ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវប្រវត្តិ​​របស់​ លោក Jeff Bezos

1,939

អ្នក​ប្រាកដជា​ស្គាល់ហើយ ក្រុមហ៊ុន​ Amazon ដែរ​ឬទេ? ​​ ជឿជាក់​ថា​ប្រិយមិត្ត​ដែល​ធ្លាប់​បញ្ជា​ទិញ ទំនិញ​នៅ​តាមប្រព័ន្ធ online គឺ​ពិត​ជា​ស្គាល់​ក្រុមហ៊ុន​មួយ​នេះ​យ៉ាង​ច្បាស់។ Amazon ជា​ក្រុមហ៊ុន​ដែល​លក់ និង​ផ្គត់​ផ្គង់​ទំនិញ​នៅ​លើ online ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក​នេះ​នា​ពេល​បច្ចុប្បន្ន ដែល​មាន​ទីតាំង​ចំបង​នៅ​សហរដ្ឋ​អាមេរិក និង​មាន​សាខា​របស់​ខ្លួន​ជាច្រើន​សាខានៅ​ទូ​ទាំង​ពិភពលោក ហើយ​បច្ចុប្បន្ន Amazon បាន​ពង្រីក​សក្ដានុពល​របស់​ខ្លួន ទៅ​លើ​ផ្នែក​បច្ចេក​វិទ្យា​នៅ​លើ​អាកាស (Amazon Web Service) និង​មាន​គម្រោង​បាញ់​បង្ហោះ​យាន​អវកាស​ឆ្លង​ភព​ថែម​ទៀត​ផង។​ ជោគជ័យ​ដ៏​ធំធេង​របស់​ Amazon គឺ​បាន​មក​ពី​ទស្សនៈវិស័យ​ដ៏​ច្បាស់​លាស់ ភាព​ប៉ិន​ប្រសព្វ និង​ការ​ច្នៃ​ប្រឌិត​របស់​បុគ្គល​មួយ​រូប នោះ​គឺ​លោក Jeff Bezos ដែល​មាន​តួ​នាទី​ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Amazon។ ថ្ងៃ​នេះ​ ​​ មាន​កិត្តយស​នាំ​មក​ជូន​ នូវ​ជីវប្រវត្តិ​សង្ខេប​ ​ទស្សនៈវិស័យ និង​ផ្នត់​គំនិត​ជោគជ័យ​របស់​គាត់ មក​បង្ហាញ​ដល់​ប្រិយ​មិត្ត​ទាំង​អស់​គ្នា ​ដើម្បី​ទុក​ធ្វើ​ជា​ប្រយោជន៍ និង​ជា​​ដឹង ដូច​ខាង​ក្រោម៖

តើ​លោក​ Jeff Bezos គឺ​ជា​នរណា?

ជា​សហគ្រិន និង​ ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ផ្នែក​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អ៊ីនធើណេត​មួយ​រូប លោក​ Jeff Bezos ​បាន​ចាប់​កំណើត​នៅ​ថ្ងៃ​ទី ១២ ខែ​មករា ឆ្នាំ​១៩៦៤ នៅ​ក្នុង​ទី​ក្រុង Albuquerque រដ្ឋ​ New Mexico សហរដ្ឋ​អាមេរិក។ លោក Bezos មាន​ឧបនិស្ស័យ​ស្រលាញ់​ និង​ចូល​ចិត្ត​វិស័យ​បច្ចេក​វិទ្យា ហើយ​និង​កុំ​ព្យូទ័រ​តាំង​ពី​កុមារភាព ហើយ​គាត់​ក៏​បាន​ចាប់​ផ្ដើម​សិក្សា​នូវ​មុខ​វិជ្ជា វិទ្យាសាស្ដ្រ​កុំព្យូទ័រ និង វិស្វករ​អេឡេចត្រូនិច នៅ​ឯ​សាកល​វិទ្យាល័យ Princeton។ ក្រោយ​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ ក្រុមហ៊ុន​ដ៏​ល្បី​មួយ​នៅ Wall Street ដែល​មាន​ឈ្មោះ​ថា D.E. Shaw និង​បាន​ក្លាយ​ទៅ​ជា​អនុប្រធាន​ជាន់​ខ្ពស់​វ័យ​ក្មេង​បំផុត​នៅ​ក្នុង​ ក្រុមហ៊ុន នៅ​ក្នុង​ឆ្នាំ ១៩៩០។ បួន​ឆ្នាំ​ក្រោយ​មក គាត់​បាន​លា​ឈប់​ពី​មុខ​តំណែង​កំពូល​និង​ជា​ប្រភព​ចំណូល​ដ៏​ធំ​មួយ​នេះ​របស់​ខ្លួន ហើយ​ចាប់​ផ្ដើម​ដំណើរ​ការ Amazon.com ដែល​ដំបូង​គឺ​ជា​បណ្ណាគារ​លក់​សៀវភៅ​ online មួយ​ ហើយ​ក៏​បាន​ប្រែ​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន Internet ​ដែល​ជោគជ័យ​ និង​ធំ​បំផុតមួយ​នា​ពេល​បច្ចុប្បន្ន​នេះ​។ នៅ​ក្នុង​ឆ្នាំ ២០១៣ លោក Bezos បាន​ទិញ​យក​ស្ថាប័ន​សារពត៌មាន The Washington Post ក្នុង​តម្លៃ​ទឹក​ប្រាក់​ប្រមាណ ២៥០ លាន​ដុល្លា​សហរដ្ឋ​អាមេរិក។ ភាព​ជោគជ័យ​ ក្នុង​មុខជំនួញ និង​ការ​បណ្ដាក់​ទុន​របស់​គាត់​ បាន​ធ្វើ​អោយ​គាត់​ក្លាយ​ទៅ​ជា​មហាសេដ្ឋី និង​បុគ្គល​ដ៏​ជោគជ័យ​មួយ​រូប​នៅ​លើ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​។

ជីវិត​ពី​កុមារភាព និង ប្រវត្តិ​ការ​ងារ

លោក​ Jeff Bezos ​បាន​ចាប់​កំណើត​នៅ​ក្នុង​ថ្ងៃ​ទី ២ ខែ​មករា ឆ្នាំ​១៩៦៤ នៅ​ក្នុង​ទី​ក្រុង Albuquerque រដ្ឋ​ New Mexico ​ខណៈ​ពេល​ដែល​ម្ដាយ​បង្កើត​របស់​គាត់​នៅ​មាន​វ័យ​ជំទង់​នៅ​ឡើយ គឺ​លោក​ស្រី Jacklyn Gise Jorgensen និង​មាន​ឪពុក​បង្កើត​ឈ្មោះ Ted Jorgensen។ ឪពុក​ម្ដាយ​បង្កើត​របស់​លោក Bezos រួម​រស់​ជា​មួយ​គ្នា​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ហើយ​មិន​ដល់​មួយ​ឆ្នាំ​ផង​គាត់​ទាំង​ពីរ​ក៏​បែក​បាក់​គ្នា​ទៅ​វិញ ហើយ​នៅ​ពេល​លោក Bezos មាន​វ័យ​៤ឆ្នាំ ម្ដាយ​បង្កើត​របស់​លោក​បាន​រៀប​ការ​ ម្ដង​ទៀត​ជាមួយ​នឹង​ជន​ជាតិ​អាមេរិក​ ដើម​កំណើត​គុយបា នោះ​គឺ​លោក Mike Bezos។

ក្នុង​វ័យ​កុមារ លោក​ Bezos បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ទាក់​ទង​នឹង​ការ​ស្រាវ​ជ្រាវ និង​វិធី​ដែល​អ្វី​ៗ​គ្រប់​យ៉ាង​ដំណើរ​ការ ហើយ​គាត់​បាន​ប្រែ​ក្លាយ​ទី​តាំង ចំណត​រថយន្ដ​របស់​ឪពុក​ម្ដាយ​របស់​ខ្លួន ទៅ​ជា​បន្ទប់​ពិសោធន៍ និង​បាន​ធ្វើ​ការ​សាកល្បង​ទៅ​លើ​ឧបករណ៍​អគ្គិសនី​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ជា​ញឹក​ញាប់។ ពេល​ដែល​គាត់​មាន​វ័យ​ជំទង់ គាត់​បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ ​តាម​គ្រួសារ​របស់​គាត់​ ទៅ​កាន់​ទីក្រុង ម៉ៃអាមី ដែល​ជា​ទីកន្លែង​ធ្វើ​អោយ​គាត់​មាន​ការ​ចាប់​អារម្មណ៍ និង​ចាប់​ផ្ដើម​ស្រលាញ់​កុំព្យូទ័រ ហើយ​ក៏​បាន​ក្លាយ​ជា​សិស្ស​កំពូល​មួយ​រូប​លើ​ផ្នែក​មួយ​នេះ​ ក្រោយ​ពេល​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ទី​នោះ​ផងដែរ។ គួរ​រំលឹក​ផង​ដែរ​ថា កំឡុង​ពេល​ដែល​គាត់​នៅ​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ឡើយ គាត់​បាន​ចាប់​ផ្ដើម​មុខ​ជំនួញ​ដំបូង​របស់​ខ្លួន​រួច​ទៅ​ហើយ នោះ​គឺ វិទ្យាស្ថាន​សុបិន្ដ (Dream Institute) ដែល​ជា​វិទ្យាស្ថាន​បើក​ថ្នាក់​សិក្សា​វិស្សមកាល​រដូវ​ក្ដៅ ជូន​ទៅ​ដល់​សិស្ស​ថ្នាក់​ទី​៤ ទី​៥ និង​សិស្ស​ថ្នាក់​ទី៦។

លោក​ Bezos បាន​បន្ដ​ចាប់​យក​មុខ​វិជ្ជា​ដែល​គាត់​ចូល​ចិត្ត នោះ​គឺ​មុខ​វិជ្ជា​កុំព្យូទ័រ​នេះ នៅ​ឯ​សាកលវិទ្យាល័យ Princeton បន្ត​ទៀត ហើយ​ក៏​បាន​បញ្ចប់​ដោយ​ទទួល​បាន​នូវ សញ្ញាប័ត្រ​កិត្តយស​ដែល​មាន​កម្រិត​ខ្ពស់​បំផុត​មួយ ក្នុង​ឆ្នាំ ១៩៨៦ លើ​មុខ​វិជ្ជា វិទ្យាសាស្ដ្រ​កុំព្យូទ័រ និង​វិស្វកម្ម​អេឡិចត្រូនិច។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ គាត់​បាន​ចូល​ប្រឡូក​ក្នុង​ការ​ងារ​ជា​ច្រើន​ក្រុមហ៊ុន​ធំៗ​នៅ​ Wall Street ដែល​ក្នុង​នោះ​ក៏​មាន ក្រុមហ៊ុន ធនាគារិក និង​វិនិយោគ D.E. Shaw ផងដែរ។ ដែល​នៅ​ទី​នោះ​ហើយ​ ដែល​គាត់​បាន​ជួប​ជាមួយ​នឹង​អនាគត​ភរិយា​របស់​គាត់ គឺ​លោក​ស្រី Mackenzie និង​បាន​ក្លាយ​ទៅ​ជា អនុប្រធាន​ជាន់​ខ្ពស់​វ័យ​ក្មេង​បំផុត​របស់​ក្រុមហ៊ុន​ នៅ​ក្នុង​ឆ្នាំ ១៩៩០។

ទោះ​បី​ជា​ការ​ងារ​ផ្នែក​ហិរញ្ញវត្ថុ​របស់​គាត់​ទទួល​បាន​ជោគជ័យ និង​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ណា​ក្ដី ក៏​លោក​ Bezos បាន​ជ្រើសរើស​ការ​ផ្លាស់​ប្ដូរ​ដ៏​ប្រឈម​ និង​មាន​គ្រោះ​ថ្នាក់​មួយ​គឺ ការ​បើក​ក្រុមហ៊ុន​ពាណិជ្ជកម្ម online តាម​អ៊ីនធើណេត (ឬ E-Commerce)។ គាត់​បាន​សុំលាឈប់​ពី​ការ​ងារ​នៅ​ក្នុង​ឆ្នាំ ១៩៩៤ ​និង​បាន​ផ្លាស់​ទី​លំនៅ​ទៅ​កាន់​ទីក្រុង Seattle ​និង​បាន​ដាក់​គោល​ដៅ​លើ​មុខ​ជំនួញ​ដែល​មាន​សក្ដានុពល​ និង​មិន​ទាន់​មាន​អ្នក​ចាប់​ផ្ដើម​មើល​ឃើញ​មួយ នោះ​គឺ​ការ​បើកបណ្ណាគារ លក់​សៀវភៅ Online។

ការចាប់​ដំណើរ​ការ​ Amazon.com

លោក​ Bezos បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន​គាត់ ពី​ក្នុង​ចំណត​រថយន្ដ​របស់​គាត់​ផ្ទាល់​តែ​ម្ដង ជាមួយ​នឹង​បុគ្គលិក ពីរ​បី​នាក់​ផ្សេង​ទៀត ហើយ​គាត់​ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​អភិវឌ្ឍន៍​នូវ​ ប្រព័ន្ធ​ Software សំរាប់​គ្រប់​គ្រង​បណ្ណាគារ​របស់​ខ្លួន។ បន្ទាប់​មក​ពួកគេ​ក៏​បាន ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​ដោយ​ផ្លាស់​ប្ដូរ​ពី​ចំណត​រថយន្ដ ទៅ​កាន់​ផ្ទះ​ថ្មី​ដែល​មាន​ពីរ​បន្ទប់ និង​បំពាក់​ដោយ​កុំព្យូទ័រ Sun Microstations ចំនួន​៣គ្រឿង ហើយ​ជា​លទ្ធផល​បាន​បង្កើត​នូវ​ គេហទំព័រ​សំរាប់​ដំណើរ​ការ​សាកល្បង​មួយ។ ក្រោយ​ពី​បាន​អញ្ជើញ និង​ស្នើ​សុំ មិត្ត​ភក្ដ​ចំនួ​ន ៣០០នាក់ អោយ​ធ្វើ​ការ​សាកល្បង​ជាមួយ​នឹង​គេហទំព័រ​នោះ​រួច​ហើយ លោក Bezos បាន​បើក​ដំណើរ​ការ គេហទំព័រ Amazon.com ដោយ​យក​ឈ្មោះ​តាម​ទន្លេ​ដ៏​ធំ​មួយ​ស្ថិត​ក្នុង​ទ្វីប​ អាមេរិក​ខាង​ត្បូង នៅ​ថ្ងៃ​ទី ១៦ ខែ​កក្កដា ឆ្នាំ ១៩៩៥។

ភាព​ជោគជ័យ​ក្នុង​ដំណាក់​កាល​ដំបូង​របស់ ក្រុមហ៊ុន​គឺ​ប្រៀប​បី​ដូច​ជា​ដុំ​ផ្កាយ​ធ្លាក់​ពី​លើ​មេឃ។ ដោយ​មិន​បាន​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​សូម្បី​តែ​បន្តិច ប៉ុន្តែ​ក្រុមហ៊ុន Amazon ​អាច​មាន​លទ្ធភាព​លក់​សៀវភៅ​នៅ​ពាសពេញ​សហរដ្ឋ​អាមេរិក និង​នៅ​ក្នុង​ប្រទេស​ផ្សេង​ក្រៅ​ពី​សហរដ្ឋ​អាមេរិក​ចំនួន ៤៥​ប្រទេស ត្រឹម​រយៈ​ពេល​ ៣០​ថ្ងៃ​ប៉ុណ្ណោះ។ ហើយ​ក្នុង​រយៈ​ពេល​ ២​ខែ តម្លៃ​នៃ​ការ​លក់​គឺ​មាន​ការ​កើនឡើង​រហូត​ដល់ ២ម៉ឺន​ដុល្លា ក្នុង​មួយ​សប្ដាហ៍ ដែល​នេះ​គឺ​ធំធេង​ជាង​អ្វី​ដែល​លោក Bezos នឹង​ក្រុម​ការ​ងារ​របស់​គាត់​ធ្លាប់​រំពឹង​ទុក​ជាមុន​ទៅ​ទៀត។

ក្រុមហ៊ុន Amazon បាន​ចូល​ខ្លួន​ក្នុង​ទី​ផ្សារ​ភាគហ៊ុន​ ក្នុង​ឆ្នាំ ១៩៩៧ ហើយ​ពេល​នោះ​មាន​អ្នក​វិភាគ​ទី​ផ្សារ​ជា​ច្រើន​ បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ ហើយ​បាន​ចោទ​ជា​សំណួរ​ឡើង​ថា តើ​ Amazon អាច​មាន​លទ្ធភាព​ឈរ​ជើង​បាន​យូរ​ដែរ​ឬ​ទេ នៅ​ពេល​ដែល​ក្រុមហ៊ុន​លក់​រាយ​ផ្សេង​ទៀត បាន​នឹង​កំពុង​តែ​ចាប់​ផ្ដើម​ដំណើរ​ការ គេហទំព័រ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ដែរ​នោះ។ ពីរ​ឆ្នាំ​ក្រោយ​មក ក្រុមហ៊ុន Amazon មិន​ត្រឹម​តែ​អាច​ឈរ​ជើង​បាន​យ៉ាង​រឹង​មាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​យក​ឈ្នះ​គូ​ប្រជែង​នានា ហើយ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន E-Commerce ដែល​ឈាន​មុខ​គេ​បាន​ថែម​ទៀត​ផង។

លោក​ Bezos បាន​បន្ត​ធ្វើ​ការ​ផ្ដល់​ជូន​អតិថិជន​របស់ Amazon នូវ​ផលិត​ផល​ផ្សេង​ៗ​ទៀត​ក្រៅ​ពី​សៀវភៅ ​ដែល​ក្នុង​នោះ​មាន ការ​លក់​ CD និង​ វីដេអូ CD នៅ​ក្នុង​ឆ្នាំ ១៩៩៨ ហើយ​ក្រោយ​មក​ទៀត​ក៏​មាន​ សំលៀក​បំពាក់ គ្រឿង​អគ្គិសនី ឧបករណ៍​ក្មេង​លេង និង​ផលិត​ផល​ជា​ច្រើន​មុខ​ផ្សេង​ទៀត ​តាម​រយៈ​ការ​សហការ​ធ្វើ​ជា​ដៃ​គូ​ ជាមួយ​នឹង​ហាង​លក់​រាយ​នានា។ ខណៈ​ពេល​ដែល​មាន​ក្រុមហ៊ុន អ៊ីនធើណេត ​ពី​ទស្សវត្ស ៩០ ជាច្រើន​បាន​ដួល​រលំ ក្រុមហ៊ុន​ Amazon មាន​ការ​រីក​ចំរើន​ក្នុង​ការ​លក់​ប្រចាំ​ឆ្នាំ​ជា​រៀង​រាល់​ឆ្នាំ ដោយ​ហក់​ពី​ចំនួន​ការលក់​ក្នុង​តម្លៃ $៥១០.០០០ (ប្រាំសែន​មួយ​ម៉ឺនដុល្លា) ក្នុង​ឆ្នាំ ១៩៩៥ ឈាន​ដល់ $១៧ ពាន់​លាន​ដុល្លា នៅ​ក្នុង​ឆ្នាំ ២០១១។

នៅ​ក្នុង​ឆ្នាំ ២០០៦ ក្រុមហ៊ុន Amazon បាន​ធ្វើ​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម ទស្សនា​ភាពយន្ដ និង​វីដេអូ​តាម​តម្រូវ​ការ​របស់​ខ្លួន​ដល់​អតិថិជន ដែល​ពី​ដំបូង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សេវាកម្ម Amazon Unbox នៅ​លើកម្មវិធី TiVo ហើយ​ក្រោយ​មក​បាន​កែប្រែ​ឈ្មោះ​ទៅ​ជា Amazon Instant Video។ នៅ​ក្នុង​ឆ្នាំ ២០០៧ ក្រុមហ៊ុន Amazon បាន​ដាក់​លក់​ឧបករណ៍ Kindle ​ដែល​ជា​ឧបករណ៍​អេឡិច​ត្រូនិច​កាន់ដៃ ប្រើ​សំរាប់​អាន​សៀវភៅ (ឬ​ហៅ​ថា សៀវភៅ​អេឡិចត្រូនិច) ឧបករណ៍​នេះ​អនុញ្ញាតិ​អោយ​អ្នក​ប្រើ​ប្រាស់ អាច​មាន​លទ្ធភាព​ទិញ ដោនឡូត អាន និង​រក្សា​ទុក​សៀវភៅ​អេឡិច​ត្រូនិច​របស់​ខ្លួន​បាន។ នៅ​ក្នុង​ឆ្នាំ​ដដែលលោក Bezos បាន​ធ្វើ​ការ​ប្រកាស​ពី ​ការ​វិនិយោគ​របស់​ខ្លួន​ក្នុង​ក្រុមហ៊ុន Blue Origin ​ស្ថិត​ក្នុង​ទីក្រុង​ Seattle ដែល​បាន​និង​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​កាំជ្រួច​ឆ្លង​ភព ហើយ​ក៏​មាន​ការ​ផ្ដល់​ជា​សេវាកម្ម​ធ្វើ​ដំណើរ​ឆ្លង​ភព​ សំរាប់​អតិថិជន​ដែល​មាន​បំណង​ធ្វើ​ដំណើរ​លើ​ទី​អវកាស​ដោយ​ការ​បង់​ប្រាក់​ផងដែរ។

នៅ​ក្នុង​ឆ្នាំ ២០១១ លោក​ Bezos បាន​ដាក់​ក្រុមហ៊ុន​ Amazon អោយ​ចូល​ប្រកួត​ប្រជែង​ក្នុង​ទី​ផ្សារ ទូរស័ព្ទ​ឆ្លាតវៃ និង​ ថេប្លេត​ក្រោយ​ពីលោក​បាន​ប្រកាស​នូវ​ផលិត​ផល Kindle Fire។ នៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​ដដែល គាត់​ក៏​បាន​ប្រកាស​ពី​ថេប្លេត​ស៊េរី​ថ្មី​របស់​ Amazon នោះ​គឺ Kindle Fire HD ដែល​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​នឹង iPad របស់​ក្រុមហ៊ុន Apple ដែរ។ ក្រោយ​ពេល​ប្រកាស​ Kindle Fire HD ជា​សាធារណៈ លោក​ Bezos ​បាន​ប្រាប់​សារពត៌មាន ABC News យ៉ាង​ដូច្នេះ​ថា “យើង​មិន​បាន​បង្កើត​ថេប្លេត​ដែល​ល្អ​បំផុត​ជា​មួយ​នឹង​តម្លៃ​កំណត់​ណា​មួយ​នោះ​ទេ ប៉ុន្តែ​យើង​មាន​លទ្ធភាប​បង្កើត​ថេប្លេត​ដែល​ល្អ​បំផុត​បាន​គ្រប់​តម្លៃ​ទាំង​អស់”។

ការ​ទិញ​យក​សារពត៌មាន “The Washington Post”

លោក​ Bezos ​ត្រូវ​បាន​កាសែត​ល្បី​ៗ​ជាច្រើន​នៅ​ជុំ​វិញ​ពិភពលោក​ចុះ​ផ្សាយ ក្រោយ​ពេល​ដែល​លោក​បាន​ទិញ​សារពត៌មាន The Washington Post និង​ស្ថាប័ន​ចុះ​ផ្សាយ​ផ្សេង​ៗ​ទៀត ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​កាសែត​មួយ​នេះ ក្នុង​តម្លៃ​ប្រមាណ ២៥០​លាន​ដុល្លា កាល​ពី​ថ្ងៃ​ទី ៥​ ខែ​សីហា ឆ្នាំ​២០១៣។ ការ​ទិញ​យក​មួយ​នេះ បាន​ធ្វើ​ការ​កត់​សម្គាល់​ចុង​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​បួន​ជំនាន់ របស់​គ្រួសារ​ត្រកូល Graham មក​លើ​កាសែត​មួយ​នេះ ដោយ​រួម​មាន​លោក Donald E. Graham ដែល​ជា​ប្រធាន​ និង​នាយកប្រតិបត្តិ រួម​ទាំង​ក្មួយ​ស្រី​របស់​គាត់​ដែល​មាន​តួ​នាទី​ជា​អ្នក​ត្រួត​ពិនិត្យ​ការ​បោះពុម្ភ​គឺ​លោក​ស្រី Katharine Weymouth។

ថ្លែង​នៅ​ក្នុង​សន្ទរកថា​មួយ​លោក Graham បាន​មាន​ប្រសាសន៍​ថា “ទោះ​ជា​គ្មាន​ការ​ផ្លាស់​ប្ដូរ ឬ​ការ​ទិញ​យក​មួយ​នេះ ក៏​សារពត៌មាន​ The Washington Post នៅ​តែ​អាច​ទទួល​បាន​ជោគជ័យ​ និង​ផល​ចំណេញ​នៅ​រយៈ​ពេល​អនាគត​បន្ត​ទៅ​ទៀត​បាន​ដែរ​ ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​ទទួល​បាន​នោះ គឺ​មិន​មែន​ត្រឹម​តែ​ជា​ការ​ចំណេញ​តូច​តាច ឬ​ត្រឹម​ធ្វើ​អោយ​កាសែត​នេះ​នៅ​រស់​រាន​មាន​ជីវិត​នោះ​ទេ (អ្វី​ដែល​យើង​ចង់​បាន​នោះ​គឺ​ការ​ជោគជ័យ ដែល​ធំ​ឆ្លង​តាម​ការ​សហការ​ជា​មួយ Amazon)។” គាត់​ក៏​បាន​បន្ថែម​ទៀត​ថា “អ្វី​ដែល​យើង​សម្រេច​ចិត្ត​នេះ​មិន​ប្រាកដ​ជា​ធានា​នូវ​ភាព​ជោគជ័យ​របស់​សារពត៌មាន​របស់​យើង​នោះ​ទេ​ ក៏​ប៉ុន្តែ​វា​ផ្ដល់​អោយ​ពួក​យើង​ទាំង​អស់​គ្នា នូវ​ឱកាស​កាន់​តែ​ប្រសើរ​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ច្រើន​ជាង​នេះ។”

នៅ​ក្នុង​លិខិត​ចំហរ​មួយ ផ្ញើរ​ទៅកាន់​បុគ្គលិក​ទាំង​អស់​ របស់​សារពត៌មាន​ The Washington Post ក្នុង​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ២០១៣ ដដែល​ លោក Bezos បាន​សរសេរ​ថា៖ “អ្វី​ដែល​ជា​គុណតម្លៃ​របស់​ The Washington Post មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ ក៏​ប៉ុន្តែ​ការ​ផ្លាស់​ប្ដូរ​ដែល​វិជ្ជមាន ​ពិត​ជា​អាច​កើត​មាន​ឡើង​នៅ​ក្នុង​ឆ្នាំ​បន្ត​បន្ទាប់។ ហើយ​នេះ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ ​និង​នៅ​តែ​អាច​កើត​មាន​ឡើង​ទោះ​ជា​មាន ឬ​គ្មាន​ការ​ផ្លាស់​ប្ដូរ​គណៈ​គ្រប់​គ្រង​ថ្មី​ក៏​ដោយ។ អ៊ីនធើណេត បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នូវ​អ្វី​ៗ​ស្ទើរ​តែ​គ្រប់​បែប​យ៉ាង​របស់​ពាណិជ្ជកម្ម​ទាក់​ទង​នឹង​សារពត៌មាន​ដែល​ភាគ​ច្រើន​ចំណាយ​តិច ឬ​សឹង​តែ​មិន​មាន​ការ​ចំណាយ​ដើម្បី​ទទួល​បាន​ពត៌មាន។ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ ធ្វើ​ការ​ច្នៃ​ប្រឌិត​ថ្មី ដែល​មាន​ន័យ​ថា​យើង​ត្រូវ​តែ​ធ្វើ​ការ​ដក​ពិសោធន៍។ អ្វី​ដែល​ជា​គោល​ដៅ​ចំបង​របស់​យើង​នោះ​គឺ អ្នក​អាន ហើយ​ពួក​យើង​ត្រូវ​ធ្វើ​ការ​ស្វែង​យល់​ពី​អ្វី​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ពួកគេ ដែល​មាន​ដូច​ជា ស្ថាប័ន​របស់​រដ្ឋ អ្នក​ដឹក​នាំ ភោជនីយ​ដ្ឋាន​បង្កើត​ថ្មី ពាណិជ្ជកម្ម សកម្មភាព​មនុស្ស​ធម៌ កីឡា។ល។ ហើយ​យើង​ត្រូវ​ចាប់​ផ្ដើម​ពី​ដំបូង​ឡើង​វិញ​ទាំង​អស់​គ្នា។ ខ្ញុំពិត​ជា​មាន​ក្ដី​រំភើប និង​សុទិដ្ឋ​និយម​ខ្ពស់ ចំពោះ​ឱកាស​នៅ​ក្នុង​ការ​ច្នៃ​ប្រឌិត​ និង​បង្កើត​ថ្មី​របស់​ពួក​យើង​ទាំង​អស់​គ្នា”។

សេវាកម្ម Amazon Prime និង ផ្នែក​ផលិត​ភាព​យន្ដ Amazon Studios

នៅ​ក្នុង​សប្ដាហ៍​ដំបូង​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៣ លោក Bezos ត្រូវ​បាន​សារពត៌មាន​ចុះ​ផ្សាយ​ជា​ថ្មី​ម្ដង​ទៀត​ នៅ​ពេល​ដែល​គាត់​បាន​ធ្វើ​បទ​បង្ហាញ​នូវ​បទពិសោធន៍​ថ្មី ជូន​ដល់​អតិថិជន ដែល​ជា​ការ​ផ្ដួច​ផ្ដើម​ឡើង​ដោយក្រុមហ៊ុន​ Amazon ដោយ​ផ្ទាល់​ ហើយ​បទពិសោធន៍​ថ្មី​នោះ​គឺ​មាន​ឈ្មោះ​ថា “Amazon Prime Air” ដោយ​ប្រើ​ប្រាស់​ Drone (ដែល​ជា​ម៉ាស៊ីនហោះ​ហើយ​បញ្ជា​ពី​ចំងាយ និង​អាច​មាន​សមត្ថភាព​បំពេញ​ការ​ងារ​ជាច្រើន​ជំនួស​មនុស្ស​បាន) ដើម្បី​ផ្ដល់​ជូន​នូវ​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​ជូន​ដល់​អតិថិជន​របស់​ Amazon ទាំង​អស់​។ យោង​តាម​ពាក្យ​សំដី​របស់​គាត់ Drones ទាំង​អស់​នេះ​អាច​មាន​លទ្ធភាព​ដឹក​ទំនិញ​ដែល​មាន​ទម្ងន់​រហូត​ដល់ ៥ pounds (ឬ​ជាង​ ២គីឡូ​ក្រាម) និង​អាច​ធ្វើ​ដំណើរ​បាន​ចំងាយ​ជាង ១០​ម៉ាយ (១៦ គីឡូម៉ែត្រ) ពី​មជ្ឈមណ្ឌល​ចែក​ចាយ​ទំនិញ​របស់​ Amazon។ គាត់​ក៏​បាន​បន្ថែម​ទៀត​ថា សេវាកម្ម Prime Air នេះ​អាច​ក្លាយ​ទៅ​ជា​ការ​ពិត​បាន​ដោយ​ប្រើ​រយៈ​ពេល​ត្រឹម​តែ​ ៤ ទៅ ៥​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

លោក​ Bezos ក៏​ធ្លាប់​ជួប​នូវ​ការ​បរាជ័យ​ និង បង្កើត​កំហុស​ឆ្គង​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ផង​ដែរ ​ក្នុង​នោះ​កាល​ពី​ឆ្នាំ ២០១៤​ នៅ​ពេល​ដែល Amazon បាន​ដាក់​លក់​ទូរស័ព្ទ Fire Phone វា​ត្រូវ​បាន​មនុស្ស​ទូ​ទៅ​ធ្វើ​ការ​រិះ​គន់​យ៉ាង​ខ្លាំង ថា​ជា​ទូរស័ព្ទ​ដែល​ល្អ​មើល​ តែ​មិន​ល្អ​ប្រើ ហើយ​នៅ​ឆ្នាំ​បន្ទាប់​វា​ក៏​ត្រូវ​ផ្អាក​ការ​ផលិត។ ទោះ​បី​ជា​បែប​ណា គាត់​ក៏​ទទួល​បាន​នូវ​ជោគជ័យ​វិញ ជាមួយ​នឹង​ការ​ផលិត​នូវ​ភាព​យន្ដ​ និង​កម្មវិធី​ទូរទស្សន៍​ដែល​បង្កើត​ថ្មី តាម​រយៈ​ Amazon Studios។ ក្រោយ​ពី​បាន​ចាក់​បញ្ចាំង​នូវ​កម្មវិធី​ ពីរបី​កម្មវិធី​នៅ​ក្នុង​ឆ្នាំ ២០១៣ ក្រុមហ៊ុន Amazon បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង​នៅ​ក្នុង​ឆ្នាំ ២០១៤ ជាមួយ​នឹង​ខ្សែ​ភាព​យន្ដភាគរឿង Transparent និង Mozart in the Jungle។ នៅ​ក្នុង​ឆ្នាំ ២០១៥ ក្រុមហ៊ុន​ Amazon បាន​ធ្វើ​ការ​ផលិត​ខ្សែ​ភាពយន្ដ​រឿង Chi-Raq របស់​អ្នក​និពន្ធ Spike Lee ដែល​ជា​ខ្សែ​ភាព​យន្ដ​បង្កើត​ថ្មី​ដំបូង​របស់​ខ្លួន។

នៅ​ក្នុង​ឆ្នាំ ២០១៦ លោក Bezos បាន​ឈរ​នៅ​ពី​មុខ​កាមេរ៉ា ដោយ​ធ្វើ​ជា​តួ​អង្គ​សម្ដែង​បន្ទាប់​បន្សំ​តូច​មួយ​ ដោយ​ដើរ​តួ​ជា​មនុស្ស​ភព​ផ្កាយ នៅ​ក្នុង​ខ្សែ​ភាព​យន្ដ​រឿង Star Trek Beyond។ ​ជា​អ្នក​គាំ​ទ្រ​ដ៏​ងប់​ងល់​ជាមួយ​នឹង​ប្រភេទ​រឿង​វិទ្យាសាស្ដ្រ Star Trek តាំង​ពី​កុមារភាព លោក Jeff Bezos ត្រូវ​បាន​ផលិតករ​ភាព​យន្ដ បញ្ចូល​ឈ្មោះ​ជា​តួអង្គ​សម្ដែង​មួយ​រូប សំរាប់​ខ្សែភាព​យន្ដ Star Trek Beyond នេះ​នៅ​លើ​គេហទំព័រ IMDb ផងដែរ។

នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ២០១៧ លោក​ Bezos បាន​យក​ឈ្នះ​លើ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក​ Bill Gates មួយ​រយៈ​ពេល​ខ្លី​ដែរ ដោយ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​នៅ​លើ​លោក ក្រោយ​ពេល​ភាគ​ហ៊ុន​ក្រុមហ៊ុន Amazon ហក់​ឡើង​បាន​ខ្ពស់​ (យោង​តាម​សារពត៌មាន Bloomberg)។ ទោះ​បី​ជា​បែប​ណា ក្រោយ​ពី​ទីផ្សារ​ភាគហ៊ុន​ត្រូវ​បាន​បិត​ទ្វារ ទ្រព្យ​សម្បត្តិ​របស់​លោក Gates ដែល​មាន​តម្លៃ​ប្រមាណជាង ៩០​ពាន់​លាន​ដុល្លា បាន​យក​ឈ្នះ​លើ​លោក Bezos ដែល​មាន​ត្រឹម ៨៩ ពាន់​លាន​វិញផង​ដែរ៕

Comments
Loading...