ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិ​នៃ​វត្តបទុម​វ​តី

2,198

នៅ​ក្នុង​ចំណោម​វត្ត​៤៦៧៦​វត្ត​(​តួលេខ​ឆ្នាំ​២០១៤) និង​ទួល អាស្រម ទី​បូជនីយដ្ឋាន​យ៉ាង​ច្រើន​ដែល​ជាទី​គោរព​សក្ការ​:​នៃ​ប្រជាជន​កម្ពុជា ក្នុង​នោះ​វត្ត​«​បទុម​វ​តី​រាជ​វ​រា​រាម​»​ក៏​ជា​អារាម​​ដ៏​សំខាន់​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ប្រវត្តិ​ជាប់​ទាក់ទង​ជាមួយនឹង​ការ​កកើត​​ឡើង​នៃ​រាជធានី​ភ្នំពេញ (​តាម​ព្រះរាជ​ពង្សាវតារ​ក្រុង​កម្ពុជា​ធិ​បតី​)​។

វត្ត​នេះ​មាន​បណ្តោយ​ពី​ខាង​លិចទៅ​ខាងកើត ២៦០​ម៉ែត្រ និង​ទទឹង ពី​ខាងជើង​ទៅ​ខាងត្បូង ២០២​ម៉ែត្រ ស្ថិត​នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ប្រវត្តិ​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ៖ តាម​ឯកសារ​រៀបរៀង​ចងក្រង​ដោយ​ផល្លា​បុ​ត្តោ​សាន ភា​រ៉េ​ត ផ្សាយ​តាម​គេហទំព័រ​«ហោត្រៃ​»​ឲ្យ​ដឹង​ថា​វត្ត​«​បទុម​វ​តី​រាជ​វ​រា​រាម​» ហៅ​កាត់​ថា​វត្ត​«​បទុម​វ​តី ឬ​វត្ត​បទុម​» កាល​ដើម​ឡើយ​មានឈ្មោះ​ថា វត្ត​«​ខ្ពប​តា​យ៉ង​» ព្រោះ​ទី​នេះ​ជា​ដី​ខ្ពប​របស់​តា​យ៉ង​អ្នក​ធ្វើ​ចម្ការ។ វត្ត​ខ្ពប​តា​យ៉ង ត្រូវ​បាន​កសាង​ឡើង​ដំណាលគ្នា​នឹង​វត្ត​«​ឧណ្ណាលោម​» អម​សងខាង​ព្រះ​បរមរាជវាំង គឺ​វត្ត​ឧណ្ណាលោម​នៅ​ពី​ខាងជើង ហើយ​វត្ត​ខ្ពប​តា​យ៉ង​នៅ​ពី​ខាងត្បូង​ព្រះ​បរមរាជវាំង​ប្រមាណ​៣០៩​ម៉ែត្រ កសាង​ក្នុង​ឆ្នាំកុរ បញ្ច​ស័ក ព‍​.​ស​១៩៨៦ គ​.​ស​១៤៤៣ ក្នុង​រជ្ជកាល​ព្រះបាទ​សម្តេចព្រះ​បរម​រាជា (​ពញាយ៉ាត​) (​ព​.​ស​១៩៣៧ គ​.​ស​១៣៩៣ ដល់ ព​.​ស ២០០៧គ​.​ស​១៤៦៣) សម័យ​នោះ​មិន​ទាន់​មាន​ចែក​ជា​និកាយ​ទេ ។

សម័យ​ក្រោយមក​ទៀត​ក្នុង​រជ្ជកាល​សម្តេចព្រះ​សុគន្ធ​បទ ព្រមទាំង​ព្រះរាជា ក្រោយ​ៗ​ទៀត​ក៏​បោះបង់​ចោល​ទីក្រុង​ភ្នំពេញ​ទៅ​សាង​ទីក្រុង​ថ្មី​នៅ​ទួល​បា​សាន​(​ឆ្នាំរោង សំរឹទ្ធិ​ស័ក ព​.​ស​២០៥២ គ​.​ស​១៥០៨ ម​.​ស​១៤៣០ ច​.​ស​៨៧០) និង​ទី ផ្សេង​ៗ​ទៀត វត្ត​ខ្ពប​តា​យ៉ង​នេះ​ក៏​ស្ងប់ស្ងាត់​ការ​កសាង​ទៅ​វិញ រហូត​ដល់​ក្លាយជា​វត្ត​នៅ​ក្នុង​ព្រៃ សូ​ម្បី​តែ​ភិក្ខុ សាមណេរ​មួយ​អង្គ​គង់នៅ​ក៏​គ្មាន​ផង ។ ហើយ​ត្រូវ​អ្នកស្រុក​បោះបង់​ចោល​រាប់រយ​ឆ្នាំ គេ​ស្គាល់ឈ្មោះ​តែ​ក្នុង​ព្រះរាជ​ពង្សាវតារ​ប៉ុណ្ណោះ ចំណែក​ទីតាំង​ពិត​គឺ​មាន​តែ​រោង​ឧបោស​ថ​ប្រក់​ស្លឹក និង​ព្រះ​ជី​មួយ​អង្គ ថ្ម​សន្លឹក​សីមា​មួយ​ផ្ទាំង នៅ​ក្នុង​ព្រៃ​ទួល​ខ្ពស់​មួយ ដែល​ក្បែរ​នោះ​ពី​ខាងកើត​មាន​ខ្ពប​តូច​មួយ​វែង ដែល​តា​យ៉ង​ជីក​យក​ទឹក​ស្រោច​ដំណាំ​គាត់ ហើយ​អ្នកស្រុក​ក៏​តែងតែ​មក​ដងទឹក​នេះ​យក​ទៅ​ប្រើប្រាស់ ។ រហូត​មក​ដល់​ឆ្នាំឆ្លូវ សប្តស័ក ព​.​ស ២៤០៨ គ​.​ស​១៨៦៥ សម្តេចព្រះ​នរោត្តម​បោះបង់​ចោល​ក្រុង​ឧត្តុង្គ​មក​កសាង​ក្រុងភ្នំពេញ​ជា​លើក​ទី​ពីរ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​គេ​ដឹកឈើ​ពី​ក្រុង​ឧត្តុង្គ​មក​កសាង​ព្រះ​វិហារ កុដិ សាលា នៅ​ទីទួល​នោះ ទ្រង់​ឲ្យ​គេ​ជីក​គូ ស្នាមភ្លោះ​ខាងជើង ខាងត្បូង ខាងលិច​វត្ត ចាក់​ដី​ពង្រីក​ទួល និង​ជីក​ខ្ពប​ចាស់​នោះ​អោយ​ជ្រៅ​ជាង​មុន រួច​ហើយ​ឲ្យ​ដាំ​ដើម​ឈូក​ក្នុង​គូ​ស្នាមភ្លោះ​ទាំង​បី​ជ្រុង​វត្ត ។

លុះ​រៀបចំ​វត្ត​បាន​សមគួរ​ហើយ ក៏​ធ្វើបុណ្យ​បញ្ចុះសីមា ឆ្លងវិហារ កុដិ សាលា និង​ប្រែ​ឈ្មោះ​ពី​វត្ត​«​ខ្ពប​តា​យ៉ង​» មក​ជា​វត្ត​«​បទុម​វ​តី​រាជ​វ​រា​រាម​» វិញ មាន​ន័យ​ថា «​វត្តមាន​ឈូក​ជា​របង »​ជា​អារាម​ដ៏​ប្រសើរ​របស់​ព្រះរាជា ជាប់​រហូត​មក ។ តម​ក​ថ្ងៃ​អង្គារ ១០​រោច ខែមាឃ​ឆ្នាំកុរ នព្វស័ក ព​.​ស​២៤៣០ គ​.​ស​១៨៨៧​សម្តេចព្រះ​នរោត្តម​បាន​ទទួល​ព្រះ​ពោធិព្រឹក្ស​ព្រមទាំង​ព្រះ​បរម​សារីរិកធាតុ ព្រះអរហន្ត​ធាតុ​ពី​ប្រទេស​ស្រី​លង្កា ក៏​ទ្រង់​ប្រារព្ធ​ពិធីបុណ្យ​៣​ថ្ងៃ ដាំ​ព្រះ​មហាពោធិ​ព្រឹក្ស​នោះ​នៅ​មុខ​ព្រះ​វិហារ​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ។

ថ្ងៃ​ពុធ ១​រោច ខែ​ពិសាខ ឆ្នាំរកា ឯកស័ក ព​.​ស​២៤៥២ ច​.​ស​១២៧១ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែ​ឧសភា គ​.​ស​១៩០៩ ក្នុង​រជ្ជកាល​នៃ​ព្រះបាទ​សម្តេចព្រះ​ស៊ី​សុវត្ថិ (​ព្រះ​បរម​រា​ជានុ​កោដ្ឋ​)​សម្តេចព្រះ​មង្គលទេពាចារ្យ អៀម ប្រារព្ធ​ពិធីបុណ្យ​បញ្ចុះ​ព្រះ​បរម​សារីរិកធាតុ។

និង​ព្រះ​អរហន្ត​ធាតុ​នៅ​ថ្នាក់​ខាងលើ ឯ​ព្រះ​អដ្ឋិធាតុ​នៃ​សម្តេចព្រះ​សុ​គ​ន្ធា​ធិ​បតី​ប៉ាន បញ្ចុះ​​ថ្នាក់​ខាង​ក្រោម​ក្នុង​ព្រះ​ចេតិយ​ធំ​ដែល​សម្តេច​បាន​ដឹកនាំ​កសាង​មាន​កម្ពស់​៣៣​ម៉ែត្រ សណ្ឋាន​​៤​ជ្រុង​នៅ​ខាងត្បូង​ព្រះ​វិហារ​(​គេ​ហៅ​ព្រះ​ចេតិយ​៨​ទិស​)​មាន​ចេតិយ តូច​ៗ​ជា​បរិវារ​អម​គ្រប់​ជ្រុង​ទាំង​៤ មួយ​ៗ​កម្ពស់​៦​ម៉ែត្រ មាន​ប្រាង្គ​គ្រប់​ទាំង​៤​ជ្រុង​រំលេច​ក្បូរ​ក្បាច់​រចនា​យ៉ាង​ប្រណីត ។នៅ​ក្នុង​ឆ្នាំឆ្លូវ នព្វស័ក ព​.​ស​២៤៨០ គ​.​ស ១៩៣៧ ក្នុង​រជ្ជកាល​នៃ​ព្រះបាទ​សម្តេច ព្រះ​ស៊ី​សុវត្ថិ​មុនី​វង្ស ព្រះ​មង្គលទេពាចារ្យ​ស៊ុ​ក ផ្តើម​រុះរើ​ព្រះ​វិហារ​ចាស់​ចេញ កសាង​ព្រះ​វិហារ​ថ្មី។ ព្រះ​វិហារ​ថ្មី​នោះ​កសាង​រហូត​មក​ដ​ល់ម័យ​សម្តេចព្រះ​សុធម្មាធិបតី​អ៊ុ​ង ស្រី ក្នុង​រជ្ជកាល​នៃ​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ទើប​ហើយ​ស្រេច​ក៏​ធ្វើបុណ្យ​សម្ពោធ​ឆ្លង​នៅ​ថ្ងៃ​សៅរ៍​១៥​កើត ខែ​ផល្គុន​ឆ្នាំមមី​ចត្វា​ស័ក ព​.​ស ២៤៨៥ ច​.​ស ១៣០៤ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែមីនា គ​.​ស​១៩៤២ ។ សម័យ​នោះ​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ជា​វត្ត​ធំ​ខាង​គណៈ​ធម្មយុត្តិ​ក និកាយ ។

នៅ​ក្នុង​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ វត្ត​បទុម​ត្រូវ​បាន​បោះបង់​ចោល​ម្តងទៀត ដោយសារ​របប​កម្ពុជា​ប្រជាធិបតេយ្យ បណ្តេញ​ផ្សឹក​ព្រះសង្ឃ​គ្មាន​សល់ គម្ពីរ​ដីកា សាស្ត្រា ក្បួន​ច្បាប់ សំណង់ ផ្សេង​ៗ​ត្រូវ​បំផ្លិចបំផ្លាញ បាត់​ភាព​អ៊ូអរ បាត់​សំឡេង​ធម៌ វត្ត​បទុម​វ​តី​ទៅ​ជា​ស្ងាត់ជ្រងំ ដុះ​ស្មៅ​ដុះ​ព្រៃ​ឡើង​វិញ ។ ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩ ដល់​១៩៨៩ វត្ត​បទុម​ជាទី​សំណាក់​នៃ​កងទ័ព​វៀតណាម ។លុះដល់​ឆ្នាំ​១៩៨៩ ក្រោយ​ពី​មាន​ព្រះពុទ្ធ​សាសនា មាន​ព្រះសង្ឃ​ឡើង​វិញ​ទើប​ប្រមុខ​ដឹកនាំ​ប្រទេស មាន​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ី​ម បាន​និមន្ត​សម្តេចព្រះ​ពោធិ​វ័ង្ស​ន​ន្ទ ង៉ែត មក​ពី​វត្ត​លង្កា​កុ​សុមា​រាម មក​គង់នៅ​ដើម្បី​ដឹកនាំ​ព្រះសង្ឃ ពុទ្ធបរិស័ទ​រហូត​មក ។ ចាប់ពី​ពេល​នោះ​មក​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម​ក៏​ក្លាយជា​វត្ត​របស់​ព្រះសង្ឃ​គណៈ​មហា​និកាយ មាន​ព្រះសង្ឃ​មក​គង់នៅ​រៀនសូត្រ​កាន់តែ​ច្រើន​ឡើង​ៗ​។

ឆ្នាំ​១៩៩១ ព្រះ​មហា​វីរក្សត្រ ព្រះបាទ​នរោត្តម សីហ​នុ បាន​យាង​ធ្វើ​មាតុភូមិនិវត្តន៍ ក៏​សុំ​ឲ្យ​សម្តេចព្រះ​សុ​គ​ន្ធា​ធិ​បតី​ប៊ូ គ្រី សម្តេចព្រះសង្ឃរាជ​គណៈធម្មយុត្តិកនិកាយ​មក​គង់​នៅ​វត្ត​បទុម​វ​តី​ដែរ តែ​មាន​ចំនួន​មួយ​កុដិ​ប៉ុណ្ណោះ រហូត​មក​ទល់​សព្វថ្ងៃ​មាន​ព្រះសង្ឃ​តែ​២០ ទៅ​៣០ អង្គ​ទេ ចំណែក​ខាង​គណៈមហានិកាយ​វិញ​ក្នុង​មួយ​ឆ្នាំ​មាន​ព្រះសង្ឃ​មក​គង់នៅ​រៀនសូត្រ​ជាង​៤០០​អង្គ ឯ​និស្សិត​ពី​៦០០ ទៅ​៧០០​នាក់ ។

បច្ចុប្បន្ន​នេះ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចព្រះ​មហាសុមេធាធិបតី​ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​សម្តេចព្រះ​ចៅអធិការ ព្រមទាំង​ព្រះ​ញាណ​វង្ស​ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះ​គ្រូសូត្រស្តាំ បាន​ពង្រឹង​ធម៌ វិន័យ បដិបត្តិ សិក្សា អប់រំ​ប្រកបដោយ​ការ​សន្តោស​ដ៏​ខ្ពង់ខ្ពស់ ធ្វើ​ឲ្យ​និស្សិត​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​រាប់រយ​នាក់​ជា​បន្តបន្ទាប់ ។ ឯខាង​ពុទ្ធ​ក្រ​ក៏​មាន​ព្រះសង្ឃ​ចេះ​ដឹង​ច្រើន​អង្គ បាន​សរសេរ​សៀវភៅ​ផ្សព្វផ្សាយ​អប់រំ ជា​គ្រូ សាស្ត្រាចារ្យ ជា​ធម្មកថិក​ទេសនា មាន​ចំនួន​ច្រើន​ជាង​វត្ត​ដទៃ​ក្នុង​ប្រទេស​កម្ពុជា ។

ដោយ​មានការ​សហការ​យ៉ាង​ល្អជា​មួយ​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ រាជរដ្ឋាភិបាល​មន្ត្រីរាជ​ការ ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ ទាំងឡាយ​ក្នុង​វត្ត​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អ​គួរ​ឲ្យ​ជ្រះថ្លា មានការ​រៀបចំ​ទីធ្លា​វត្ត ប្រព័ន្ធ​ទឹក ប្រព័ន្ធ​លូ ផ្លូវថ្នល់ សួនច្បារ របង សំណង់ ផ្សេង​ៗ កុដិ ចាស់​ៗ​ទាំងឡាយ ត្រូវ​បាន​កសាង​ជា​ថ្មី និង​ជួសជុល​កែ​លម្អ​បំពេញបន្ថែម​តាម​តម្រូវការ​ជាក់ស្តែង ។ ដំណាក់កាល​ចុង​ក្រោយ​នេះ (២០១៤-២០១៥)​បាន និង​កំពុង​កសាង​ឧបដ្ឋានសាលា​ដ៏​ធំ​ទូលាយ ស្រស់​ស្អាត ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​របស់​ពុទ្ធបរិស័ទ​សម្រាប់​បំពេញ​បុណ្យ​​កុសល និង​កម្មវិធី ផ្សេង​ៗ​នៃ​សាសនា និង​សង្គម ។

ព្រះ​ចៅអធិការ​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ៖ កាលពី​នៅ​ឈ្មោះ​វត្ត​«​ខ្ពប​តា​យ៉ង​» ក្នុង​រជ្ជកាល​សម្តេចព្រះ​បរម​រាជា ពញាយ៉ាត មិន​មាន​ព័ត៌មាន​បញ្ជាក់​ពី​វត្តមាន​ព្រះសង្ឃ និង​សមណសក្តិ ព្រះ​ចៅអធិការ ប៉ុន្មាន​អង្គ​មក​ទេ តែ​ដល់​សម័យកាល​សម្តេច ព្រះ​នរោត្តម​មក​កសាង​ជា​លើក​ទី​ពីរ មាន​កត់ត្រា​ដូច​តទៅ​នេះ៖

១-សម្តេចព្រះ​សុ​គ​ន្ធា​ព្រះសង្ឃ​រាជាធិបតី បញ្ញា​សី​លោ​ប៉ាន ( ព​.​ស​២៤០៨ គ​.​ស​១៨៦៥ ដល់ ព​.​ស ២៤៣៧ គ​.​ស​១៨៩៣ ) ។

២-សម្តេចព្រះ​មង្គលទេពាចារ្យ​ភ​ទ្ទ​គូ អៀម ព្រះសង្ឃ​នាយក (​ព​.​ស​២៤៣៧ គ​.​ស​១៨៩៣ ដល់​ព​.​ស ២៤៦៥ គ​.​ស​១៩២២) ។

៣-សម្តេចព្រះ​មង្គលទេពាចារ្យ បញ្ញា​ប​ទី​បោ ស៊ុ​ក ព្រះសង្ឃ​នាយក (​ព​.​ស ២៤៦៦ គ​.​ស ១៩២៣ ដល់​ព​.​ស​២៤៨៥ គ​.​ស ១៩៤២ ) ។

៤-សម្តេចព្រះ​សុធម្មាធិបតី​ពុទ្ធ​នា​គោ អ៊ុ​ង ស្រី ព្រះសង្ឃ​នាយក (​ព​.​ស​២៤៨៦ គ​.​ស ១៩៤២ ដល់​ព​.​ស ២៤៩៨ គ​.​ស ១៩៦៥ ) ។

៥-សម្តេចព្រះ​សុធម្មាធិបតី ឥន្ទ​ញា​ណោ ភុល ទេស ព្រះ​សង្ឃរាជ​ថ្នាក់​ទី​ពីរ (​ព​.​ស ២៤៩៨ គ​.​ស​១៩៥៦ ដល់ ព​.​ស ២៥០៩ គ​.​ស ១៩៦៦ ) ។

៦-សម្តេចព្រះ​សុធម្មាធិបតី គន្ធ​រោ ទេព លឿង ព្រះសង្ឃ​នាយក (​ព​.​ស ២៥០៩ គ​.​ស ១៩៦៦ ដល់ ព​.​ស ២៥១៩ គ​.​ស​១៩៧៥ ) ។

៧-សម្តេចព្រះសង្ឃរាជ​ហ៊ី ជា ព្រះសង្ឃ​នាយក​ស្តីទី (​ព​.​ស ២៥១៩ គ​.​ស​១៩៧៥ មិន​បាន​មួ​យស​ប្តា​ហ៍​ផង​ក៏​ចូល​ដល់​របប​ប៉ុ​ល ពត )​។ សម្តេចព្រះសង្ឃរាជ​ទាំង​៧ ព្រះ​អង្គ​នោះ ជា​គណៈធម្មយុត្តិកនិកាយ ។

៨-សម្តេចព្រះ​មហាសុមេធាធិបតី​ន​ន្ទ ង៉ែត បស្ស​ទ្ធិ​ពោ​ជ្ឈ​ង្គោ សម្តេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(​គ​.​ស ១៩៨៩​ដល់​បច្ចុប្បន្ន​)៕

ប្រភពៈកោះសន្តិភាព

ដោយៈMr365

Comments
Loading...