ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ខ្សែមួយ​(ខ្សែដៀវ​,សាដៀវ​,សាយដៀវ​,​ឯកតន្ត្រី)

354

“ខ្សែមួយ” ( ច្រើនហៅជាពាក្យខ្មែរផ្សំជាមួយពាក្យសៀមថា “ខ្សែដៀវ ឬហៅតាមសៀមទាំងស្រុងថា”សាយដៀវ”) ជាឧបករណ៍ភ្លេងមួយប្រភេទដែលអាចលេង
តែម្នាក់ឯងកំដរចម្រៀង ព្រមទាំងលេងជាមួយវង់ភ្លេងអារក្ស និងភ្លេងការបុរាណដូចជាចាប៉ីដងវែងដែរ។ ឧបករណ៍ខ្សែមួយនេះគឺប្រអប់សូរធ្វើពីផ្លែឃ្លោក ទុំ
( ប្រភេទឃ្លោកមូល) ដងធ្វើពីឈើប្រវែងប្រហែល០,៨០ម.ហើយមានខ្សែមួយធ្វើ
ពីសរសៃស្ពាន់ធ។ ខ្សែមួយមានសូរពីរោះរងំ។ នៅពេលលេង គឺគេផ្អិបសំបកឃ្លោកទៅនឹងដើមទ្រូង ហើយកេះខ្សែដោយក្រចកស្ពាន់ពាក់នឹងម្រាមដៃនាងខាងឆ្វេង។
ខ្សែមួយជា ឧបករណ៍ភ្លេងដែលចាស់ ដ្បិតឃើញមានចម្លាក់នៅតាមប្រាសាទបុរាណមានដូចជាប្រាសាទបាយ័ន្តជាដើម។
ក្រៅពីកំដរចម្រៀងខ្សែមួយអាចលេងកំដរការស្មូតកំណាព្យ និងនិទានរឿងព្រមទាំងលេងឆ្លងឆ្លើយជាមួយដៃគូដែលជាអ្នកលេងខ្សែដៀវដូចគ្នា ឬជា
មួយអ្នកលេងចាប៉ីដងវែងក៏បាន។
ដូចគ្នានឹងអ្នកច្រៀងចាប៉ីដែរ គឺអ្នកលេងនិងច្រៀងខ្សែមួយជាមនុស្សដែលធ្លាប់បួសរៀនយល់ដឹងធម៌អាថ៌ និងអក្សរសាស្ត្រជ្រៅជ្រះ ព្រមទាំងមានប្រាជ្ញាវាងវៃ។ កាលពីអំឡុង ទ.វ.១៩៤០ មានអ្នកលេងនិងច្រៀងខ្សែមួយល្បីល្បាញ
ហើយលេចធ្លោជាងគេគឺលោកភិរម្យភាសា អ៊ុក អ៊ូ ហៅ ង៉ុយ ដែលលោកតែងដើរសម្តែងធម៌ ណែនាំប្រៀនប្រដៅដល់អ្នកភូមិនានាជាមួយនឹង ឧបករណ៍ខ្សែមួយនិងចាប៉ីដងវែង។ កេរ្តិ៍ឈ្មោះរបស់លោកល្បីល្បាញរហូតព្រះមហាក្សត្រប្រទានងារជា “ព្រះភិរម្យភាសា”។ លោកភិរម្យភាសាមានដៃគូឆ្លងឆ្លើយមួយទៀតដែលល្បី
ឈ្មោះដែរគឺលោកតាជំទប់ សាន់។ សព្វថ្ងៃជំនាញឧបករណ៏មួយនេះបានបញ្ចូលទៅក្នុងកម្មវិធីសិក្សានៃសាលាមធ្យមវិចិត្រសិល្បៈ។
_______________________________
-កែវ ណារុំ,២០០៥,មរតកតន្ត្រីខ្មែរ,បោះពុម្ពលើកទី១,រៃយំ,ភ្នំពេញ
-សុខាធួម និងហម ឆាយលី,២០០៩,ល្បើកអង្គរវត្ត,(លំនាំដើម)Editions Angkor,ភ្នំពេញ
-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ,២០១៧,បញ្ជីសារពើភណ្ឌមរតកវប្បធម៌អរូបីកម្ពុជា,ភ្នំពេញ

ប្រភពវីដេអូៈ ហៀង ឈុនហេង (https://www.facebook.com/chhunhengheang?epa=SEARCH_BOX)

Comments
Loading...