ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ដើមកំនើតនំខួបកំនើត

2,278

នំខួបកំណើតគឺជាប្រភេទនំពងទាម៉្យាង មានរសជាតិផ្អែម ភាគច្រើនគឺមានគ្រីមទឹកដោះគោពីលើ នឹងមានគ្រឿងផ្សំពីផ្លែឈើ ជាច្រើនមុខ ឬសូកូឡា ទៅតាមចំណង់ចំណូលចិត្តអ្នកដែលធ្វើការកម៉្មង។ ក្រៅពីការទទួលទាននំនេះនៅថ្ងៃប្រារព្វពិធីខួបកំណើត វាក៏ត្រូវបានគេទទួលទាននៅថ្ងៃរៀបអាពាពិពាហ៍ផងដែរ ហើយក៏មានមនុស្សមួយចំនួនទៀត មានចំណង់ចំណូលចិត្តក្នុងការញ៉ាំនំប្រភេទនេះ ទោះបីជាមិនមានពិធីអ្វីក៏ពួកគេតែងញ៉ាំវាជំនួសឲ្យបង្អែមដែរ។

ដូចតែអ្នកទាំងអស់គ្នាបានដឹងមកហើយថា ពិធីកាត់នំខួបកំណើតនេះ គឺមិនមែនជាប្រពៃណីរបស់ខ្មែរយើងទេ ប៉ុន្តែតើប្រិយមិត្តទាំងអស់គ្នា ធ្លាប់បានដឹងដែរឬទេថាវាមានដើមកំណើត និងប្រវត្តិយ៉ាងដូចម៉្តេចខ្លះ?

មានប្រវត្ដិវិទូខ្លះបានគិតថា ទំនៀមទម្លាប់របស់នំខួបកំណើតនេះ ត្រូវបានគេចាប់ផ្តើមនៅក្នុងជំនាន់ប្រទេសក្រិកបុរាណ ដោយដំបូងឡើយ នំខួបកំណើតបានចាប់ផ្តើមចេញមកពីជនជាតិក្រិកដែលចេះធ្វើនំពងទាទឹកឃ្មុំ និងនំប៉័ងទឹកឃ្មុំ ដោយនំទាំងពីប្រភេទនេះ គឺសំរាប់តែប្រើប្រាស់ក្នុងពិធីរៀបអាពាពិពាហ៍តែប៉ុណ្ណោះ។

លុះមកដល់ជំនាន់រ៉ូម នំខួបកំណើតត្រូវបានគេយកមកប្រើប្រាស់នៅក្នុង ពិធីប្រារព្ធថ្ងៃកំណើតបីប្រភេទផ្សេងគ្នា គឺការប្រារព្ធពិធីជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ ការប្រារព្ធពិធីថ្ងៃកំណើតរបស់ទីក្រុង និងព្រះវិហារ និងការប្រារព្ធពិធី ថ្ងៃកំណើតរបស់ព្រះចៅអធិរាជ ឬសមាជិកនៃក្រុមគ្រួសាររបស់អធិរាជ។

ក្រៅពីនេះ មានមតិរបស់អ្នកស្រាវជ្រាវមួយក្រុមទៀត បានអះអាងថា នំខួបកំណើតគឺមានដើមកំណើតពីប្រទេស អាល្លឺម៉ង នាសម័យកណ្តាលទៅវិញទេ ដោយនៅពេលនោះជនជាតិអល្លឺម៉ងតែងប្រារព្វ ពិធីខួបកំណើតឲ្យក្មេងៗ ជាមួយនឹងនំខួបកំណើត។ ពួកគេបានបន្តរទៀតថា ដើមឡើយនំខួបកំណើតគឺមានលក្ខណៈ និងរសជាតិសាប ដូចនំប៉័ងអញ្ចឹង តែក្រោយមក វាត្រូវបានគេអភិវឌ្ឍន៍ ដោយបានបន្ថែមនូវជាតិស្កបញ្ចូលទៅក្នុងនំ។ នៅក្នុងសតវត្សទី 17 នំខួបកំណើតត្រូវបានគេធ្វើការអភិវឌ្ឍន៍បន្ថែមទៀត ជាមួយនឹងការរចនាម៉ូដជាច្រើនស្រទាប់ និងការបន្ថែមគ្រីមនៅស្រទាប់ខាងលើ ប៉ុន្តែវាត្រូវបានប្រើប្រាស់សំរាប់តែពួកអ្នកមាន និងអភិជនតែប៉ុណ្ណោះ ដោយមូលហេតុ កាលពីសម័យនោះ នំប្រភេទនេះគឺមានតម្លៃថ្លៃខ្លាំងណាស់។ លុះមកដល់ សតវត្សទី 18 ការនាំចូលនូវ ចំណីអាហារ និងឧបករណ៍ដុតនំមកពីខាងក្រៅ មានកាន់តែច្រើនឡើង ដែលជាហេតុធ្វើឲ្យតម្លៃនៃការផលិតនំខួបកំណើតត្រូវធ្លាក់ចុះយ៉ាងខ្លាំង ទើបក្រោយមកប្រជាជនក៏ចាប់ផ្តើម មានលទ្ធភាពក្នុងការទិញនំប្រភេទនេះ ដើម្បីធ្វើការប្រារព្វពិធី។

សំរាប់ពេលបច្ចុប្បន្ន នំខួបកំណើតត្រូវបានគេរចនាបន្ថែម ជាមួយនឹងទៀនមួយចំនួន និងការច្រៀងនូវចំរៀងខួបកំណើត។ មនុស្សភាគច្រើនមានជំនឿថា ចំនួនទៀនដែលមាននៅលើនំ គឺតំណាងឲ្យអាយុរបស់ម្ចាស់ខួប ដោយមុនពេលធ្វើការផ្លុំពន្លត់ទៀន ម្ចាស់ខួបត្រូវធ្វើការអធិថាន បំណងប្រាថ្នានៅក្នុងចិត្ត យ៉ាងស្ងាត់ៗ ដោយមិនត្រូវប្រាប់អ្នកណាម្នាក់ឲ្យដឹងនោះទេ បើពុំដូច្នេះ បំណងប្រាថ្នានោះនឹងមិនអាចក្លាយជាការពិតនោះឡើយ។

By: Mr365

Comments
Loading...