ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ហ្សង់ហ្សាក់ រូសូ Jean Jacques Rousseau(១៧១២-១៧៧៨)

2,492

លោក ហ្សង់ហ្សាក់ រូសូ គឺ​ជាទស្សនវិទូ​ដែល​មិនបាន​ចូលសាលា ហើយ​គ្មាន​សញ្ញាបត្រ​អ្វី​ទាំងអស់ ក៏ប៉ុន្តែ ត្រូវ​បាន​គេ​ចាត់បញ្ចូល​ក្នុង​ចំណោម​​ទស្សនវិទូ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​​នៅ​ក្នុង​សម័យ​ទំនើប រួមជាមួយ​នឹង នីកូឡា ម៉ាគីយ៉ាវែល (Nicolas Machiavel), ថូម៉ាស់ ហបស៍ (Thomas Hobbes), ចន ឡក (John Locke), ម៉ុងតេសគីយើ (Montesquieu)… ស្នាដៃ​ដ៏ល្បីល្បាញ​របស់​ហ្សង់ហ្សាក់ រូសូ គឺ​សៀវភៅ​ដែល​មាន​ចំណងជើង​ជាភាសាបារាំង “Du contrat social” (ស្តីអំពី​កិច្ចសន្យាសង្គម)។

ប្រវត្តិកំនើត

លោក ហ្សង់ហ្សាក់ រូសូ ដែល​ឪពុកម្តាយ​ជា​ជនបារាំង កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៧១២ នៅហ្សឺណែវ (ប្រទេស​ស្វ៊ីស​បច្ចុប្បន្ន)។ ម្តាយរូសូ​បាន​ទទួល​មរណភាព​ដោយ​ការ​សម្រាលកូន ហើយ​នៅ​ពេល​ដែល​រូសូ​មាន​អាយុទើប​នឹង​បាន ១០ឆ្នាំ ឪពុក​របស់​រូសូ ដែល​ជា​ជាង​និឡិកា​ បាន​ជាប់ក្តីក្តាំ​នៅ​តុលាការ ហើយ​ត្រូវ​បង្ខំ​ចិត្ត​រត់ចោល​ផ្ទះ​សម្បែង ដើម្បី​គេច​ពី​ការជាប់​ពន្ធនាគារ។ រូសូ​ក៏​ត្រូវ​ក្លាយ​ជា​ក្មេងអនាថា រស់​នៅ​លើក​កញ្ជើ​ពី​កន្លែងមួយ​ទៅ​កន្លែង​មួយ​ ដោយ​ម្តងរស់​នៅ​ជាមួយ​នឹង​ឪពុកមា​ខាង​ម្តាយ ម្តង​ទៅ​រស់នៅ​ជាមួយ​នឹង​បុព្វជិត​គ្រិស្តសាសនា ហើយ​ចុងក្រោយ​ទៅ​ធ្វើ​ជា​កូនជាង​ចម្លាក់។ ក៏ប៉ុន្តែ ដោយសារ​តែត្រូវ​រង​ការ​វាយដំ​ពី​មេជាង រូសូ​ក៏​បាន​រត់ចេញ​ពី​ផ្ទះ ហើយ​រសាត់អណ្តែត​​ឆ្លងព្រំដែន​ពី​ហ្សឺណែវ​ចូល​ទៅ​ក្នុង​សាវ័រ ដែល​បច្ចុប្បន្នជា​​ទឹកដី​បារាំង ក៏ប៉ុន្តែ កាលណោះ​​ស្ថិត​ក្នុង​ទឹកដី​អ៊ីតាលី

អំពីជីវិត

នៅ​តំបន់​សាវ័រ ហ្សង់ហ្សាក់ រូសូ ត្រូវ​បាន​ស្រ្តី​មេម៉ាយ​ស្តុក​ម្នាក់​ឈ្មោះ​ថា លោកស្រីដឺ​វ៉ារាំងស៍ (Madame de Warens) យក​ទៅ​ចិញ្ចឹម ហើយ​ផ្ចុងផ្តើម​ឲ្យ​រូសូ​បាន​រៀនសូត្រ​ខាង​ដូរតន្រ្តី ក៏ប៉ុន្តែ ក្នុង​ពេលរស់​នៅ​ជាមួយ​លោកស្រី​ដឺវ៉ារាំងស៍ ជាង​១០ឆ្នាំ​នោះ រូសូ​ក៏​បាន​ចំណាយ​ពេល​​យ៉ាងច្រើន​ក្នុងការ​អាន​សៀវភៅ​ទស្សនវិជ្ជា​ផងដែរ។

នៅ​ឆ្នាំ១៧៤២ ហ្សង់ហ្សាក់ រូសូ ដែល​មាន​អាយុ ៣០ឆ្នាំ បាន​ចាកចេញ​ពី​ផ្ទះ​​​លោកស្រី​ដឺវ៉ារាំងស៍​ ដើម្បី​ទៅ​ប្រកប​អាជីព​ជា​អ្នក​និពន្ធ​បទភ្លេង នៅ​ទីក្រុង​ប៉ារីស។ នៅ​ទីនោះ រូសូ​បាន​យក​ប្រព័ន្ធ​តាក់តែង​បទភ្លេង​ដែល​លោក​ទើប​នឹង​បង្កើតឡើង ទៅ​ដាក់​បង្ហាញ​នៅ​ក្នុង​បណ្ឌិតសភា​វិទ្យាសាស្រ្ត​បារាំង ក៏ប៉ុន្តែ ប្រព័ន្ធតាក់តែង​បទភ្លេង​ថ្មីនេះ​​មិន​​ត្រូវ​បាន​គេ​ទទួល​យក​នោះទេ ដោយ​សារតែ​បណ្ឌិតសភា​យល់ថា វា​​ជា​ប្រព័ន្ធ​តែងបទភ្លេង​ដែល​មិនសូវ​មាន​ប្រសិទ្ធភាព ក្នុងការ​អនុវត្ត​ជាក់ស្តែង។ ទោះជាយ៉ាងណា បណ្ឌិតសភា​វិទ្យាសាស្រ្ត​បារាំង​ទទួលស្គាល់​ថា ហ្សង់ហ្សាក់ រូសូ គឺ​ជា​មនុស្ស​ឆ្លាតវៃ និង​មាន​គំនិត​ច្នៃប្រឌិតខ្ពស់។ ជីវិត​រស់នៅ​ក្នុង​ក្រុង​ប៉ារីស​នោះ បាន​នាំ​រូសូ ឲ្យ​ស្គាល់​ទស្សនវិទូ​ដ៏​ចំណានៗ​ជាច្រើន​របស់​បារាំង ជាពិសេស ​ដឺនីស ឌីដឺរូ (Denis Diderot) និង វ៉ុលទែរ (Voltaire)

ឆ្នាំ១៧៥០ គឺ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​មួយ ដែល​នាំ​ហ្សង់ហ្សាក់ រូសូ ទៅ​រក​ភាព​ល្បីល្បាញ ហើយ​មិនមែន​ល្បីល្បាញ​ខាង​ដូរតន្រ្តី​ដែល​ជា​ជំនាញ​របស់​លោក​នោះទេ តែ​ល្បីល្បាញ​ខាង​ទស្សនវិជ្ជា។ នៅ​ឆ្នាំនោះ រូសូ ក្នុងវ័យ ៣៨ឆ្នាំ បាន​ចូលរួម​ប្រកួតប្រជែង​សរសេរ​អត្ថបទ​ទស្សនវិជ្ជាមួយ ជុំវិញ​សំណួរ​ថា “តើ​ការរីកចម្រើន​ខាង​វិទ្យាសាស្រ្ត​និង​សិល្បៈ​ជួយ​លើក​តម្កើង​ឬ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ខាង​សីលធម៌​របស់​មនុស្ស?”

នៅ​ក្នុង​អត្ថបទ ដែល​មាន​ចំណងជើង​ជា​ភាសាបារាំងថា “Discours sur les sciences et les Arts” រូសូ​បាន​សរសេរ​រៀបរាប់​ពី​ទឡ្ហីករណ៍​ជាច្រើន ដើម្បី​ការពារ​នូវ​គោលគំនិត​របស់​លោកដែល​ថា ការរីកចម្រើន​ខាង​វិទ្យាសាស្រ្ត​និង​សិល្បៈមិនបាន​ជួយ​លើក​តម្កើង​សីលធម៌​របស់​មនុស្ស​នោះទេ ផ្ទុយ​ទៅវិញ វាគឺ​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​សីលធម៌​មាន​ការ​ធ្លាក់ចុះ​ទៅវិញ។ អត្ថបទ​នេះ​បាន​ទទួល​ពានរង្វាន់​លេខ១ ហើយ​កេរ្តិ៍ឈ្មោះ​របស់​រូសូ​ក៏​ចាប់ផ្តើម​មាន​ភាព​ល្បីល្បាញ

បួនឆ្នាំក្រោយ​មក (ឆ្នាំ១៧៥៤) រូសូ​បាន​ចូលរួម​ប្រកួតប្រជែង​សរសេរ​អត្ថបទ​មួយថ្មី​ទៀត ដោយលើកនេះ រូសូ​សរសេរ​អំពី​ “ប្រភពនិង​មូលដ្ឋាន​ដែលបង្កើត​ឲ្យ​មាន​​​វិសមភាព​រវាង​មនុស្ស” (តាមភាសាបារាំង “Discours sur l’origine et les fondements de l’inégalité parmi les homes”)។ ស្នាដៃ​ថ្មីនេះ​ក៏​ទទួល​បាន​នូវ​ភាពល្បីល្បាញ​ដូចកាល​ពី​ស្នាដៃ​ទីមួយដែរ។ ក៏ប៉ុន្តែ ក្នុង​ពេលជាមួយគ្នា ទស្សនៈ​របស់​រូសូ​ក៏​ទទួល​រង​នូវការ​រិះគន់​យ៉ាង​ច្រើន​ផងដែរ ជាពិសេស ពី​សំណាក់​បញ្ញវ័ន្ត​​ល្បីៗ​នៅ​ពេលនោះ រួមមាន​ដូចជា ដឺនីស ឌីដឺរូ និង វ៉ុលទែរ ជាដើម ដែល​ជា​អ្នក​មាន​ទំនាក់ទំនង​រាប់អានគ្នា​ជាមួយ​រូសូ។

ទស្សនៈផ្ទុយគ្នា និង​ការ​រិះគន់​គ្នា​ទៅវិញទៅមក​​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​នេះ​ត្រូវ​កាត់ផ្តាច់ ហើយ​រូសូ​និង​វ៉ុលទែរ​បាន​ក្លាយ​ទៅ​ជា​គូសត្រូវ​ដ៏​ជូរចត់​នឹងគ្នា។ រូសូ​​ បាន​ចេញ​ពី​ប៉ារីស​ទៅរស់​នៅ​ឯ​ជាយក្រុង​​ដាច់ចេញ​ពី​ក្រុម​បញ្ញវ័ន្តផ្សេងទៀត។ នៅ​ទៅនោះហើយ ដែល ​រូសូ ​​​​​បាន​ចំណាយ​ពេល​សរសេរ​សៀវភៅ​បាន​ច្រើន​ ទាំង​សៀវភៅ​ប្រលោមលោក និង​សៀវភៅ​ទស្សនវិជ្ជា ដោយ​ក្នុងនោះ ស្នាដៃ​ដែល​ល្បីល្បាញ​ជាងគេ គឺ​សៀវភៅ​ទស្សនវិជ្ជា ស្តីពី “កិច្ចសន្យាសង្គម” ដែល​មាន​ចំណងជើង​ជា​ភាសាបារាំងថា “Du contrat social” ដែល​ចេញផ្សាយ​នៅ​ឆ្នាំ១៧៦២។ ស្នាដៃ​មួយទៀត ដែល ​រូសូ​ ចេញផ្សាយ​នៅ​ឆ្នាំ​ជាមួយគ្នា ហើយ​ដែល​ជា​ស្នាដៃ​ដ៏ល្បីល្បាញ​មួយ​ដែរ​នោះ គឹ​សៀវភៅ​​ស្តីពីរបៀប​អប់រំ​មនុស្ស ដែល​មាន​ចំណងជើង​ជា​ភាសាបារាំង​ថា “Emile ou De l’éducation”។

សៀវភៅ​អស់ទាំង​នេះ​ត្រូវ​ទទួល​រងនូវការ​ថ្កោលទោស​ ទាំងពី​សំណាក់​វិហារ​កាតូលិក និង​ពី​សំណាក់​អាជ្ញាធរ​។ ដោយ​ប្រឈមមុខ​នឹង​ការធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ រូសូ​ ក៏​បាន​ចេញ​ពី​បារាំង ហើយ​ទៅ​រស់នៅ​និរទេស​ខ្លួន​ពី​ប្រទេស​មួយ​ទៅប្រទេសមួយ ដោយ​ដំបូង​រត់ទៅ ​ហ្សឺណែវ ​ដែល​ជា​កន្លែងកំណើត ប៉ុន្តែ នៅ​ទីនោះ រូសូ​ ក៏​មិន​ត្រូវ​បាន​គេ​ទទួល​ស្វាគមន៍​នោះដែរ។ ហេតុដូច្នេះហើយ​បាន​ជា​ រូសូ​ ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ហ្សឺណែវ​ទៅ​​អាល្លឺម៉ង់ និង​បន្ទាប់​មក​ទៀត ទៅ​អង់គ្លេស។ ក៏ប៉ុន្តែ នៅ​អង់គ្លេស​នោះ​ រូសូ​ក៏​រស់នៅ​មិនបាន​យូរ​ប៉ុន្មាន​នោះដែរ គឺ​នៅបាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ដោយសារ​តែ​មិន​ត្រូវគ្នា​ជាមួយ​នឹង​បញ្ញវ័ន្ត​អង់គ្លេស

នៅ​ទីបំផុត រូសូ ​ក៏​សម្រេចចិត្ត​វិលត្រឡប់​ចូល​មក​ក្នុង​ប្រទេស​បារាំង​វិញ ក៏ប៉ុន្តែ ចូល​ដោយ​លួចលាក់ ប្រើឈ្មោះ​ក្លែងក្លាយ ហើយ​រស់នៅ​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ខេត្តមួយ​ទៅខេត្តមួយ ហើយ​ចុងក្រោយ​ទៅរស់នៅ​ក្នុងស្រុក​តូចមួយ នៅចម្ងាយ​ប្រមាណជា ៣៥គីឡូម៉ែត្រខាងជើង​ទីក្រុង​ប៉ារីស

រូសូ​បាន​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​របស់​លោក សរសេរ​អំពី​ប្រវត្តិរូប​ផ្ទាល់​ខ្លួន (“Les Confessions” និង “Rêveries du promeneur solitaire”) ជាពិសេស គឺ​សរសេរ​ដើម្បី​​បកស្រាយ​តប​ទៅ​អ្នក​ដែល​រិះគន់​លោក។ ក៏ប៉ុន្តែ សៀវភៅ​ទាំងនេះ​មិន​ត្រូវ​បាន​បោះពុម្ពផ្សាយ​ភ្លាមៗ​នោះទេ។ រហូត​ទាល់​តែក្រោយ​ពេល​ដែល​លោក​ទទួល​មរណភាព ទើបសៀវភៅ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​បោះពុម្ពផ្សាយ។

ហ្សង់ហ្សាក់ រូសូ ធ្លាក់​ខ្លួន​ឈឺធ្ងន់​ដោយ​ដាច់សរសៃឈាម​ក្នុង​ខួរក្បាល ហើយ​ទទួល​មរណភាព នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៧៧៨ ក្នុង​វ័យ ៦៦ឆ្នាំ១៣ឆ្នាំ​ ក្រោយ​មក អដ្ឋិធាតុ​របស់​លោក​ត្រូវ​បាន​អាជ្ញាធរ​បារាំង​បញ្ជូន​យក​ទៅ​តម្កល់​នៅ​ក្នុង​វិមាន​តម្កល់​សពវីរជន​បារាំង គឺ​វិមាន​​ប៉ង់តេអុង (Panthéon) ក្នុងក្រុង​ប៉ារីស ដោយ​នៅ​ទីនោះ អដ្ឋិធាតុ​របស់ ​ហ្សង់ហ្សាក់ រូសូ ត្រូវ​បាន​គេ​ដាក់​តម្កល់​នៅ​ចំពីមុខ​ទីតាំង​តម្កល់​អដ្ឋិធាតុ​របស់​វ៉ុលទែរ ដែល​ជា​គូសត្រូវ​ដ៏​ជូរចត់​នឹង​គ្នា កាល​ពី​ពេល​នៅរស់៕

Comments
Loading...