ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

តើឈ្មោះប្រទេសកម្ពុជា មានដើមកំណើតមកពីណា?

4,108

កម្មវត្ថុនៃអត្ថបទនេះ គឺដើម្បីបង្ហាញ អំពីប្រវត្តិ និង សារៈសំខាន់ផ្នែកប្រវត្តិសាស្រ្ដ ក៏ដូចជាផ្នែករូបារម្មណ៍របស់ពាក្យកម្ពុជាដែល បុព្វការីខ្មែរបានបង្កើតឡើងដោយសិល្ប៍វិធី ដោយពឹងផ្អែកលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដើម្បីតាំងឈ្មោះនៃទឹកដីកំណើតរបស់ជាតិសាសន៍ខ្លួន តាំងពីអតីតកាលមួយដ៏យូរលង់ ។

ដើម្បីបំភ្លឺដោយត្រួសៗ នូវប្រភពនៃពាក្យ កម្ពុជ ឬ កម្ពុជា ហើយដើម្បីកំណត់បរិវេណនៃការសិក្សា យើងត្រូវជ្រើសរើស យកតែសិលាចារឹកសំខាន់ៗ មកពិនិត្យប៉ុណ្ណោះ ។ ទន្ទឹមនឹងនេះ យើងក៏ធ្វើការវិភាគថ្មីមួយ ដោយពឹងផ្អែក លើការបកស្រាយមួយចំនួន ធ្លាប់មានពីមុនមក ដើម្បីផ្តល់នូវពន្លឺថ្មី ជុំវិញប្រធានបទខាងលើ ។

ជាបឋម ត្រូវជ្រាបថា ក្នុងភាសាខ្មែរនាសម័យបុរេអង្គរ និងអង្គរ មានចម្លាស់ស័ព្ទ “វ” និង “ព” ។ ដូច្នេះពាក្យ កម្ពុ, កម្ពុជ, កម្ពុជា សព្វថ្ងៃនេះ ក្នុងសិលាចារឹកសរសេរជាកម្វុ ឬ កម្វុជ ទៅវិញ ។ ចំពោះពាក្យ ទេស វិញ វាក៏ជាពាក្យសំស្ក្រឹតដែរ មានន័យថា ប្រទេស, នគរ ឬអាណាចក្រ ។

ទោះជាយ៉ាងណាក៏ដោយ ក៏មានមូលហេតុដែលអាចឲ្យយើងកំណត់បានច្បាស់លាស់ថា ប្រជាជនខ្មែរដើម្បីហៅទឹកដីស្រុកកំណើតរបស់ខ្លួន ជួនកាល ប្រើពាក្យប្រទេស, នគរ, ចក្រភពខ្មែរ ដោយជួនកាលទៀតក៏ប្រើពាក្យស្រុក, ក្រុង, ទឹកដី ឬដែនដី ដែលជាស័ព្ទមនខ្មែរ ស្របនឹងន័យក្នុងភាសាសំស្ក្រឹតដែរ ។ ឧទាហរណ៍ ពាក្យប្រទេសខ្មែរ ក៏មានន័យដូចគ្នានឹងពាក្យ ស្រុកខ្មែរដែរ ។

១. ប្រភពសិលាចារឹក៖

យើងត្រូវទទួលស្គាល់ថា គេបានដឹងជាហូរហែរច្រើនណាស់មកហើយ ពីប្រភព នៃពាក្យកម្វុ (កម្ពុ)។ តាមពិតទៅពាក្យ នេះត្រូវបានសិក្សាវិភាគមុនគេដំបូងបង្អស់ដោយលោកហ្សកសែដេស ក្នុងអត្ថបទមួយដ៏ល្បីល្បាញ ស្តីពី ប្រភពនៃព្រះរាជ្យវង្សានុវង្សសម័យអង្គរ ។ លោកបានទទួលស្គាល់ថា ពាក្យ កម្វុនេះជាពាក្យសំស្ក្រឹត មានន័យថា ខ្យងស័ង្ខ សមុទ្រ ដែលជាកេតនភ័ណ្ឌ របស់ព្រះវិស្ណុ ។

មួយវិញទៀតពាក្យនេះ ក៏ជាឈ្មោះរបស់មហាឥសីដែលបានបង្កើតទឹកដី និង ប្រវត្តិសាស្ត្រកម្ពុជាដែរ បើយោងតាមខ្លឹមសារ នៃសិលាចារឹកប្រាសាទបក្សីចាំក្រុងចារនៅឆ្នាំ ៩៤៧ ។ ជុំវិញបញ្ហានេះ លោកបានបញ្ជាក់បន្ថែមថា ពាក្យខ្មែរ ត្រូវបានកើតដោយការរួមផ្សំគ្នា រវាងពាក្យ កម្វុ ដែលជាព្រះស្វាមី និង មេរា ព្រះមហេសី ផងដែរ ដែលជាអំណោយដ៏ពិសិដ្ឋរបស់ព្រះវិស្ណុ ។

នេះជាហេតុផលធ្វើឲ្យយើងដឹងថា បន្តិចម្តងៗ ឈ្មោះរបស់បព្វជិតតាមហាឥសីកម្វុនេះ បានក្លាយទៅជាឈ្មោះរបស់ប្រទេសខ្មែរគឺ កម្វុទេស ដែលត្រូវគេស្គាល់ជាផ្លូវការតាមរយៈសិលាចារឹកK400 មានកាលបរិច្ឆេទ ឆ្នាំ ៨៦៨ នៅបអ៊ីកា ក្នុងខេត្តនគររាជសិមា ប្រទេសថៃបច្ចុប្បន្ន។

ការដាក់ឈ្មោះកម្វុទេស បែបនេះ នាសម័យចេនឡា ឬជួនកាលទៀតកម្វុជទេស ដូចករណីសិលាចារឹកនាសម័យអង្គរ ចារនៅវត្តសំរោង ស្រុកបាភ្នំ, ខេត្ត តាកែវ ក៏ដើម្បីរំលឹកដល់ប្រវត្តិនៃការកកើត នៃប្រទេសខ្មែរដែរ ពោលគឺការរួមសង្វាសរវាងសមាសធាតុឥណ្ឌាតំណាងដោយតាមហាឥសី កម្វុ(កម្ពុ) និងខ្មែរ តំណាងដោយព្រះនាងមេរា ឬនាងនាគ ដែលជាម្ចាស់ទឹកម្ចាស់ដី ។

មានន័យថា ទឹកដីខ្មែរ គឺជាទឹកដីដែលត្រូវបានបង្កើតឡើងដោយព្រះហស្ថរបស់តាមហាឥសី កម្វុ(កម្ពុ) និងព្រះនាងមេរា ដើម្បីទុកជាកេរ្តិ៍ដល់ កុលបុត្រ កុលធីតា ខ្មែរដែលជាកូនចៅ។ ម្ល៉ោះហើយ បានជាមានការប្រើពាក្យខ្មែរជាពន្ធនាម ជាលើកដំបូងបង្អស់ នៅក្នុងសិលាចារឹក K.227 ក្នុងន័យជាកូនចៅរបស់ មហាឥសីកម្ពុ និងព្រះនាងមេរា ដែលបានក្លាយជា ស្ថាននាម យ៉ាងប្រាកដ ។  បើតាមការស្រាវជ្រាវ យើងក៏ដឹងទៀតថា ពាក្យចក្រភពកម្វុជទេស (ប្រទេសខ្មែរដែលជាចក្រភព ឬ មហាប្រទេស) ទើបតែត្រូវបាននិយម ប្រើប្រាស់នៅក្នុងរាជ្យរបស់ស្តេច ព្រះបាទជ័យវរ្ម័នទី២ ( ៨០២-៨៥០គ.ស) ដែលជាស្តេចចក្រវាទិន ។ កុំភ្លេចថា ស្តេចដ៏ខ្លាំងពូកែអង្គនេះ បានផ្តើម ការបង្រួបបង្រួមដែនដី ចេនឡានទឹក នឹង ចេនឡាគោក ឲ្យក្លាយជាធ្លុង ឬជាទឹកដីតែមួយ។

២.បដិមាសាស្ត្រ៖

ស្របនឹងទិន្នន័យ សិលាចារឹកនេះដែរ ដែលបានបញ្ជាក់ន័យនៃពាក្យកម្ពុជា យ៉ាងច្បស់លាស់ នៅមានកត្តាផ្សេងៗ មួយចំនួន ក្នុងនោះរួមមានជំនឿរបស់ប្រជាជនខ្មែរ នាសម័យនគរភ្នំ ក្នុងអម្លុងស.តទី៦ នៃគ.សផងដែរ ។

ខ្លឹមសារនៃសិលាចារឹក ពីសម័យបុរេអង្គរ ដល់សម័យអង្គរ គឺជាភស្តុតាង យ៉ាងសំខាន់ពាក់ព័ន្ធ ទៅនឹងការប្រើពាក្យ កម្វុជ ដើម្បីហៅប្រទេសខ្មែរ ក្នុងន័យដែលថាប្រទេសបង្កើតឡើងដោយមហាឥសី កម្វុ ឬជាប្រទេសរបស់ពួកកម្វុ។

ដូចនេះ យើងអាចនិយាយបានថា ពាក្យកម្វុជាក្នុងសង្គមបុរាណ ជាពាក្យមួយបង្កប់ទៅដោយអត្ថន័យដ៏ពិសិដ្ឋ ដោយហេតុថា ជាទឹកដីរបស់មហាឥសីដ៏មានមហិទ>្ធិឫទ្ធិអស្ចារ្យ ។ ជាឧទាហរណ៍ ក្នុងសិលាចារឹក ស្តុកកក់ធំចារនៅឆ្នាំ ១០៥២នៃ គ.ស (K.935) នៅខេត្តស្រះកែវ ក្នុងប្រទេសថៃបច្ចុប្បន្ន តែជាអតីតទឹកដីខ្មែរពីមុនគេឃើញមានការប្រើពាក្យព្រះកម្វុជទេស៕

Mr 365

Comments
Loading...