ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិសង្ខេបលោក ញ៉ុក ថែម

4,248

កំណើត៖ លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រី ឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង តាមប្រភពមិនច្បាស់លាស់ លោក ញ៉ុក ថែម បានស្លាប់នៅឆ្នាំ ១៩៧៤

ប្រវត្តិការសិក្សា៖ លោក ញ៉ុក ថែម មានអាយុប្រមាណ​ ១០​ ឆ្នាំ បានសិក្សា​អក្សរសាស្ត្រ​ភាសាជាតិ និង ពុទ្ធសាសនា​ក្នុង​សំណាក់​ព្រះគ្រូ​អាចារ្យ សន ដែល​ត្រូវជា​ជីតា នៅ​នាវ​ត្ត​ពោធិ​វាល សង្កាត់​សង្កែ ស្រុក​សង្កែ ខេត្តបាត់ដំបង។ អាយុ ១៥ ឆ្នាំ បួសជាសាមណេរវត្ត​ពោធិ​វាល ហើយវ័យ ​១៦ ​វស្សា បន្ត​មុខវិជ្ជា​ផ្នែក​ព្រះពុទ្ធសាសនា​នៅ​បាងកក ប្រទេស​សៀម ដោយ​ធ្វើដំណើរ​តាម​រទេះគោ​ជាមួយ​ពួក​ឈ្មួញ។ ប្រមាណ​ជា​ ១០​ ថ្ងៃ​បាន​ទៅដល់​ខេត្តប​ស្ចឹ​ម​បូរី ប្រទេស​សៀម បន្ទាប់មក​សាមណេរ​យើង​បាន​ចុះ​កប៉ាល់​បន្តដំណើរ រួច​ឡើង​រទេះភ្លើង​នៅ​ខែត្រ ប៉ែត​រិ​វ លុះ​ជិត​ព្រលប់​ទើប​ទៅដល់​ទីក្រុង​បាងកក ។ ពួក​ឈ្មួញ បាន​នាំ​សាមណេរ ញ៉ុ​ក ថែម ទៅ​ស្នាក់​សិក្សា​នៅក្នុង​វត្ត​ព្រះ​កេតុ នា​កុដិ​លោកគ្រូ មហា​យ៉ៅ​រ៍ ជា​ព្រះសង្ឃ​ខ្មែរ​១​អង្គ​ដែល​បាន​គង់នៅ​ស្រុក​សៀម​យូរ​ឆ្នាំ​មកហើយ ។ ឆ្នាំ១៩២១ ​ប្រឡង​ជាប់​ធម្ម​វិន័យ​ថ្នាក់​ត្រី, ឆ្នាំ១៩២៣ ប្រឡង​ជាប់​ធម្ម​វិន័យ​ថ្នាក់​ទោ, ហើយវ័យ ២១ វស្សា ​ជា​ភិក្ខុភាវៈ​ក្នុង​វត្ត​ព្រះ​កេតុ, ឆ្នាំ១៩២៩ ​ប្រឡង​ជាប់​ជា​ផ្លូវការ​នូវ​សញ្ញាបត្រ​មហា​ប្រាំ​ប្រយោគ ដែលជា​ថ្នាក់​ខ្ពស់បំផុត​ផ្នែក​ភាសាបាលី​, ឆ្នាំ១៩៣០ ត្រឡប់មក​មាតុប្រទេស​វិញ​ហើយ​បាន​ធ្វើជា​សមាជិក​ក្រុម​ជំនុំ​បកប្រែ​ព្រះ​ត្រៃបិដក និងឆ្នាំ១៩៣៦ បាន​លាចាក​សិក្ខាបទ។

ប្រវត្តិការងារ៖ លោក ញ៉ុក ថែម ជា​អ្នកប្រាជ្ញ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង ផ្នែក​ពុទ្ធសាសនា, ជា​សាស្ត្រាចារ្យ​ភាសាបាលី, អ្នកនិពន្ធ​ជា​ភាសា​ខ្មែរ បាលី ថៃ, ជា​និពន្ធ​នាយក​ទស្សនាវដ្ដី  កម្ពុជសុរិយា, តំណាង​របស់​នាយិកា​ពុទ្ធសាសនបណ្ឌិត្យ, ធ្វើការ​ដើម្បី​ទាមទារ​យក​ទឹកដី​ពី​សៀម, ជាសមាជិក​ក្រុម​ការទូត​ឥណ្ឌូចិន, សមា​ជិក​ក្រុម​បកប្រែ​ព្រះ​ត្រៃបិដក​, ស្ថាបនិក​សមាគម​អ្នកនិពន្ធ​ខ្មែរ, ឆ្នាំ១៩៣៩ ​ធ្វើជា​និពន្ធ​នាយក​ទស្សនាវដ្ដី កម្ពុជសុរិយា, ដើមខែកុម្ភៈ ១៩៣៩ ធ្វើជា​ព្រះរាជតំណាង​សម្តេច​ព្រះរាជ​អយ្យកោ នរោត្តម សុធារស ព្រះអធិបតី នៃ ពុទ្ធសាសនបណ្ឌិត្យ​កម្ពុជា, ឆ្នាំ១៩៤៣ ជា​តំណាង​របស់​អគ្គលេខាធិកា​រ​ពុទ្ធសាសនបណ្ឌិត, ឆ្នាំ១៩៤៥ ជា​អ្នកការទូត​សហភាព​ឥណ្ឌូចិន បារាំង​សេស​នៅ​ព្រៃនគរ និងជា​អ្នកបកប្រែ​ភាសា​ថៃ​-​បារាំង​-​ខ្មែរ ក្នុង​វិទ្យុ​នៃ​ក្រុង​នោះ​ ដើម្បី​ទាមទា​ដែនដី​បាត់ដំបង និង សៀមរាប ពី​សៀម​មកឱ្យ​ខ្មែរ​វិញ, ឆ្នាំ១៩៤៦ ធ្វើការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ និង បង្រៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ, ខែមករា ​១៩៤៧ ជាស​មា​ជិ​ក្រុម​ជំនុំ​ក្រុម​វប្បធម៌, ឆ្នាំ១៩៥០ ក្រសួងអប់រំជាតិ តែងតាំង ជា​សាស្ត្រាចារ្យ, ឆ្នាំ១៩៥៧​ ជា​សាស្ត្រាចារ្យ​ឧ​ត្ត​ម​កិត្តិយសនៃវិទ្យាស្ថាន​គរុកោសល្យ ក្នុងមហាវិទ្យាល័យ​អក្សរសាស្ត្រ និង មនុស្សសាស្ត្រ ព្រមទាំង​ពុទ្ធិកមហាវិទ្យាល័យ, ឆ្នាំ១៩៥៦ ​ជា​ស្ថាបនិក​មួយរូប នៃសមាគម​អ្នកនិពន្ធ​ខ្មែរ (ឯកសារខ្លះថា នៅឆ្នាំ១៩៥៥)

 

Comments
Loading...