ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិ​ពាក្យ​ថា លុយ​របស់​ខ្មែរ

2,590

ពាក្យ​ថា​លុយ បើតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ​ជួន ណាត ន្យ​ល់​ថា ជា​នាមសព្ទ ដែល​គេ​ហៅ​សំដៅលើ លោហ​:​សណ្ឋាន​មូល​តូច​សំប៉ែត មាន​រូបភាព ឬ​ត្រា និង​អក្សរ​សម្គាល់ សម្រាប់​ប្រើ​ចាយ​ជា​ជំនួស​ប្រាក់ នៅក្នុង​កម្ពុជរដ្ឋ​កាល​ពី​សម័យ​ដើម ដែលមាន​តម្លៃ​២​សេន និង​១​សេន​។ ប៉ុន្តែ នៅ​ទសវត្សរ៍​៥០ ឬ​៦០  មានតែ​តម្លៃ​១​សេន និង​កន្លះ​សេន​ប៉ុណ្ណោះ ហើយ​ពាក្យ​ថា​លុយ​នេះ គឺ​គេ​ហៅ​ក្លាយ​មកពី​ពាក្យ​ថា ល្វី (Louis) ដែលជា​ព្រះនាម នៃ​មហាក្សត្រិយ៍ ប្រទេស​បារាំងសែស ក្នុងសម័យ​ដើម​។

លោក​ឌឹ​ក គា​ម អ្នកស្រាវជ្រាវ និង​ជា​អ្នកនិពន្ធ​រឿង ភូមិ​តិ​រិ​ច្ឆា​ន ដ៏​ល្បីល្បាញ បាន​ពណ៌នា​ក្នុង​អត្ថបទ​ស្រាវជ្រាវ​របស់លោក​ស្តីអំពី​លុយ​(​លុយ​នៅ​កម្ពុជា​) ចុះផ្សាយ​នៅ​ទស្សនា​វ​ដ្តី​កម្ពុជ សុរិយា ទសវត្សរ៍​៥០​ថា តាម​ការ​ប៉ាន់​របស់លោក លុយ​នេះ ប្រហែលជា​បុព្វបុរស​ខ្មែរ បាន​បង្កើតឡើង​តាំងពី​ច្រើន​ជំនាន់ ច្រើន​សម័យ​មកហើយ សម្រាប់​ការចាយវាយ​ផ្សេងៗ​។ ប៉ុន្តែ ពុំ មាន​ឯកសារ​ណា​បញ្ជាក់​ច្បាស់លាស់​។ លោក​ក៏បាន​លើកយក​អំណះអំណាង​រប​ស់ លោក​ជីវ តាក្វាន់ មក​បង្ហាញ​ផងដែរ​ថា នៅ​សម័យ​ក្រោយ​អង្គរ ខ្មែរ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​ជាមួយ​ចិន ដោយ​យក​មាស ប្រាក់ ភ្លុក ក្រមួន ទៅ​ដូរ​យក​កំណាត់ សំពត់​ហូល ព្រែ ពី​អ្នកជំនួញ​ចិន ព្រោះ​សម័យ​ដើម ខ្មែរ​និយម​ប្រើពាក្យ​ថា ប្តូរ (​ទិញ ឬ​ដូរ​) ដូចជា ដូរគោ ដូរ​ក្របី ដូរ​ដី ជាដើម​។

លោក​ឌឹ​ក គា​ម ក៏បាន​លើកយក​ការអះអាង​របស់លោក  G.Groslier មក​បង្ហាញ​ផងដែរ​ថា តាម​ការរកឃើញ​រប​ស់លោក​G.Groslier នៅ​សតវត្សរ៍​ទី​១៣ ខ្មែរ​មិនទាន់បាន​បោះពុម្ព​លុយ ចាយ​នៅឡើយ ព្រោះ​ខ្មែរ​និយម​ចាយវាយ ឬ​ទិញ​វត្ថុ របស់របរ​អ្វី​ផ្សេងៗ តាមរយៈ​ការប្តូរ​គ្នា តែ​លោក G,Groslier និង​លោក R.Le May បញ្ជាក់ថា នៅ​ស​វត្សរ៍​ទី​១៦ ឬ​អំឡុង​គ​.​ស ១៥៩៥ ព្រះបាទ ស​ត្ថា​ទី​១ បាន​បោះ​លុយ​មួយបែប​ជា​កាក់​(​មាស ឬ​ប្រាក់​) សម្រាប់​ចាយ​ទៅហើយ​។

​លោក​ឌឹ​ក គា​ម បញ្ជាក់ថា តាមរយៈ​ការផ្ទៀងផ្ទាត់​សករាជ នៃ​ការផលិត​លុយ ឬ​ប្រាក់​ស្លឹង គឺ​ស្តេច​កន​ទេ ដែលជា​អ្នក​ផលិត​លុយ​ដំបូង​គេ​នៅ​នគរ​ខ្មែរ​នោះ ព្រោះ​ស្តេច​កន បាន​ឡើង​សោយរាជ និង​បាន​បង្កើត​ប្រាក់​ស្លឹ​ង្គ​តាំងពី​គ​.​ស ១៤៩៨ ដល់​១៥០៥​។ លោក​ឌឹ​ក គា​ម​បន្ត ថា នៅ​សម័យ​ក្រោយមកទៀត ខ្មែរ​មាន​ចាយលុយ​មួយបែប​ទៀត គឺ​លុយ​ឆ្តោរ ឬ​មាស​ឆ្តោរ​។  លុយ ឬ​មាស​ឆ្តោរ មាន​ទម្ងន់​ដូច​ប្រាក់ណែន​ដែរ តែមាន​ចារ​ជា​អក្សរ​ចិន ហើយ​ការចាយវាយ​លុយ ឬ​មាស​ឆ្តោរ មានតែ​មួយរយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។ លុះ​ពេល​លុយ​ឆ្តោរ​បាត់ទៅ មុនពេល​ខ្មែរ​បោះពុម្ព​ក្រដាសប្រាក់​ចាយ ក៏មាន​មាសសន្លឹក​មួយបែប​ទៀត មាន​ទម្ងន់​មួយ​តា​អ៊ែ​ល​។

​សម្តេចព្រះសង្ឃរាជ​ជួន ណាត បាន​ពន្យល់​ក្នុង​បទ​សម្ភាស​នាទី​អក្សរសាស្ត្រ​ខ្មែរ​ថា កាលពី ដើម​ខ្មែរ​យើង​មិនទាន់មាន​ប្រាក់​ចាយ​ទេ គឺ​ចាយ​បៀ​។ បៀ ជា​ឈ្មោះ​ឬ​ខ្យង​សមុទ្រ​មួយ​ប្រភេទ ដែល​គេ​យកមក សម្គាល់​ជាវ​ត្ថុ​មានតម្លៃ តំណាង​ឲ្យ​លុយ ដើម្បី​ដូរ​ទិញ​របស់របរ​គ្នា​ទៅវិញទៅមក​។  ពាក្យ​បៀ​នេះ ត្រូវបាន​យកមកប្រើ​រហូត​សព្វថ្ងៃ ដូចជា​ពាក្យ​ថា​បៀវត្សរ៍ ដែល​មានន័យថា ប្រាក់ ឬ​លុយ ឬ​រង្វាន់​ប្រចាំឆ្នាំ​។

 

​ទាក់ទង​នឹង​ប្រវត្តិ​លុយ​នេះដែរ កាលពីពេល​ថ្មីៗ​នេះ លោក​បណ្ឌិត វង្ស សុធា​រ៉ា សាស្ត្រាចារ្យ ផ្នែក​សិលាចារឹក បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក​ហាក់​មិនទាន់​ឯកភាព​ទាំងស្រុង​ថា ប្រាក់​ស្លឹង ទើបតែ​ត្រូវបាន​បង្កើតឡើង​ដោយ​ស្តេច​កន នៅ​សតវត្សរ៍​ទី​១៦  ឬ​ទើបតែ​ទទួល​ឥទ្ធិពល​ស៊ី​លីង​(Silling) ឯ​កត្តា​លុយ​អង់គ្លេស​នោះទេ ព្រោះ​ការ​បង្កើយ​លុយ អាចមាន​តាំងពី​សតវត្សរ៍​ទី​៩​មក​។

​លោក​បន្តថា យោងតាម​សិលាចារឹក​ប្រាសាទ​ព្រះ​គោ​ឆ្នាំ​៨៩១​គ​.​ស​.K.314  គេ​ឃើញ​ពី​ការ រៀបរាប់​តង្វាយ ចំពោះ​ព្រះ​អម្ចាស់​អញ​ដ៏​បរមេស្វរៈ​(​ព្រះបាទ​ជយ​វ​ម៌្ម​ទី​២) រៀងរាល់ថ្ងៃ​មាន​អង្ករ​៤​លិះ ភាជន៍​មួយ​ទម្ងន់​៤​ជញ្ជីង​១៣​តំ​លិ​ង​(​សរុប​៩៣​តំលឹង​)១​បាទ (​និង​)១«​ស្លិ​ង​» (​និង​) ក្អម​មួយ​ទម្ងន់​១០​ជញ្ជីង​(២០០​តំលឹង​)​។

​ដូច្នេះ ជាការ​សន្និដ្ឋាន ការបង្កើត​ប្រាក់​ស្លឹង អាច​ត្រូវបាន​ព្រះមហាក្សត្រ​ខ្មែរ បង្កើតឡើង​តាំងពី សតវត្សរ៍​ទី​៩ មិនមែន​ទើបតែ សតវត្សរ៍​ទី​១៦ នៃ​ស្តេច​កន​នេះ​ទេ​។​

​ដោយឡែក សម្រាប់​ការបោះពុម្ព​ក្រដាសប្រាក់​វិញ លោក​ពៅ សារឿន សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​អធិប្បាយ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា របស់លោក ដែល​អាច​ឲ្យ​គេ​សន្ម​ត់​បាន​ថា ក្រដាសប្រាក់​ខ្មែរ អាច​ទើបតែ បាន​បោះពុម្ព​ឲ្យ​ចាយវាយ​ជា​ផ្លូវការ នៅមុន កម្ពុជា ទទួលឯករាជ្យ ពី​សម័យ​អាណានិគម​ន៍​និយម​បារាំង​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ​១៩៥១ (​កម្ពុជា ឯករាជ្យ​ពី​បារាំង​១៩៥៣) រហូត ដល់​ឆ្នាំ​១៩៥៥ ដែលមាន​ឈ្មោះថា ក្រដាសប្រាក់​ឥណ្ឌូចិន​(Indochina) ដោយ​បារាំង​ហៅថា ពី​យ៉ា​ស្ទ្រ​(Piastre) ខ្មែរ​ហៅថា​រៀល ឡាវ​ហៅថា​រៀ​ល្ញ វៀតណាម ហៅថា​ដុង​។  ប៉ុន្តែ ក្រៅពី​បោះបុម្ព​ជា​ក្រដាសប្រាក់ ទាំង​សម័យ​ព្រះបាទ​នរោត្តម និង​រហូតមកដល់​ស​ម័​យ នរោត្តម​សីហនុ ក៏​គេ​នៅតែ​បោះពុម្ព​ប្រាក់​កាក់ សម្រាប់​ចាយ​ផងដែរ​។

​គួររំលឹកថា ក្រដាស​ប្រាក់រៀល​ខ្មែរ ត្រូវបាន​លុបបំបាត់ចោល​ទាំងស្រុង នៅ​អំឡុង​ការគ្រប់គ្រង​របស់រប​ប​ខ្មែរ ក្រហម​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ទោះបី​ក្រដាសប្រាក់​ជាច្រើន បាន​បោះពុម្ព​រួចហើយ​ក្តី ហើយ​ក្រដាស​ប្រាក់រៀល ក៏​ចាប់ផ្តើម​បោះពុម្ព​ឲ្យ​មានជីវិត​ចាយវាយ​ឡើងវិញ ពី​ដើមឆ្នាំ​១៩៧៩ រហូតដល់​សព្វថ្ងៃ​។ ក្រដាស់​ប្រាក់រៀល ដែល​បោះពុម្ព​ឡើង​អំឡុង​ក្រោយ​ឆ្នាំ​១៩៧៩ គេ​ឃើញ​មានតម្លៃ​ចាប់ពី​១​កាក់ ដល់​៥០​រៀល​។ បច្ចុប្បន្ន កម្ពុជា មាន​ក្រដាស​ប្រាក់រៀល មានតម្លៃ​ចាប់ពី​៥០​រៀល​(៥០) ដល់​១​សែន​រៀល​(១០.០០០០) ប៉ុន្តែ ក្រដាស​៥០​រៀល និង​១​សែន​រៀល មិនសូវ​ឃើញ​មាន​គេ​ចរាចរណ៍​នៅលើ​ទីផ្សារ​ញឹកញាប់​នោះទេ​។

ប្រភពៈថ្មីៗ

ដកស្រង់ដោយៈMr365

Comments
Loading...