នៅក្នុងពិភពលោកមួយដែលត្រីធំស៊ីត្រីតូច ហើយត្រីតូចស៊ីកំពឹសនោះ សាំងកាពួរត្រូវតែក្លាយជាកំពឹសដែលមានជាតិពុល
ដោយសារប្រទេសសាំងកាពួរជាប្រទេសតូច ហើយត្រូវបានយាយី ត្រូវបានសម្លុត និងត្រូវបានគម្រាមវាយប្រហារពីប្រទេសធំៗ ដែលនៅជិតខាងខ្លួន ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជាដើមនោះ លោកលីខ្វាន់យូ (Lee Kuan Yew) ដែលជាអតីតនាយករដ្ឋមន្ត្រីដ៏ល្បីល្បាញរបស់សាំងកាពួរបាននិយាយថា៖ «នៅក្នុងពិភពលោកមួយដែលត្រីធំស៊ីត្រីតូច ហើយត្រីតូចស៊ីកំពឹសនោះ សាំងកាពួរត្រូវតែក្លាយជាកំពឹសដែលមានជាតិពុល (In a world where the big fish eat small fish and the small fish eat shrimps, Singapore must become a poisonous shrimp)»។ ដូច្នេះហើយទើបប្រទេសសាំងកាពួរបានចំណាយលុយយ៉ាងច្រើនលើវិស័យកងទ័ពរហូតដល់ ១៣ពាន់លានដុល្លាក្នុងមួយឆ្នាំ ហើយសាំងកាពួរបានក្លាយជាប្រទេសដែលចំណាយលុយលើកងទ័ពច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺច្រើនជាងប្រទេសធំៗដូចជាឥណ្ឌូនេស៊ី និងវៀតណាមទៅទៀត។ (ទ័ពខ្មែរមានលុយចាយប្រហែល ៥០០លានដុល្លាប៉ុណ្ណោះក្នុងមួយឆ្នាំ គឺតិចជាងលុយទ័ពសាំងកាពួរប្រហែល ២៦ដង)។ សព្វថ្ងៃនេះ អ្នកជំនាញបានវាយតម្លៃថា សាំងកាពួរ គឺជាប្រទេសដែលមានកងទ័ពជើងទឹក និងកងទ័ពជើងអាកាសខ្លាំងជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយមកដល់ពេលនេះ សាំងកាពួរក៏បានក្លាយជាកំពឹសដែលមានជាតិពុល ហើយគ្មានប្រទេសធំណាហ៊ានស៊ីកំពឹសសាំងកាពួរទេ។ ដូចគ្នានឹងសាំងកាពួរដែរ កម្ពុជាក៏ជាប្រទេសតូចទំហំកំពឹសដូចក្នុងទ្រឹស្ដីរបស់លោកលីខ្វាន់យូដែរ ហើយក៏រស់នៅជិតប្រទេសជាត្រីធំៗដែលតាមឈ្លានពានខ្មែរមិនឈប់ ដូចជាប្រទេសថៃជាដើម។ ដើម្បីកុំអោយត្រីធំដូចជាថៃតាមលេបខ្មែរបាន មានតែខ្មែរត្រូវក្លាយជាកំពឹសដែលមានជាតិពុលដូចសាំងកាពួរទេ ទើបអាចគេចផុត។
