុសគ្នាពីរបៀបទាំងពីរខាងដើមប៉ុន្មានឡើយ។ គ្រូធ្មប់យកវត្ថុទាំងបីមុខ មកសែកមន្តគាថាបាលី ហើយចាក់កន្លាស់ ម្ជុល ដែកគោល ទៅលើរូបតំណាងជនរងគ្រោះឆ្លាក់ពីដំឡូងមី ធ្វើពីម្សៅ ឬធ្វើពីឈើផុយ។គេច្រើនយកម្ជុលមកដោតត្រង់ដើមទ្រូងយកកន្លាស់ញាត់ក្នុងពោះឬយកដែកគោលដោតចំក្បាលជនរងគ្រោះដើម្បីឱ្យមានការឈឺចាប់ក្នុងពោះផង ក្នុងទ្រូងផង និងឈឺក្នុងក្បាលផង ក្នុងពេលតែមួយពោលគឺធ្វើយ៉ាងណាឲ្យជនរងគ្រោះអភ័ព្វនោះ បានដល់នូវក្តីលំបាកវេទនាយ៉ាងទារុណ មុននឹងស្លាប់។ជួនកាលគ្រូធ្មប់បានដាក់កម្រិតឱ្យអ្នកជំងឺស្លាប់ដោយបរិភោគអ្វីមួយដែលគ្រូកំណត់ទុកជាមុន។ ឧទារហណ៍ក្រោយពីបានធ្វើឧបកិច្ចចាក់កន្លាស់ (កំណាត់ឫស្សី តូចៗ ស្រួចចុងដើម ឬស្រួចតែម្ខាង)ចាក់ម្ជុល ដោតដែកគោលសព្វខ្លួនប្រាណរូបតំណាងជនរងគ្រោះហើយគ្រូធ្មប់ធ្វើកិច្ចថា បើអ្នកត្រូវអំពើនោះបរិភោគសាច់ជ្រូកពេលណាសូមឱ្យសិល្ប៍មន្តអាគមប្រតិកម្មភ្លាម ហើយអ្នកជំងឺត្រូវស្លាប់នៅពេលនោះតែម្តង។ ការព្យាបាលក៏មិនខុសគ្នាពីអំពើទាំងពីរខាងដើមប៉ុន្មានដែរ គឺអាចជាសះស្បើយ ឬស្លាប់ ។៣-ការធ្វើអំពើដោយប្រើស្បែកគោ ឬស្បែកក្របីរបៀបធ្វើអំពើដោយប្រើស្បែកគោ ឬស្បែកក្របីស្ងួត លោកព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ បានរៀបរាប់ថា ទាំងការរៀបចំរណ្តាប់ធ្វើពិធីបញ្ជូនសិល្ប៍មិនជាខុសគ្នាប៉ុន្មានពីការប្រើកន្ត្រៃមាស កន្ត្រៃប្រាក់ ឡើយ។ គេយកស្បែកមួយផ្ទាំងធំមក សូត្រផ្លុំៗ ហើយវាយនឹងរំពាត់រហូតទាល់តែស្បែករួញនៅតូច ហើយក៏ក្លាយទៅជាសត្វកន្លង់ ហើរទៅកាន់ទិសដៅ ពោលគឺឆ្ពោះទៅរកមនុស្សដែលគេចង់ធ្វើ។ ជនរងគ្រោះទទួលស្បែកដែលប្រែទៅជាកន្លង់នេះតាមមាត់ដែរ។ ប៉ុន្តែកន្លង់នេះមុនចូលទៅក្នុងមាត់អាចនឹងក្លាយមួយជាន់ទៀត ទៅជាសត្វល្អិតតូចមួយដែលអាចចូលទៅក្នុងមាត់បានងាយស្រួល។ ប៉ុន្មានថ្ងៃក្រោយមក ស្បែកគោស្ងួតក៏ចេះតែរីកធំឡើងៗ ធ្វើឱ្យពោះអ្នកជំងឺកាន់តែធំឡើងៗជាលំដាប់។ពេលជាមួយគ្នានោះដែរ អាចមានការឈឺចាប់លំបាកវេទនាផ្សេងៗទៀត ក្រៅពីការតឹងពោះផ្អេះៗ ការហត់ ដកដង្ហើមញាប់ស្ទើរដាច់ខ្យល់។ដូចរបៀបធ្វើអំពើមុនៗដែរ បើរកគ្រូមិនទាន់ ឬគ្រូមិនសូវពូកែជនរងគ្រោះនឹងស្លាប់ដោយសារធ្លាយក្រពះ។ ប៉ុន្តែបើរកបានគ្រូដែលមានសិល្ប៍វិជ្ជាការខ្លាំងពូកែស្មើ ឬលើសគ្រូធ្មប់ដែលធ្វើអំពើនោះគេអាចសែកមន្តវិជ្ជាការបន្សាបអំពើនោះ រួចហើយផ្សំថ្នាំឱ្យអ្នកជំងឺផឹកដើម្បីបញ្ចុះទំលាក់ស្បែកឱ្យចេញមកតាមគូទ ឬតាមមាត់។ ពេលនោះអ្នកជំងឺ នឹងបានធូរពោះ ហើយគេនឹងជាសះស្បើយដូចធម្មតាវិញ។៤-ការធ្វើអំពើដោយប្រើព្រួញស្នាតេះគ្រូធ្មប់ច្រើនចេះវិជ្ជាពីរបែបនេះជាមួយគ្នាតែម្តង គឺគោបា និងស្នាតេះ(គេច្រើននិយាយភ្ជាប់គ្នាថា៖ គោបាស្នាតេះ ព្រោះគ្រូធ្មប់តែងប្រើសិល្ប៍ណាមួយក្នុងសិល្ប៍ទាំងពីរបែប។គោបាសិល្ប៍ គឺសត្វល្អិតមានមាឌតូចៗ ដែលគ្រូធ្មប់លែងឱ្យហើររកស៊ីនៅពេលយប់។ គេស្តាប់ឮគោបាតាមការឮស្នូរត្រដោក ឮតឹកៗនៅពេលយប់ស្ងាត់ គ្រូធ្មប់ប្រើគោបានេះឱ្យហើរទៅជល់សម្លាប់ជនរងគ្រោះតាមវិធីរបស់គេ។ ឯស្នាតេះ គឺជាស្នាសិល្ប៍ មានទំហំតូចប្រើសម្រាប់បាញ់ឧបកិច្ចលើរូបតំណាងជនរងគ្រោះឱ្យស្លាប់)។ ប្រើសិល្ប៍គោបាគឺប្រើគោសិល្ប៍នេះ ឱ្យជល់អ្នកជំងឺធ្វើឱ្យស្លាប់ជាប្រាកដ ប្រសិនបើរកគ្រូព្យាបាលមិនទាន់ ឬគ្រូដែលមិនសូវពូកែ។ ឯរបៀបប្រើស្នាតេះគឺគេតាំងពិធីដោយមានរៀបរណ្តាប់គ្រូផ្សេងៗតាមទម្លាប់។ គេសូនរូបជនរងគ្រោះអំពីដី អំពីម្សៅ ឬអំពីវត្ថុផុយៗ។ គ្រូធ្មប់សែកមន្តបាលីគាថាយ៉ាងយូរដើម្បីប្រមូលឥទ្ធិពល និងអញ្ជើញគ្រូគេមកជាជំនួយក្នុងពេលធ្វើពិធីនេះ។ លុះសូត្រចប់គ្រប់បាលីគាថា ដែលត្រូវសូត្រហើយ គេយកព្រួញ និងធ្នូសិល្ប៍យ៉ាងតូចបាញ់ឱ្យចំរូបតំណាងជនរងគ្រោះ ត្រង់ទ្រូង ត្រង់ពោះ ឬត្រង់ក្បាលតាមតែគេចង់។ របៀបនេះក៏កាចសាហាវមិនខុសពីរបៀបទាំងបីខាងដើមដែរ។ពេលដែលគ្រូធ្មប់បាញ់ត្រូវចំរូបតំណាងនោះ រូបជនរងគ្រោះក៏ហាក់ដូចជាត្រូវព្រួញមែនៗដែរ។ ទោះបីជាគេមើលព្រួញមិនឃើញ ក៏គេបានទទួលការឈឺចាប់ដោយដួល ឬបន្លឺសម្រែកឈឺចាប់យ៉ាងខ្លាំង។ព្រមពេលជាមួយគ្នានោះ នៅក្នុងផ្ទះអ្នករងគ្រោះ គេឮសូរសំឡេងអ្វីដូចជារន្ទះបាញ់។ ពេលនោះអ្នកជំងឺត្រូវទទួលការឈឺចាប់យ៉ាងខ្លាំងជួនកាលសន្លប់ ជួនកាលស្លាប់ភ្លាម។ គ្រូធ្មប់ប្រើវិធីបាញ់ស្នាតេះនេះបន្ទាប់ពីបានប្រើសិល្ប៍អ្វីពីមុនរួចហើយ តែជនរងគ្រោះគ្រាន់តែឈឺរ៉ាំរ៉ៃអស់រយៈពេលយ៉ាងយូរប៉ុណ្ណោះ។ ដោយចង់ឱ្យគូសត្រូវរបស់ខ្លួនស្លាប់ មុននឹងបានទទួលការសង្គ្រោះពីគ្រូព្យាបាលណាមួយនោះគ្រូធ្មប់អាចប្រើសិល្ប៍ស្នាតេះនេះ ដើម្បីបញ្ចប់ជីវិតជនរងគ្រោះឱ្យបានឆាប់រួសរាន់ទាន់ចិត្ត ។លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ បានដំណាលថា “(…) ខ្ញុំនឹកឃើញអនុស្សាវរីយ៍ដ៏សែនរន្ធត់មួយ កាលខ្ញុំនៅពីតូចអាយុប្រហែល ៥ ឆ្នាំ។ខ្ញុំបានតាមម្តាយខ្ញុំទៅផ្ទះជនរងគ្រោះម្នាក់ជាកូនចៅចិន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅក្នុងភូមិ ព្រោះផ្ទះគាត់មានបើកហាងលក់ទំនិញគ្រប់មុខ។ គ្រួសារជនរងគ្រោះនេះគោរពស្រឡាញ់រាប់អានឪពុកម្តាយខ្ញុំណាស់ព្រោះគាត់ជាចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិ ហើយគាត់ជាអាចារ្យវត្តផង ជាអ្នកចាត់ចែងពិធីផ្សេងៗក្នុងមង្គលការបុណ្យទានជាដើម។ ប៉ុន្មានថ្ងៃមកហើយដែលហ៊ានោះគាត់មានជំងឺម្យ៉ាងគឺឈឺ មិនដឹងមុខម្តង ម្តងឈឺពោះម្តងឈឺក្បាល ម្តងឈឺទ្រូង ជួនកាលអស់កម្លាំង ដេកស្តូកស្តឹងជួនកាលជាស្រួលធម្មតា។ នាពេលរសៀលនោះ ដែលម្តាយខ្ញុំកំពុងសាកសួរអំពីស្ថានភាពជំងឺរបស់ហ៊ា (…) នោះ ជាមួយនឹងប្រពន្ធគាត់ ស្រាប់តែឮសូរសម្លេង “ផាំង” យ៉ាងខ្លាំងលាន់ដូចរន្ទះញ័រអស់ទាំងទូកញ្ចក់នៅក្នុងផ្ទះទាំងប៉ុន្មាន។ មនុស្សម្នាក់ក្នុងផ្ទះភ្ញាក់ដូចគេកន្ត្រាក់គ្រប់ៗគ្នា។ ពេលជាមួយគ្នានោះហ៊ា (…) ក៏ស្រែកដង្ហោយយ៉ាងខ្លាំងដូចត្រូវនឹងគ្រាប់កាំភ្លើង។ ជំងឺគាត់ចេះតែដុនដាបទៅៗ ហើយក៏ស្លាប់ក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់មក។ ពេលឮសូរផាំងដូចរន្ទះនោះ ខ្ញុំសួរម្តាយខ្ញុំរកមូលហេតុ តែម្តាយខ្ញុំគាត់ថា កូនឯងនៅតូចណាស់ កុំចង់ដឹងអី ! លុះរំលងពីរបីថ្ងៃកន្លងមក ទើបខ្ញុំដឹងដោយម្តាយខ្ញុំនិយាយប្រាប់ឪពុកខ្ញុំថា គ្រូធ្មប់បាញ់ព្រួញស្នាតេះបន្ថែម ទើបហ៊ា (…) នោះស្លាប់។ កាលណោះ (ប្រមាណ៦០ឆ្នាំមកហើយ) នៅម្តុំនោះ អ្នកលក់ដូរនៅទីប្រជុំជនដ៏តូចនេះមានជនរងគ្រោះដល់ទៅបីនាក់(ស្រីម្នាក់ ប្រុសពីរនាក់ ដែលសុទ្ធតែជាអ្នកមានហាងលក់ដូរ។ នៅខាងជើងផ្ទះជនរងគ្រោះប្រហែលជា៣០ម៉ែត្រ មានផ្ទះខ្ទមតូចមួយសង់នៅបាំងជិតនឹងគុម្ពឫស្សីស្រុក នោះហើយជាផ្ទះគ្រូធ្មប់ (…) ។ សូមអនុញ្ញាតបញ្ចប់ប្រវត្តិនេះត្រឹមហ្នឹងចុះ ព្រោះសព្វថ្ងៃក្រុមគ្រួសារទាំងសងខាងនៅពុំទាន់ផុតពូជនៅឡើយទេ”។លោកព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ បានឱ្យដឹងថា ធ្មប់ គឺជាទុរវិជ្ជាដែលមិនគួរសិក្សារៀនសូត្រ ព្រោះវាគ្មានធ្វើអ្វីជាប្រយោជន៍ដល់សង្គមទេ។ ក្នុងមួយឆ្នាំ ប្រសិនបើគ្រូធ្មប់មិនបានធ្វើអំពើដល់អ្នកណាមួយនោះ សិល្ប៍មន្តធ្មប់ តែងតែធ្វើទុក្ខបុកម្នេញដល់សមាជិកក្នុងគ្រួសារខ្លួនឯងវិញ ដូចជា ប្រពន្ធ-កូន ឈឺធ្ងន់រហូតដល់ស្លាប់។ វិជ្ជាធ្មប់បើមិនបានធ្វើឱ្យគេស្លាប់ វានឹងស៊ី ប្រពន្ធ-កូន ឯងវិញ៕

Comments
Loading...