ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

លោក​ ​​ជេន​ ឃូម​(Jan Koum)CEO ក្រុមហ៊ុន​​​WhatsApp​​៖ ​​ពី​អ្នក​យាម​ទ្វា ​ក្លាយ​ជា​មហាសេដ្ឋី​អាមេរិក​

1,328

លោក ជេន​ ឃូម (Jan Koum) គឺជាមហាសេដ្ឋីរបស់អាមេរិកដែលមានដើមកំនើតនៅប្រទេស អុ៊យក្រែន ហើយ​បច្នុប្បន្ន ជានាយក​ ប្រតិបត្តិ និង​ជាស្ថាបនិករបស់ក្រុមហ៊ុន Whatsapp។ លោក​​ និង គ្រួសារ​បាន​សម្រេច​ចិត្ត​​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន​មក​កាន់​សហរដ្ឋអាមេរិក​ ដើម្បី​​ស្វែងរក​ជីវិត​ថ្មី ​និង ប្រសើរ​ជា​មុន។ ​នៅ​ពេល​មកដល់​ទឹកដី​អាមេរិក​ដំបូង លោក​​មាន​វ័យ​ត្រឹម​១៦​ឆ្នាំ ​ហើយ​ធ្វើ​ការ​ត្រឹម​ជា​អ្នក​យាម​ទ្វា​ឲ្យ​គេ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​ជា​មហាសេដ្ឋី​អាមេរិក ដែល​មាន​ទ្រព្យ​រហូត​ដល់​​៩,៧​ពាន់​​លាន​ដុល្លារ​អាមេរិក​។

​​នៅ​ឆ្នាំ​១៩៩២​ ជេន​ ឃូម​(Jan Koum)​ ​​​គឺ​មាន​វ័យ​ត្រឹម​តែ​១៦​ឆ្នាំ ​​ក៏​បាន​ឈានជើង​មក​ដល់​ទឹកដី​អាមេរិក​ ជា​មួយ​ម្ដាយ​របស់​ខ្លួន ក្នុង​​​គោលដៅ​ដើម្បី​ស្វែងរក​ជីវិត​ថ្មី។ ​ជីវភាព​គឺ​ពិត​ជា​លំបាក​នៅ​ពេល​មក​ដល់​ទឹកដី​​អាមេរិក​ដំបូង​ ​​ហើយ​​ការ​ស្នាក់​នៅ​វិញ​​គឺ​បាន​ការ​ជួយជ្រោមជ្រែង​ពី​កម្មវិធី​សង្គម​របស់​រដ្ឋាភិបាល​ អ៊ីចឹង​ហើយ​គ្រួសារ​មួយ​នេះ​ អាច​ស្នាក់នៅ​បណ្ដោះ​អាសន្ន​​នៅ​កន្លែង​តូច​មួយ​​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​

​ម្ដាយ​របស់​ជេន​ ឃូម​(Jan Koum)​​បាន​ធ្វើ​ការ​ជា​​អ្នក​ស៊ីឈ្នួល​មើល​កូន​ឲ្យ​គេ​ ចំណែក​ខ្លួន​វិញ ​​ស៊ី​ឈ្នូល​យាម​ទ្វា​ឲ្យ​គេ​ ​និង ធ្វើ​ជា​បុគ្គលិក​អនាម័យ​នៅ​តាម​ហាង​​លក់​គ្រឿងទេស​​​។ ​នៅ​អាយុ​១៨​ឆ្នាំ​​ ​លោក​បាន​ដឹង​ច្បាស់​ថា ខ្លួន​ឯង​មាន​ចំណូល​ចិត្ត​​លើ​​ផ្នែក​បច្ចេកវិទ្យា​ ជា​ពិសេស​សរសេរ​កម្មវិធី​​ ​បើ​ទោះបី​ជា​មិន​សូវ​ចូលចិត្ត​សាលា​ក្ដី​។

​​លោក​បាន​​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ ​San Jose State ​​ក្រោយ​មក​​នៅ​ឆ្នាំ​១៩៩៧​ ​ក៏​មាន​ឱកាស​​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​Yahoo ​។ ដោយសារ​តែ​​ធុញ​នឹង​ការ​រៀន​សូត្រ​ខ្លាំង​ពេក​ ​​លោក​ក៏​បាន​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា​ ហើយ​​ផ្ដោត​តែ​លើ​ការងារ​តែ​ម្ដង​។ ​នៅ​ឆ្នាំ​២០០០​ ​​ម្ដាយ​របស់​លោក​ក៏​បាន​ស្លាប់​ដោយសារតែ​ជំងឺ មហារីក​ ​ដែល​ធ្វើ​ឲ្យជេន​ ឃូម​(Jan Koum)​​​​មាន​អារម្មណ៍​ថា ​ឯកា​នៅ​លើ​ទឹកដី​អាមេរិក ​​ហើយ​ឪពុក​របស់​ខ្លួន​បាន​ស្លាប់​តាំង​​ពី​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ​។

​​​​​​​​​​​​​​​​​​​​​​​​​នៅ​ឆ្នាំ​២០០៧​ ជេន​ ឃូម​(Jan Koum)​​ ក៏​បាន​សម្រេច​ចិត្ត​ចាក់ចេញ​ពី​ក្រុមហ៊ុន​Yahoo ​​ដោយសារ​តែ​មាន​បញ្ហា​មួយ​ចំនួន​។​ លោក​ក៏​បាន​ចំណាយ​ពេល​ដើម្បី​គិត​ធ្វើ​រឿង​ណា​ដែល​ខ្លួន​ពេញ​ចិត្ត​។ ​​​​ក្រោយ​មក​ ​លោក​​ក៏​បាន​ដាក់​ពាក្យ​សុំ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុនFacebook ផង​ដែរ​ ប៉ុន្តែ​មិន​ជាប់​។

​​នៅ​ឆ្នាំ​២០០៩​ លោក​ក៏​បា​ន​​ទិញ​​ទូរស័ព្ទ​​Iphone ​​ហើយ​​ក៏​​ឃើញ​​នូវ​​កម្មវិធី​ថ្មីៗ​​មួយ​​ចំនួន​​ដែល​​គេ​​បាន​​បង្កើត​​ឡើង​​។ បន្ទាប់​មក​លោក​ក៏​មាន​ចំណាប់​អារម្មណ៍​​លើ​កម្មវិធី​ទាំង​នោះ​ ហើយ​ក៏​គិត​ចង់​បង្កើត​មួយ​ដែរ​។

​បន្ទាប់​មក​ក៏​សម្រេច​ចិត្ត​​បង្កើត​​កម្មវិធី​មួយ​ឈ្មោះ​ថា “WhatsApp”​ សម្រាប់​ផ្ញើ​សារ​ និង ទំនាក់ទំនង​ផ្សេងៗ​​នៅ​លើ​ទូរស័ព្ទ ​ហើយ​ក៏​បាន​បង្កើត​ចេញ​ជា​ក្រុមហ៊ុន​តែ​ម្ដង​។ ពី​ដំបូង​ គឺ​មាន​តែ​មិត្តភ័ក្ដិ​ ​ និង អ្នក​ស្គាល់​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ប្រើប្រាស់​កម្មវិធី​នេះ ​ប៉ុន្តែ​ក្រោយ​មក​ក៏​កាន់​តែ​ទទួល​បាន​ការ​ពេញ​និយម​ រហូត​​ធ្វើ​ឲ្យ​មហាសេដ្ឋី​អាមេរិក​ លោក​Mark Zuckerberg ​ដែល​ជា​ថៅកែ​Facebook ​មាន​ចំណាប់​អារម្មណ៍​ ហើយ​ក៏​អញ្ជើញ​ជេន​ ឃូម​(Jan Koum)​​​ដើម្បី​ជួប​ពិភាក្សា​ ​ ឆ្នាំ​២០១២​​។

​នៅ​ឆ្នាំ​២០១៤​ លោក​Mark Zuckerberg ​ក៏​បាន​អញ្ជើញ​ ​​លោក​ជេន​ ឃូម​(Jan Koum)​​​​មក​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​​ផ្ទះ​របស់​ខ្លួន ​​ហើយ​ក្នុង​នោះ​ក៏​សុំ​ទិញ​យក​ក្រុមហ៊ុន“WhatsApp”​នេះ​តែ​ម្ដង​។ ​​១០​ថ្ងៃ​ក្រោយ​មក​ ​ ក្រុមហ៊ុន Facebook​ក៏​បាន​ប្រកាស​ទិញ​យក“WhatsApp”​​ជា​ផ្លូវ​ការ​ ក្នុង​ទឹកប្រាក់​ប្រមាណ​១៩​ពាន់​លាន​ដុល្លារ​អាមេរិក​។

​ដូច្នេះ​ តាម​រយៈ​ការ​​លក់​ក្រុមហ៊ុន​ទៅ​ឲ្យFacebook ​នេះ បាន​ធ្វើ​ឲ្យ​​លោក​ជេន​ ឃូម​(Jan Koum)​​​​​កើប​លុយ​​យក​​មួយ​រំពេច​ ហើយ​ក៏​ក្លាយ​ជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​ជិត​១០​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​បច្ចុប្បន្ន​ លោក​​នៅ​តែ​ជា​មាន​​តួនាទី​ក្នុង​ក្រុមហ៊ុន“WhatsApp”​​ ដោយ​ធ្វើ​ជា​នាយក​ប្រតិបត្តិ​៕

កែសម្រួលដោយ ៈ Mr 365

Comments
Loading...