ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិសំពត់​ស្ត្រី​ខ្មែរ

2,308

យោងតាមកំណត់ហេតុចិន របស់លោក កាំង ថៃ និង យូ ជិន នាពាក់កណ្តាលស.វទី៣ នៃគ.ស ស្តីពីហ្វូ-ណន ដែលជារដ្ឋខ្មែរដំបូងបង្អស់ គឺព្រះបាទហ៊ុនទៀន ឬកៅណ្ឌិន្យទេ មកពីឥណ្ឌា ដែលបានបង្រៀនស្ត្រីខ្មែរ គឺនាងលីវយីឲ្យចេះស្លៀកពាក់សំពត់។ ព្រោះថា តាំងពីដើមមកស្ត្រីខ្មែរដែលស្ថិតក្នុងអម្បូរមន-ខ្មែរ ស្រាតននល ហើយនេះជាមូលហេតុដែលបាននាំឲ្យអ្នកនិពន្ធខ្លះជឿថា ទស្សនៈទាននេះ ពិតជាត្រឹមត្រូវ។

សូមជម្រាបថា ចំណេះដឹងខាងវប្បធម៌ខ្មែរបុរាណ គួបផ្សំនឹងរបកគំហើញខាងបុរាណវិទ្យា ពោលគឺកម្រិតសមត្ថភាពនៅពេលបច្ចុប្បន្ន អាចធ្វើឲ្យយើងដឹងច្បាស់អំពីលក្ខណៈវប្បធម៌នាសម័យមុនឥណ្ឌូរូបនីយកម្ម (Cf. ម.ត្រាណេ អំពីប្រភពវប្បធម៌ខ្មែរ, ២០០៨, ភ្នំពេញ) និងក្រោមព្រឹត្តិការណ៍នេះបន្តិច ពោលគឺសម័យវប្បធម៌ហ្វូ-ណន ដែលផ្តើមឡើងនៅស.វទី១នៃគ.ស។ បើនិយាយម្យ៉ាងទៀត ការអះអាងខាងលើមិនពេញលេញត្រឹមត្រូវទេ ព្រោះថា គេមិនបានបែងចែកឲ្យបានច្បាស់លាស់អំពីសមាសធាតុវប្បធម៌ខ្មែរ និងឥណ្ឌា ដែលក្នុងនោះសម្លៀកបំពាក់ជាផ្នែកមួយយ៉ាងសំខាន់នៃខឿនវប្បធម៌ រូបីយ៍របស់អម្បូរមន-ខ្មែរ។ មានន័យថា ការដែលសង្កេតរបស់កាំង ថៃ និងយូ ជីន ប្រកបដោយភាពខ្វះខាតមិនគ្រប់គ្រាន់ឡើយ ធ្វើឲ្យយើងពុំអាចយកជាការបាន។
តាមពិតទៅ មានភស្តុតាងជាច្រើនបង្ហាញឲ្យឃើញថា ការស្លៀកពាក់របស់ស្ត្រីខ្មែរដែលត្រូវបានពេញនិយមតាំងតែយុគថ្មរំលីង ហើយបន្តដល់យុគវប្បធម៌ថ្មសំរិទ្ធិ។ ទោះបីជាសម្លៀកបំពាក់ពុំបាននៅគង់វង្សរហូតដល់សព្វថ្ងៃក៏ដោយ។ តាមការសង្កេតរបស់យើង នៅមុនសម័យប្រវត្តិសាស្ត្របន្តិចរវាងស.វទី៣-២មុនគ.ស ការនិយមសំពត់ និងប៉ឹង សម្រាប់មនុស្សទាំងពីរភេទ ត្រុវបានសុះសាយទូទាំងភូមិភាគអាស៊ីអាគ្នេយ៍ បើយោងតាមទិន្នន័យខាងបុរាណវិទ្យាដែលបានផ្តល់។

ជាក់ស្តែង យើងបានរកឃើញនូវភស្តុតាងរឹងជាវត្ថុសិល្បៈមួយចំនួនដែលបានមកពីស្ថានីយ៍បុរេប្រវត្តិសាស្ត្រនៅភូមិ ស្វាយចេក សូភី និងស្នាយ ក្នុងខេត្តបន្ទាយមានជ័យបច្ចុប្បន្ន និងនៅតាមស្ថានីយ៍ជាច្រើនទៀត ដែលសព្វថ្ងៃស្ថិតក្នុងបង្គោលសីមារបស់ប្រទេសវៀតណាម, ថៃ និងលាវ។ វត្ថុសិល្បៈបុរាណទាំងនោះ រួមមានចម្លាក់តំណាងឲ្យបុព្វការីជន, គំនូរលើជញ្ជាំងគុហារ ឬចម្លាក់ឆ្លាក់លើវត្ថុប្រើប្រាស់ ដូចជាកាំបិត ស្នៀតជាដើម បានធ្វើឲ្យយើងយល់ច្បាស់ថា បុព្វការីជនសព្វថ្ងៃតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ។

 

ខ្មែរដែលរស់នៅភូមិភាគអាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន មានការនិយមប្រើប្រាស់នូវសម្លៀកបំពាក់សម្រាប់បិតបាំងកេរ្តិ៍ខ្មាស ឬលំអរាងកាយរបស់ខ្លួនរួចមកហើយ។ តាមពិតទៅ បើទោះជាសម្លៀកបំពាក់ទាំងនោះ ដូចជាសំពត់ស្ត្រី, ប៉ឹងស្ត្រី ឬបុរស មិនមានលក្ខណៈជាឥណ្ឌាក៏ដោយ ដូចករណីសំពត់ចរបាប់ ដែលមានពណ៌ឆើតឆាយ ចម្រុះ មកពីឥណ្ឌា។ សម្លៀកបំពាក់ជាប្រជាប្រិយប្រចាំជាតិសាសន៍ទាំងនោះ ឆ្លុះបញ្ចាំងពីទំនៀមទម្លាប់លក្ខណៈវប្បធម៌ដើមផ្ទាល់ របស់ប្រជាជនខ្មែររួចស្រេចទៅហើយ។

កែសម្រួលដោយៈMr365

Comments
Loading...