ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិលោកស្រី រស់ សេរីសុទ្ធា ជាតារាជនី​សំនៀង​មាស​ប្រចាំ​កម្ពុជា

3,078

លោកស្រី រស់ សេរីសុទ្ធា កើតនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ១៩៤៦ ដែលមានស្រុកកំណើតភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង រួចបានបាត់បង់ជីវិតនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៧ (ពត៌មានមិនផ្លូវការ)។ លោកស្រីមានឪពុកឈ្មោះ រស់ ប៊ុន​ ជា​លោក​គ្រូ​ភ្លេង​ខ្មែរ​ផង និងជា​គ្រូ​ស្តោះ​ផ្លុំផង និងម្តាយឈ្មោះ ណាត់ សាមៀន ហើយលោកស្រីមានបងប្អូនចំនួន ៥ នាក់ (ស្រី ០៤ នាក់) ហើយលោកស្រីជាកូនទី ៤។

 

ប្រវត្តិការសិក្សា៖

  • ​ចូល​រៀន​នៅ​សាលា​បឋមសិក្សា ទក្ខិណសាលា​ រួច​បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​អនុវិទ្យាល័យ​នារី​ នេត​យ៉ង់​​​ នៅ​ឆ្នាំ ១៩៦២ រួចឈប់​រៀន ដើម្បីចាប់​អាជីព​ជា​អ្នក​ចម្រៀង។

ប្រវត្តិសិល្បះ៖

  • ដោយមានឪពុកជាគ្រូភ្លេងខ្មែរ ដូចនេះលោកស្រី រស់ សេរីសុទ្ធា តែងតែទៅហាត់ភ្លេង និង​ហាត់​ច្រៀង​​ភ្លេង​ការជាមួយឪពុករបស់លោកស្រី។ នៅឆ្នាំ១៩៦៣ នៅ​ក្នុង​វ័យ​ជំទង់ ១៦ ឆ្នាំ យុវនារី សុទ្ធា ក៏​បាន​ទទួល​រង្វាន់​ពាន​មាស លេខ​មួយ ប្រចាំខេត្ត​ ក្នុង​ឱកាស​ពិធី​ប្រឡង​ចម្រៀងពេល​បុណ្យ​ចូល​ឆ្នាំ។ មិន​បាន​ប៉ុន្មាន​អាទិត្យ​ផង ក៏​មាន​គេ​មក​អញ្ជើញ​កញ្ញា សុទ្ធា អោយ​ទៅ​ច្រៀង​កំដរ​ក្នុង​ពិធី​ស្វាគមន៍​កូន​កំលោះ​របស់​លោក​ គី ស៊ាន​ហូ (ដែលជាកូនលោក​ឧកញ៉ា​គេហបតី គី ស៊ាន​ហូ ថៅកែ​រោង​ចក្រ​អារ​ឈើ​ធំ​ជាង​គេ​ នៅ​ក្រុង​បាត់ដំបង) អាយុ​ប្រមាណ ២៤ ឆ្នាំ ដែល​ទើប​បញ្ជប់ ការ​សិក្សា​ផ្នែក​វិស្វកម្មមក​ពី​ទីក្រុងប៉ារីស​​។
  • លោក​សាស្ត្រាចារ្យ ប៊ុន ថង បាន​នាំ​យក​ សេរីសុទ្ធា ទៅ​ផ្ញើ​នឹង​លោក សុខ ​ឌីណារី និងលោក ឌី​ កាណាល់ ដែល​ជា​អ្នក​ចាត់​ចែង​នៅ​ក្នុង​វង់​តន្រ្តី លំហែ​យោធា ជា​វង់​ភ្លេង​ប្រគំ​ប្រចាំ​រង្គសាល ស្ទឹង​ខៀវ ក្រុង​បាត់ដំបង​ ដើម្បី​ជួយ​អោយ​នាង​បាន​ទទួល​មុខ​របរ ដែល​មាន​ប្រាក់​ចំណូល​ទៀង​ទាត់។
  • លោក​សាស្ត្រាចារ្យ ប៊ុន ថង បាន​ណែ​នាំ ​សុទ្ធា អោយ​ស្គាល់​អ្នក​ចម្រៀង​ប្រចាំ​ខេត្ត​បាត់ដំបង​ជា​ច្រើន ដូច​ជា លោក អ៊ឹម សុង​សឺម ជា​អតីត​គ្រូ​បង្រៀន នៅ​ភូមិ​កំពង់​ព្រះ បាត់ដំបង, អ្នក​ស្រី ប៉ែន រ៉ន និង អ្នក​ស្រី ហួយ មាស ដែល​ច្រៀង​នៅ​រង្គសាល​ស្ទឹង​ខៀវ​ដែរ ហើយ​ក៏​ជា​អតីត​សិស្ស​របស់​លោក​ផ្ទាល់​ ដែល​ក្រោយ​មក បាន​ទៅ​ចេញ​ច្រៀង មាន​ឈ្មោះ​បោះ​សំឡេង នៅ​រាជធានី​ភ្នំ​ពេញ
  • នៅឆ្នាំ១៩៦៧  យុវតី សុទ្ធា បាន​ចូល​បម្រើ​ជា​អ្នក​ចម្រៀង ជាមួយ​ក្រុម​តន្រ្តី យោធា​ភិរម្យ ក្រសួង​ឃោសនាការ ហើយ​បាន​ចេញ​សម្តែង ជា​សាធារណៈ​ជា​ញឹក​ញាប់
  • ដោយ​ទេពកោសល្យ​ដ៏​លេច​ធ្លោ​របស់​នាង យុវតី​បាន​ត្រូវ​គេ​ជ្រើស​រើស​ជា​អ្នក​ចម្រៀង​ប្រចាំ​ការ នៅ​រង្គសាល​មេគង្គ រង្គសាល​បែល​អ៊ែរ នៅ​ពោធិ៍​ចិន​តុង ហើយមាន​ទំនាក់​ទំនង​ជាមួយ​តារា​ចម្រៀង​មក​ពី​បាត់ដំបង​ដូច​គ្នា អ្នក​ចម្រៀង​នៅ​ភ្នំ​ពេញ​ ​ និង​អ្នក​ចម្រៀង​ពី​តាម​ខេត្ត​នានា និងបាន​ទទួល​ប្រិយភាព និង​ការ​គាំ​ទ្រ​ពេញ​ប្រទេស រួម​ទាំង​មហាក្សត្រ នាម៉ឺន​មុខ​មន្រ្តី និង​ប្រជា​ពលរដ្ឋ​ខែ្មរ​ទាំង​មូល
  • នៅឆ្នាំ១៩៦៩ អ្នក​ចម្រៀង​វ័យ​ក្មេង​គឺលោកស្រី រស់ សេរីសុទ្ធា បាន​ទទួល​គោរម​ងារ​ពី​ព្រះ​ប្រមុខ​រដ្ឋ​ខ្មែរ សម្តេច​ព្រះ​ឧបយុវរាជ នរោត្តម សីហនុ ថា ជា​ រាជិនី​សំនៀង​មាស​ប្រចាំ​កម្ពុជា។

 

ជីវិតរៀបការ៖

  • នៅឆ្នាំ១៩៦៨ លោកស្រី រស់ សេរីសុទ្ធា បានសម្រេច​ចិត្ត​រៀប​ការ​ ជាមួយ​លោក សុះ ម៉ាត់ ដែល​ជា​អ្នក​ចម្រៀង​បុរស​ ដែល​មាន​រូប​សង្ហា និងសម្បូរ​ស្នេហ៍​ ។ ក្រោយ​ពី​រៀប​ការ​ហីយ​បាន ៥ ឬ ៦ ខែ លោក សុះ ម៉ាត់ បាន​ស្ទុះ​ឡើង​ទៅ​​ទះ​តប់​​វាយ​ធ្វើ​បាប​ភរិយា​​យ៉ាង​ដំណំ នៅ​លើ​វេទិកា​ចម្រៀង ក្នុង​ចំណោម​ភ្ញៀវ​កំពុងជប់លៀងអ៊ូអរ ដោយ​សារ​ក្តី​ប្រច័ណ្ឌ​ចំពោះ​ភ្ញៀវជាមួយនាង។ ពេលនោះលោកស្រី រស់ សេរីសុទ្ធា បានត្រឡប់ទៅបាត់ដំបងវិញ ដោយបាត់បង់ទារកក្នុងផ្ទៃ ពីព្រោះតែការវាយតប់របស់ សុះ ម៉ាត់ រួចបានចែកផ្លូវគ្នា តែនាងត្រឡប់មកច្រៀងនៅភ្នំពេញវិញ ដោយសារការធានាពីលោកតា ស៊ិន ស៊ីសាមុត។
  • ចុង​ឆ្នាំ១៩៦៩ អ្នក​ស្រី សុទ្ធា បាន​ជួប​នឹង​កំលោះ​មួយ​រួប ឈ្មោះ ហ៊ុយ ស៊ីផាន់ ជា​កូន​ប្រុស​របស់​ថៅកែ វណ្ណ ច័ន្ទ ម្ចាស់​ផលិតកម្ម​ថាស​ចម្រៀង​ដ៏​ល្បី​ល្បាញ​ជំនាន់​នោះ​ រួចហើយ​ក៏​ភ្ជាប់​ទំនាក់​ទំនង​ដ៏​ល្អ​នោះ រហូត​ដល់​បាន​កូន​ប្រុស​មួយ
  • នៅ១៩៧១ មាន​ក្រុម​ទាហាន​មួយ​ហ្វូង បើក​ឡាន​ហ្ស៊ីប​ចូល​មក​អញ្ជើញ​អ្នក​ស្រី​ចេញ​ពី​ផ្ទះ នាំ​ខ្លួន​អ្នក​ស្រីទាំង​កណ្តាល​យប់ ទៅ​ជូប​លោក​ឧត្តមសេនីយ ស្រី យ៉ា​​ ហើយ​បាន​ត្រូវ​ឃាត់​ខ្លួន​ទុក​នៅ​ទី​នោះ មិន​អោយ​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ។ ភរិយា​ដើម​របស់​លោក ស្រី យ៉ា មាន​រោគ​ស្រ្តី មិន​អាច​មាន​បុត្រ​បាន​ ទើប​លោក ស្រី យ៉ា​ បាន​ប្រើ​អំណាច​បង្ខំ​ចាប់​យក​អ្នក​ស្រី សុទ្ធា មក​ធ្វើ​ជា​ភរិយា​ចុង​តែ​ម្តង​ទៅ  និងនៅ​អំឡុង​បួន​ឆ្នាំ ដែល​អ្នក​ស្រី សុទ្ធា រស់​នៅ​ជាមួយ​លោក ស្រី យ៉ា លោកស្រី​មាន​បុត្រ​បួន​នាក់។
  • នៅ១៩៧៧ វេលា​ចូល​ឆ្នាំ​ខ្មែរ អ្នក​ស្រី សុទ្ធា បាន​ត្រូវ​អង្គការ​បដិវត្តន៍ ចាប់​បង្ខំ​អោយ​រៀប​ការ ជាមួយ​យោធា​មួយ​រូប​ ដែល​ពិការ​ដៃ​ម្ខាង មាន​ឈ្មោះ​ថា សមមិត្ត ត្រោក ជា​កង​កម្មាភិបាល​ជាន់​ខ្ពស់ មួយ​រូប របស់​អង្គការ។

 

ខ្សែជីវិតចុងក្រោយ៖

  • ដោយ​ជម្លោះ​ក្ឌុង​ក្ឌាំង​ញឹក​ញាប់​ពេក អង្គការ​ខាង​លើ​បាន​ហៅ​អ្នក​ស្រី ទៅ​កសាង​អប់​រំ​​ ដោយ​រំលឹក​អោយ​អ្នក​ស្រី គោរព​ស្វាមី​ មិន​អោយ​ឆ្លើយ​តប​ត​ មាន​មាត់​ក​ មាន​ហិង្សា ជាមួយ​លោក​យោធា​​កម្មាភិបាល​នោះ​ត​ទៅ​ទៀត ។ ប៉ុន្តែ អ្នក​ស្រី​តាំង​ចិត្ត​អត់​ធ្មត់​មិន​បាន ត្បិត​ត្រូវ​ស្វាមី​វាយ​ដំ​ជេរ​ប្រទេច​ច្រើន​ហួស​ប្រមាណ ក៏​តប​ត​ដោយ​សំដី​ខ្លះ ៗ ត្រឡប់​ទៅ​វិញ ដែល​ជា​ហេតុ​បណ្តាល​អោយ​អង្គការ​លើ ចាប់​ដាក់​ទោស បញ្ជូន​ខ្លួន អោយ​ទៅ​ធ្វើ​ការ នៅ​ភូមិ​មួយ​ផ្សេង​ទៀត​ នៅ​រវាង​ពាក់​កណ្តាល​ឆ្នាំ ១៩៧៧ ។ ​ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​នរណា​ម្នាក់​បាន​ដឹង​ដំណឹង​ពីអ្នក​ស្រី​ទៀត​ឡើយ៕

ប្រភពៈ wikipedia

កែសម្រួលដោយៈMr365

Comments
Loading...