ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ហេតុផលធ្វើអោយសហគ្រិនបរាជ័យ

1,973

សហគ្រិនភាព​បាន​ក្លាយ​ជា​ប្រធានបទ ​និង​មុខ​ជំនាញ​ដ៏​ពេញ​និយម​នា​បច្ចុប្បន្ន ​ពី​សំណាក់​និស្សិត​​​ ​បញ្ញាជន ​និង​មនុស្ស​ធម្មតា។ ​​ការ​កែប្រែ​ខ្លួន​ឲ្យ​ទៅ​ជា​​សហគ្រិន​ម្នាក់​ដ៏​ជោគជ័យ​ជា​រឿង​មួយ​ដ៏​ លំបាក ​ហើយ​ជា​រឿយៗ​សហគ្រិន​ថ្មីៗ​មួយ​ចំនួន​ដែល​បទពិសោធន៍​នៅ​មាន​កម្រិត​នៅ​ឡើយ​ តែង​ជួប​បរាជ័យ​​ដោយ​មិន​អាច​ជៀស​បាន។ ​តាម​​ការ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​បាន​រក​ឃើញ​ថា ​​មូលហេតុ​​ដែល​​ញឹកញាប់​នាំ​ឲ្យ​សហគ្រិន​វ័យ​ក្មេង​បរាជ័យ​នោះ​មាន​ដូច​ខាងក្រោម។

១. ​មិន​មាន​ផែនការ​ជា​លាយលក្ខណ៍​អក្សរ៖ ​​មិន​ត្រូវ​ចាត់​ទុក​គម្រោង​ជំនួញ​ជា​រឿង​ដែល​គ្មាន​ប្រយោជន៍​ឲ្យ​សោះ។ ​ការ​សរសេរ​គម្រោង​ការ​ច្បាស់លាស់​អាច​ឲ្យ​អ្នក​មើល​ឃើញ​ និង​យល់ដឹង​បន្ថែម​បាន​ច្រើន​ពី​​ការ​កែប្រែ​គំនិត​នោះ​ឲ្យ​ទៅ​ជា​សកម្មភាព​ ពិតប្រាកដ​ក្នុង​ជំនួញ។

២. ​​​​ប្រូម៉ូហ្សិន​ Free ​ដោយ​គ្មាន​ចំណូល​ច្រើន៖ ​​រាល់​ការ​ធ្វើ​ជំនួញ​ទាំង​អស់​ការ​ធ្វើ​ប្រូម៉ូហ្សិន ​និង​ការ​ផ្ដល់​ជូន​ជា​រឿង​ដែល​ជៀស​មិន​ផុត។ ​តែ​ការ​ធ្វើ​បែប​នេះ​គួរ​ធ្វើ​ឡើង​ដោយ​មាន​កំណត់​ច្បាស់លាស់​ ហើយ​ត្រូវ​ទទួល​បាន​ចំណូល​មក​វិញ​ដែល​អាច​ប៉ះប៉ូវ​បាន​ បើ​ពុំ​ដូចនោះ​ទេ​ការ​ខាតបង់​ដោយ​ការ​ធ្វើ​ប្រូម៉ូហ្សិន​នេះ​ម្ដង​បន្តិចៗ​ នឹង​ទាញ​ឲ្យ​អ្នក​ឡុងចុង​ខាត​ដើម​ខាត​ចុង​បាន។

៣. ​កង្វះ​ការ​ស្រាវជ្រាវ៖ ​សហគ្រិន ​មួយ​ចំនួន​ចាប់​ផ្ដើម​អាជីវកម្ម​​ដោយ​មិន​បាន​កំណត់​ឱកាស​ច្បាស់លាស់។ ​អ្នក​ទាំង​នេះ​ច្រើន​គិត​ថា ​សេវាកម្ម​ខ្លួន​ល្អ ​ផលិតផល​ល្អ​នឹង​ទទួល​បាន​អតិថិជន​ច្រើន តែ​ការ​គិត​តែ​ឯង​​ដោយ​គ្មាន​ការ​ប្រឹក្សា​ពី​អ្នក​ជំនាញ ​ការ​ស្រាវជ្រាវ​ទីផ្សារ ​និង​ដោះដូរ​មតិ​ជាមួយ​មិត្តភ័ក្ដិ ​និង​គ្រួសារ ​ជា​ការ​ប្រថុយប្រថាន​ខ្ពស់។

៤. ​ខ្វះ​ការ​ប្រតិបត្តិ៖ ​​ស្រប​ពេល​ដែល​គំនិត​ និង​ដើម​ទុន​ជា​រឿង​ដ៏​សំខាន់​ តែ​បើ​ខ្វះ​ការ​ប្រតិបត្តិ ​និង​គ្រប់គ្រង​ឲ្យ​ត្រឹមត្រូវ​​នោះ​ អ្នក​ប្រាកដ​ជា​ប្រឈម​នឹង​ឧបសគ្គ ​និង​ការ​សម្រេច​ចិត្ត​ខុស​ដែល​នាំ​ទៅ​រក​ការ​ដួល​រលំ​មិន​ខាន។

៥. ​ការ​ប្រកួតប្រជែង​ខ្លាំង៖ ​ទីផ្សារ​ដែល​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ជា​រឿយៗ​ធ្វើ​ឲ្យ​អ្នក​ដែល​ទើប​ ចាប់ផ្ដើម​មាន​ការ​បារម្ភ​ពី​បរាជ័យ​ប្រសិន​បើ​មិន​មាន​ការ​គ្រប់គ្រង​ដ៏​ មាំទាំ​ទេ​នោះ។ ​តែ​ត្រូវ​ចាំ​ថា ​ការងារ​ដែល​មិន​សូវ​មាន​ការ​ប្រកួត​ប្រជែង​ ​មាន​ន័យ​ថា​ផលិតផល​ សេវាកម្ម​ ឬ​អាជីវកម្ម​នោះ​​មិន​សូវ​មាន​ទីផ្សារ​ដូចគ្នា។ ​ដូច្នេះ​ត្រូវ​កំណត់​អាជីវកម្ម​ដែល​មិន​សូវ​មាន​ការ​ប្រកួតប្រជែង​ខ្លាំង ​និង​មិន​ត្រូវ​គ្មាន​ការ​ប្រកួត​ប្រជែង​សោះ​នោះ​ឡើយ។

៦. ​ធ្វើ​ការ​ជាមួយ​ក្រុមការងារ​ដែល​គ្មាន​បទ​ពិសោធន៍​ទាំង​ស្រុង៖ ​​​​បើ​មុខរបរ​ដែល​អ្នក​ចង់​ចាប់ផ្ដើម​មិន​មែន​ជា​អ្វី​ដែល​អ្នក​ធ្លាប់​ ស្គាល់​ ចូរ​ពិភាក្សា ​ឬ​សុំ​ឲ្យ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មិត្តភ័ក្ដិ​​ ឬ​អ្នក​ដែល​ធ្លាប់​ដើរ​មុន​អ្នក។ ​បើ​ចង់​ជួល​បុគ្គលិក ​គួរ​រក​អ្នក​ដែល​មាន​បទពិសោធន៍​ពាក់ព័ន្ធ។

​ អ្វី​ដែល​បាន​បកស្រាយ​ខាងលើ​ គ្រាន់​ជា​មូលហេតុ​មួយ​ចំនួន​ដែល​តែង​ធ្វើ​ឲ្យ​សហគ្រិន​ថ្មីថ្មោង​បរាជ័យ​ ប៉ុណ្ណោះ។ ​នៅ​មាន​ចំណុច​ពាក់ព័ន្ធ​ដទៃ​ទៀត​ដែល​យើង​មិន​បាន​បញ្ចូល​ក្នុង​អត្ថបទ​នេះ។ ​បើ​អ្នក​ដឹង ​សូម​ជួយ​ចែក​រំលែក​ក្នុង​ប្រអប់​បញ្ចេញ​មតិ​ខាង​ក្រោម។

កែសម្រួលដោយៈ Mr365

Comments
Loading...