Bangkok៖ មេបញ្ជាការថៃភូមិភាគទី២ លោក ប៊ុនស៊ីន ផាដក្លាង បានអះអាងនៅថ្ងៃសុក្រទី២៧មិថុនានេះថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ថែថងថាន គួរតែដោះស្រាយដោយខ្លួនឯង ជុំវិញប្រសាសន៍របស់ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ នេះបើតាមខ្លឹមសារកាសែតថៃ The Nation…។
ជាក់ស្តែង លោក ប៊ុនស៊ីន លើកឡើងថា វាអាស្រ័យលើនាយករដ្ឋមន្ត្រី និងក្រុមការងាររបស់លោកស្រី ក្នុងការដោះស្រាយបញ្ហានេះ ខណៈយោធាផ្តោតលើការរក្សាសន្តិសុខ ជាពិសេសនៅតាមព្រំដែនតែប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា យោធាត្រូវតែអនុវត្តតាមគោលនយោបាយរបស់មេដឹកនាំប្រទេសទាំងពីរ ហើយកាតព្វកិច្ចសំខាន់របស់កងទ័ព គឺរក្សាប្រក្រតីភាពនៅតាមព្រំដែន។ មេទ័ពភូមិភាគ២ គូសបញ្ជាក់ថា កងទ័ពកម្ពុជា-ថៃ រក្សាការប្រាស្រ័យទាក់ទងគ្នាឥតឈប់ឈរ ហើយបង្ហាញសញ្ញាវិជ្ជមាន ចាប់តាំងពីការកែសម្រួលកងទ័ពនៅតំបន់មុំ៣។ លើសពីនេះ លោក ប៊ុនស៊ីន បានថ្លែងថា៖«ខ្ញុំសូមជំរុញសាធារណជនក្នុងប្រទេសទាំងពីរ ជាពិសេសប្រជាជនថៃ ដោយរក្សាភាពជឿជាក់ថា ស្ថានការណ៍ស្ថិតនៅក្រោមការគ្រប់គ្រងបាន»។
លោកក៏បានបញ្ជាក់ជាថ្មីថា ការដោះស្រាយភាពតានតឹងកម្ពុជា-ថៃ អាស្រ័យលើមេដឹកនាំនៃប្រទេសទាំងពីរ ហើយប្រសិនបើមេដឹកនាំទាំង២ ឈានដល់ការយោគយល់គ្នា នោះស្ថានការណ៍នឹងប្រសើរឡើង។ ទាក់ទិននឹងប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន លើនាយករដ្ឋមន្ត្រីថៃ លោក ប៊ុនស៊ីន បញ្ជាក់ថា៖«នោះជារឿងរបស់[សម្តេចតេជោ ហ៊ុន សែន]។ យើងផ្តោតលើភារកិច្ចរបស់យើង ដើម្បីការពារបូរណភាពទឹកដី អ្វីដែល[សម្តេចមានប្រសាសន៍] គឺមិនមែនជារឿងរបស់យើងទេ។ ប៉ុន្តែខ្ញុំមិនយល់ស្របនឹងការលើកឡើងបែបនេះទេ បើពាក់ព័ន្ធរឿងរ៉ាវព្រំដែន ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ»៕