ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវិត និង​ស្នាដៃ​របស់ តូស្ហីមីឈី អូកូបូ1830-1878 អ្នករៀនដោយស្ដាប់

1,413

អូកូបូ កើត​ពី​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​១៨៣០ ។ បើ​ពោល​ពី​ការ​សិក្សា គ្មាន​អ្វី​ជា​លក្ខឋាន​ទេ ព្រោះ​ប្រទេស​ជប៉ុន ក្នុង​សម័យ​កាល​ជាង​១០០​ឆ្នាំ​មក​នេះ ឥត​បាន​ចាត់ការ​សិក្សា​តាម​របៀប​អឺរ៉ុប​ទាល់​តែ​សោះ ទាំង​ប្រទេស​ជប៉ុន ក៏​ត្រូវ​ជនជាតិ​ស្បែក​ស​ជិះជាន់​រហូត​ដល់​ទៅ​មាន​ច្បាប់​ហាម​មិន​ឲ្យ​ជនជាតិ​ជប៉ុន​ធ្វើការ​ទាក់ទង​នឹង​ជនជាតិ​ស្បែក​ស​ទៀត​ផង ។ ការ​សិក្សា​របស់​អូកូបូ ទើប​ប្រកាន់​តែ​ការ​សិក្សា​នៅ​ផ្ទះ ស្ដាប់​តែ​មនុស្ស​ធំ​និយាយ​ឲ្យ​ស្ដាប់​ពី​កិច្ចការ​ផែនដី ហើយ​ដល់​កាល​ធំ​ឡើង ខ្លួន​ឯង​ក៏​មាន​មិត្ត​សម្លាញ់​ពីរ​បី​នាក់ ដែល​តែង​តែ​មក​ជួប​គ្នា​សឹង​តែ​រាល់​ថ្ងៃ សន្ទនា​ជជែក​ឲ្យ​យោបល់​គ្នា​ផ្សេងៗ ខួរ​ក្បាល​របស់ ​អូកូបូ បាន​ទទួល​ការ​អប់រំ​ដោយ​វិធី​នេះ​ឯង ទើប​ខុស​ពី​វីរបុរស រដ្ឋបុរស ឬ​មហាបុរស​ដទៃ​ទៀត​ជាច្រើន​ដែល​សុទ្ធ​តែ​បាន​ចូល​មហាវិទ្យាល័យ បាន​ទទួល​ការ​សិក្សា​យ៉ាង​ប្រសើរ​មក​ហើយ ។ បើ​ទុក​ជា​ដូច្នោះ សេចក្ដី​ឈ្លាសវៃ​របស់ ​អូកូបូ ក៏​មិន​ចាញ់​ពួក​អ្នក​ទាំង​នោះ​ឡើយ ។

ដោយ​អំណាច​ការ​បាន​ស្ដាប់​បាន​ឮ​ច្រើន អូកូបូ ទើប​បាន​លក្ខឋាន​ច្រើន​ប្រការ ជា​គ្រឿង​ពិសោធន៍​ឲ្យ​រដ្ឋាភិបាល​ឃើញ​ការ​អាក្រក់​ទន់​ខ្សោយ​របស់​ជន​ខ្លះៗ​ក្នុង​គណៈ​រដ្ឋាភិបាល ។ ត​មក​អាយុ​២៣​ឆ្នាំ បាន​ឱកាស​ចូល​គាល់​ព្រះអង្គ​ម្ចាស់ ណារិអាគី ដែល​កាន់​អំណាច​នៅ​ប្រទេស​ជប៉ុន​ក្នុង​វេលា​នោះ ហើយ​ក៏​ស្នើ​ខ​ពិសោធន៍​របស់​ខ្លួន ដែល​បាន​ធ្វើ​មក​ជា​យូរ​ហើយ ។ ដោយ​ហេតុ​នេះ​ឯង អូកូបូ ទើប​បាន​ទទួល​តំណែង​រាជការ​ខាង​ក្រសួង​ហិរញ្ញវត្ថុ និង​ជា​ទី​ប្រោស​ប្រាណ​របស់​ព្រះអង្គ​ម្ចាស់ ណារិអាគី យ៉ាង​ក្រៃលែង ។ តែ​មាន​រឿង​ថា អូកូបូ ជា​អ្នក​មាន​និស្ស័យ​រឹងប៉ឹង​ពេក​នៅ​ក្នុង​ពេល​ខ្លះ ទាល់​តែ​ព្រះអង្គ​ម្ចាស់ ណារិអាគី មាន​ព្រះរាជ​ឱង្ការ​ពោល​ពី​អូកូបូ ថា ជន​ប្រភេទ​នេះ​រក​បាន​ដោយ​លំបាក និង​មាន​ប្រយោជន៍​បំផុត តែ​មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​ចេះ​យក​មនុស្ស​នេះ​ទុក​ក្នុង​កណ្ដាប់​ដៃ​បាន ។

អាយុ​៣០​ឆ្នាំ អូកូបូ បាន​ជា​អធិការ​កិច្ចការ​ឃ្លាំង​ប្រាក់ ។ អាយុ​៤២​ឆ្នាំ បាន​ជា​ភូឈួយ​ឯកអគ្គ​រាជទូត​ពិសេស ដែល​បញ្ជូន​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​រុស្ស៊ី ហើយ​ក៏​ឆ្លៀត​យក​ឱកាស​នោះ​ឯង សិក្សា​យក​វិជ្ជា​ថ្មីៗ​ទៀត​បាន​ជាច្រើន ។ លុះ​ត្រលប់​មក​ប្រទេស​ជប៉ុន​វិញ បាន​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​អាយុ​៤៤​ឆ្នាំ ។

អូកូបូ ជា​វីរជន​ជប៉ុន​ដំបូង​បំផុត​ដែល​ជា​អ្នក​យល់​ថា ការ​ដែល​នឹង​ប្រជែង​ប្រណាំង​នឹង​ជនជាតិ​ស្បែក​ស​បាន​នោះ ចាំ​បាច់​ត្រូវ​រៀន​តាម​វិធី​សិក្សា​របស់​ជនជាតិ​ស្បែក​ស យក​មក​ផ្លាស់​ប្ដូរ​កិច្ចការ​ផែនដី​របស់​ខ្លួន និង​មិន​គួរ​រឹងរូស​យក​តែ​ការ​ច្បាំង​ជា​ត្រីមុខ​តែ​ម្យ៉ាង​តាម​គំនិត​របស់​ពួក សាមូរ៉ៃ(Samurai) ឡើយ ។ ហេតុ​នោះ​ឯង រដ្ឋបាល​នយោបាយ​របស់​ អូកូបូ ទើប​ងាក​ទៅ​រក​ផ្លូវ​ដែល​នឹង​បើក​ការ​ទាក់ទង​ជាមួយ​ជនជាតិ​ស្បែក​ស​ឲ្យ​បាន​ច្រើន​ឡើង​ផ្ដើម​ធ្វើការ​កែប្រែ​សន្ធិសញ្ញា​នឹង​ប្រទេស ។ ស្ថាបនា​ផ្លូវ​រថភ្លើង​រៀបចំ​ក្រុម​នគរបាល​តាម​បែប​ទំនើប​ផ្គត់ផ្គង​ខាង​វប្បកម្ម តាំង​សាលា​រៀន​ខាង​កសិកម្ម និង​ពាណិជ្ជកម្ម កិច្ចការ​ផ្សេងៗ​របស់​អូកូបូ នេះ​ញ៉ាំង​ប្រយោជន៍​ដ៏​ធំ​មហិមា​ដល់​ប្រទេស​ជប៉ុន តែ​ក៏​រមែង​មិន​ជា​ទី​ពេញ​ចិត្ត​របស់​ជនជាតិ​ជប៉ុន ដែល​មិន​ត្រូវ​ការ​យក​តម្រាប់​ជនជាតិ​ស្បែក​ស ។ ដូច្នេះ​ទើប​មាន​គណៈ​បក្សពួក​ដែល​ធ្វើ​ការ​តតាំង​ប្រឆាំង​ជំទាស់​នយោបាយ​របស់ ​អូកូបូ ។ តែ​ អូកូបូ បាន​ទទួល​ការ​គាំទ្រ​ពី​ព្រះមហាក្សត្រ ទើប​អាច​យក​ឈ្នះ​ពួក​បក្ស​ដែល​ជំទាស់ ចាត់ការ​ស្ថាបនា​ប្រទេស​ជប៉ុន ឲ្យ​ចូល​បែប​ទំនើប​រហូត​មក ។ តែ​៥​ឆ្នាំ​ក្រោយ​ពី​បាន​ជា​នាយក​រដ្ឋមន្ត្រី អាយុ​៤៨​ឆ្នាំ គ.ស​១៨៧៨ ក៏​ត្រូវ​ជន​ពុំ​ស្គាល់​មុខ​លួច​សម្លាប់​កណ្ដាល​ផ្លូវ​ថ្នល់ យ៉ាង​គួរ​ឲ្យ​អាណោច​អាធ័ម​ក្រៃលែង ។ មរណភាព​របស់ ​អូកូបូ នាំ​មក​នូវ​សេចក្ដី​តក់​ស្លុត​ដល់​ព្រះរាជា​នៃ​ប្រទេស​ជប៉ុន​យ៉ាង​លើស​លប់ ។ ព្រះអង្គ​ទ្រង់​ជា​អ្នក​ចាត់​ចែង​ពិធី​បញ្ចុះ​សព​ អូកូបូ ផ្ទាល់​ព្រះអង្គ​ឯង ។ រហូត​មក​ទល់​នឹង​ថ្ងៃ​មរណៈ អូកូបូ មាន​ទ្រព្យ​សម្បត្តិ​សល់​នៅ​ត្រឹម​តែ​២០០​យេន​ប៉ុណ្ណោះ ។ អូកូបូ ធ្លាប់​បាន​ទទួល​ព្រះរាជ​អំណោច​ដ៏​ច្រើន​ពី​ព្រះមហាក្សត្រ​ម្ដង​ដែរ តែ​គាត់​ពុំ​បាន​យក​ទៅ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន បែរ​ជា​យក​ទៅ​ទំនុក​បម្រុង​សាលា​វប្បកម្ម​ទាំង​អស់​ទៅ​វិញ ។

បាន​សេចក្ដី​ថា អូកូបូ ទទួល​មរណៈភាព​ទៅ​ចោល​គ្រួសារ​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ក្រខ្សត់ ខុស​ពី​ជន​ដទៃៗ​ទៀត ៕

ដោយ ស៊ា ប៊ុនភេង សៀវភៅ​សាង​ខ្លួន​ឯង

កែសម្រួលដោយ:Mr365

Comments
Loading...